Search

សេចក្តីអធិប្បាយ

Subject 3 : ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

[3-7] ការងារជាសង្ឃដែលត្រូវបានផ្លាស់ប្តូរ (ហេព្រើរ ៧:១-២៨)

(ហេព្រើរ ៧:១-២៨)
«រីឯលោកម៉ិលគីស្សាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលបានទៅជួបនឹងលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក ហើយលោកអ័ប្រាហាំបានយក១ភាគក្នុង១០ ពីរបស់ទាំងអស់ជូនលោក នាមស្តេចនោះ ដើមដំបូងស្រាយថា ស្តេចនៃសេចក្តីសុចរិត រួចមកជាស្តេចក្រុងសាឡិម គឺថា ជាស្តេចនៃសេចក្តីសុខសាន្ត លោកគ្មានមាតាបិតា គ្មានពង្សាវតារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាបដរាបតទៅ ចូរពិចារណាពីលោកនោះ ដែលជាធំដល់ម៉្លេះ បានជាលោកអ័ប្រាហាំ ជាឰយុកោ បានជូនរបឹប១ភាគក្នុង១០ផង រីឯខាងឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រឹត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះកើតអំពីពូជពង្សលោក អ័ប្រាហាំក៏ដោយ តែលោកម៉ិលគីស្សាដែកនេះ ដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពីលោកអ័ប្រាហាំវិញ ហើយក៏ឲ្យពរដល់លោក ដែលបានទទួលសេចក្តីសន្យាទាំងប៉ុន្មានផង ហើយច្បាប់នេះដែលថា គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្តីបន្ទាល់ថា លោកនេះរស់នៅ ហើយលោកលេវី ដែលទទួលដង្វាយ១ភាគក្នុង១០ នោះលោកឧបមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោក អ័ប្រាហាំ ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅជួបនឹងលោក អ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃឰយុកោលោកនៅឡើយ ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រឹត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោក ម៉ិលគីស្សាដែកវិញធ្វើអី ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ ដ្បិតឯព្រះអង្គ ដែលគេបានទាយសេចក្តីនេះពីទ្រង់ ទ្រង់កើតពីពូជអំបូរ១ទៀត ដែលគ្មានអ្នកណាមួយបានធ្វើការបំរើនៅអាសនាឡើយ ដ្បិតច្បាស់ជាព្រះអម្ចាស់នៃយើង ទ្រង់បានកើតពីពូជអំបូរយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍ពីពូជអំបូរនោះ ខាងឯការងារជាសង្ឃឡើយ សេចក្តីនេះក៏រឹងរឹតតែច្បាស់ជាងទៅទៀត ដោយមានសង្ឃ១ផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានសេចក្តីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ ដ្បិតមាន សេចក្តីបន្ទាល់ពីទ្រង់ថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក ឯសេចក្តីបញ្ញត្តដែលមានពីមុនមក នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍ (ពីព្រោះក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ) ក៏មានសេចក្តីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន ដោយសារសេចក្តីសង្ឃឹមនោះ ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ តែទ្រង់វិញ មានទាំងពាក្យសម្បថផង ដោយសារព្រះដែលមានព្រះបន្ទូលពីទ្រង់ថា ព្រះអម្ចាស់ទ្រង់បានស្បថ ហើយមិនដែលផ្លាស់គំនិតឡើយថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក ហើយដោយព្រោះការងារនោះ ដែលមិនមែនឥតពាក្យសម្បថដូច្នោះ បានជាព្រះយេស៊ូវទ្រង់ជាអ្នកធានា ពីសេចក្តីសញ្ញា១ដ៏ប្រសើរជាង មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ តែទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ គួរឲ្យមានសំដេចសង្ឃយ៉ាងនោះសំរាប់យើង ដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង ព្រោះឯក្រឹត្យវិន័យនោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្តីកំសោយ តែសេចក្តីសម្បថដែលមកក្រោយក្រឹត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច។»
 
 
ព្រះយេស៊ូវបានបំពេញការងារជាសង្ឃនៅស្ថានសួគ៌
 
តើអ្នកណាខ្ពស់ជាង សម្តេចសង្ឃម៉ិលគីស្សាដែក ឬសម្តេចសង្ឃនៅផែនដី តាមពូជពង្សអើរ៉ុន?
សម្តេចសង្ឃម៉ិលគីស្សាដែក

នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានសម្តេចសង្ឃមួយអង្គ ឈ្មោះថា ម៉ិលគីស្សាដែក។ នៅសម័យលោកអ័ប្រាហាំ ស្តេចកេដូឡាមើរ និងស្តេចផ្សេងៗទៀតដែលជាសម្ព័ន្ធមិត្តរបស់គាត់ បានចាប់យក រំបឹបពីក្រុងសូដុំម និងកូម៉ូរ៉ា។ បន្ទាប់មក លោកអ័ប្រាហាំបានប្រមូលបាវបម្រើរបស់ខ្លួន ដែលបានទទួលការហ្វឹកហ្វឺន និងបានកើតមកនៅក្នុងគ្រួសារបស់គាត់ ហើយបានដឹកនាំពួកគេធ្វើសង្រ្គាមជាមួយស្តេចកេដូឡាមើរ និងសម្ព័ន្ធមិត្តផ្សេងៗរបស់ទ្រង់។
នៅទីនោះ លោកអ័ប្រាហាំបានយកឈ្នះលើស្តេចកេដូឡាមើរ ដែលជាស្តេចសាសន៍អេឡាំ និងស្តេចផ្សេងៗទៀតដែលជាសម្ព័ន្ធមិត្តរបស់ទ្រង់ ហើយបាននាំយកក្មួយប្រុស ឈ្មោះថា ឡុត និងទ្រព្យសម្បត្តិរបស់គាត់មកវិញ។ ហើយបន្ទាប់ពីលោកអ័ប្រាហាំបានវិលត្រឡប់មកពីច្បាំងជាមួយសត្រូវរបស់គាត់ហើយ លោក ម៉ិលគីស្សាដែក ដែលជាស្តេចនៃសាឡឹម បានយកនំប៉័ង និងស្រាចេញមក ហើយប្រទានពរដល់លោកអ័ប្រាហាំ។ ហើយលោក អ័ប្រាហាំបានថ្វាយដល់លោកម៉ិលគីស្សាដែក នូវមួយភាគក្នុងដប់នៃរបឹបទាំងអស់ (លោកុប្បតិ្ត ១៤)។
នៅក្នុងព្រះគម្ពីរ មានការបង្ហាញពីសេចក្តីលម្អិតនៃឧត្តមភាពរបស់សម្តេចសង្ឃម៉ិលគីស្សាដែក និងសម្តេចសង្ឃតាមរបៀប លោក។ សម្តេចសង្ឃម៉ិលគីស្សាដែក គឺជា «ស្តេចនៃសេចក្តីសុខសាន្ត» «ស្តេចនៃសេចក្តីសុចរិត» ដែលគ្មានមាតាបិតា គ្មានពង្សាវតារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាបដរាបតទៅ។
ព្រះគម្ពីរ ប្រាប់យើងឲ្យពិចារណា ដោយយកចិត្តទុកដាក់ អំពីឧត្តមភាពរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាសម្តេចសង្ឃតាមរបៀបលោកម៉ិលគីស្សាដែកនេះ ដោយធ្វើការប្រៀបធៀបការងារជាសង្ឃរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ជាមួយនឹងសម្តេចសង្ឃអើរ៉ុននៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ បានទទួលបង្គាប់តាមក្រឹត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះបានកើតអំពីពូជពង្សលោក អ័ប្រាហាំក៏ដោយ។ ប៉ុន្តែកាលលោកម៉ិលគីស្សាដែកបានទៅជួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជក្នុងខ្លួននៃឰយុកោលោកនៅឡើយ។
តើពួកសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ខ្ពស់ជាងព្រះយេស៊ូវដែរឬទេ? មានការពន្យល់អំពីនេះ នៅក្នុងព្រះគម្ពីរ។ តើព្រះយេស៊ូវខ្ពស់ជាងពួកសម្តេចសង្ឃនៅលើផែនដីនេះដែរឬទេ? ហើយតើអ្នកគួរតែទទួលពរពីអ្នកណា? អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បាននិយាយអំពីសេចក្តីទាំងនេះ តាំងពីដើមដំបូង។ «គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ»។ លោកអ័ប្រាហាំ បានទទួលពរ តាមរយៈលោកម៉ិលគីស្សាដែក។
ដូច្នេះ តើយើងត្រូវរស់នៅក្នុងសេចក្តីជំនឿរបស់យើងយ៉ាងដូចម្តេច? ហើយតើយើងគួរតែពឹងផ្អែកលើក្រិត្យវិន័យរបស់ព្រះ តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជា នៅត្រសាលជំនុំនៃព្រះគម្ពីរសញ្ញាចាស់ ឬយើងគួរតែពឹងផ្អែលលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកឯយើង ក្នុងនាមជាសម្តេចសង្ឃពីស្ថានសួគ៌ តាមរយៈយញ្ញបូជានៃទឹក និងព្រះវិញ្ញាណរបស់ទ្រង់?
តាមរយៈការកាត់ស្រាយដែលយើងជ្រើសរើស យើងនឹងទទួលបានពរ ឬបណ្តាសា។ តើយើងជ្រើសរើសរស់នៅតាមព្រះបន្ទូល ហើយថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃ ឬយើងជ្រើសរើសជឿសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវបានប្រទានដល់យើង ដោយការថ្វាយអង្គទ្រង់ តែម្តងជាសម្រេច តាមរយៈទឹក និងព្រះលោហិត? យើងត្រូវតែជ្រើសរើសផ្លូវមួយក្នុងចំណោមផ្លូវទាំងពីរនេះ។
នៅសម័យព្រះគម្ពីរសញ្ញចាស់ សាសន៍អ៊ីស្រាអែលបានគោរពពូជពង្សរបស់អើរ៉ុន និងលេវី។ ប៉ុន្តែនៅក្នុងព្រះគម្ពីរសញ្ញាថ្មី បើសិនយើងសួរថា «តើអ្នកណាខ្ពស់ជាង ព្រះយេស៊ូវ ឬពួកសង្ឃតាមរបៀបអើរ៉ុន?» នោះយើងអាចឆ្លើយបានយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវខ្ពស់ជាង។ ប៉ុន្តែគួរឲ្យសោកស្តាយ មនុស្សស្គាល់ការពិតនេះយ៉ាងច្បាស់លាស់ ប៉ុន្តែមានមនុស្សតែមួយចំនួនតូច ដែលដើរតាមការពិតនេះ នៅក្នុងជំនឿរបស់ខ្លួន។ 
ព្រះគម្ពីរ ផ្តល់ចម្លើយច្បាស់លាស់មួយ សម្រាប់សំណួរនេះថា ព្រះយេស៊ូវ ដែលមកពីពូជអំបូរផ្សេង និងមិនបម្រើនៅអាសនា បានទទួលការងារជាសង្ឃនៅស្ថានសួគ៌។ «ពីព្រោះបើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ។»
តាមរយៈម៉ូសេ ព្រះបានប្រទានដល់បណ្តាជនអ៊ីស្រាអែលនូវក្រិត្យវិន័យ និងបញ្ញត្តិ៦១៣។ ម៉ូសេបានប្រាប់បណ្តាជនឲ្យរស់នៅតាមក្រិត្យវិន័យ និងបញ្ញត្តិទាំងនោះ ហើយបណ្តាជនក៏បានយល់ព្រមធ្វើតាម។
 
ហេតុអ្វីព្រះបានលើកសម័្ពន្ធមេត្រីទីមួយចោល ហើយបង្កើតសម្ព័ន្ធមេត្រីទីពីរវិញ?
ពីព្រោះមនុស្សខ្សោយខ្លាំងណាស់ មិនអាចរស់នៅតាមសម័្ពន្ធមេត្រីទីមួយបានឡើយ
 

នៅក្នុងព្រះគម្ពីរ ជនជាតិអ៊ីស្រាអែលបានស្បថថា ពួកគេនឹងរស់នៅតាមក្រិត្យវិន័យរបស់ព្រះ ដែលមាននៅក្នុងបញ្ចកណ្ឌ៖ លោកុប្បត្តិ និក្ខមនំ លេវីវិន័យ ជនគណនា និងចោទិយកថា។ ហើយនៅពេលព្រះប្រកាសក្រិត្យវិន័យនីមួយៗទៅកាន់ពួកគេ ពួកគេនិយាយថា «យល់ព្រម» ដោយឥតស្ទាក់ស្ទើរឡើយ។
ទោះបីជាយ៉ាងណា យើងអាចមើលឃើញថា បន្ទាប់ពីកណ្ឌចោទិយកថា ចាប់ពីកណ្ឌយ៉ូស្វេទៅ ពួកគេមិនដែលបានរស់នៅតាមក្រិត្យវិន័យរបស់ព្រះឡើយ។ ហើយចាប់ពីកណ្ឌចៅហ្វាយរហូតដល់ពង្សាវតារក្សត្រទី១និង២ ពួកគេបានចាប់ផ្តើមមិនគោរពអ្នកដឹកនាំរបស់ខ្លួន ហើយបន្ទាប់មកទៀត ពួកគេបានផ្លាស់ប្តូរប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ។
ហើយជាចុងក្រោយ នៅក្នុងកណ្ឌម៉ាឡាគី ពួកគេបាននាំយកសត្វមិនត្រឹមត្រូវមកថ្វាយដល់ព្រះ ដែលខុសពីសេចក្តីបង្គាប់របស់ព្រះ ដែលឲ្យពួកគេថ្វាយសត្វល្អឥតខ្ចោះ។ ពួកគេ បានប្រាប់ពួកសង្ឃថា «សូមកុំចាប់អារម្មណ៍វាអី ហើយទទួលយកសត្វមួយនេះចុះ»។ ផ្ទុយពីការថ្វាយយញ្ញបូជា ដែលស្របតាមច្បាប់របស់ព្រះ ពួកគេបានផ្លាស់ប្តូរវា តាមតែអំពើចិត្តវិញ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជនជាតិអ៊ីស្រាអែល មិនដែលរក្សាតាមច្បាប់របស់ព្រះបានទាំងស្រុងម្តងណាឡើយ គឺពួកគេ បានភ្លេច និងព្រងើយកន្តើយចំពោះសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជានោះ។ ដូច្នេះហើយបានជាព្រះត្រូវតែផ្លាស់ប្តូរប្រព័ន្ធថ្វាយយញ្ញបូជា។ នៅក្នុងកណ្ឌយេរេមា ព្រះបានមានបន្ទូលថា «នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា»។ 
ចូរយើងពិនិត្យមើល យេរេមា ៣១:៣១-៣៤។ «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា មិនមែនតាមសញ្ញាដែលអញបានតាំងនឹងពួកព្ធយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្តីសញ្ញាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេផ្តាច់ចេញហើយទោះបើអញជាប្តីដល់គេក៏ដោយ គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សេចក្តីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។»
ព្រះ បានមានបន្ទូលថា ទ្រង់នឹងបង្កើតសម័្ពន្ធមេត្រីមួយទៀត។ តាមការពិត ទ្រង់បានបង្កើតសម័្ពន្ធមេត្រីមួយរួចទៅហើយ ជាមួយជនជាតិអ៊ីស្រាអែល ប៉ុន្តែពួកគេមិនបានរស់នៅតាមព្រះបន្ទូលព្រះ។ ដូច្នេះហើយបានជាទ្រង់បានសម្រេចព្រះទ័យបង្កើតសម័្ពន្ធមេត្រីថ្មីមួយទៀត ជាមួយរាស្ត្ររបស់ទ្រង់។ 
ពួកគេ បានស្បថនៅចំពោះព្រះថា «យើងនឹងថ្វាយបង្គំទ្រង់តែមួយប៉ុណ្ណោះ ហើយរស់នៅតាមព្រះបន្ទូល និងក្រិត្យវិន័យរបស់ទ្រង់»។ ហើយព្រះបានប្រាប់ពួកគេថា «មិនត្រូវមានព្រះឯណាទៀតនៅចំពោះមុខអញឲ្យសោះ» ហើយពួកគេបាននិយាយថា «ប្រាកដណាស់ យើងនឹងមិនថ្វាយបង្គំព្រះណាផ្សេងទៀតឡើយ។ ទ្រង់គឺជាព្រះតែមួយគត់សម្រាប់យើង។ ដូច្នេះ មិនអាចមានព្រះណាផ្សេងទៀតសម្រាប់យើងឡើយ»។ ប៉ុន្តែពួកគេមិនបានធ្វើតាមសម្បថរបស់ខ្លួនឡើយ។
ខ្លឹមសារច្បាប់ មានក្រិត្យវិន័យទាំងដប់៖ «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះ ឡើយ។ កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការ ឡើយ។ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជា បរិសុទ្ធ។ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ កុំឲ្យសំឡាប់មនុស្សឲ្យសោះ។ កុំឲ្យផិតគ្នាឲ្យសោះ។ កុំឲ្យលួចប្លន់ឲ្យសោះ។ កុំឲ្យធ្វើជាទីបន្ទាល់ក្លែង។ ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ។» (និក្ខមនំ ២០)។ 
ហើយវាក៏ត្រូវបានបែងចែកជាមាត្រាលម្អិតចំនួន៦១៣ទៀត ដែលពួកគេត្រូវធ្វើតាមពេញមួយជីវិតរបស់ពួកគេ។ «អ្វីដែលមិនត្រូវធ្វើចំពោះកូនស្រី អ្វីដែលមិនត្រូវធ្វើចំពោះកូនប្រុស និងអ្វីដែលមិនត្រូវធ្វើចំពោះម្តាយចុង...» ច្បាប់របស់ព្រះ បង្គាប់ឲ្យពួកគេធ្វើការល្អទាំងអស់ តែមិនធ្វើការអាក្រក់ណាមួយឡើយ។ ទាំងនេះគឺជាក្រិត្យវិន័យទាំងដប់ប្រការ និង៦១៣មាត្រាលម្អិត។
ទោះបីជាយ៉ាងណា ក្នុងចំណោមមនុស្សជាតិ មិនមានសូម្បីតែមនុស្សម្នាក់ ដែលអាចធ្វើតាមមាត្រាទាំងអស់នៅក្នុងច្បាប់របស់ទ្រង់បានឡើយ។ ដូច្នេះហើយបានជាព្រះត្រូវតែជ្រើសរើសរបៀបមួយផ្សេងទៀត ដើម្បីឲ្យពួកគេបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
តើការងារជាសង្ឃបានផ្លាស់ប្តូរនៅពេលណា? បន្ទាប់ពីព្រះយេស៊ូវបានយាងមកលោកិយនេះ ការងារជាសង្ឃបានផ្លាស់ប្តូរ គឺទ្រង់បានទទួលយកការងារជាសង្ឃ ពីសង្ឃទាំងអស់តាមរបៀប អើរ៉ុន ហើយបានលើកយញ្ញបូជានៅរោងឧបោសថ ដែលជាសិទ្ធិរបស់ពួកសង្ឃតាមរបៀបលេវី។ ហើយទ្រង់បានបំពេញការងារជាសម្តេចសង្ឃនៅស្ថានសួគ៌តែអង្គឯង។ 
ទ្រង់ បានយាងមកលោកិយនេះ មិនមែនជាពូជពង្សរបស់ អើរ៉ុនទេ ប៉ុន្តែជាពូជពង្សរបស់យូដា ដែលជាពូជពង្សស្តេច។ ទ្រង់បានថ្វាយអង្គទ្រង់ជាយញ្ញបូជា តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ហើយបានសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។ 
តាមរយៈការថ្វាយអង្គទ្រង់ ទ្រង់បានជួយឲ្យយើងអាចដោះស្រាយបញ្ហាអំពើបាបរបស់យើងបាន ពីព្រោះទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ តាមរយៈយញ្ញបូជានៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដែលជាយញ្ញបូជាដ៏អស់កល្បជានិច្ចមួយសម្រាប់អំពើបាប តែម្តងជាសម្រេច។ 
 
 
បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ
 
តើអ្វីជាច្បាប់នៃសេចក្តីសង្រ្គោះ ដែលត្រូវបានផ្លាស់ប្តូរ? 
យញ្ញបូជាដ៏អស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ

បងប្អូនអើយ ការងារជាសង្ឃនៅក្នុងព្រះគម្ពីរចាស់ ត្រូវបានផ្លាស់ប្តូរនៅក្នុងព្រះគម្ពីរសញ្ញាថ្មីហើយ។ នៅសម័យព្រះគម្ពីរសញ្ញាចាស់ សម្តេចសង្ឃក្នុងចំណោមពូជវង្សរបស់អើរ៉ុន និងលេវី បានថ្វាយយញ្ញបូជា ដើម្បីធួននឹងអំពើបាបរបស់សាសន៍អ៊ីស្រាអែលសម្រាប់រយៈពេលមួយឆ្នាំកន្លងទៅ។ សម្តេចសង្ឃ បានចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយទៅមុខទីសណ្តោសប្រោស ជាមួយនឹងឈាមនៃសត្វយញ្ញបូជា។ ហើយមានតែសម្តេចសង្ឃតែម្នាក់គត់ ដែលអាចចូលហួសវាំងនន ដែលជាទីបរិសុទ្ធបំផុតបាន។
ប៉ុន្តែការងារជាសង្ឃរបស់អើរ៉ុន ត្រូវបានផ្ទេរថ្វាយទៅព្រះយេស៊ូវ បន្ទាប់ពីទ្រង់បានយាងមកក្នុងលោកិយនេះ។ ព្រះយេស៊ូវ បានទទួលយក និងបំពេញការងារជាសង្ឃដ៏អស់កល្បជានិច្ចនេះ ដោយការថ្វាយរូបអង្គទ្រង់ ដើម្បីឲ្យមនុស្សទាំងអស់អាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ សម្តេចសង្ឃក៏ត្រូវតែធួននឹងអំពើបាបរបស៊ខ្លួនជាមុនសិនផងដែរ ដោយការដាក់ដៃលើក្បាលគោឈ្មោល មុនពេលគាត់អាចធួននឹងអំពើបាបរបស់បណ្តាជន បាន។ គាត់បានផ្ទេរអំពើបាបរបស់ខ្លួន ដោយការដាក់ដៃលើ ហើយនិយាយថា «ឱព្រះជាម្ចាស់! ទូលបង្គំបានធ្វើបាប»។ បន្ទាប់មក គាត់បានសំឡាប់សត្វនោះ ហើយប្រោសឈាមរបស់វានៅលើ និងនៅមុខទីសណ្តោសប្រោស ចំនួនប្រាំពីរដង។ 
អ្នក អាចយល់បានថា បើសិនសម្តេចសង្ឃអើរ៉ុនមិនបានពេញលេញទេ នោះបណ្តាជនរឹតតែមិនបានពេញលេញលើសទៅទៀត។ សម្តេចសង្ឃ ដែលជាកូនប្រុសរបស់លេវី ខ្លួនឯងក៏ជាមនុស្សមានបាបដែរ។ ដូច្នេះហើយបានជាគាត់ត្រូវតែថ្វាយគោឈ្មោលមួយ ដើម្បីធួននឹងអំពើបាបរបស់ខ្លួន និងគ្រួសារបស់ខ្លួនជាមុនសិន។
ព្រះអម្ចាស់ បានមានបន្ទូលនៅក្នុង យេរេមា ៣១ ថា «អញនឹងលើកសម័្ពន្ធមេត្រីចោល ពីព្រោះអញបានតាំងសម័្ពន្ធមេត្រីជាមួយឯង តែឯងមិនបានធ្វើតាមវាសោះ។ ដូច្នេះ អញនឹងលើក សម្ព័ន្ធមេត្រីនេះចោល ពីព្រោះវាមិនអាចញែកឯងជាបរិសុទ្ធបានឡើយ ហើយអញនឹងប្រទានសម័្ពន្ធមេត្រីនៃសេចក្តីសង្រ្គោះថ្មីមួយដល់ឯង គឺអញលែងសង្រ្គោះឯង តាមរយៈក្រិត្យវិន័យរបស់អញទៀតហើយ ប៉ុន្តែអញនឹងប្រទានសេចក្តីសង្រ្គោះដល់ឯង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ»។ 
ព្រះ បានប្រទានដល់យើងនូវសម័្ពន្ធមេត្រីថ្មីមួយ។ នៅពេលពេលវេលាមកដល់ ព្រះយេស៊ូវបានយាងមកលោកិយនេះ ក្នុងរូបភាពជាមនុស្ស បានថ្វាយរូបអង្គទ្រង់ ដើម្បីដោះអំពើបាបរបស់លោកិយនេះ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ដែលជឿលើទ្រង់។ ទ្រង់បានដោះអំពើបាបរបស់មនុស្សជាតិទាំងមូល តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ 
ក្រិត្យវិន័យរបស់ព្រះ ត្រូវបានជំនួស និងលើកចោល។ ជនជាតិអ៊ីស្រាអែល អាចបានសង្រ្គោះ បើសិនពួកគេបានរស់នៅតាមក្រិត្យវិន័យរបស់ព្រះ ប៉ុន្តែពួកគេមិនអាចធ្វើបានទេ។ «ដ្បិតក្រឹត្យ វិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ» (រ៉ូម ៣:២០)។
ព្រះ ចង់ឲ្យសាសន៍អ៊ីស្រាអែលបានដឹងថា ពួកគេគឺជាមនុស្សមានបាប ហើយថា ក្រិត្យវិន័យមិនអាចសង្រ្គោះពួកគេបានឡើយ។ ហើយទ្រង់បានសង្រ្គោះពួកគេ តាមរយៈក្រិត្យវិន័យនៃសេចក្តីសង្រ្គោះ ដោយសារទឹក និងព្រះវិញ្ញាណវិញ មិនតាមរយៈការប្រព្រឹត្តរបស់ពួកគេឡើយ។ ដោយសេចក្តីស្រឡាញ់ដែលឥតដែនកំណត់របស់ទ្រង់ ព្រះបានប្រទានដល់យើងនូវសម័្ពន្ធមេត្រីថ្មីមួយ ដែលអាចសង្រ្គោះយើង ចេញពីអំពើបាបទាំងអស់របស់លោកិយបាន តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។
បើសិនអ្នកជឿព្រះយេស៊ូវ ដោយមិនដឹងពីអត្ថន័យនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ទេ នោះជំនឿរបស់អ្នកគឺឥតប្រយោជន៍ហើយ។ បើសិនដូច្នោះមែន នោះអ្នកត្រូវវេទនាខ្លាំងជាងពេលដែលអ្នកមិនបានជឿព្រះយេស៊ូវទៅទៀត។
ព្រះ បានមានបន្ទូលថា ទ្រង់ត្រូវតែបង្កើតសម្ព័ន្ធមេត្រីថ្មីមួយ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ។ ហើយជាលទ្ធផល ឥឡូវនេះ យើងបានសង្រ្គោះ មិនដោយសារការប្រព្រឹត្តរបស់យើងឡើយ ប៉ុន្តែដោយសារក្រិត្យវិន័យសុចរិតនៃសេចក្តីសង្រ្គោះ តាមរយៈទឹក និងព្រះលោហិតវិញ។ 
នេះ គឺជាសេចក្តីសន្យាដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ហើយទ្រង់បានសម្រេចតាមសេចក្តីសន្យានេះ សម្រាប់យើងដែលជឿលើព្រះយេស៊ូវ។ ទ្រង់បានប្រាប់យើងអំពីឧត្តមភាពរបស់ព្រះយេស៊ូវ គឺទ្រង់មានភាពខ្ពង់ខ្ពស់ឧត្តម បើសិនប្រៀបទៅនឹងពួកសង្ឃតាមរបៀបអើរ៉ុន នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
យើង ត្រឡប់ទៅជាពិសេស ដោយការជឿលើសេចក្តីសង្រ្គោះតាមរយៈទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ សូមពិចារណាសេចក្តីពិត ដោយយកចិត្តទុកដាក់ចុះ។ មិនថាគ្រូគង្វាលរបស់អ្នកមានការអប់រំ និងវោហាស័ព្ទប្រសើរយ៉ាងណាទេ តើគាត់អាចខ្ពស់ជាងព្រះយេស៊ូវបានយ៉ាងដូចម្តេចទៅ? គឺមិនអាចទៅរួចឡើយ។ យើងអាចបានសង្រ្គោះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះលោហិតតែប៉ុណ្ណោះ គឺមិនតាមការធ្វើតាមក្រិត្យវិន័យរបស់ព្រះឡើយ។ ដូច្នេះ ដោយសារការងារជាសង្ឃត្រូវបានផ្លាស់ប្តូរទៅ ក្រិត្យវិន័យនៃសេចក្តីសង្រ្គោះក៏ត្រូវបានផ្លាស់ប្តូរដែរ។ 
 
 
ឧត្តមភាពនៃសេចក្តីស្រឡាញ់របស់ព្រះ
 
តើមួយណាខ្ពង់ខ្ពស់ជាង សេចក្តីស្រឡាញ់របស់ព្រះ ឬក្រិត្យវិន័យរបស់ព្រះ?
សេចក្តីស្រឡាញ់របស់ព្រះ

យើង អាចបានសង្រ្គោះ លុះត្រាតែយើងជឿលើព្រះយេស៊ូវ ហើយដឹងពីរបៀបដែលព្រះយេស៊ូវបានសង្រ្គោះយើង និងឧត្តមភាពនៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់យើង។ ដូច្នេះ តើអ្វីគឺជាភាពខុសគ្នារវាងជំនឿតាមក្រិត្យវិន័យ និងជំនឿលើឧត្តមភាពនៃសេចក្តីស្រឡាញ់របស់ព្រះ?
ពួកអ្នកកាន់តាមក្រិត្យវិន័យ ផ្តល់សារៈសំខាន់ទៅលើគោលលទ្ធិរបស់និកាយ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេច្រើនជាងព្រះបន្ទូលព្រះ។ ទោះបីជាយ៉ាងណា ជំនឿខាងវិញ្ញាណពិត និងពេញលេញនៅក្នុងព្រះយេស៊ូវកើតមាន ដោយសារការជឿលើឧត្តមភាពនៃសេចក្តីសង្រ្គោះ ដែលត្រូវបានបំពេញសម្រេចតាម រយៈទឹក និងព្រះវិញ្ញាណ។
សូម្បីតែនៅសព្វថ្ងៃនេះ មនុស្សជាច្រើននិយាយថា បាបតាំងពីកំណើតត្រូវបានអត់ទោសហើយ ប៉ុន្តែថា ពួកគេត្រូវតែលន់តួអំពើបាបរបស់ខ្លួន ជារៀងរាល់ថ្ងៃ។ មនុស្សជាច្រើន ជឿដូច្នេះ ហើយព្យាយាមរស់នៅតាមក្រិត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ពួកគេនៅតែមិនបានស្គាល់អំពីឧត្តមភាពនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដែលបានមក តាមរយៈទឹក និងព្រះវិញ្ញាណទេ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជនជាតិអ៊ីស្រាអែលត្រូវតែរស់នៅតាមក្រិត្យវិន័យរបស់ព្រះ ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ប៉ុន្តែពួកគេមិនអាចបានសង្រ្គោះឡើយ។ ដោយសារព្រះអម្ចាស់ជ្រាបពីភាពខ្សោយរបស់យើង និងការពិតថា យើងមិនពេញលេញ នោះទ្រង់លើកក្រិត្យវិន័យរបស់ទ្រង់ចោល។ យើងមិនអាចបានសង្រ្គោះ តាមរយៈការប្រព្រឹត្តរបស់យើងតែមួយបាន ឡើយ។ ហើយព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងសង្រ្គោះយើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ ទ្រង់បានមានបន្ទូលថា «ខ្ញុំនឹងសង្រ្គោះអ្នករាល់គ្នាចេញពីអំពើបាបរបស់អ្នករាល់គ្នា ដោយខ្លួនខ្ញុំវិញ»។ ព្រះបានទាយដូច្នេះ នៅក្នុងកណ្ឌ លោកុប្បត្តិ។ 
«អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ» (លោកុប្បត្តិ ៣:១៥)។ បន្ទាប់ពីអ័ដាម និងអេវ៉ាបានធ្វើបាប ហើយធ្លាក់ចុះ ពួកគេបានធ្វើសំលៀកបំពាក់ពីស្លឹកល្វា ដើម្បីបិទបាំងបាបរបស់ខ្លួននៅចំពោះព្រះ។ ប៉ុន្តែព្រះបានហៅពួកគេ ហើយបានធ្វើអាវពីស្បែកឲ្យពួកគេ ដែលជានិមិត្តរូបនៃសេចក្តីសង្រ្គោះ។ សំលៀកបំពាក់មួយ ត្រូវបានធ្វើឡើងដោយស្លឹកល្វា ហើយមួយទៀតត្រូវបានធ្វើឡើងដោយស្បែក។ តើអ្នកគិតថា មួយណាមានគុណភាពល្អជាង? ប្រាកដជាអាវស្បែកមានគុណភាពល្អជាងហើយ ពីព្រោះជីវិតរបស់សត្វត្រូវបានថ្វាយ ដើម្បីការពារ ជីវិតរបស់មនុស្ស។ 
សំលៀកបំពាក់ធ្វើពីស្លឹកល្វា នឹងខូចទៅក្នុងរយៈពេលដ៏ខ្លី។ ដូចដែលអ្នកដឹងហើយថា ស្លឹកល្វាមើលទៅដូចជាដៃមួយដែលមានម្រាមប្រាំអញ្ចឹង។ ដូច្នេះ ស្លៀកសំលៀកបំពាក់ធ្វើពីស្លឹកល្វា មានន័យថា លាក់បាំងអំពើបាបរបស់ខ្លួនពីខាងក្រោយការប្រព្រឹត្តល្អ។ បើសិនអ្នកស្លៀកសំលៀកបំពាក់ធ្វើពីស្លឹកល្វា ហើយអង្គុយចុះ ស្លឹកល្វានឹងរហែកជាចំណែកៗក្នុងរយៈពេលយ៉ាងខ្លី។ កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់ធ្វើអាវក្រោះពីស្លឹកឈើ ដើម្បីលេងធ្វើជាទាហាន។ ប៉ុន្តែមិនថាខ្ញុំពាក់អាវក្រោះនោះដោយប្រុងប្រយ័ត្នយ៉ាងណាទេ នៅចុងក្រោយ វានៅតែរហែកដដែល។ ក្នុងរបៀបដូចគ្នានេះ សាច់ឈាមដែលពុកផុយរបស់មនុស្ស មិនអាចធ្វើឲ្យខ្លួនបានញែកជា បរិសុទ្ធបានឡើយ។
ប៉ុន្តែសេចក្តីសង្រ្គោះដោយទឹក និងព្រះលោហិត ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង បានសង្រ្គោះមនុស្សមានបាប ដើម្បីធ្វើបន្ទាល់ពីឧត្តមភាពនៃសេចក្តីស្រឡាញ់របស់ព្រះវិញ។ តាមរបៀបនេះ យើងអាចមើលឃើញថា សេចក្តីស្រឡាញ់របស់ព្រះមានឧត្តមភាពខ្ពស់ជាង ក្រិត្យវិន័យរបស់ព្រះទៅទៀត។ 
 
 
អ្នកដែលនៅតែមានជំនឿលើក្រិត្យវិន័យរបស់ព្រះ
 
ហេតុអ្វីអ្នកកាន់តាមក្រិត្យវិន័យធ្វើអាវថ្មី ពីការប្រព្រឹត្តរបស់ខ្លួនជារៀងរាល់ថ្ងៃ?
ពីព្រោះពួកគេមិនដឹងថា ការប្រព្រឹត្តរបស់ពួកគេមិនអាចរាប់ ពួកគេជាសុចរិតឡើយ

អ្នកដែលដេរសំលៀកបំពាក់របស់ខ្លួនពីស្លឹកល្វា កំពុងតែមានជីវិតរស់នៅកាន់តាមក្រិត្យវិន័យហើយ។ អ្នកជឿដែលវង្វេងទាំងនេះ ត្រូវតែផ្លាស់ប្តូរសំលៀកបំពាក់របស់ខ្លួន តាមពេលវេលាទៀងទាត់។ ពួកគេត្រូវតែដេរសំលៀកបំពាក់ថ្មី ជារៀងរាល់ថ្ងៃអាទិត្យ នៅពេលពួកគេទៅព្រះវិហារ។ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំបានធ្វើបាបយ៉ាងច្រើន នៅសប្តាហ៍មុន។ ប៉ុន្តែឱព្រះអម្ចាស់អើយ ទូលបង្គំជឿថា ទ្រង់បានសង្រ្គោះទូលបង្គំនៅលើឈើឆ្កាងហើយ។ ដូច្នេះ សូមលាងសម្អាតអំពើបាបរបស់ទូលបង្គំ ដោយព្រះលោហិតនៅលើឈើឆ្កាងផង!» ពួកគេធ្វើសំលៀកបំពាក់មួយសម្រាប់ថ្មី ជាបន្តបន្ទាប់។ «សូមសរសើរតម្កើងព្រះអម្ចាស់។ ហាលេលូយ៉ា!»
ប៉ុន្តែក្នុងពេលដ៏ខ្លី ពួកគេត្រូវតែដេរសំលៀកបំពាក់មួយសម្រាប់ទៀត នៅឯផ្ទះ។ ហេតុអ្វី? ពីព្រោះសំលៀកបំពាក់ចាស់របស់ពួកគេបានរហែកអស់ហើយ។ «ឱព្រះអម្ចាស់អើយ! រយៈពេលបីថ្ងៃមុន ទូលបង្គំបានធ្វើបាបម្តងទៀតហើយ។ សូមអត់ទោសដល់ទូលបង្គំផង។» ដូច្នេះ ម្តងហើយម្តងទៀត ពួកគេដេរ និងស្លៀកសំលៀកបំពាក់ថ្មីនៃការលន់តួអំពើបាបរបស់ខ្លួន។ 
ពេលដំបូង សំលៀកបំពាក់នោះអាចស្ថិតស្ថេរបានបីបួនថ្ងៃ ប៉ុន្តែបន្ទាប់មកទៀត ពួកគេត្រូវការមួយសម្រាប់ថ្មីទៀត ជារៀងរាល់ថ្ងៃ។ ដោយសារពួកគេមិនអាចរស់នៅតាមក្រិត្យវិន័យរបស់ព្រះបាន ពួកគេខ្មាសអៀនចំពោះខ្លួនឯង។ «អូ នេះពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់។ ឱព្រះអម្ចាសអើយ ទូលបង្គំបានធ្វើបាបម្តងទៀតហើយ!» ហើយពួកគេត្រូវតែដេរសំលៀកបំពាក់នៃការលន់តួអំពើបាបថ្មីមួយទៀត។ «ឱព្រះអម្ចាស់អើយ ថ្ងៃនេះ ពិបាកនឹងដេរសំលៀកបំពាក់ថ្មីពីស្លឹកល្វាខ្លាំងណាស់។» ហើយពួកគេក៏ខិតខំដេរសំលៀកបំពាក់ថ្មីមួយសម្រាប់ទៀត។
កាលណាមនុស្សបែបនេះស្រែកហៅព្រះអម្ចាស់ គឺពួកគេចង់លន់តួអំពើបាបរបស់ពួកគេហើយ។ ពួកគេខាំបបូរមាត់ ហើយស្រែកហៅព្រះថា «ព្រះ...!» ហើយបន្តដេរសំលៀកបំពាក់ថ្មី ជារៀងរាល់ថ្ងៃ។ ដូច្នេះ តើមានរឿងអ្វីកើតឡើង នៅពេលពួកគេហត់?
ម្តង ឬពីរដងក្នុងមួយឆ្នាំ ពួកគេឡើងទៅឯភ្នំ ដើម្បីអធិស្ឋាន តម។ ពួកគេព្យាយាមដេរសំលៀកបំពាក់រឹងមាំជាងមុន។ «ឱព្រះ អម្ចាស់អើយ! សូមលាងសម្អាតអំពើបាបរបស់ទូលបង្គំ ហើយសូមធ្វើឲ្យទូលបង្គំបានជាថ្មីឡើងវិញផង។ ទូលបង្គំជឿលើទ្រង់ ហើយ។» ហើយពួកគេគិតថា ការអធិស្ឋាននៅពេលយប់ប្រសើរជាងសម្រាប់ពួកគេ។ ដូច្នេះ ពួកគេសម្រាកនៅពេលថ្ងៃ ហើយពេលយប់មកដល់ ពួកគេចាប់តោងដើមឈើ ដោយអស់ពីកំឡាំងរបស់ខ្លួន ឬចូលទៅក្នុងរូងងងឹត ហើយស្រែកអំពាវនាវទៅចំពោះព្រះថា «ឱព្រះអម្ចាស់អើយ ទូលបង្គំជឿលើទ្រង់ហើយ!» «♪ទូលបង្គំលន់តួអំពើបាប ហើយសូមបំពេញចិត្តរបស់ទូលបង្គំដោយគំនិតចេះភ្ញាក់ខ្លួនផង♪» ហើយពួកគេអធិស្ឋានយ៉ាងខ្លាំង ហើយស្រែកថា «ទូលបង្គំជឿហើយ»។ តាមរបៀបនេះ ពួកគេដេរ សំលៀកបំពាក់ពិសេសមួយ ដែលពួកគេសង្ឃឹមថា វានឹងស្ថិតស្ថេរនៅបានយូរអង្វែង ប៉ុន្តែវាមិនស្ថិតស្ថេរឡើយ។
បន្ទាប់ពីត្រឡប់មកពីការអធិស្ឋាននៅឯភ្នំ ពួកគេមានកំឡាំងមាំមួន! ព្រលឹងរបស់ពួកគេពោរពេញទៅដោយសន្តិភាព និងព្រះគុណនៃព្រះដ៏មានអំណាចព្រះចេស្តា ដូចជាខ្យល់រំភើយ ឬដូចជាភ្លៀងនិទាឃរដូវស្រោចស្រប់លើដើមឈើ និងផ្កា។ ហើយដោយមានអារម្មណ៍ថា ខ្លួនបានបរិសុទ្ធជាងវិញ្ញាណនៃភ្នំ ពួកគេប្រឈមនឹងលោកិយនេះ ដោយការស្លៀកសំលៀកបំពាក់ថ្មីពិសេស។
ប៉ុន្តែនៅពេលពួកគេមកដល់ផ្ទះ និងព្រះវិហាររបស់ពួកគេវិញភ្លាម សំលៀកបំពាក់នោះចាប់ផ្តើមកខ្វក់ និងរហែកទៅ។
មិត្តរបស់ពួកគេ សួរថា «តើអ្នកបានទៅណា?»។
«ខ្ញុំបានទៅឆ្ងាយមួយរយៈ។»
«អ្នកមើលទៅដូចជាស្រកសាច់បន្តិច!»
«មែនហើយ ប៉ុន្តែនេះគឺជារឿងផ្សេងទេ។»
ពួកគេ មិនប្រាប់គេថា ពួកគេបានទៅអធិស្ឋានតមទេ ប៉ុន្តែពួកគេទៅឯព្រះវិហារ ហើយអធិស្ឋានថា «ខ្ញុំមិនត្រូវមានតម្រេកជាមួយស្រីទេ។ ខ្ញុំមិនត្រូវនិយាយកុហកទេ។ ខ្ញុំមិនត្រូវលោភចង់បានផ្ទះអ្នកជិតខាងទេ។ ហើយខ្ញុំគួរតែស្រឡាញ់មនុស្សទាំងអស់»។
ប៉ុន្តែនៅពេលពួកគេមើលឃើញស្ត្រីម្នាក់ ដែលមានសុដន់ស្រស់ស្អាត និងជើងស្រឡួន សេចក្តីបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេផ្លាស់ប្តូរមួយរំពេច។ «មើល សំពត់នោះខ្លីណាស់! សំពត់នោះកាន់តែខ្លីទៅៗហើយ! ខ្ញុំនឹងបានមើលឃើញជើងដ៏ស្រឡូនទាំងនោះម្តងទៀតហើយ! អូ! ទេ! ឱព្រះអម្ចាស់អើយ! ទូលបង្គំបានធ្វើបាបម្តងទៀតហើយ!»
អ្នកកាន់តាមក្រិត្យវិន័យ ហាក់ដូចជាមានជំនឿយ៉ាងស៊ប់ ប៉ុន្តែអ្នកគួរតែដឹងថា ពួកគេត្រូវតែដេរសំលៀកបំពាក់ថ្មី ជារៀងរាល់ថ្ងៃ។ ក្រិត្យវិន័យនិយម គឺជាសេចក្តីនឿលើសំលៀកបំពាក់ធ្វើពីស្លឹកល្វា ដែលជាសេចក្តីជំនឿខុស។ មនុស្សជាច្រើន ព្យាយាមយ៉ាងខ្លាំង ដើម្បីរស់នៅដោយមានជំនឿយ៉ាងស៊ប់ តាមក្រិត្យវិន័យរបស់ព្រះ។ ពួកគេស្រែកអស់ពីសួតរបស់ខ្លួន នៅលើភ្នំ ដើម្បីឲ្យ សម្លេងរបស់ខ្លួនឮទៅដូចជាមានជំនឿយ៉ាងស៊ប់។
អ្នកកាន់តាមក្រិត្យវិន័យ មើលទៅគួរឲ្យគេចាប់អារម្មណ៍ នៅពេលពួកគេដឹកនាំការប្រជុំអធិស្ឋាននៅឯព្រះវិហារ។ «ព្រះវរបិតាដ៏បរិសុទ្ធ ដែលគង់នៅស្ថានសួគ៌អើយ! យើងបានធ្វើបាប កាលពី សប្តាហ៍មុន។ សូមអត់ទោសដល់យើងផង...» ហើយពួកគេស្រក់ទឹកភ្នែក ហើយក្រុមជំនុំទាំងអស់ក៏ស្រក់ទឹកភ្នែកតាមដែរ។ ពួកគេគិតចំពោះខ្លួនឯងថា «យើងគួរតែបានចំណាយពេលយូរនៅឯភ្នំ ដើម្បីអធិស្ឋាន និងតម។ គាត់មើលទៅដូចជាមានជំនឿយ៉ាងស៊ប់ និងស្មោះត្រង់ណាស់»។ ប៉ុន្តែដោយសារតែជំនឿរបស់គាត់គឺតាមការប្រព្រឹត្ត សូម្បីតែនៅមុនពេលការអធិស្ឋានបញ្ចប់ ចិត្តរបស់គាត់ចាប់ផ្តើមពេញដោយការអួតអាង ហើយធ្វើបាប។
នៅពេលមនុស្សដេរសំលៀកបំពាក់ថ្មីពីស្លឹកល្វា វាអាចគង់នៅបានពីរបីខែ។ ប៉ុន្តែមិនយូរមិនឆាប់ វានឹងក្លាយទៅជាកន្ទប ហើយពួកគេត្រូវតែដេរសំលៀកបំពាក់ថ្មីមួយសម្រាប់ទៀត ហើយបន្ត អនុវត្តជីវិតបែបកំពុតរបស់ខ្លួនដដែល។ នេះហើយគឺជាជីវិតរបស់អ្នកកាន់តាមក្រិត្យវិន័យ ដែលព្យាយាមរស់នៅតាមក្រិត្យវិន័យ ដើម្បីបានសង្រ្គោះ គឺពួកគេត្រូវតែដេរសំលៀកបំពាក់ថ្មីពីស្លឹកល្វាជារៀងរហូត។ 
ក្រិត្យវិន័យនិយម គឺជាជំនឿបែបស្លឹកល្វា។ អ្នកកាន់តាមក្រិត្យវិន័យ ប្រាប់អ្នកថា «អ្នកបានធ្វើបាប ពេញមួយសប្តាហ៍មុន តើមែនទេ? ដូច្នេះ ចូរលន់តួអំពើបាបចុះ»។ 
ពួកគេ ស្រែកដាក់អ្នកដោយសម្លេងយ៉ាងខ្លាំងថា «ចូរលន់តួអំពើបាប! ចូរអធិស្ឋានចុះ!»។
អ្នកកាន់តាមក្រិត្យវិន័យ ដឹងពីរបៀបធ្វើឲ្យសម្លេងរបស់ខ្លួនឮដូជាបរិសុទ្ធ។ «ឱព្រះអម្ចាស់អើយ! ទូលបង្គសូមទោស ដែលមិនបានរស់នៅតាមច្បាប់ និងក្រិត្យវិន័យរបស់ទ្រង់។ សូមទ្រង់អត់ទោសដល់ទូលបង្គំ ម្តងទៀតផង។»
ពួកគេ ពិតជាមិនអាចរស់នៅតាមក្រិត្យវិន័យបានឡើយ ទោះបើពួកគេព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ តាមការពិត ពួកគេកំពុងតែល្បងលជាមួយក្រិត្យវិន័យ និងព្រះទេតើ គឺពួកគេអួតអាងនៅចំពោះព្រះសោះ។
 
 
ដូចជា ឈូដាល់ ប៊ែរ CHUDAL BAE
 
ហេតុអ្វីព្រះលើកក្រិត្យវិន័យចោល?
ពីព្រោះវាមិនអាចសង្រ្គោះយើង ចេញពីអំពើបាបបានឡើយ

មានបុរសវ័យក្មេងម្នាក់ ឈ្មោះថា ឈូដាល់ ប៊ែរ។ ក្នុង កំឡុងពេលសង្រ្គោះកូរ៉េ ក្នុងឆ្នាំ១៩៥០ ពួកទាហានកុម្មុយនីស្តបានមកបញ្ជាឲ្យគាត់បោសសម្អាតទីធ្លា នៅថ្ងៃសាប្ប័ទ ដើម្បីបង្ខំឲ្យគាត់ធ្វើខុសនឹងជំនឿសាសនាដ៏ខ្ជាប់ខ្ជួនរបស់គាត់ ហើយបង្ខំគាត់ឲ្យធ្វើជាមនុស្សបែបកុម្មុយនីស្តដែរ។ ប៉ុន្តែបុរសវ័យក្មេង ដែលខ្ជាប់ខ្ជួនក្នុងជំនឿសាសនា បានបដិសេធមិនធ្វើតាមបញ្ជានោះ ឡើយ។ ពួកគេនៅតែបង្ខំគាត់ឲ្យធ្វើដូច្នេះ ប៉ុន្តែគាត់បានបដិសេធម្តងហើយម្តងទៀត។
ជាចុងក្រោយ ពួកទាហានបានចងគាត់ទៅនឹងដើមឈើមួយ ហើយយកកាំភ្លើងភ្ជុងគាត់ ហើយសួរថា «តើឯងចង់បានមួយណា បោសសម្អាតទីធ្លា ឬសេចក្តីស្លាប់?»។ 
នៅពេលពួកគេបង្ខំគាត់ឲ្យសម្រេចិត្ត គាត់បាននិយាយថា «ខ្ញុំសុខចិត្តស្លាប់ តែមិនធ្វើការនៅថ្ងៃសាប្ប័ទជាដាច់ខាត»។
«ឯងបានសម្រេចចិត្តខ្លួនឯង ហើយយើងក៏នឹងធ្វើតាមការសម្រេចរបស់ឯងដែរ។»
បន្ទាប់មក ពួកគេក៏បានបាញ់សំឡាប់គាត់ភ្លាមៗទៅ។ ពេលក្រោយមកទៀត អ្នកដឹកនាំពួកជំនុំបានតែងតាំងគាត់ជាគ្រូជំនួយ ដើម្បីរំឮកពីជំនឿសាសនាដ៏ខ្ជាប់ខ្ជួនរបស់គាត់។
គាត់ ពិតជាមានឆន្ទះ និងកំឡាំងខ្លាំង ប៉ុន្តែជំនឿសាសនារបស់គាត់ត្រូវបានដឹកនាំឲ្យវង្វេង។ ហេតុអ្វីគាត់មិនអាចបោសសម្អាតទីធ្លា ហើយប្រកាសដំណឹងល្អទៅដល់ពួកទាហានទាំងនោះ? ហេតុអ្វីគាត់ត្រូវតែរឹងរួស ហើយស្លាប់បែបនេះទៅវិញ? ហើយតើព្រះសរសើរគាត់ សម្រាប់ការមិនធ្វើការនៅថ្ងៃសាប្ប័ទដែរឬទេ? ទេ។
យើង គួរតែមានជីវិតខាងវិញ្ញាណ។ មិនមែនការប្រព្រឹត្តរបស់យើងទេ ប៉ុន្តែសេចក្តីជំនឿរបស់យើងសំខាន់នៅចំពោះព្រះ។ ពួកអ្នកដឹកនាំពួកជំនុំ ចង់លើកតម្កើងមនុស្សដូចជា ឈូដាល់ ប៊ែរ ពីព្រោះពួកគេចង់បង្អួតពីឧត្តមភាព និងគោលលទ្ធិត្រឹមត្រូវនៃនិកាយរបស់ពួកគេ គឺដូចជាពួកផារ៉ាស៊ីកំពុត ដែលបានល្បងលព្រះយេស៊ូវអញ្ចឹង។ 
ពិតជាគ្មានអ្វី ដែលយើងអាចរៀនបានពីអ្នកកាន់តាមក្រិត្យ វិន័យឡើយ។ យើងគួរតែរៀនអំពីសេចក្តីជំនឿខាងវិញ្ញាណ ហើយយើងគួរតែគិតអំពីមូលហេតុ ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ហើយឆ្ងល់ពី លក្ខណៈនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ 
យើង គួរតែស្វែងរកចម្លើយសម្រាប់សំណួរទាំងនោះជាមុនសិន ហើយបន្ទាប់មក ព្យាយាមចែកចាយដំណឹងល្អទៅកាន់មនុស្សទាំងអស់នៅក្នុងពិភពលោកនេះ ដើម្បីឲ្យពួកគេបានកើតជាថ្មីដែរ។ ហើយយើងគួរតែថ្វាយជីវិតរបស់យើងទៅចំពោះព្រះ ដើម្បីធ្វើការងារខាងវិញ្ញាណ។
បើសិនគ្រូអធិប្បាយប្រាប់អ្នកថា «ចូរធ្វើដូចជា ឈូដាល់ ប៊ែរ។ ញែកថ្ងៃសាប្ប័ទជាបរិសុទ្ធ» គាត់គ្រាន់តែកំពុងព្យាយាមចង់បានអ្នកមកព្រះវិហារ ជារៀងរាល់ថ្ងៃអាទិត្យប៉ុណ្ណោះ។
មានរឿងមួយទៀត អំពីស្ត្រីម្នាក់ ដែលបានជួបឧបសគ្គជាច្រើន ក្នុងការទៅព្រះវិហារនៅរៀងរាល់ថ្ងៃអាទិត្យ។ ឪពុកម្តាយក្មេងរបស់គាត់ មិនមែនជាគ្រីស្ទបរិស័ទទេ ហើយពួកគេបានព្យាយាមយ៉ាងខ្លាំង ដើម្បីរារាំងគាត់មិនឲ្យទៅព្រះវិហារ។ ពួកគេបានប្រាប់គាត់ឲ្យធ្វើការនៅថ្ងៃអាទិត្យ។ ប៉ុន្តែគាត់បានចេញទៅស្រែចំការនៅយប់ថ្ងៃសៅរ៍ ហើយធ្វើការនៅក្រោមពន្លឺព្រះច័ន្ទ ដើម្បីកុំឲ្យគ្រួសាររបស់គាត់មានលេសរារាំងគាត់ មិនឲ្យទៅព្រះវិហារនៅរៀងរាល់ថ្ងៃអាទិត្យ។
ពិតណាស់ថា ការទៅព្រះវិហារសំខាន់ ប៉ុន្តែតើវាគ្រប់គ្រាន់ទេ ដែលមកថ្វាយបង្គំជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីបង្ហាញថា យើងស្មោះត្រង់? អ្នកស្មោះត្រង់ពិតប្រាកដ គឺជាមនុស្សដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ហើយជំនឿពិតចាប់ផ្តើមឡើង នៅពេលណាមនុស្សមា្នក់បានកើតជាថ្មី។ 
តើអ្នកអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយការរស់នៅតាមក្រិត្យវិន័យរបស់ព្រះដែរឬទេ? ទេ។ ខ្ញុំមិនកំពុងតែប្រាប់អ្នកឲ្យព្រងើយកន្តើយចំពោះក្រិត្យវិន័យរបស់ព្រះឡើយ ប៉ុន្តែយើងទាំងអស់គ្នាដឹងថា មនុស្សពិតជាមិនអាចរក្សាតាមបញ្ញត្តិច្បាប់ទាំងអស់របស់ព្រះបានឡើយ។ 
យ៉ាកុប ២:១០ និយាយថា «ដ្បិតអ្នកណាដែលកាន់ក្រឹត្យវិន័យទាំងមូលតែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រឹត្យវិន័យទាំងមូលនោះហើយ»។ ដូច្នេះ ចូរគិតជាមុនសិនអំពីរបៀបដែលអ្នកអាចបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ បន្ទាប់មក ទៅព្រះវិហារមួយ ដែលអ្នកអាចស្តាប់ឮដំណឹងល្អបាន។ អ្នកអាចមានជីវិតស្មោះត្រង់បាន បន្ទាប់ពីអ្នកបានកើតជាថ្មី។ បន្ទាប់មក នៅពេលព្រះអម្ចាស់ហៅ អ្នកអាចចូលទៅចំពោះទ្រង់ដោយអំណរបាន។ 
ចូរកុំខ្ជះខ្ជាយពេលវេលារបស់អ្នក ដើម្បីទៅព្រះវិហារខុសឆ្គង ហើយចូរកុំខ្ជះខ្ជាយប្រាក់របស់អ្នក ដើម្បីដាក់ជាតង្វាយមិនត្រឹមត្រូវឲ្យសោះ។ គ្រូគង្វាលក្លាយក្លាយ មិនអាចការពារអ្នកមិនឲ្យធ្លាក់ទៅក្នុងស្ថាននរកបានឡើយ។ ប៉ុន្តែជាដំបូង ចូរស្តាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានកើតជាថ្មីសិន។
ចូរគិតអំពីមូលហេតុដែលព្រះយេស៊ូវបានយាងមកលោកិយនេះ។ បើសិនយើងអាចបានចូលទៅក្នុងនគរស្ថានសួគ៌ ដោយការរស់នៅតាមក្រិត្យវិន័យមែន ទ្រង់មិនចាំបាច់យាងមកលោកិយនេះឡើយ។ បន្ទាប់ពីទ្រង់បានយាងមក ការងារជាសង្ឃត្រូវបានផ្លាស់ប្តូរ។ ការកាន់តាមក្រិត្យវិន័យ បានក្លាយជារឿងពីអតីតកាលមួយ។ ហើយមុនពេលយើងបានសង្រ្គោះ យើងបានគិតថា យើងអាចបានសង្រ្គោះ ដោយការរស់នៅតាមក្រិត្យវិន័យ ប៉ុន្តែនេះលែងជាសញ្ញានៃជំនឿពិតប្រាកដទៀតហើយ។ 
ព្រះយេស៊ូវ បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ដោយសេចក្តីស្រឡាញ់របស់ទ្រង់ ដោយទឹក និងបុណ្យជ្រមុជរបស់ទ្រង់ និងដោយព្រះលោហិតទ្រង់ និងព្រះ វិញ្ញាណ។ ទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ 
ព្រះ បានលើច្បាប់ពីមុនចោល ពីព្រោះវាខ្សោយ និងឥតប្រយោជន៍។ «(ពីព្រោះក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ) ក៏មានសេចក្តីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន ដោយសារសេចក្តីសង្ឃឹមនោះ ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ» (ហេព្រើរ ៧:១៩-២០)។ ព្រះយេស៊ូវ បានស្បថ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ការស្លាប់ដោយជំនឿ ដែលចេញពីការកាន់តាមក្រិត្យវិន័យ គឺជាការស្លាប់ដែលឥតប្រយោជន៍ ហើយជំនឿពិតប្រាកដតែមួយ គឺត្រូវជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
យើង ត្រូវតែមានជំនឿដែលមានផលផ្លែ។ តើអ្នកគិតថា មួយណាល្អសម្រាប់ព្រលឹងរបស់អ្នក? តើការចូលរួមក្នុងព្រះវិហារជាទៀងទាត់ ហើយរស់នៅតាមក្រិត្យវិន័យ ឬការចូលរួមក្នុងព្រះវិហាររបស់ព្រះ ដែលមានការអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យអ្នកបានកើតជាថ្មី? តើព្រះវិហារមួយណា ហើយគ្រូគង្វាលមួយណាដែលមានប្រយោជន៍ដល់ព្រលឹងរបស់អ្នក? ចូរគិតអំពីនេះ ហើយជ្រើសរើសយកមួយ ដែលល្អសម្រាប់ព្រលឹងរបស់អ្នកចុះ។
ព្រះ សង្គ្រោះព្រលឹងរបស់អ្នក តាមរយៈគ្រូអធិប្បាយម្នាក់ ដែលមានព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែគ្រប់គ្នាត្រូវតែទទួលខុសត្រូវចំពោះព្រលឹងរបស់ខ្លួន។ អ្នកជឿពិតប្រាកដដែលមានប្រាជ្ញា គឺជាមនុស្សម្នាក់ដែលថ្វាយព្រលឹងរបស់ខ្លួនទៅចំពោះព្រះបន្ទូលព្រះ។ 
 
 
ព្រះយេស៊ូវបានធ្វើជាសម្តេចសង្ឃ តាមរយៈសម្បថមួយ
 
តើពូជពង្សរបស់លេវីបានធ្វើជាសង្ឃ តាមរយៈសម្បថដែរទេ?
ទេ។ មានតែព្រះយេស៊ូវទេ ទើបបានធ្វើជាសង្ឃ តាមរយៈសម្បថ

ហេព្រើរ ៧:២០-២១ និយាយថា «ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ តែទ្រង់វិញ មានទាំងពាក្យសម្បថផង ដោយសារព្រះដែលមានព្រះបន្ទូលពីទ្រង់ថា [ព្រះអម្ចាស់ទ្រង់បានស្បថ ហើយមិនដែលផ្លាស់គំនិតឡើយថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក]»។ 
ហើយទំនុកដំកើង ១១០:៤ និយាយថា «ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ»។ ព្រះអម្ចាស់ បានស្បថ ហើយបានបង្កើតសម្ព័ន្ធមេត្រីមួយជាមួយយើង ហើយបានបង្ហាញវាមកកាន់យើង តាមរយៈព្រះគម្ពីរ។ «អញនឹងធ្វើជា សម្តេចសង្ឃតាមរបៀបលោកម៉ិលគីស្សាដែក។ ហើយលោក ម៉ិលគីស្សាដែក គឺជាស្តេចនៃសេចក្តីសុចរិត ស្តេចនៃសេចក្តីសុខសាន្ត និងសម្តេចសង្ឃដ៏អស់កល្បជានិច្ច។ អញនឹងធ្វើជាសម្តេចសង្ឃតាមរបៀបលោកម៉ិលគីស្សាដែក សម្រាប់សេចក្តីសង្រ្គោះរបស់ឯង។»
ព្រះយេស៊ូវ បានយាងមកលោកិយនេះ ដើម្បីធានាពីសម្ព័ន្ធមេត្រីដែលប្រសើរជាង (ហេព្រើរ ៧:២២)។ ជំនួសឲ្យឈាមគោឈ្មោល និងពពែ ទ្រង់បានថ្វាយអង្គទ្រង់ជាយញ្ញបូជា ដោយការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើង។ 
នៅសម័យព្រះគម្ពីរសញ្ញាចាស់ នៅពេលសម្តេចសង្ឃបានស្លាប់ទៅ កូនប្រុសរបស់គាត់អាចបន្តការងារជាសម្តេចសង្ឃបាន នៅពេលកូនប្រុសនោះមានអាយុ៣០ឆ្នាំ។ នៅពេលសម្តេចសង្ឃមានវ័យចំណាស់ ហើយកូនប្រុសរបស់គាត់មានអាយុ៣០ឆ្នាំ គាត់បានផ្ទេរការងារជាសង្ឃទៅឲ្យកូនប្រុសរបស់គាត់។
មានពូជពង្សរបស់សម្តេចសង្ឃជាច្រើន។ ដូច្នេះ ស្តេចដាវីឌបានបង្កើតប្រព័ន្ធមួយ ដែលពួកគេបំពេញតួនាទីតាមវេនរបស់ ខ្លួន។ ដោយសារកូនចៅទាំងអស់របស់អើរ៉ុនត្រូវបានតែងតាំងជាសង្ឃ ពួកគេមានសិទ្ធិ និងកាតព្វកិច្ចបម្រើការងារជាសង្ឃ។ លោកលូកា និយាយថា «នោះមានសង្ឃ១ក្នុងពួកលោកអ័ប៊ីយ៉ា នាម សាការី...កាលកំពុងតែធ្វើការងារនៃពួកសង្ឃ នៅចំពោះព្រះ តាមវេនលោក...»។ 
ព្រះយេស៊ូវ បានយាងមក ហើយទទួលយកតួនាទីជាសង្ឃដ៏អស់កល្បជានិច្ច។ ទ្រង់បានយាងមកជាសង្ឃសម្រាប់ការល្អដែលត្រូវមកដល់។ ហើយទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះដោយការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
កូនចៅរបស់អើរ៉ុន គឺខ្សោយ និងមិនពេញលេញនៅក្នុង សាច់ឈាម។ តើមានរឿងអ្វីកើតឡើង នៅពេលសម្តេចសង្ឃស្លាប់ទៅ? កូនប្រុសរបស់គាត់ ស្នងតំណែងជាសម្តេចសង្ឃ ប៉ុន្តែយញ្ញបូជាទាំងនោះមិនគ្រប់គ្រាន់ ដើម្បីធានាពីសេចក្តីសង្រ្គោះរបស់មនុស្សជាតិបានឡើយ។ ជំនឿតាមរយៈមនុស្សជាតិ មិនអាចជាជំនឿពិត និងពេញលេញបានឡើយ។ 
នៅសម័យព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានយាងមកលោកិយនេះ។ ប៉ុន្តែទ្រង់មិនចាំបាច់ថ្វាយយញ្ញបូជាម្តងហើយម្តងទៀតឡើយ ពីព្រោះគង់នៅអស់កល្បជានិច្ច។ ទ្រង់បានដោះអំពើបាបរបស់យើងចេញជារៀងរហូត តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានថ្វាយអង្គទ្រង់នៅលើឈើឆ្កាង ដើម្បីរំដោះអ្នកដែលជឿលើទ្រង់ឲ្យបានរួចពីបាបទាំងស្រុង។ 
ឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះវរបិតា ដើម្បីធ្វើបន្ទាល់សម្រាប់យើង។ «ឱព្រះវរបិតាអើយ! ពួកគេនៅតែមិនទាន់បានពេញលេញនៅឡើយទេ ប៉ុន្តែពួកគេជឿលើទូលបង្គំ។ ទូលបង្គំបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ តាំងពីយូរមក ហើយ។» ដូច្នេះ ព្រះយេស៊ូវគឺជាសម្តេចសង្ឃដ៏អស់កល្បជានិច្ចសម្រាប់សេចក្តីសង្រ្គោះរបស់យើង។ 
សម្តេចសង្ឃនៅផែនដី មិនដែលពេញលេញឡើយ។ នៅពេលពួកគេស្លាប់ទៅ កូនប្រុសរបស់ពួកគេស្នងការងារជាសង្ឃរបស់ពួកគេ។ ប៉ុន្តែព្រះអម្ចាស់របស់យើងគង់នៅអស់កល្បជានិច្ច។ ទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចសម្រាប់យើង ដោយការយាងមកលោកិយនេះ ការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយនិងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងជំនួសអំពើបាបទាំងអស់របស់យើង។ 
«ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ» (ហេព្រើរ ១០:១៨)។ ព្រះយេស៊ូវ ធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះរបស់យើង រហូតថ្ងៃចុងក្រោយ។ ដូច្នេះ តើអ្នកបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណហើយឬនៅ?
«គួរឲ្យមានសំដេចសង្ឃយ៉ាងនោះសំរាប់យើង ដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត» (ហេព្រើរ ៧:២៦)។ «ព្រោះឯក្រឹត្យវិន័យនោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្តីកំសោយ តែសេចក្តីសម្បថដែលមកក្រោយក្រឹត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច» (ហេព្រើរ ៧:២៨)។ 
ខ្ញុំ ចង់ប្រាប់អ្នកថា ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ឥតសៅហ្មង បានលាងសម្អាតអំពើបាបរបស់យើង តែម្តងជាសម្រេច តាមរយៈទឹកនៃបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយទ្រង់បានសង្គ្រោះយើងចេញពីអំពើបាបទាំងអស់របស់យើង មិនដោយក្រិត្យវិន័យនៃការប្រព្រឹត្តទេ ប៉ុន្តែដោយការដោះអំពើបាបទាំងអស់របស់យើងចេញ ហើយការទទួលយកការកាត់ទោសសម្រាប់យើងវិញ។ 
តើអ្នកជឿថា ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចដែរឬទេ? បើសិនអ្នកជឿ អ្នកបានសង្រ្គោះហើយ។ ប៉ុន្តែបើសិនអ្នកមិនជឿទេ អ្នកនៅតែត្រូវរៀនច្រើនទៀតអំពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ។
ជំនឿពិតប្រាកដ ចេញមកពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលស្របតាមព្រះគម្ពីរ។ ព្រះយេស៊ូវគ្រីស្ទ ដែលជាសម្តេចសង្ឃស្ថានសួគ៌ដ៏អស់កល្បជានិច្ច បានធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ច តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ 
 
 
យើងត្រូវតែយល់ពីជំនឿរបស់យើងឲ្យបានច្បាស់លាស់
 
តើ «ជឿលើព្រះយេស៊ូវ» មានន័យយ៉ាងដូចម្តេច?
មានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង

យើង ត្រូវតែគិតអំពីរបៀបដែលយើងអាចជឿព្រះយេស៊ូវតាមរបៀបត្រឹមត្រូវ ហើយតម្រង់ជំនឿរបស់យើងឲ្យបានត្រង់។ តើយើងអាចជឿព្រះយេស៊ូវតាមរបៀបត្រឹមត្រូវបានយ៉ាងដូចម្តេច? យើងអាចធ្វើដូច្នេះបាន ដោយការជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ជំនឿត្រឹមត្រូវ គឺត្រូវជឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដោយមិនបន្ថែមគំនិតផ្សេងណាទៀតឡើយ។ តើអ្នកជឿថា នេះគឺជាសេចក្តីពិតដែរឬទេ? តើល័ក្ខខ័ណ្ឌខាងវិញ្ញាណរបស់អ្នកយ៉ាងដូចម្តេច? ហើយតើអ្នកពឹងផ្អែកលើការខិតខំ និងការប្រព្រឹត្តរបស់ខ្លួនខ្លាំងពេកឬ?
ពេលវេលាកន្លងទៅមិនយូរប៉ុន្មានទេ ចាប់តាំងពីខ្ញុំចាប់ផ្តើមជឿព្រះយេស៊ូវ ប៉ុន្តែខ្ញុំបានរងទុក្ខអស់រយៈពេលប្រហែលដប់ឆ្នាំ ដោយសារតែការកាន់តាមក្រិត្យវិន័យ។ ជាចុងក្រោយ ខ្ញុំបាននឿយហត់ជាមួយជីវិតបែបនោះយ៉ាងខ្លាំង។ ហើយខ្ញុំក៏មិនចង់រំឮកពីពេលវេលាទាំងនោះដែរ។ ឥឡូវនេះ ប្រពន្ធរបស់ខ្ញុំ កំពុងតែអង្គុយនៅទីនេះ ហើយគាត់ពិតជាដឹងថា ពេលវេលាទាំងនោះពិបាកសម្រាប់យើងប៉ុណ្ណាហើយ។
ជារៀងរាល់ថ្ងៃអាទិត្យ ខ្ញុំនិយាយថា «អូនសម្លាញ់ ថ្ងៃនេះ ចូរយើងរីករាយជាមួយជីវិតរបស់យើង»។ 
«ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃអាទិត្យ!»
គាត់ មិនហ៊ានទាំងបោកសំលៀកបំពាក់នៅថ្ងៃអាទិត្យផង។ នៅថ្ងៃអាទិត្យមួយ ខោរបស់ខ្ញុំបានរហែក។ ប៉ុន្តែគាត់បានប្រាប់ខ្ញុំឲ្យរង់ចាំរហូតដល់ថ្ងៃច័ន្ធ។ តាមការពិត ខ្ញុំមានភាពខ្ជាប់ខ្ជួនជាងក្នុងរក្សាតាមថ្ងៃសាប្ប័ទ។ ប៉ុន្តែវាពិបាកខ្លាំងណាស់។ យើងមិនដែលបានសម្រាកនៅថ្ងៃអាទិត្យទេ ពីព្រោះវាពិបាកខ្លាំងណាស់ ក្នុងរក្សាថ្ងៃសាប្ប័ទឲ្យបានត្រឹមត្រូវ។ ខ្ញុំនៅតែចងចាំពីពេលវេលាទាំងនោះ។
បងប្អូនអើយ! ដើម្បីជឿព្រះយេស៊ូវឲ្យបានត្រឹមត្រូវ យើងត្រូវតែជឿលើការធួននឹងអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ជំនឿពិតប្រាកដ គឺត្រូវជឿលើភាពជាព្រះ និងភាពជាមនុស្សរបស់ព្រះយេស៊ូវ និងកិច្ចការទាំងអស់ដែលទ្រង់បានធ្វើនៅក្នុងលោកិយនេះ។ មនុស្សស្មោះត្រង់ពិតប្រាកដ ជឿតាមព្រះបន្ទូលទាំងអស់របស់ទ្រង់។ 
តើ «ជឿលើព្រះយេស៊ូវ» មានន័យយ៉ាងដូចម្តេច? គឺត្រូវជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ វាមានភាពងាយស្រួលណាស់ គឺយើងត្រូវតែពិនិត្យមើលក្នុងព្រះគម្ពីរ ហើយជឿតាមដំណឹងល្អ។ ដូច្នេះ យើងទាំងអស់គ្នាគួរតែជឿឲ្យបានត្រឹមត្រូវ។
«អរព្រះគុណ ព្រះអម្ចាស់។ ឥឡូវនេះ ទូលបង្គំដឹងថា ទូលបង្គំបានសង្រ្គោះ មិនដោយការប្រព្រឹត្តរបស់ទូលបង្គំឡើយ! ពីព្រោះ ក្រិត្យវិន័យគ្រាន់តែជួយឲ្យស្គាល់អំពើបាបប៉ុណ្ណោះ (រ៉ូម ៣:២០)។ ពេលនេះ ទូលបង្គំយល់ពីវាហើយ។ ទូលបង្គំបានគិតថា ដោយសារក្រិត្យវិន័យល្អ និងជាសេចក្តីបង្គាប់របស់ព្រះ ទួលបង្គំគួរតែព្យាយាមរស់នៅតាមវា។ រហូតមកដល់ពេលនេះ ទូលបង្គំបានព្យាយាមធ្វើតាមវាយ៉ាងខ្លាំង ប៉ុន្តែទូលបង្គំដឹងថា ទូលបង្គំខុសហើយ ដែលគិតថា ទូលបង្គំអាចរស់នៅតាមវាបាន។ ពេលនេះ ទូលបង្គំដឹងថា ទូលបង្គំពិតជាមិនអាចរស់នៅតាមក្រិត្យវិន័យរបស់ព្រះបានឡើយ! ដូច្នេះ តាមរយៈក្រិត្យវិន័យរបស់ព្រះ ឥឡូវនេះ ទូលបង្គំបានដឹងថា ចិត្តរបស់ទូលបង្គំបានពេញទៅដោយគំនិតអាក្រក់ និងសេចក្តីទុច្ចរិត។ ហើយទូលបង្គំបានដឹងថា ទ្រង់បានប្រទានក្រិត្យវិន័យមក ដើម្បីឲ្យមនុស្សបានស្គាល់ពីអំពើបាបរបស់ខ្លួន។ អូ សូមអរព្រះគុណដល់ព្រះអម្ចាស់។ ទូលបង្គំបានយល់ខុសពីបំណងព្រះហឫទ័យទ្រង់ ហើយបានព្យាយាមយ៉ាងខ្លាំង ដើម្បីធ្វើតាមក្រិត្យវិន័យ។ វាគឺជាការអួតអាងរបស់ទូលបង្គំ ដែលបានធ្វើដូច្នេះ។ ទូលបង្គំសូមប្រែចិត្ត។ ពេលនេះ ទូលបង្គំដឹងថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយបង្ហូរព្រះលោហិតសម្រាប់សេចក្តីសង្រ្គោះរបស់ទូលបង្គំហើយ! ទូលបង្គំជឿហើយ!»
អ្នក ត្រូវតែជឿ ដោយចិត្តស្មោះត្រង់ និងបរិសុទ្ធ។ ហើយអ្នកគួរតែជឿតាមព្រះបន្ទូល ដែលមាននៅក្នុងព្រះគម្ពីរតែប៉ុណ្ណោះ ពីព្រោះវាគឺជាផ្លូវតែមួយ ដែលអ្នកអាចបានកើតជាថ្មីទាំងស្រុង។
តើជឿព្រះយេស៊ូវគឺជាអ្វី? តើវាគឺជាកិច្ចការដែលយើងត្រូវតែបំពេញក្នុងពេលវេលាមួយឬ? ហើយតើជំនឿរបស់យើងគឺជាសាសនា ដែលអ្នកត្រូវតែធ្វើការដើម្បីទទួលបានឬ? មនុស្សបានបង្កើតព្រះផ្សេងៗ ហើយបានបង្កើតសាសនាផ្សេងៗ ដើម្បីឲ្យស៊ីគ្នានឹងព្រះទាំងនោះ។ សាសនាគឺជាដំណើរការមួយ ដែលមនុស្សធ្វើការ ដើម្បីទៅដល់គោលដៅមួយ ដែលជាសេចក្តីល្អរបស់មនុស្ស។
ដូច្នេះ តើជំនឿគឺជាអ្វី? ជំនឿគឺជាការជឿលើព្រះ ហើយស្ងើចសរសើរទ្រង់។ យើងស្ងើចសរសើរសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ហើយអរព្រះគុណដល់ទ្រង់សម្រាប់ព្រះពរនេះ។ នេះហើយគឺជាជំនឿពិត។ ហើយនេះគឺជាភាពខុសគ្នារវាងជំនឿ និងសាសនា។ កាលណាអ្នកអាចបែងចែករវាងទាំងពីរនេះបាន អ្នកទទួលបាន១០០ពិន្ទុសម្រាប់ការយល់ដឹងរបស់អ្នកអំពីជំនឿ។ 
ទេវវិទូដែលមិនបានកើតជាថ្មី ប្រាប់យើងថា យើងគួរតែជឿលើព្រះយេស៊ូវ និងរស់នៅក្នុងជីវិតដែលមានជំនឿស៊ប់។ តើមនុស្សម្នាក់អាចស្មោះត្រង់ ដោយគ្រាន់តែការមានជំនឿស៊ប់ដែរឬទេ? ពិតមែនហើយ យើងត្រូវតែធ្វើជាមនុស្សល្អ។ ប៉ុន្តែតើអ្នកណាមានជីវិតស្មោះត្រង់ និងជំនឿស៊ប់ជាងយើងដែលបានកើតជាថ្មីទៀតនោះ?
ប៉ុន្តែការពិតគឺថា ពួកគេកំពុងប្រាប់រឿងនេះទៅកាន់មនុស្សមានបាបទេ។ មានអំពើបាប១២ប្រភេទ នៅខាងក្នុងមនុស្សមាន បាប។ តើគាត់អាចរស់នៅដោយមានជំនឿស៊ប់បានយ៉ាងដូចម្តេច? គំនិតរបស់គាត់ពិតជាដឹងពីអ្វីដែលគាត់ត្រូវធ្វើ ប៉ុន្តែចិត្តរបស់គាត់មិនអាចអនុវត្តតាមបានទេ។ នៅពេលមនុស្សមានបាបចេញពីព្រះវិហារ ការរស់នៅដោយជំនឿស៊ប់ ក្លាយជាទ្រឹស្តីមួយតែប៉ុណ្ណោះ ហើយសុភាវគតិរបស់គាត់បន្តដឹកនាំគាត់ឲ្យធ្វើបាបទៀត។ 
ដូច្នេះ យើងត្រូវតែសម្រេចចិត្តថា យើងនឹងរស់នៅតាម ក្រិត្យវិន័យ ឬបានសង្រ្គោះ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងដោយការមានជំនឿលើសម្តេចសង្ឃស្ថានសួគ៌ដ៏អស់កល្បជានិច្ច។ 
សូមចងចាំថា ព្រះយេស៊ូវគឺជាសម្តេចសង្ឃពិតប្រាកដសម្រាប់អ្នកដែលជឿ។ ហើយចូរយើងទាំងអស់គ្នាបានសង្រ្គោះ ដោយការដឹង និងការជំនឿលើសេចក្តីសង្រ្គោះពិត តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងចុះ។ 
 
 
អ្នកដែលបានកើតជាថ្មី មិនខ្លាចទីបញ្ចប់នៃផែនដីនេះទេ
 
ហេតុអ្វីអ្នកដែលបានកើតជាថ្មី មិនខ្លាចទីបញ្ចប់នៃផែនដីនេះ?
ពីព្រោះជំនឿរបស់ពួកគេ តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សង្រ្គោះពួកគេឲ្យរួចពីអំពើបាប
 

នៅពេលអ្នកពិតជាបានកើតជាថ្មី អ្នកមិនចាំបាច់ខ្លាចទីបញ្ចប់នៃផែនដីនេះឡើយ។ គ្រីស្ទបរិស័ទជាថ្រើននៅប្រទេសកូរ៉េ បានអះអាងថា ផែនដីនេះនឹងឈានដល់ទីបញ្ចប់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩២។ ពួកគេបាននិយាយថា ថ្ងៃនោះពិតជានឹងមានភាពច្របូកច្របល់ និងសេចក្តីតក់ស្លត់យ៉ាងខ្លាំង។ ប៉ុន្តែការអះអាងទាំងអស់របស់ពួកគេ បែរក្លាយជាការអះអាងមិនត្រឹមត្រូវទៅវិញ។ អ្នកដែលពិតជាបានកើតជាថ្មី រស់នៅជាមួយជំនឿមុះមុត និងចែកចាយដំណឹងល្អ រហូតដល់ទីបំផុត។ នៅពេលណាផែនដីនេះឈានដល់ទីបញ្ចប់ អ្វីដែលយើងត្រូវធ្វើ គឺប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
នៅពេលកូនកម្លោះយាងមកដល់ កូនក្រមុំដែលពិតជាបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ អាចជួបជាមួយទ្រង់ ដោយអំណរយ៉ាងខ្លាំងក្រៃលែង ហើយនិយាយថា «អូ ទីបំផុត ទ្រង់បានយាងមកដល់ហើយ! សាច់ឈាមរបស់ទូលបង្គំនៅមិនទាន់បានពេញលេញនៅឡើយ ប៉ុន្តែទ្រង់បានស្រឡាញ់ទូលបង្គំ ហើយបានសង្រ្គោះទូលបង្គំចេញពីអំពើបាបទាំងអស់របស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំមិនមានបាបនៅក្នុងចិត្តឡើយ។ សូមអរព្រះគុណ ព្រះ អម្ចាស់។ ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់ទូលបង្គំ!»។
ព្រះយេស៊ូវ គឺជាកូនកម្លោះខាងវិញ្ញាណរបស់មនុស្សសុចរិតទាំងអស់។ អាពាហ៍ពិពាហ៍ចាប់ផ្តើមឡើង ពីព្រោះកូនកម្លោះស្រឡាញ់កូនក្រមុំ មិនមែនកូនក្រមុំស្រឡាញ់កូនកម្លោះទេ។ ខ្ញុំដឹងថា ពេលខ្លះ វាកើតឡើងរបៀបនេះនៅក្នុងលោកិយនេះ ប៉ុន្តែនៅស្ថានសួគ៌ កូនកម្លោះគឺជាអ្នកដែលត្រូវសម្រេចព្រះទ័យថា អាពាហ៍ពិពាហ៍អាចកើតឡើងបាន ឬមិនអាច។ កូនកម្លោះយេស៊ូវ គឺជាអ្នកជ្រើសរើសរៀបអាពាហ៍ពិពាហ៍ ដោយផ្អែកលើសេចក្តីស្រឡាញ់របស់ទ្រង់ ហើយបានប្រទានសេចក្តីសង្រ្គោះដល់កូន ក្រមុំរបស់ទ្រង់។ នេះគឺជារបៀបដែលអាពាហ៍ពិពាហ៍នៅស្ថានសួគ៌ត្រូវបានរៀបចំឡើង។
កូនកម្លោះ ជ្រាបគ្រប់យ៉ាងអំពីកូនក្រមុំ។ ដោយសារតែកូនក្រមុំជាទីស្រឡាញ់របស់ទ្រង់គឺជាមនុស្សមានបាប ទ្រង់បានអាណិតដល់ពួកគេ ហើយបានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់ ដោយការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។
ព្រះអម្ចាស់យេស៊ូវរបស់យើង មិនបានយាងមកលោកិយនេះ ជាពូជវង្សរបស់អើរ៉ុនឡើយ ហើយក៏មិនបានថ្វាយយញ្ញបូជារបស់លោកិយដែរ។ មានពួកលេវីជាច្រើននាក់ ដែលជាពូជពង្សរបស់ អើរ៉ុន បំពេញការងារជាសង្ឃ។
តាមការពិត តួអង្គសំខាន់នៃយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាព្រះយេស៊ូវតែមួយគត់។ ដូច្នេះ នៅពេលតួអង្គពិតប្រាកដបានយាងមកដល់លោកិយនេះ តើមានរឿងអ្វីកើតឡើងចំពោះស្រមោល? ស្រមោលត្រូវរលាយបាត់ទៅ។
នៅពេលព្រះយេស៊ូវបានយាងមកលោកិយនេះ ទ្រង់មិនបានថ្វាយយញ្ញបូជា ដូចជាអើរ៉ុនថ្វាយនោះឡើយ។ ប៉ុន្តែទ្រង់បានថ្វាយរូបអង្គទ្រង់តែម្តងសម្រាប់មនុស្សជាតិ ដោយការទទួលបុណ្យ ជ្រមុជ និងការបង្ហូរព្រះលោហិតសម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សមានបាប។ ទ្រង់បានបំពេញសម្រេចសេចក្តីសង្គ្រោះនៅលើឈើឆ្កាង។
សម្រាប់អស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង សេចក្តីសង្រ្គោះនឹងមកដល់យ៉ាងពិតប្រាកដ។ ព្រះយេស៊ូវ មិនបានធួននឹងអំពើបាបរបស់យើង តាមរបៀបមិនច្បាស់លាស់នោះឡើយ ប៉ុន្តែតាមរបៀបយ៉ាងច្បាស់លាស់វិញ។ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត» (យ៉ូហាន ១៤:៦)។ ព្រះយេស៊ូវ បានយាងមកលោកិយនេះ ហើយបានសង្រ្គោះយើង ដោយបុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់ និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។
 
 
ព្រះគម្ពីរសញ្ញាចាស់គឺជាគំរូពីព្រះយេស៊ូវ
 
តើអ្វីជាមូលហេតុសម្រាប់ ការបង្កើតសម័្ពន្ធមេត្រីថ្មី?
ពីព្រោះសម្ព័ន្ធមេត្រីទីមួយ ខ្សោយ ហើយឥតប្រយោជន៍

ព្រះគម្ពីរសញ្ញាចាស់ គឺជាស្រមោលរបស់ព្រះគម្ពីរសញ្ញាថ្មី។ ទោះបីជាព្រះយេស៊ូវមិនបានថ្វាយយញ្ញបូជា ដូចជាសម្តេចសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានធ្វើក៏ដោយ ទ្រង់បានបំពេញការងារជាសង្ឃដែលប្រសើរជាងមួយ ដែលជាការងារជាសង្ឃនៅស្ថានសួគ៌ដ៏អស់កល្បជានិច្ច។ ដោយសារមនុស្សនៅក្នុងលោកិយនេះមានបាបតាំងពីកំណើតមក ពួកគេគឺជាមនុស្សមានបាប ហើយពួកគេមិនអាចបានបានរាប់ជាសុចរិត តាមរយៈក្រិត្យវិន័យរបស់ព្រះបានឡើយ។ ដូច្នេះ ព្រះបានបង្កើតសម្ព័ន្ធមេត្រីថ្មីមួយទៀត។
ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មកក្នុងលោកិយនេះ ហើយបានហៅយើងឲ្យបែរមកមានជំនឿលើបុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិតរបស់ទ្រង់ និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ នេះហើយគឺជាសម្ព័ន្ធមេត្រីទីពីររបស់ព្រះ។ សម្ព័ន្ធមេត្រីទីពីរ តម្រូវឲ្យយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ព្រះអម្ចាស់ លែងហៅឲ្យយើងប្រព្រឹត្តល្អទៀតហើយ។ ហើយទ្រង់ក៏មិនដែលប្រាប់យើងពីរបៀបរស់នៅ ដើម្បីបានសង្រ្គោះដែរ ប៉ុន្តែទ្រង់ហៅយើងឲ្យជឿលើសេចក្តីសង្រ្គោះ តាមរយៈព្រះរាជបុត្រារបស់ទ្រង់វិញ។ ទ្រង់ហៅយើងឲ្យជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងតែប៉ុណ្ណោះ។ ហើយយើងត្រូវតែស្តាប់បង្គាប់តាមទ្រង់។
នៅក្នុងព្រះគម្ពីរ ពូជពង្សយូដាគឺជាវង្សស្តេច។ ស្តេចទាំងអស់របស់អ៊ីស្រាអែល បានកើតមកតាមពូជពង្សយូដានេះ រហូតដល់ស្តេចសាឡូម៉ូន។ សូម្បីតែបន្ទាប់ការបែងចែកអាណាចក្រ ពូជពង្សយូដាបានសោយរាជ្យនៅអាណាចក្រខាងត្បូង រហូតដល់ការដួលរំលំរបស់ខ្លួន នៅឆ្នាំ៥៨៦មុនគ.ស។ តាមរបៀបនេះ ពូជពង្សយូដាតំណាងឲ្យជនជាតិអ៊ីស្រាអែលទាំងអស់។ ពូជអំបូរលេវី មានតួនាទីជាសង្ឃ ហើយពូជអំបូរនីមួយៗរបស់អ៊ីស្រាអែលសុទ្ធតែមានតួនាទីរៀងៗខ្លួន។ ហើយព្រះបានសន្យាជាមួយពូជអំបូរយូដាថា ព្រះយេស៊ូវនឹងប្រសូតមកតាមរយៈពួកគេ។
ហេតុអ្វីព្រះបានបង្កើតសម្ព័ន្ធមេត្រីនេះជាមួយពូជអំបូរយូដា? ការបង្កើតសម្ព័ន្ធមេត្រីនេះ គឺជាដូចជាការបង្កើតសម្ព័ន្ធជាមួយមនុស្សទាំងអស់នៅក្នុងលោកិយនេះផងដែរ ពីព្រោះជនជាតិ អ៊ីស្រាអែលតំណាងឲ្យមនុស្សទាំងអស់នៅក្នុងលោកិយនេះ។ ព្រះយេស៊ូវបានបំពេញសម្រេចសម្ព័ន្ធមេត្រីថ្មីនេះ ដែលជាសេចក្តីសង្រ្គោះរបស់មនុស្សជាតិ ដោយបុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ 
 
 
ការលន់តួអំពើបាបមិនអាចលាងសម្អាតអំពើបាបរបស់មនុស្សជាតិបានឡើយ
 
តើការលន់តួអំពើបាបមិនលាងសម្អាត អំពើបាបរបស់មនុស្សជាតិបានទេ?
មិនអាចទេ

យេរេមា ១៧:១ សរសេរថា អំពើបាបរបស់មនុស្សម្នាក់ត្រូវបានកត់ត្រាទុកនៅកន្លែងពីរ។ «អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ។»
អំពើបាបរបស់យើង ត្រូវបានកត់ត្រាទុកនៅក្នុងចិត្តរបស់ យើង។ នេះគឺជារបៀបដែលយើងអាចដឹងថា យើងគឺជាមនុស្សមានបាប។ មុនពេលមនុស្សជឿព្រះយេស៊ូវ គាត់មិនបានដឹងថា គាត់គឺជាមនុស្សមានបាបឡើយ។ ហេតុអ្វី? ពីព្រោះក្រិត្យវិន័យរបស់ព្រះមិនមាននៅក្នុងចិត្តរបស់គាត់ទេ។ ដូច្នេះ កាលណាមនុស្សម្នាក់ជឿព្រះយេស៊ូវ គាត់បានដឹងថា គាត់គឺជាមនុស្សមានបាបនៅចំពោះព្រះ។ 
មនុស្សមួយចំនួន ទើបដឹងថា ខ្លួនគឺជាមនុស្សមានបាប បន្ទាប់ពីបានជឿព្រះយេស៊ូវអស់រយៈពេលដប់ឆ្នាំហើយ។ «ឱព្រះ ជាម្ចាស់! ខ្ញុំគឺជាមនុស្សមានបាប! ខ្ញុំបានគិតថា ខ្ញុំបានសង្រ្គោះហើយ ប៉ុន្តែខ្ញុំនៅតែជាមនុស្សមានបាបសោះ!» ការដឹងខ្លួនបែបនេះ កើតឡើងមួយថ្ងៃ នៅពេលយើងមើលឃើញខ្លួនឯងយ៉ាងច្បាស់លាស់។ ពួកគេបានសប្បាយរីករាយអស់រយៈពេលដប់ឆ្នាំកន្លងទៅ ប៉ុន្តែភ្លាមៗ ពួកគេមើលឃើញសេចក្តីពិតអំពីខ្លួនឯង។ តើអ្នកដឹងថា ហេតុអ្វីទេ? ការដឹងខ្លួនបែបនេះ កើតឡើង ពីព្រោះអំពើបាប និងអំពើរំលងពិតរបស់ពួកគេ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ ដោយក្រិត្យវិន័យរបស់ព្រះ។ មនុស្សបែបនេះ បានជឿព្រះយេស៊ូវអស់រយៈពេលដប់ឆ្នាំ ដោយមិនបានកើតជាថ្មីសោះ។
ដោយសារមនុស្សមានបាបមិនអាចលុបអំពើបាបរបស់ខ្លួនចេញពីចិត្តបាន គាត់នៅតែជាមនុស្សមានបាបនៅចំពោះព្រះ ជានិច្ច។ អ្នកខ្លះចំណាយពេលប្រាំឆ្នាំ ហើយអ្នកខ្លះទៀតចំណាយពេលដប់ឆ្នាំ ដើម្បីបានដឹងថា ខ្លួនគឺជាមនុស្សមានបាប។ អ្នកខ្លះទៀត បានដឹង បន្ទាប់ពីសាមសិបឆ្នាំ អ្នកខ្លះហាសិបឆ្នាំ ហើយអ្នកខ្លះមិនបានដឹង រហូតដល់ទីបំផុត។ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំធ្លាប់ល្អ មុនពេលទូលបង្គំមានក្រិត្យវិន័យរបស់ទ្រង់នៅក្នុងចិត្ត។ ទូលបង្គំបានមានទំនុកចិត្តថា ទូលបង្គំបានកាន់តាមក្រិត្យវិន័យតាមត្រឹមត្រូវហើយ ប៉ុន្តែពេលនេះ ទូលបង្គំបានដឹងថា ទូលបង្គំបានធ្វើបាបជារៀងរាល់ថ្ងៃ ដូចដែលសាវកប៉ុលបាននិយាយថា «តែពីដើម ក្រៅពីក្រឹត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្តីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ» (រ៉ូម ៧:៩)។ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់ ទោះបើទូលបង្គំជឿព្រះយេស៊ូវក៏ដោយចុះ។»
អំពើបាបរបស់អ្នកផ្ទាល់ រារាំងអ្នកមិនឲ្យរស់នៅតាមព្រះបន្ទូលព្រះទេ។ អំពលបាបរបស់អ្នក ត្រូវបានកត់ត្រាទុកនៅក្នុងចិត្តរបស់អ្នក។ ដោយសារព្រះកត់ត្រាអំពើបាបរបស់អ្នកនៅទីនោះ នៅពេលអ្នកឱនក្បាលអធិស្ឋាន អំពើបាបទាំងអស់របស់អ្នកក៏លេចឡើងតែម្តង។ «សួស្តី! ខ្ញុំគឺជាអំពើបាប ដែលអ្នកបានប្រព្រឹត្ត។»
«ប៉ុន្តែខ្ញុំបានធួនសម្រាប់ឯងអស់រយៈពេលពីរឆ្នាំរួចហើយ។ ហេតុអ្វីឯងនៅតែបង្ហាញខ្លួនមកទៀត? ហេតុអ្វីឯងមិនបានទៅណាឲ្យបាត់អញ្ចឹង?»
«អូ កុំចិត្តអាក្រក់ពេក! ខ្ញុំត្រូវបានកត់ត្រាទុកនៅក្នុងចិត្តរបស់ អ្នក។ ហើយមិនថាអ្នកគិតយ៉ាងណាទេ អ្នកនៅតែជាមនុស្សមានបាបដដែល។»
«ទេ! ទេ!»
ដូច្នេះ មនុស្សមានបាបលន់តួអំពើបាប ដែលខ្លួនបានប្រព្រឹត្តតាំងពីពីរឆ្នាំមុន ម្តងទៀត។ «ឱព្រះអម្ចាស់អើយ! សូមអត់ទោសដល់ទូលបង្គំផង។ ទូលបង្គំនៅតែរងទុក្ខ ដោយសារអំពើបាបដែលទូលបង្គំបានប្រព្រឹត្តពីមុន។ ទូលបង្គំបានលន់តួសម្រាប់អំពើបាបរបស់ទូលបង្គំ ប៉ុន្តែពួកវានៅតែនៅជាមួយទូលបង្គំដដែល។ ដូច្នេះ អត់ទោសដល់ទូលបង្គំផង ពីព្រោះទូលបង្គំបានធ្វើបាបហើយ។»
ប៉ុន្តែតើអំពើបាបទាំងនោះរលាយបាត់ ដោយសារតែការលន់តួដែរឬទេ? ដោយសារអំពើបាបរបស់មនុស្សត្រូវបានកត់ត្រាទុកនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនអាចលុបអំពើបាបទាំងនោះចេញ ដោយមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន ឡើយ។ មានតែតាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានការធួននឹងអំពើបាបពិតប្រាកដបាន។ យើងអាចបានសង្រ្គោះ តាមរយៈជំនឿរបស់យើងលើដំណឹងល្អពិតរបស់ព្រះយេស៊ូវតែមួយប៉ុណ្ណោះ។
 
 
អញនឹងធ្វើជាព្រះអង្គសង្រ្គោះរបស់ឯង
 
តើយើងគួរតែឆ្លើយតបចំពោះ សម្ព័ន្ធមេត្រីថ្មីយ៉ាងដូចម្តេច?
យើងត្រូវតែជឿវា ហើយប្រកាសវា ទៅកាន់លោកិយទាំងមូល

ព្រះអម្ចាស់របស់យើងនៅស្ថានសួគ៌ បានបង្កើតសម្ព័ន្ធមេត្រីថ្មីមួយជាមួយយើង។ «អញនឹងធ្វើជាព្រះអង្គសង្រ្គោះរបស់ឯង។ អញនឹងរំដោះឯងឲ្យរួចទាំងស្រុង ពីអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈទឹក និងព្រះលោហិត។ ហើយអញពិតជានឹងប្រទានដល់អស់អ្នកដែលជឿលើអញ។»
តើអ្នកជឿលើសម្ព័ន្ធមេត្រីថ្មីនេះដែរឬទេ? យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ហើយបានកើតជាថ្មីបាន នៅពេលយើងជឿតាមសេចក្តីពិតអំពីសម្ព័ន្ធមេត្រីរបស់ទ្រង់ និងសេចក្តីសង្រ្គោះរបស់ទ្រង់តាមរយៈទឹក និងព្រះលោហិត។
យើង មិនទុកចិត្តគ្រូពេទ្យទេ បើសិនគាត់មិនវិនិច្ឆ័យរោគដល់យើងឲ្យបានត្រឹមត្រូវ។ ជាដំបូង គ្រូពេទ្យត្រូវតែវិនិច្ឆ័យរោគអ្នកជម្ងឺឲ្យបានត្រឹមត្រូវ ហើយបន្ទាប់មក ចេញសំបុត្រទិញថ្នាំត្រឹមត្រូវដល់អ្នកជម្ងឺ។ មានថ្នាំជាច្រើនប្រភេទ ប៉ុន្តែគ្រូពេទ្យត្រូវតែដឹងយ៉ាងច្បាស់ថា គួរតែប្រើថ្នាំមួយណា។ កាលណាគ្រូពេទ្យវិនិច្ឆ័យរោគអ្នកជម្ងឺរបស់ខ្លួនបានត្រឹមត្រូវហើយ មានថ្នាំជាច្រើន ដើម្បីព្យាបាលគាត់។ ប៉ុន្តែបើសិនធ្វើការវិនិច្ឆ័យរោគខុស ថ្នាំល្អទាំងអស់នោះនឹងគ្រាន់តែធ្វើឲ្យអ្នកជម្ងឺកាន់តែដុនដាបទៅៗប៉ុណ្ណោះ។ 
ដូចគ្នាដែរ នៅពេលអ្នកជឿព្រះយេស៊ូវ អ្នកត្រូវតែវិនិច្ឆ័យ ល័ក្ខខ័ណ្ឌខាងវិញ្ញាណរបស់អ្នក ដោយផ្អែកលើព្រះបន្ទូលព្រះ។ នៅពេលអ្នកពិនិត្យមើលវិញ្ញាណរបស់អ្នក ជាមួយព្រះបន្ទូលព្រះ អ្នកអាចមើលឃើញយ៉ាងច្បាស់លាស់ ពីល័ក្ខខ័ណ្ឌខាងវិញ្ញាណរបស់អ្នកបាន។ គ្រូពេទ្យខាងវិញ្ញាណ អាចព្យាបាលអ្នកជម្ងឺទាំងអស់របស់ខ្លួនបាន ដោយគ្មានការលើកលែង គឺពួកគេអាចបានកើតជាថ្មីបានទាំងអស់គ្នា។ 
បើសិនអ្នកនិយាយថា «ខ្ញុំមិនដឹងថា ខ្ញុំបានសង្រ្គោះ ឬមិនបានទេ» វាមានន័យថា អ្នកមិនបានសង្រ្គោះទេ។ បើសិនគ្រូគង្វាលម្នាក់ពិតជាសិស្សរបស់ព្រះយេស៊ូវមែន គាត់ត្រូវតែអាចដោះស្រាយបញ្ហាបាបរបស់អ្នកដើរតាមខ្លួនបាន។ បន្ទាប់មក គាត់អាចបន្តដោះស្រាយបញ្ហាជំនឿរបស់ពួកគេ ហើយដឹកនាំពួកគេឲ្យបានដើរខាងវិញ្ញាណយ៉ាងត្រឹមត្រូវ។ គាត់ត្រូវតែអាចមើលឃើញពីល័ក្ខខ័ណ្ឌខាងវិញ្ញាណរបស់អ្នកដើរតាមរបស់ខ្លួន បានយ៉ាងច្បាស់លាស់។
ព្រះយេស៊ូវ បានយាងមកលោកិយនេះ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ទ្រង់បានយាងមក ហើយបានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង។ នៅពេលទ្រង់បានធួននឹងអំពើបាបទាំងអស់ តើទ្រង់បានចោលអំពើបាបរបស់អ្នកដែរឬទេ? ព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណលុបចោលនូវអំពើបាបរបស់អ្នកជឿទាំងអស់។
ដំណឹងល្អ គឺដូចជារំសេវផ្ទុះ។ វាបំផ្ទុះគ្រប់យ៉ាង ចាប់ពីអាគារ ខ្ពស់ៗ រហូតដល់ភ្នំ។ ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ គឺពិតជាដូចគ្នានេះដែរ។ ទ្រង់លាងសម្អាតអំពើបាបរបស់អស់អ្នកដែលជឿលើទ្រង់ និងដំណឹងល្អរបស់ទ្រង់អំពីទឹក និងព្រះវិញ្ញាណ។ ចូរយើងទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដូចដែលបានបញ្ជាក់នៅក្នុងព្រះគម្ពីរចុះ។ 
 
 
ដំណឹងល្អអំពីការដាក់ដៃលើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់
 
តើអ្វីជាគោលបំណងនៃការដាក់ដៃលើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់?
ដើម្បីផ្ទេរអំពើបាប ទៅលើតង្វាយលោះបាប

ចូរយើងពិនិត្យមើលសេចក្តីពិតនៃដំណឹងល្អអំពីសេចក្តីប្រោសលោះ នៅក្នុង លេវីវិន័យ ១:៣-៤។ «បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។»
បទគម្ពីរនេះ ប្រាប់យើងថា មនុស្សត្រូវតែថ្វាយតង្វាយដុតនៅមាត់ទ្វារត្រសាលជំនុំ ទៅចំពោះព្រះ ដោយការដាក់ដៃលើក្បាលតង្វាយ ហើយតង្វាយនោះត្រូវតែជាសត្វរស់ដែលឥតខ្ចោះមួយ។
នៅសម័យព្រះគម្ពីរសញ្ញាចាស់ មនុស្សមានបាបម្នាក់ដាក់ដៃលើតង្វាយ ដើម្បីធ្វើការធួននឹងអំពើបាបប្រចាំថ្ងៃរបស់ខ្លួន។ គាត់សំឡាប់តង្វាយលោះបាបនោះនៅចំពោះព្រះអម្ចាស់ ហើយសង្ឃយកឈាមខ្លះប្រោសនៅលើស្នែងអាសនាតង្វាយដុត។ បន្ទាប់មក គាត់ចាក់ឈាមដែលនៅសល់នៅជើងអាសនា ហើយមនុស្សមានបាបទទួលបានការអត់ទោសអំពើបាបរបស់ខ្លួនសម្រាប់រយៈពេលមួយថ្ងៃ។
សម្រាប់អំពើបាបរយៈពេលមួយឆ្នាំ លេវីវិន័យ ១៦:៦-១០ ប្រាប់យើងថា «អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសំរាប់ជាដង្វាយលោះបាបនោះ ទុកជាដង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពូជពង្សផង រួចត្រូវយកពពែឈ្មោលទាំង២នោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ ហើយចាប់ឆ្នោតពពែទាំង២នោះ ១សំរាប់ព្រះយេហូវ៉ា ១ទៀត សំរាប់បំបរបង់ទៅ អើរ៉ុនត្រូវយកពពែ ដែលចាប់ឆ្នោតត្រូវសំរាប់ព្រះយេហូវ៉ា មកថ្វាយទុកជាដង្វាយលោះបាប តែឯពពែដែលចាប់ឆ្នោតត្រូវសំរាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯទីរហោស្ថាន»។ ដូចដែលព្រះគម្ពីរបានពន្យល់ ពពែដែលត្រូវបំបរបង់ មានន័យថា «លុបចោល»។ ដូច្នេះ អំពើបាបរយៈពេលមួយឆ្នាំត្រូវបានលុបចោលនៅក្នុងថ្ងៃទីដប់ ក្នុងខែទីប្រាំពីរ។ 
លេវីវិន័យ ១៦:២៩-៣០ សរសេរថា «នេះជាច្បាប់សំរាប់ឯងរាល់គ្នានៅអស់កល្បជានិច្ច គឺនៅថ្ងៃ១០ខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួនមិនត្រូវធ្វើការអ្វីឲ្យសោះ ទោះទាំងអ្នកស្រុក ឬអ្នកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាផង ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងឯងរាល់គ្នា ដើម្បីនឹងញែកចេញជាស្អាត នោះឯងរាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាន នៅចំពោះព្រះ យេហូវ៉ា»។
នេះ គឺជាថ្ងៃដែលជនជាតិអ៊ីស្រាអែលបានធួននឹងអំពើបាបសម្រាប់រយៈពេលមួយឆ្នាំ។ តើពួកគេបានធួននឹងអំពើបាបយ៉ាងដូចម្តេច? ជាដំបូង សម្តេចសង្ឃអើរ៉ុនត្រូវតែមានវត្តមាននៅចំពោះយញ្ញបូជា។ តើអ្នកណាតំណាងឲ្យបណ្តាជនអ៊ីស្រាអែល? អើរ៉ុន។ ព្រះបានតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ធ្វើជាសម្តេចសង្ឃ។ 
អើរ៉ុន បានថ្វាយគោលឈ្មោលមួយសម្រាប់គាត់ និងគ្រួសាររបស់គាត់។ គាត់បានសំឡាប់គោឈ្មោលនោះ ហើយប្រោសឈាមរបស់វានៅលើ និងនៅមុខទីសណ្តោសប្រោស ចំនួនប្រាំពីរដង។ ដូច្នេះ ជាដំបូង គាត់ត្រូវតែធួននឹងអំពើបាបរបស់គាត់ និងគ្រួសារបស់គាត់ជាមុនសិន។
ការធួននឹងអំពើបាប មានន័យថា ផ្ទេរអំពើបាបរបស់មនុស្សម្នាក់ទៅឲ្យតង្វាយលោះបាប ហើយទុកឲ្យតង្វាយលោះបាបនោះស្លាប់ជំនួសខ្លួនវិញ។ តាមការពិត មនុស្សមានបាបគួរតែជាម្នាក់ដែលត្រូវស្លាប់ ប៉ុន្តែគាត់អាចធួននឹងអំពើបាបរបស់ខ្លួន ដោយការផ្ទេរអំពើបាបរបស់ខ្លួនទៅឲ្យតង្វាយ ហើយទុកឲ្យវាស្លាប់ជំនួសខ្លួនវិញបាន។ 
បន្ទាប់ពីអំពើបាបរបស់ខ្លួន និងគ្រូសាររបស់ខ្លួនត្រូវបានអត់ទោសឲ្យហើយ សម្តេចសង្ឃបានថ្វាយពពែមួយទៅចំពោះព្រះ ខណៈដែលបញ្ជូនពពែមួយទៀតទៅក្នុងវាលរហោស្ថាន ដើម្បីទុកជាពពែដែលត្រូវបំបរបង់ នៅចំពោះមុខបណ្តាជនអ៊ីស្រាអែល។
ពពែមួយ ត្រូវបានថ្វាយជាតង្វាយលោះបាប។ អើរ៉ុនបានដាក់ដៃរបស់គាត់នៅលើក្បាលតង្វាយលោះបាបនោះ ហើយសារភាពថា «ឱព្រះជាម្ចាស់អើយ! រាស្ត្ររបស់ទ្រង់ អ៊ីស្រាអែល បានបំពានក្រិត្យវិន័យទាំងដប់ប្រការ និងមាត្រាទាំង៦១៣នៃច្បាប់របស់ទ្រង់។ ជនជាតិអ៊ីស្រាអែលបានត្រឡប់ទៅជាមនុស្សមានបាប។ ឥឡូវនេះ ទូលបង្គំដាក់ដៃរបស់ទូលបង្គំនៅលើពពែនេះ ដើម្បីផ្ទេរអំពើបាបទាំងអស់រយៈពេលមួយឆ្នាំពេញ»។ 
បន្ទាប់មក គាត់បានកាត់បំពង់ករបស់ពពែនោះ ហើយចូលទៅក្នុងទីបរិសុទ្ធបំផុតនៅក្នុងត្រសាលជំនុំ ជាមួយឈាមរបស់វា។ ហើយបន្ទាប់មក គាត់បានប្រោសឈាមខ្លះនៅលើ និងនៅមុខទី សណ្តោសប្រោសចំនួនប្រាំពីរដង។
មានហិបសញ្ញាមួយនៅខាងក្នុងទីបរិសុទ្ធបំផុត។ គម្របរបស់វាហៅថាទីសណ្តោសប្រោស ហើយនៅខាងក្នុងវាមានបន្ទះថ្មនៃ សេចក្តីសញ្ញាពីរ ចានមាសដាក់នំម៉ាន៉ា និងដំបងរបស់អើរ៉ុនដែលប៉ិចឡើង។
ដំបងបស់អើរុន ជានិមិត្តរូបនៃការមានព្រះជន្មរស់ឡើងវិញ បន្ទះថ្មនៃសេចក្តីសញ្ញាគឺជាយុត្តិធម៌របស់ទ្រង់ ហើយចានមាសដាក់នំម៉ាន៉ាគឺជាព្រះបន្ទូលនៃជីវិត។
មានគម្របមួយនៅពីលើហិបសញ្ញា។ ឈាមត្រូវបានប្រោសនៅមុខទីសណ្តោសប្រោសចំនួនប្រាំពីរដង។ ហើយដោយសារតែមានកណ្តឹងមាសចងនៅលើអាវរបស់សម្តេចសង្ឃ កណ្តឹងទាំងនោះបញ្ចេញសម្លេង នៅពេលគាត់ប្រោសឈាម។
លេវីវិន័យ ១៦:១៤-១៥ សរសេរថា «ហើយត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើត នៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់៧ដងដែរ រួចអើរ៉ុនត្រូវសំឡាប់ពពែឈ្មោលនៃដង្វាយលោះបាបដែលថ្វាយសំរាប់ពួកជន ហើយយកឈាមនាំចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ»។
កណ្តឹង បន្លឺសម្លេង នៅពេលណាគាត់ប្រោសឈាមពពែ ហើយបណ្តាជនអ៊ីស្រាអែល ដែលប្រមូលផ្តុំគ្នានៅខាងក្រៅឮ សម្លេងនោះ។ ដោយសារតែការធួននឹងអំពើបាបរបស់ពួកគេ ត្រូវតែធ្វើឡើង តាមរយៈសម្តេចសង្ឃ សម្លេងកណ្តឹងនោះមានន័យថា អំពើបាបរបស់ពួកគេត្រូវបានអត់ទោសឲ្យហើយ។ ដូច្នេះ វាគឺជា សម្លេងនៃព្រះពរសម្រាប់បណ្តាជនអ៊ីស្រាអែលទាំងអស់។ 
នៅពេលកណ្តឹងបន្លឺសម្លេងចំនួនប្រាំពីរដង ពួកគេនិយាយថា «ឥឡូវនេះ ខ្ញុំបានធូរស្បើយចិត្តជាខ្លាំង។ ខ្ញុំបានបារម្ភអំពីអំពើបាបសម្រាប់រយៈពេលមួយឆ្នាំ ហើយឥឡូវនេះ ខ្ញុំបានរួចខ្លួនហើយ»។ ហើយបណ្តាជនក៏ត្រឡប់ទៅកាន់ជីវិតប្រចាំថ្ងៃរបស់ខ្លួនវិញ ហើយមានអារម្មណ៍ថា បានរួចពីទោសហើយ។ សម្លេងកណ្តឹងនៅសម័យនោះ គឺដូចគ្នានឹងដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដែរ។ 
នៅពេលយើងស្តាប់ឮដំណឹងល្អ អំពីសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ ហើយជឿតាមដោយអស់ពីចិត្ត និងប្រកាសដោយមាត់ យើងពិតជាបានសង្រ្គោះហើយ។ នៅពេល កណ្តឹងបន្លឺសម្លេងចំនួនប្រាំពីរដង អំពើបាបទាំងអស់របស់បណ្តាជនអ៊ីស្រាអែលសម្រាប់រយៈពេលមួយឆ្នាំពេញ ត្រូវបានលាងសម្អាត នៅចំពោះព្រះ។ 
បន្ទាប់ពីបានថ្វាយពពែមួយសម្រាប់ជនជាតិអ៊ីស្រាអែលហើយ សម្តេចសង្ឃបានយកពពែមួយទៀត ហើយទៅឯបណ្តាជនដែលកំពុងតែរង់ចាំនៅខាងក្រៅត្រសាលជំនុំ។ ខណៈដែលពួកគេកំពុងសំឡឹងមើល សម្តេចសង្ឃបានដាក់ដៃរបស់គាត់លើក្បាលរបស់ពពែនោះ។
លេវីវិន័យ ១៦:២១-២២ សរសេរថា «រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន ២២ ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្តីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីដំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ»។ 
សម្តេចសង្ឃអើរ៉ុន បានដាក់ដៃរបស់គាត់នៅលើក្បាលរបស់ពពែមួយទៀត (ពពែដែលត្រូវបបំបរបង់) ហើយសារភាពអំពើបាបទាំងអស់របស់បណ្តាជនអ៊ីស្រាអែលសម្រាប់រយៈពេលមួយឆ្នាំទៅចំពោះព្រះថា «ឱព្រះជាម្ចាស់អើយ! ជនជាតអ៊ីស្រាអែលបានធ្វើបាបនៅចំពោះទ្រង់ហើយ។ យើងបានបំពានក្រិត្យវិន័យទាំងដប់ប្រការ និងមាត្រាទាំង៦១៣នៃច្បាប់របស់ទ្រង់។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំផ្ទេរអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែលសម្រាប់រយៈពេលមួយឆ្នាំទៅលើក្បាលរបស់ពពែនេះ»។
យោងតាម យេរេមា ១៧:១ អំពើបាបត្រូវបានកត់ត្រាទុកនៅកន្លែងពីរ។ មួយនៅក្នុងបញ្ជីនៃការប្រព្រឹត្ត និងមួយទៀតនៅលើបន្ទះចិត្តរបស់មនុស្ស។
ដូច្នេះ បើសិនមនុស្សត្រូវធួននឹងអំពើបាបរបស់ខ្លួន អំពើបាបត្រូវតែលុបចេញពីបញ្ជីនៃការប្រព្រឹត្ត និងពីបន្ទះចិត្តរបស់ខ្លួន។ នៅថ្ងៃធួននឹងបាប ពពែមួយគឺសម្រាប់អំពើបាបនៅក្នុងបញ្ជីជំនុំជម្រះ ហើយមួយទៀត គឺសម្រាប់អំពើបាបដែលបានចារនៅលើបន្ទះចិត្តរបស់មនុស្ស។ 
 
តើព្រះបានបើកសម្តែងពីអ្វី ដល់ជនជាតិអ៊ីស្រាអែលតាមរយៈប្រព័ន្ធថ្វាយ យញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់? 
ព្រះអង្គសង្រ្គោះនឹងយាងមក ហើយលាងសម្អាតអំពើបាបរបស់ពួកគេ តែម្តងជាសម្រេច តាមរបៀបត្រឹមត្រូវបំផុត

តាមរយៈការដាក់ដៃលើក្បាលរបស់ពពែ សម្តេចសង្ឃចង់បង្ហាញប្រាប់បណ្តាជនថា អំពើបាបរយៈពេលមួយឆ្នាំរបស់ពួកគេត្រូវបានផ្ទេរទៅឲ្យពពែ។ ហើយនៅពេលអំពើបាបត្រូវបានដាក់នៅលើក្បាលរបស់ពពែហើយ មនុស្សដែលប្រុងជាស្រេចដឹកនាំពពែនោះទៅក្នុងវាលរហោស្ថាន។
ស្រុកភីលេស្ទីន គឺជាទឹកដីវាលរហោស្ថានមួយ។ ពពែដែលបានដោះអំពើបាបទាំងអស់រយៈពេលពេញមួយឆ្នាំរបស់ជនជាតិ អ៊ីស្រាអែល ត្រូវបានមនុស្សម្នាក់ដែលប្រុងជាស្រេច នាំទៅវាលរហោស្ថាន ដែលជាកន្លែងមិនមានទឹក ឬស្មៅសោះឡើយ។ ហើយបណ្តាជនឈរមើលពពែដែលត្រូវបំបរបង់នោះ ចូលទៅក្នុងវាលរហោស្ថាន។
ពួកគេ និយាយមកកាន់ខ្លួនឯងថា «ខ្ញុំគួរតែស្លាប់ ប៉ុន្តែពពែនេះស្លាប់ជំនួសអំពើបាបរបស់ខ្ញុំវិញ។ ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ប៉ុន្តែពពែនេះស្លាប់ជំនួសខ្ញុំវិញ។ សូមអរគុណដល់ពពែឯងហើយ។ ការស្លាប់របស់ឯង មានន័យថា ខ្ញុំអាចរស់នៅបាន»។ ពពែត្រូវបាននាំយ៉ាងឆ្ងាយចូលទៅក្នុងវាលរហោស្ថាន ហើយជនជាតិ អ៊ីស្រាអែលទទួលបានការអត់ទោសអំពើបាបទាំងអស់ សម្រាប់ រយៈពេលមួយឆ្នាំ។
នៅពេលអំពើបាបនៅក្នុងចិត្តរបស់អ្នក ត្រូវបានផ្ទេរទៅលើតង្វាយលោះបាប អ្នកបានស្អាតពីអំពើបាបហើយ គឺវាសាមញ្ញបែបនេះ។ សេចក្តីពិតតែងតែសាមញ្ញបែបនេះហើយ កាលណាយើងយល់ពីវា។
ពពែ រសាត់កាន់តែឆ្ងាយ ហើយបាត់ខ្លួនទៅ។ មនុស្សដែលនាំពពែទៅ ត្រឡប់មកវិញ បន្ទាប់ពីបានដោះលែងវា។ ដូច្នេះ អំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល សម្រាប់រយៈពេលមួយឆ្នាំ ត្រូវបានដោះស្រាយ។ ហើយពពែវង្វេងនៅក្នុងវាលរហោស្ថាន ដោយមិនមានទឹក ឬស្មៅ ហើយទីបំផុត វាស្លាប់ជាមួយនឹងអំពើបាបរបស់ជនជាតិអ៊ីស្រាអែលសម្រាប់រយៈពេលមួយឆ្នាំ។
ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់ ហើយយុត្តិធម៌របស់ព្រះត្រូវបានបំពេញសម្រេច។ ព្រះទទួលយកពពែជាយញ្ញបូជា ដើម្បីឲ្យជនជាតិអ៊ីស្រាអែលបានរស់នៅ។ ដូច្នេះ អំពើរំលងទាំងអស់របស់ជនជាតិអ៊ីស្រាអែលត្រូវបានលាងសម្អាត។
ដូចដែលអំពើបាបសម្រាប់រយៈពេលមួយថ្ងៃ និងមួយឆ្នាំត្រូវបានអត់ទោសតាមរបៀបនេះ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ សម័្ពន្ធមេត្រីរបស់ព្រះគឺថា អំពើបាបរបស់យើងនឹងត្រូវបានអត់ទោសតាមរបៀបស្រដៀងគ្នានេះ តែម្តងជាសម្រេច។ វាគឺជាសម្ព័ន្ធមេត្រីរបស់ព្រះ ដែលទ្រង់នឹងបញ្ជូនព្រះមែស៊ីមកឯយើង ហើយសង្រ្គោះយើងចេញពីអំពើបាបទាំងអស់សម្រាប់រយៈពេលមួយជីវិតរបស់យើង។ ហើយសម្ព័ន្ធមេត្រីនេះត្រូវបានអនុវត្ត តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ 
 
 
បានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី
 
ហេតុអ្វីព្រះយេស៊ូវបានទទួល បុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស?
ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដោយការដោះអំពើបាបទាំងអស់របស់លោកិយនេះ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់

ចូរយើងអាន ម៉ាថាយ ៣:១៣-១៥។ «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ។»
ព្រះយេស៊ូវ បានយាងទៅទន្លេយ័រដាន់ ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយដោយធ្វើដូច្នោះ ទ្រង់បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត។ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលធំជាងគេក្នុងចំណោមមនុស្សដែលបានកើតពីស្ត្រីមក។
ម៉ាថាយ ១១:១១-១២ និយាយថា «ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទ្ទីសទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ»។
ព្រះ បានជ្រើសរើសលោកយ៉ូហាន-បាទ្ទីសធ្វើជាអ្នកតំណាងនៃមនុស្សជាតិ ហើយបានបញ្ជូនគាត់ឲ្យមកមុនព្រះយេស៊ូវគ្រីស្ទ រយៈពេលប្រាំមួយខែ។
នៅពេលព្រះយេស៊ូវយាងមកឯគាត់ លោកយ៉ូហាន-បាទ្ទីសនិយាយថា «ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ»។ 
«ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ។» គោលបំណងរបស់ទ្រង់ គឺដើម្បីរំដោះមនុស្សជាតិឲ្យរួចពីបាប ដើម្បីឲ្យពួកគេបានក្លាយជាកូនរបស់ព្រះ។ ព្រះយេស៊ូវ បានមានបន្ទូលទៅកាន់លោកយ៉ូហាន-បាទ្ទីសថា «យើងត្រូវតែសម្រេចដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ចូរធ្វើបុណ្យជ្រមុជឲ្យខ្ញុំចុះ»។
បន្ទាប់មក លោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ វាសាកសមឲ្យព្រះយេស៊ូវទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ដោយសារទ្រង់បានទទួលបុណ្យជ្រមុជ តាមរបៀបត្រឹមត្រូវបំផុត យើងពិតជាបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីឲ្យអំពើបាបទាំងអស់របស់យើងអាចត្រូវបានផ្ទេរទៅលើអង្គទ្រង់។
ព្រះយេស៊ូវ បានយាងមកលោកិយនេះ ហើយទទួលបុណ្យជ្រមុជ នៅពេលទ្រង់មានព្រះជន្ម៣០វស្សា។ នេះគឺជាព័ន្ធកិច្ចដំបូងរបស់ទ្រង់។ ព្រះយេស៊ូវ បានសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដោយការលុបបំបាត់អំពើបាបទាំងអស់របស់លោកិយនេះ ដើម្បីញែកមនុស្សទាំងអស់ជាបរិសុទ្ធ។ 
ព្រះយេស៊ូវ បានយាងមកលោកិយនេះ ហើយទទួលបុណ្យជ្រមុជ នៅក្នុងរបៀបត្រឹមត្រូវបំផុត ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ «ដ្បិតគួរឲ្យ» ទ្រង់បានសម្រេចគ្រប់ទាំងសេចក្តីសុចរិតចុះ។
ព្រះ បានមានបន្ទូលថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់» (ម៉ាថាយ ៣:១៧)។ ព្រះយេស៊ូវគ្រីស្ទ បានជ្រាបថា ទ្រង់នឹងដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ ហើយបង្ហូរព្រះលោហិតរហូតដល់សុគតនៅលើឈើឆ្កាង ប៉ុន្តែទ្រង់បានស្តាប់បង្គាប់តាមបំណងព្រះហឫទ័យនៃព្រះវរបិតារបស់ទ្រង់ ដោយមានបន្ទូលថា «កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ» (ម៉ាថាយ ២៦:៣៩)។
បំណងព្រះហឫទ័យនៃព្រះវរបិតា គឺដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ ហើយប្រទានសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់នៅក្នុងលោកិយនេះ។ 
ដូច្នេះ ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាដែលស្តាប់បង្គាប់ បានស្តាប់បង្គាប់តាមបំណងព្រះហឫទ័យនៃព្រះវរបិតារបស់ទ្រង់ ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ 
យ៉ូហាន ១:២៩ ប្រាប់យើងថា «លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់ ហើយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង នៅឯកន្លែងមួយឈ្មោះថា គាល់កូថា។ លោកយ៉ូហាន- បាទ្ទីស បានធ្វើបន្ទាល់ថា «នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។
តើអ្នកមានបាបដែរឬទេ? ហើយតើអ្នកគឺជាមនុស្សសុចរិតម្នាក់ ឬមនុស្សមានបាបម្នាក់? សេចក្តីពិតគឺថា ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញ ហើយបានជាប់ឆ្កាងសម្រាប់យើងទាំងអស់គ្នា។ 
 
តើអំពើបាបរបស់មនុស្សមានបាបទាំងអស់ នៅក្នុងលោកិយនេះ ត្រូវបានផ្ទេរទៅលើ ព្រះយេស៊ូវនៅពេលណា?
ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័រដាន់

បន្ទាប់ពីយើងបានកើតមកក្នុងលោកិយនេះ យើងធ្វើបាបនៅចន្លោះអាយុ១ និង១០ឆ្នាំ។ ប៉ុន្តែព្រះយេស៊ូវ បានដោះអំពើបាបទាំងនោះចេញហើយ។ ហើយយើងក៏ធ្វើបាបនៅចន្លោះអាយុ១១ និង២០ឆ្នាំផងដេរ។ ប៉ុន្តែទ្រង់ក៏បានទទួលយកអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តនៅក្នុងចិត្ត និងការប្រព្រឹត្តរបស់យើងផងដែរ។ 
យើង ក៏ធ្វើបាបនៅចន្លោះអាយុ២១ និង៤៥ឆ្នាំផងដែរ។ ប៉ុន្តែទ្រង់ក៏បានទទួលយកអំពើបាបទាំងនោះផងដែរ។ ដូច្នេះ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ គឺអំពើបាបចាប់ពីថ្ងៃដែលយើងបានកើតមក រហូតដល់ថ្ងៃដែលយើងស្លាប់ ហើយបានសុគតនៅលើឈើឆ្កាង។
«នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» ទ្រង់បានទទួលយកអំពើបាបទាំងអស់ ចាប់ពីអំពើបាបរបស់មនុស្សដំបូង អ័ដាម រហូតដល់អំពើបាបរបស់មនុស្សចុងក្រោយ ដែលបានកើតមកនៅលើផែនដី គឺទ្រង់មិនបានជ្រើសរើសអំពើបាបណា ដែលទ្រង់ចង់ទទួលយកឡើយ។
ទ្រង់ មិនបានសម្រេចព្រះទ័យស្រឡាញ់តែយើងមួយចំនួនទេ។ ទ្រង់បានយាងមកជាសាច់ឈាម ហើយបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានជាប់ឆ្កាង ដើម្បីទទួលយកការកាត់ទោសសម្រាប់យើងទាំងអស់គ្នា ហើយលុបបំបាត់អំពើបាបរបស់លោកិយនេះជារៀងរហូត។
គ្មានអ្នកណាម្នាក់ត្រូវបានកាត់ចេញពីសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ «អំពើបាបរបស់លោកិយនេះ» ក៏មានទាំងអំពើបាបទាំងអស់របស់យើងផងដែរ គឺទ្រង់បានទទួលយកទាំងអស់។
ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ គឺទ្រង់បានដោះអំពើបាបទាំងអស់ចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលការកាត់ទោសនៅលើឈើឆ្កាង ជំនួសយើងរាល់គ្នា។ មុនពេលទ្រង់សុគតនៅលើឈើឆ្កាង ទ្រង់មានបន្ទូលថា «ការស្រេចហើយ» (យ៉ូហាន ១៩:៣០) ដែលមានន័យថា សេចក្តីសង្រ្គោះរបស់មនុស្សជាតិបានសម្រេចពេញលេញហើយ។
ហេតុអ្វីព្រះយេស៊ូវត្រូវជាប់ឆ្កាង? ពីព្រោះជីវិតសាច់ឈាមគឺនៅក្នុងឈាម ហើយឈាមធួននឹងបាបសម្រាប់ជីវិតរបស់មនុស្ស (លេវីវិន័យ ១៧:១១)។ ហើយហេតុអ្វីព្រះយេស៊ូវត្រូវតែទទួលបុណ្យជ្រមុជ? ពីព្រោះទ្រង់ចង់ទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ។ 
«ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំស្រេកទឹកណាស់» (យ៉ូហាន ១៩:២៨)។ ព្រះយេស៊ូវ បានសុគត ដោយដឹងថា សម្ព័ន្ធមេត្រីទាំងអស់របស់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានសម្រេច ដោយបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ 
ព្រះយេស៊ូវ បានជ្រាបថា សេចក្តីប្រោសលោះត្រូវបានបំពេញសម្រេច តាមរយៈទ្រង់ ហើយបានមានបន្ទូលថា «ការស្រេចហើយ!»។ បន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាង។ ទ្រង់បានញែកយើងជាបរិសុទ្ទ មានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ហើយយាងត្រឡប់ទៅស្ថានសួគ៌វិញ និងគង់នៅខាងស្តាំព្រះវរបិតា។
ការលាងសម្អាតអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺជាដំណឹងល្អពិតអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ចូរជឿតាមដំណឹងល្អនេះចុះ ហើយអ្នកនឹងទទួលបានការអត់ទោសអំពើបាបទាំងអស់របស់អ្នក។
យើង មិនអាចធួននឹងអំពើបាបរបស់យើង ដោយការអធិស្ឋានលន់តួជារៀងរាល់ថ្ងៃបានឡើយ។ សេចក្តីសង្រ្គោះ ត្រូវបានប្រទានមក តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងតែប៉ុណ្ណោះ។ «ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ» (ហេព្រើរ ១០:១៨)។
ឥឡូវនេះ អ្វីដែលយើងត្រូវធ្វើ គឺជឿលើសេចក្តីប្រោសលោះតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ ចូរជឿ នោះអ្នកនឹងបានសង្រ្គោះជាមិនខាន។
រ៉ូម ៥:១-២ និយាយថា «ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង»។
មិនមានផ្លូវណាផ្សេងទៀត ឲ្យយើងបានរាប់ជាសុចរិតបានឡើយ ប៉ុន្តែមានតែជឿតាមដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។
 
 
គោលបំណងនៃក្រិត្យវិន័យរបស់ព្រះ
 
តើយើងអាចបានញែកជាបរិសុទ្ធ ដោយសារក្រិត្យវិន័យទេ? 
ទេ។ ក្រិត្យវិន័យគ្រាន់តែអាចជួយឲ្យយើង ដឹងពីអំពើបាបរបស់យើងប៉ុណ្ណោះ

ហេព្រើរ ១០:៩ សរសេរថា «នោះទ្រង់ក៏ថែមព្រះបន្ទូលនេះទៀតថា [មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់] ដូច្នេះ ទ្រង់បានលើកចោលសេចក្តីមុន ដើម្បីនឹងតាំងសេចក្តីក្រោយវិញ»។ យើងមិនអាចបានញែកជាបរិសុទ្ធ ដោយសារក្រិត្យវិន័យបានឡើយ ហើយព្រះក៏មិនមានបំណងឲ្យយើងស្តាប់បង្គាប់តាមក្រិត្យវិន័យដែរ។ 
រ៉ូម ៣:២០ និយាយថា «ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»។ ព្រះបានប្រទានក្រិត្យវិន័យដល់ជនជាតិអ៊ីស្រាអែល តាមរយៈម៉ូសេ បន្ទាប់ពីរយៈពេល៤៣០ឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីអ័ប្រាហាំបានទទួលសម្ព័ន្ធមេត្រីពីព្រះ។ ទ្រង់បានប្រទានក្រិត្យវិន័យដល់ពួកគេ ដើម្បីឲ្យពួកគេអាចស្គាល់អ្វីដែលហៅថា ធ្វើបាបនៅចំពោះព្រះ។ បើសិនមិនមានក្រិត្យវិន័យរបស់ព្រះទេ នោះមនុស្សជាតិនឹងមានស្គាល់ពីបាបរបស់ខ្លួន ឡើយ។ ដូច្នេះ ព្រះបានប្រទានក្រិត្យវិន័យដល់យើង ដើម្បីឲ្យយើងបានស្គាល់ពីបាបរបស់ខ្លួន។
ដូច្នេះ គោលបំណងតែមួយនៃក្រិត្យវិន័យ គឺដើម្បីធ្វើឲ្យយើងបានដឹងថា យើងទាំងអស់គ្នាគឺជាមនុស្សមានបាបនៅចំពោះព្រះ។ តាមរយៈការដឹងនេះ យើងអាចត្រឡប់មកឯព្រះយេស៊ូវវិញបាន ដោយការជឿតាមដំណឹងល្អពិតអំពីការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។ នេះហើយគឺជាគោលបំណងនៃក្រិត្យវិន័យ ដែលព្រះបានប្រទានដល់យើង។ 
 
 
ព្រះអម្ចាស់បានយាងមក ដើម្បីធ្វើតាមបំណងព្រះហឫទ័យនៃព្រះ
 
តើយើងត្រូវតែធ្វើអ្វីនៅចំពោះព្រះ?
យើងត្រូវតែជឿលើសេចក្តីប្រោសលោះរបស់ព្រះ តាមរយៈព្រះយេស៊ូវ

«[មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់] ដូច្នេះ ទ្រង់បានលើកចោលសេចក្តីមុន ដើម្បីនឹងតាំងសេចក្តីក្រោយវិញ» (ហេព្រើរ ១០:៩)។ ដោយសារយើងមិនអាចបានញែកជាបរិសុទ្ធ តាមរយៈក្រិត្យវិន័យ ព្រះមិនបានសង្រ្គោះ តាមរយៈ ក្រិត្យវិន័យទេ ប៉ុន្តែតាមរយៈសេចក្តីប្រោសលោះពេញលេញរបស់ទ្រង់វិញ គឺតាមរយៈសេចក្តីស្រឡាញ់ និងយុត្តិធម៌របស់ទ្រង់។
«គឺដោយសារចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវ គ្រីស្ទ១ដងជាសំរេច ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាប ដរាបទៅ» (ហេព្រើរ ១០:១០-១២)។
ទ្រង់ បានគង់នៅខាងស្តាំនៃព្រះ ពីព្រោះព្រះរាជកិច្ចនៃសេចក្តីប្រោសលោះរបស់ទ្រង់បានចប់សព្វគ្រប់ ហើយមិនអ្វីផ្សេងទៀតឲ្យទ្រង់ធ្វើនោះឡើយ។ ហើយទ្រង់នឹងមិនចាំបាច់ទទួលបុណ្យជ្រមុជ ឬថ្វាយអង្គទ្រង់ជាយញ្ញបូជាម្តងទៀត ដើម្បីសង្រ្គោះយើងឡើយ។ 
ឥឡូវនេះ ដោយសារអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានលាងសម្អាត អ្វីដែលទ្រង់ត្រូវធ្វើ គឺប្រទានជីវិតអស់កល្ប ជានិច្ចដល់អ្នកដែលជឿលើទ្រង់។ ហើយឥឡូវនេះ ទ្រង់បោះត្រាជាព្រះវិញ្ញាណបរិសុទ្ធ លើអ្នកដែលជឿលើសេចក្តីសង្រ្គោះដោយទឹក និងព្រះវិញ្ញាណ។
ព្រះយេស៊ូវ បានយាងមកលោកិយនេះ ហើយដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចព្រះរាជកិច្ចរបស់ទ្រង់។ ហើយឥឡូវនេះ ដោយសារព្រះរាជកិច្ចរបស់ព្រះអម្ចាស់បានបញ្ចប់ហើយ ទ្រង់គង់នៅខាងស្តាំព្រះវរបិតា។
យើង ត្រូវតែជឿថា ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើងចេញពីអំពើបាបសម្រាប់អស់កល្បជានិច្ច។ ទ្រង់បានធ្វើឲ្យយើងបានឥតខ្ចោះជារៀងរហូត ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
 
 
អ្នកដែលក្លាយជាខ្មាំងសត្រូវរបស់ព្រះ
 
តើអ្នកណាជាខ្មាំងសត្រូវរបស់ព្រះ?
អ្នកដែលជឿលើព្រះយេស៊ូវ ប៉ុន្តែនៅតែមានបាបនៅក្នុងចិត្ត

ព្រះអម្ចាស់ មានបន្ទូលនៅក្នុង ហេព្រើរ ១០:១២-១៤ ថា «តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាប ដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ»។ ទ្រង់បានមានបន្ទូលថា ទ្រង់នឹងរង់ចាំរហូតដល់ការវិនិច្ឆ័យចុងក្រោយ ដើម្បីសម្រេចវាសនារបស់ពួកគេ។ 
ខ្មាំងសត្រូវរបស់ទ្រង់ នៅតែនិយាយថា «ឱព្រះជាម្ចាស់អើយ! សូមអត់ទោសអំពើបាបរបស់ទូលបង្គំផង»។ សាតាំង និងអ្នកដើរតាមរបស់វាមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ប៉ុន្តែនៅតែបន្តទូលសូមការអត់ទោសពីទ្រង់ជានិច្ច។
ព្រះអម្ចាស់របស់យើង នឹងមិនវិនិច្ឆ័យពួកគេនៅពេលនេះទេ ប៉ុន្តែនៅថ្ងៃព្រះយេស៊ូវយាងមកជាលើកទីពីរ ពួកគេនឹងត្រូវបានវិនិច្ឆ័យ ហើយទម្លាក់ទៅក្នុងស្ថាននរក ជារៀងរហូត។ ព្រះទ្រាំទ្រនឹងពួកគេ រហូតដល់ថ្ងៃនោះ ដោយសង្ឃឹមថា ពួកគេនឹងប្រែចិត្ត ហើយបានរាប់ជាសុចរិត តាមរយៈសេចក្តីប្រោសលោះ។
ព្រះអម្ចាស់ បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានសុគតជំនួសយើងដែលជឿលើទ្រង់។ នៅថ្ងៃមួយ ព្រះយេស៊ូវនឹងលេចមកជាលើកទីពីរ ដើម្បីរំដោះយើងទាំងអស់គ្នា ដែលជឿលើទ្រង់។ «អូ ព្រះអម្ចាស់ សូមទ្រង់យាងមកយើងចុះ។» ទ្រង់នឹងយាងមកជាលើកទីពីរ ដើម្បីទទួលយកអ្នកដែលឥតមានបាបឲ្យទៅរស់នៅជាមួយទ្រង់នៅនគរស្ថានសួគ៌អស់កល្បជានិច្ច។ 
អ្នកដែលនៅតែទទូចថា ខ្លួនគឺជាមនុស្សមានបាប នៅពេលព្រះអម្ចាស់យាងមកដល់ នឹងមិនមានកន្លែងសម្រាប់ខ្លួននៅស្ថានសួគ៌ឡើយ។ នៅថ្ងៃចុងក្រោយ ពួកគេនឹងទទួលការវិនិច្ឆ័យ ហើយបោះទម្លាក់ទៅក្នុងភ្លើងនរក។ ទណ្ឌកម្មនេះ រង់ចាំអស់អ្នកដែលបដិសេធមិនជឿលើការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ 
ព្រះអម្ចាស់ ចាត់ទុកអស់អ្នកដែលជឿតាមសេចក្តីមិនពិតជាខ្មាំងសត្រូវរបស់ទ្រង់។ នេះហើយជាមូលហេតុដែលយើងត្រូវតែ តយុទ្ធជាមួយនឹងសេចក្តីមិនពិត។ ហើយនេះជាមូលហេតុដែលយើងត្រូវតែជឿតាមដំណឹងល្អពិតអំពីការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។ 
 
 
យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ
 
តើយើងចាំបាច់ធួននឹងអំពើបាបទេ បើសិនឥឡូវនេះបំណុលរបស់យើង (អំពើបាប) ត្រូវបានសងរួចរាល់ហើយ? 
ពិតជាមិនចាំបាច់ឡើយ

ហេព្រើរ ១០:១៥-១៦ និយាយថា «ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយដែលទ្រង់មានព្រះបន្ទូលថា [ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង]»។
បន្ទាប់ពីទ្រង់បានលុបបំបាត់អំពើបាបទាំងអស់របស់យើងហើយ ទ្រង់មានបន្ទូលថា «នេះជាសេចក្តីសញ្ញា ដែលអញនឹងតាំងដល់គេ»។ តើសម្ព័ន្ធមេត្រីនេះគឺជាអ្វី? «អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង។» ពីដំបូង យើងបានព្យាយាមរស់នៅក្នុងជីវិតដែលកាន់តាមក្រិត្យវិន័យ ឲ្យស្របតាមច្បាប់របស់ទ្រង់ ប៉ុន្តែយើងពិតជាមិនអាចបានសង្រ្គោះ ដោយសារក្រិត្យវិន័យបានឡើយ។ 
ក្រោយមកទៀត យើងបានដឹងថា ព្រះយេស៊ូវបានសង្រ្គោះរួចរាល់ហើយនូវអស់អ្នកដែលជឿតាមដំណឹងល្អ អំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ អ្នកណាដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ បានសង្រ្គោះហើយ។
ព្រះយេស៊ូវ គឺជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ។ «ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤:១២)។ ព្រះយេស៊ូវ បានយាងមកលោកិយនេះជាព្រះអង្គសង្រ្គោះរបស់យើង។ ហើយដោយសារយើងមិនអាចបានសង្រ្គោះ ដោយសារការប្រព្រឹត្តរបស់យើង ព្រះយេស៊ូវបានសង្រ្គោះយើង ហើយបានកត់ត្រាទុកនៅលើបន្ទះចិត្តរបស់យើងថា ទ្រង់បានសង្រ្គោះយើង ដោយច្បាប់នៃសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់ហើយ។
«នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា [អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀត] ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ» (ហេព្រើរ ១០:១៧-១៨)។
ឥឡូវនេះ ទ្រង់លែងនឹកចាំពីអំពើរំលងរបស់យើងទៀត ហើយ។ ហើយដោយសារទ្រង់បានដោះអំពើបាបទាំងអស់ចេញរួចរាល់ហើយ យើងដែលជាអ្នកជឿ មិនមានអំពើបាបណាទៀតឲ្យទ្រង់អត់ទោសឲ្យឡើយ។ ទ្រង់បានសងបំណុលរបស់យើងសព្វគ្រប់ហើយ ហើយមិនមានអ្វីផ្សេងទៀតត្រូវសងឡើយ។ មនុស្សបានសង្រ្គោះ ដោយសារសេចក្តីជំនឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលបានសង្រ្គោះយើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។
ឥឡូវនេះ អ្វីដែលយើងត្រូវធ្វើ គឺជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។ ចូរជឿលើសេចក្តីសង្រ្គោះនៅក្នុងព្រះយេស៊ូវចុះ។ ការទទួលបាន សេចក្តីប្រោសលោះ គឺងាយស្រួលជាការដកដង្ហើមអញ្ចឹង។ អ្វីដែលអ្នកត្រូវធ្វើ គឺជឿតាមសេចក្តីពិត។ ហើយសេចក្តីសង្រ្គោះ គឺគ្រាន់តែជាការជឿតាមព្រះបន្ទូលព្រះប៉ុណ្ណោះ។ 
ចូរជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើង (នៅក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង) ហើយមានជំនឿថា សេចក្តីសង្រ្គោះគឺជារបស់អ្នកហើយ។ ចូរបដិសេធគំនិតផ្ទាល់ខ្លួនរបស់អ្នក ហើយជឿលើសេចក្តីសង្រ្គោះនៅក្នុងព្រះយេស៊ូវវិញចុះ។ ខ្ញុំសូមអធិស្ឋានថា អ្នកពិតជាជឿលើព្រះយេស៊ូវ ហើយត្រៀមខ្លួនជាស្រេច ដើម្បីចូលទៅក្នុងជីវិតអស់កល្បជានិច្ចជាមួយទ្រង់។