Search

សេចក្តីអធិប្បាយ

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 1-3] មនុស្សសុចរិតនឹងរស់នៅ ដោយអាង សេចក្តីជំនឿ (រ៉ូម ១:១៧)

(រ៉ូម ១:១៧)
«ដ្បិតសេចក្តីសុចរិតនៃព្រះបានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តី ជំនឿ។»
 
 
យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ
 
តើ មនុស្សសុចរិតរស់នៅ ដោយអាងអ្វី? ដោយអាងសេចក្តីជំនឿ។ មនុស្សសុចរិតរស់នៅ ដោយអាងសេចក្តីជំនឿ។ តាមការពិត ពាក្យថា «សេចក្តីជំនឿ» គឺជាពាក្យយ៉ាងសាមញ្ញមួយ ប៉ុន្តែវាជាស្នូលនៃព្រះគម្ពីរទាំងមូល។ មនុស្សសុចរិតរស់នៅ ដោយអាងសេចក្តីជំនឿ។ តើមនុស្សសុចរិតរស់នៅ ដោយអាងអ្វី? ពួកគេរស់នៅ ដោយអាងសេចក្តីជំនឿលើព្រះ។ ខ្ញុំសង្ឃឹមថា យើងនឹងមានការយល់ដឹងស៊ីជម្រៅពីផ្នែកនេះ ពីព្រោះយើងមានព្រះកាយ និងព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង។ ប៉ុន្តែយើងមានទំនោរក្នុងការកាត់ស្រាយផ្នែកជាច្រើននៃព្រះគម្ពីរ តាមគំនិតផ្ទាល់ខ្លួនរបស់យើង ដោយមិនស្គាល់ពីអត្ថន័យត្រឹមត្រូវ ដែលមាននៅក្នុងព្រះគម្ពីរទេ ទោះបើយើងអាចយល់ពីព្រះគម្ពីរ តាមន័យត្រង់ក៏ដោយ។ យើងតែងតែមានព្រះកាយ និងព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ព្រះគម្ពីរនិយាយថា យើងដែលជាមនុស្សសុចរិត រស់នៅ ដោយអាងសេចក្តីជំនឿ ពីព្រោះយើងមានការអត់ទោសបាបហើយ។ 
 
 
ប៉ុន្តែបញ្ហាគឺថា សាច់ឈាមមិនអាចធ្វើល្អបានឡើយ
 
ប៉ុន្តែ បញ្ហាគឺថា យើងក៏មានសាច់ឈាមផងដែរ។ ដូច្នេះ នៅក្នុងករណីជាច្រើន យើងកាត់សេចក្តី តាមសាច់ឈាមរបស់យើង។ បើសិនយើងនិយាយពីសេចក្តីជំនឿ ពេលខ្លះ យើងកាត់សេចក្តី និងយល់ពីអ្វីមួយ ដោយគំនិតខាងសាច់ឈាម ដែលធ្វើឲ្យយើងមិនជឿតាមព្រះបន្ទូលទ្រង់ទាំងស្រុងទេ។ ទោះបីជាយ៉ាងណា ព្រះគម្ពីរនិយាយថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ ដូច្នេះ តើនេះមានន័យយ៉ាងដូចម្តេច? អ្នកអាចគិតថា «តើមនុស្សសុចរិត ដែលមិនរស់នៅដោយអាង សេចក្តីជំនឿ នៅឯណា? ហេតុអ្វីអ្នកសង្កត់ធ្ងន់លើខគម្ពីរមួយនេះ? តើវាមិនគ្រាន់តែជាខគម្ពីរមួយនៅក្នុងបទគម្ពីរទេឬ?»។
នៅថ្ងៃនេះ ខ្ញុំចង់ប្រាប់អ្នកអំពីខគម្ពីរមួយនេះ។ យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ។ ទោះបីជាយើងគិតថា យើងយល់ពីវាយ៉ាងច្បាស់លាស់ក៏ដោយ ក៏យើងមិនដឹងពីភាពល្ងង់ខ្លៅរបស់យើងទេ រហូតដល់យើងព្យាយាមពន្យល់ពីអ្វីមួយ។ តើខ្មាំងសត្រូវរបស់មនុស្សមានបាបគឺជាអ្វី? មនុស្សដែលមិនបានកើតជាថ្មី តយុទ្ធជាមួយគំនិតផ្ទាល់ខ្លួន និងសាច់ឈាមរបស់គាត់។ តើអ្នកដែលបានកើតជាថ្មី តយុទ្ធជាមួយអ្នកណា? វិញ្ញាណ និងសាច់ឈាមនៅក្នុងមនុស្ស តយុទ្ធជាមួយគ្នា។ អ្នកអាចឆ្ងល់ថា ហេតុអ្វីខ្ញុំនិយាយ ម្តងហើយម្តងទៀត អំពីអ្វីដែលយើងបានដឹងរួចទៅហើយ? ប៉ុន្តែខ្ញុំចង់ពន្យល់ចំណុចនេះ ម្តងហើយម្តងទៀត ពីព្រោះវាមានប្រយោជន៍សម្រាប់យើង។ 
សូម្បីតែនៅក្នុងខ្លួនរបស់អ្នកដែលបានកើតជាថ្មី ក៏សាច់ឈាម និងវិញ្ញាណនៅតែបន្តតយុទ្ធជាមួយគ្នាដែរ ពីព្រោះគាត់ក៏មានសាច់ឈាមផងដែរ។ មានផ្នែកមួយ ដែលកើតឡើងដោយឯកឯង នៅក្នុងសាច់ឈាម ដែលចង់រស់នៅដោយខ្ជះខ្ជាយ ដោយព្យាយាមដោះស្រាយបញ្ហាទាំងអស់ដោយខ្លួនឯង ជាជាងរស់នៅ ដោយអាងសេចក្តីជំនឿ។ ហើយក៏មានផ្នែកមួយ ដែលកើតឡើងដោយឯកឯង នៅក្នុងសាច់ឈាមរបស់មនុស្សសុចរិតផងដែរ ដែលចង់រស់នៅដោយខ្ជះខ្ជាយ ដោយព្យាយាមដេញតាមភាពឥតខ្ចោះ ដោយមិនធ្វើកំហុស ដែលខុសពីការរស់នៅ ដោយអាង សេចក្តីជំនឿ ដែលព្រះចង់ឲ្យយើងរស់នៅ។
ដូច្នេះ សាច់ឈាមរបស់មនុស្សសុចរិតក៏ចង់បានភាពឥតខ្ចោះនៅក្នុងកិច្ចការខាងវិញ្ញាណផងដែរ ហើយក៏ព្យាយាមដោះស្រាយរាល់បញ្ហាខាងវិញ្ញាណទាំងអស់ ដោយសង្ឃឹមថា នឹងទទួលបានភាពឥតខ្ចោះខាងសាច់ឈាម ក្នុងពេលជាមួយគ្នាផងដែរ។ ប៉ុន្តែ តើមនុស្សម្នាក់អាចមានជីវិតខាងសេចក្តីជំនឿ ដោយអាងសាច់ឈាមបានដែរឬទេ? សាវកប៉ុលបាននិយាយថា «ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ» (រ៉ូម ៧:១៩)។ សាច់ឈាមមិនដែលធ្វើការល្អទេ។ យើងមានផ្នែកមួយនៅក្នុងសាច់ឈាម ដែលចង់រស់នៅយ៉ាងត្រឹមត្រូវនៅចំពោះព្រះ ទោះបើសាច់ឈាមរបស់យើងប្រព្រឹត្តអាក្រក់ក៏ដោយ។
 
 
យើងមិនអាចមានជីវិតនៃជំនឿជាមួយសាច់ឈាមបានទេ
 
និយាយ ដោយម៉ឺងម៉ាត់ថា ការព្យាយាមរស់នៅក្នុងជីវិតដែលមានការប្តេជ្ញាមួយ ជាមួយសាច់ឈាម គឺខុសគ្នាពីជីវិតមានសេចក្តីជំនឿត្រឹមត្រូវ។ យើងមានសុភាវគតិ និងគំនិតចំពោះព្រះ ដែលប្រឆាំងគ្នាជាមួយនឹងទស្សនៈតាមព្រះគម្ពីរ។ យើងមិនអាចបានគ្រប់លក្ខណ៍នៅក្នុងសាច់ឈាម និងមានជីវិតនៃជំនឿ ដោយមិនមានបញ្ហាជាមួយសាច់ឈាមបានឡើយ។ សាច់ឈាមរបស់មនុស្សគឺដូចជាដី។ ព្រះគម្ពីនិយាយថា «ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ» (ទំនុកដំកើង ១០៣:៤)។ សាច់ឈាមរបស់មនុស្សគឺដូចជាចំហាយទឹក ដែលរលាយបាត់មួយរំពេច ពីព្រោះវាមិនពេញលេញទេ។
តើទាំងសាច់ឈាមរបស់អ្នកដែលបានកើតជាថ្មី និងទាំងសាច់ឈាមរបស់អ្នកមិនបានកើតជាថ្មី មានសមត្ថភាពអាចមិនធ្វើបាបបានដែរឬទេ? ហើយតើអ្នកដែលបានកើតជាថ្មីអាចគេចពីការធ្វើបាបបានទេ? យើងមិនចាំបាច់រស់នៅដោយសេចក្តីជំនឿទេ បើសិនសាច់ឈាមអាចរស់នៅ ដោយមិនធ្វើបាបបាននោះ។ អញ្ចឹង តើយើងអាចរស់នៅដោយកម្លាំងនៃសាច់ឈាមបានដែរទេ? យើងប្រាកដជាដឹង និងទទួលស្គាល់ថា ទោះបីជាយើងបានកើតជាថ្មី ឬមិនបានកើតជាថ្មីក៏ដោយ ក៏សាច់ឈាមខ្សោយ និងបន្តធ្វើបាបជានិច្ច។
តើយើងស្គាល់ពីសាច់ឈាមរបស់យើងបានច្រើនប៉ុណ្ណា? ហើយតើយើងស្គាល់ពីខ្លួនឯងបានច្រើនប៉ុណ្ណា? អ្នកអាចគិតថា អ្នកស្គាល់ពីខ្លួនឯង១០០ភាគរយ ប៉ុន្តែអត្តសញ្ញាណរបស់អ្នកខុសគ្នាពីអត្តចរិតពិតរបស់អ្នក ពីព្រោះអ្នកពិតជាមិនជឿថា អ្នកមានបាបទេ។ តើអ្នកគិតថា អ្នកស្គាល់ពីខ្លួនឯងបានប៉ុន្មានភាគរយ? បើសិនស្គាល់បានតែ៥០ភាគរយ ក៏ច្រើនណាស់ទៅហើយ។ ជាទូទៅ ភាគច្រើនបំផុត មនុស្សអាចស្គាល់ពីខ្លួនឯងបាន១០ ឬ២០ភាគរយតែប៉ុណ្ណោះ។ តាមការពិត ពួកគេអាចស្គាល់ខ្លួនឯងបាន១០ ឬ២០ភាគរយតែប៉ុណ្ណោះ ទោះបើពួកគេគិតថា ពួកគេអាចស្គាល់ពីខ្លួនឯងបាន១០០ភាគរយក៏ដោយ។ នៅពេលពួកគេគិតថា ពួកគេបានធ្វើការអាក្រក់យ៉ាងច្រើន ពួកគេមានសេចក្តីខ្មាស ហើយឈប់ដើរតាមព្រះអម្ចាស់។ បន្ទាប់មក ពួកគេសួរថា តើពួកគេអាចរក្សាជំនឿរបស់ខ្លួនបានរហូតដល់ទីបំផុតដែរឬទេ? ហើយពួកគេសន្និដ្ឋានថា វាមិនអាចទៅរួចឡើយ។
ទឹកកខ្វក់ និងសម្រាមហូរចេញជាខ្សែ តាមបំពង់គំនិតខាងសាច់ ឈាម។ ពួកគេហាក់ដូចជាមិនអាចរស់នៅក្នុងជីវិត ដោយជំនឿបានទេ។ «អូ! ខ្ញុំគិតថា ខ្ញុំមិនអាចដើរតាមព្រះអម្ចាស់ទៀតទេ។ ខ្ញុំបានគិតថា សាច់ឈាមរបស់ខ្ញុំបានប្រសើរឡើង បន្ទាប់ពីអំពើបាបរបស់ខ្ញុំត្រូវបានលុបបំបាត់ តែម្តងជាសម្រេច ប៉ុន្តែសាច់ឈាមរបស់ខ្ញុំនៅតែខ្សោយ ហើយខ្ញុំមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ទោះបើខ្ញុំបានកើតជាថ្មី អស់រយៈពេលជាយូរហើយក៏ដោយ។ សាច់ឈាមអាក្រក់ និងឥតប្រយោជន៍។» យើងមិនស្គាល់អ្វីពីខ្លួនយើងឡើយ ហើយយើងក៏មិនចង់ទទួលស្គាល់កំហុសរបស់សាច់ឈាមរបស់យើងដែរ។ ដូច្នេះ លទ្ធផលគឺថា យើងមិនអាចមានជីវិតស្មោះត្រង់មួយបានឡើយ នៅពេលយើងមើលឃើញថា គំនិតខាងសាច់ឈាមជាច្រើនចេញមកពីសាច់ឈាម។ យើងពិតជាមិនអាចមានជីវិតនៃសេចក្តីជំនឿ ជាមួយសាច់ឈាមបានឡើយ។ តើសាច់ឈាមរបស់មនុស្សគឺជាអ្វី? តើសាច់ឈាមរបស់មនុស្សជាតិនឹងបានញែកជាបរិសុទ្ធបន្តិចម្តងៗ ហើយរស់នៅក្នុងជីវិតគ្រប់លក្ខណ៍នៅចំពោះព្រះ បើសិនមានការហ្វឹកហាត់បានល្អឬ? វាពិតជាមិនអាចទៅរួចឡើយ ហើយសាច់ឈាមក៏នឹងតែងតែបន្តធ្វើបាបជានិច្ច រហូតដល់វាស្លាប់ទៅវិញដែរ។ 
 
 
អញ្ចឹង តើមនុស្សសុចរិតរស់នៅដោយរបៀបណា?
 
«បើកាលណាឯងរាល់គ្នាធ្វើខុស ដោយមិនបានប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ាបានប្រាប់មកម៉ូសេ គឺអស់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ ចាប់តាំងពីថ្ងៃដែលទ្រង់បានបង្គាប់សេចក្តីនោះមក ដរាបដល់អស់ទាំងដំណតរៀងទៅ បើសិនជាការកំហុសនោះបានធ្វើដោយឥតដឹង ឥតមានអ្នកណាមួយក្នុងពួកជំនុំបានដឹងសោះ នោះពួកជំនុំទាំងអស់គ្នា ត្រូវថ្វាយកូនគោឈ្មោល១ ទុកជា ដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបដែរ ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងពួកជំនុំ នៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា នោះនឹងបានអត់ទោសឲ្យគេ ដ្បិតការនោះជាការកំហុស តែគេបានយកដង្វាយគេមកហើយ គឺជាដង្វាយដុត ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះការកំហុសរបស់គេ នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា និងពួកអ្នកដទៃដែលស្នាក់នៅកណ្តាលគេ នឹងបានរួចចាកទោសហើយ ដ្បិតបណ្តាជនទាំងឡាយបានធ្វើបាបនោះ ដោយឥតដឹងសោះ បើសិនជាមានអ្នកណាតែម្នាក់ ធ្វើបាបដោយឥតដឹង អ្នកនោះត្រូវថ្វាយពពែញី១ អាយុ១ខួប សំរាប់ជាដង្វាយលោះបាប ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួន និងអ្នកនោះ ដែលបានធ្វើខុស នៅវេលាណាដែលគេធ្វើបាប នៅចំពោះព្រះយេហូវ៉ាដោយឥតដឹង ដើម្បីឲ្យបានធួននឹងអ្នកនោះ រួច និងបានអត់ទោសឲ្យគេ ត្រូវមានច្បាប់តែ១សំរាប់អ្នកណា ដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងពួកកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅ ដែល ស្នាក់នៅជាមួយក្តី» (ជនគណនា ១៥:២២-២៩)។ 
«បើកាលណាឯងរាល់គ្នាធ្វើខុស ដោយមិនបានប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ាបានប្រាប់មកម៉ូសេ។» មានឃ្លាថា «ធ្វើបាបដោយអចេតនា» ជាច្រើន នៅក្នុងព្រះគម្ពីរ។ សាច់ឈាមធ្វើបាប ដោយអចេតនា និងធ្វើអ្វីដែលមិនគួរធ្វើ។ ខ្ញុំបានសួរអ្នកថា តើសាច់ឈាមអាចមានលទ្ធភាពបានគ្រប់លក្ខណ៍ដែរទេ? ប៉ុន្តែវាមិនអាចត្រឡប់ជាគ្រប់លក្ខណ៍បានឡើយ ទោះបន្ទាប់ពីយើងទទួលបានការអត់ទោសបាបក៏ដោយ។ នៅពេលដំបូង បន្ទាប់ពីយើងមានសេចក្តីប្រោសលោះហើយ សាច់ឈាមហាក់ដូចជាសុចរិត និងគ្រប់លក្ខណ៍។ ប៉ុន្តែតាមការពិត វាមិនជួយបង្ហាញពីខ្លួនរបស់យើងទេ តែជួយលាក់បាំងខ្លួនរបស់យើងវិញ។ សាច់ឈាមកំពុបសម្រាម និងធ្វើបាបគ្រប់ពេលវេលា។ សាច់ឈាមតែងតែប្រព្រឹត្តអំពើបាប ដែលព្រះស្អប់។ ដូច្នេះ តើសាច់ឈាមមិនធ្វើបាបជាច្រើនដងរាប់មិនអស់ទេឬ? ហើយតើសាច់ឈាមតែងតែធ្វើអ្វីដែលព្រះមិនចង់បានឬ? សាច់ឈាមតែងតែធ្វើបាប ដោយមិនអាចគ្រប់គ្រងបាន។
ក្រិត្យវិន័យរបស់ព្រះមានផ្ទុកនូវក្រិត្យវិន័យទាំងដប់ប្រការ និង៦១៣មាត្រាលម្អិត។ «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ។ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ។ កុំឲ្យសំឡាប់មនុស្សឲ្យសោះ។ កុំឲ្យផិតគ្នាឲ្យសោះ។ កុំឲ្យលួចប្លន់ឲ្យសោះ។ កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។ កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។» ក្រិត្យវិន័យបួនដំបូងគឺជាការមានទំនាក់ទំនងជាមួយព្រះ ហើយក្រិត្យវិន័យទាំងអស់ទៀតមានទំនាក់ទំនងជាមួយមនុស្ស។ ប៉ុន្តែតើសាច់ឈាមចង់គោរពតាមក្រិត្យវិន័យទាំងនេះដែរទេ?
មានបន្ទាត់ពណ៌សនៅលើផ្លូវ សម្រាប់មនុស្សអាចដើរឆ្លងផ្លូវ ដោយសុវត្ថិភាពបាន។ ប៉ុន្តែសាច់ឈាមមិនចង់គោរពតាមច្បាប់ចរាចរណ៍ទេ។ មនុស្សឆ្លងកាត់ផ្លូវ នៅក្នុងបន្ទាត់ ពីព្រោះពួកគេខ្លាចអ្នកដទៃមើលឃើញ ខ្លួន។ ប៉ុន្តែតាមការពិត ពួកគេមិនចង់គោរពច្បាប់ទេ គឺពួកគេឆ្លងកាត់ផ្លូវ ដោយមិនគោរពសញ្ញាចរាចរ នៅពេលណាគ្មានអ្នកណាមើលឃើញ។
សាច់ឈាមធ្វើបាប ដោយស្វ័យប្រវត្តិ។ បើសិនពួកគេមានការអប់រំល្អ ពួកគេគួរតែគោរពសញ្ញាចរាចរហើយ ទោះបើមានអ្នកដទៃមើលឃើញខ្លួន ឬអត់។ ប៉ុន្តែពួកគេចង់បានការទទួលស្គាល់ តាមរយៈតែសាច់ឈាមប៉ុណ្ណោះ។ យើងមិនចូលចិត្តឆ្លងកាត់ផ្លូវ ដោយគោរពតាមសញ្ញាចរាចរទេ ហើយយើងក៏ព្យាយាមមិនគោរពតាមសញ្ញាទាំងនោះដែរ។
ដូច្នេះ តើអ្វីគឺជាគោលបំណងដែលព្រះបានប្រទានក្រិត្យវិន័យដល់យើង? ក្រិត្យវិន័យជួយឲ្យយើងស្គាល់ពីបាប (រ៉ូម ៣:២០)។ តាមរយៈ ក្រិត្យវិន័យ យើងបានដឹងថា យើងគឺជាមនុស្សមានបាប ដែលតែងតែមិនគោរពតាមក្រិត្យវិន័យទាំងដប់ប្រការ គឺយើងតែងតែធ្វើបាបជានិច្ច។ ក្រិត្យវិន័យតែងតែតម្រូវឲ្យយើងធ្វើល្អ និងមិនធ្វើអាក្រក់ ប៉ុន្តែសាច់ឈាមរបស់យើងតែងតែធ្វើបាបវិញ ពីព្រោះវាខ្សោយខ្លាំងណាស់ ក្នុងការគោរពតាមក្រិត្យវិន័យ។ ព្រះគម្ពីនិយាយថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ ប៉ុន្តែ តើមនុស្សសុចរិត ដែលមានសាច់ឈាមបែបនេះ រស់នៅ ដោយអាងសេចក្តីជំនឿបានយ៉ាងដូចម្តេច? ពួកគេក៏មិនអាចរស់នៅតាមក្រិត្យវិន័យនៅក្នុងសាច់ឈាមរបស់ពួកគេបានដែរ។ ដូច្នេះ តើពួកគេអាចរស់នៅបានយ៉ាងដូចម្តេច? មនុស្សសុចរិតរស់នៅ ដោយអាង សេចក្តីជំនឿលើព្រះ។
វិញ្ញាណចង់ដើរតាមបំណងព្រះហឫទ័យព្រះ ប៉ុន្តែសាច់ឈាមតែងតែប្រព្រឹត្តអំពើបាប ដោយមិនគោរពតាមមាត្រាទាំងអស់នៃក្រិត្យវិន័យទាំងដប់ប្រការ។ សាច់ឈាមដាក់វេនគ្នាធ្វើបាប គឺប្រព្រឹត្តអំពើបាបនេះ នៅថ្ងៃនេះ ហើយប្រព្រឹត្តអំពើបាបនោះ នៅថ្ងៃស្អែក។ មានអំពើបាប ដែលសាច់ឈាមចូលចិត្តប្រព្រឹត្តជាងអំពើបាបដទៃទៀត។ ដូច្នះ សាច់ឈាមរបស់មនុស្សជាតិធ្វើបាបពេញមួយជីវិត។ តើនេះត្រឹមត្រូវដែរទេ?
ចូរយើងពិនិត្យមើលក្រិត្យវិន័យទីប្រាំ។ «ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ។» ក្រិត្យវិន័យនេះសមហេតុសមផលណាស់ ហើយមនុស្សព្យាយាមគោរពតាម ទោះបើពួកគេមិនអាចគោរពតាមបានគ្រប់ពេលវេលាក៏ដោយ។ ប៉ុន្តែ យើងមិនទាន់ពិភាក្សាអំពីវានៅពេលនេះទេ។ ក្រិត្យវិន័យបន្ទាប់ទៀតគឺ «កុំឲ្យសម្លាប់មនុស្សឲ្យសោះ»។ យើងទាំងអស់គ្នាសម្លាប់អ្នកដទៃ នៅក្នុងគំនិតរបស់យើង ហើយមនុស្សមួយចំនួនតូចសម្លាប់អ្នកដទៃ ដោយផ្ទាល់តែម្តង។ ប៉ុន្តែយើងមិនទាន់ពិភាក្សាអំពីវាទេ ពីព្រោះការសម្លាប់គឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយ។ ហើយក្រិត្យវិន័យបន្ទាប់ទៀតគឺជា «កុំឲ្យផិតឲ្យសោះ» និង «កុំឲ្យលួចឲ្យសោះ»។ យើងងាយនឹងប្រព្រឹត្តអំពើបាបទាំងពីរនេះខ្លាំងណាស់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មនុស្សមួយចំនួនមានជំនាញខាងលួច និងផិត ហើយពួកគេយកវាធ្វើជាទម្លាប់។ តើពួកគេមិនលោភដែរទេឬ? (ព្រះគម្ពីរនិយាយថា ការលោភក៏ជាអំពើបាបមួយផងដែរ។) ពួកគេក៏ជំនាញខាងយកទ្រព្យសម្បត្តិរបស់អ្នកដទៃចេញពីកន្លែងដើមផងដែរ (ការលួច)។ ដូច្នេះ សាច់ឈាមធ្វើការអាក្រក់ទាំងអស់នេះ នៅពេលណាវាចង់ធ្វើ។ 
ចូរយើងសន្មតថា យើងប្រព្រឹត្តអំពើបាបមួយ ឬពីរបានហើយ។ តើវាធ្វើឲ្យយើងបានរាប់ជាសុចរិតនៅចំពោះព្រះទេ? ទេ សាច់ឈាមមិនអាចធ្វើឲ្យយើងបានសុចរិតបានឡើយ ពីព្រោះនៅចំពោះព្រះ អំពើបាបតែបន្តិចក៏ជាអំពើបាបមួយដែរ។ ហើយសាច់ឈាមនៅតែបន្តធ្វើបាប នៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃស្លាប់របស់យើង។ ដូច្នេះ តើអ្នកបានស្អាត និងញែកជាបរិសុទ្ធនៅចំពោះព្រះបានមួយថ្ងៃណាហើយឬនៅ? ចូរយើងពិនិត្យមើលសាច់ឈាម ដោយបំបែកវាចេញពីវិញ្ញាណ។ តើអ្នកមិនបានធ្វើបាបនៅចំពោះព្រះទេឬ? តើអ្នកបានគ្រប់លក្ខណ៍ ដោយសារសាច់ឈាមឬ? ទោះបីជាពេលយើងដេក ក៏យើងធ្វើបាបដែរ។ យើងចូលចិត្តមើលរូបអាសអាភាស ហើយខណៈដែលកំពុងតែដេក យើងគិតអំពីស្រីស្អាត។ ដូច្នេះ យើងទាំងអស់គ្នាប្រព្រឹត្តអំពើបាប។ 
សាច់ឈាមធ្វើអ្វីដែលព្រះប្រាប់យើងមិនឲ្យធ្វើ ហើយមិនធ្វើអ្វីដែលព្រះប្រាប់យើងឲ្យធ្វើ។ សាច់ឈាមតែងតែនៅជាដដែល បន្ទាប់ពីយើងទទួលបានការអត់ទោសអំពើបាបហើយ។ ដូច្នេះ តើយើងអាចបានគ្រប់លក្ខណ៍បានយ៉ាងដូចម្តេច? តើផ្លូវណានាំយើងទៅដល់ការញែកជាបរិសុទ្ធ បើសិនសាច់ឈាមរបស់យើងមានលក្ខណៈដូច្នេះ? ប៉ុន្តែ តើយើងអាចបានរាប់ជាសុចរិត និងគ្រប់លក្ខណ៍ តាមរយៈព្រះយេស៊ូវដែរទេ?
យើងគឺជាអ្នកដែលប្រព្រឹត្តអំពើបាបទាំងអស់នោះ។ តើយើងបានធ្វើបាប មុនពេលយើងជឿព្រះយេស៊ូវដែរទេ? បាទ យើងបានធ្វើបាប។ តើយើងធ្វើបាបនៅពេលឥឡូវនេះដែរទេ? បាទ យើងធ្វើបាប។ ហើយតើយើងនឹងបន្តធ្វើបាបទៀតទេ? បាទ យើងនឹងបន្តធ្វើបាបជានិច្ច។ យើងគឺជាមនុស្សជាតិ ដែលនឹងបន្តធ្វើបាប រហូតដល់ថ្ងៃស្លាប់របស់យើង ដរាបណាយើងនៅតែមានសាច់ឈាម។ ដូច្នេះ តើយើងអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើងបានដោយរបៀបណា? ជាដំបូង បើសិនអ្នកមិនទាន់បានកើតជាថ្មីទេ អ្នកត្រូវតែទទួលស្គាល់ថា អ្នកគឺជាមនុស្សមានបាបនៅចំពោះព្រះអម្ចាស់ ដើម្បីឲ្យទ្រង់លាងសម្អាតអំពើបាបរបស់អ្នក។ ហើយបន្ទាប់ពីបានសង្រ្គោះហើយ យើងមិនចាំបាច់សារភាពថា យើងគឺជាមនុស្សមានបាបទៀតទេ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា យើងបានធ្វើ បាប។ បន្ទាប់ពីបានឆ្លុះបញ្ចាំងពីខ្លួនឯង នៅពេលយើងបានធ្វើបាបទាស់នឹងក្រិត្យវិន័យ យើងគួរតែទទួលស្គាល់អំពើបាបរបស់យើង។ ហើយទោះបីជាពេលខ្លះ យើងធ្វើការល្អផ្សេងៗ ដោយសាច់ឈាមក៏ដោយ ក៏យើងត្រូវតែទទួលស្គាល់ដែរថា អំពើបាបមួយគឺជាអំពើបាបមួយ។
 
 
យើងបានញែកជាបរិសុទ្ធ ដោយសារសេចក្តីជំនឿ
 
ដូច្នេះ បន្ទាប់ពីទទួលស្គាល់អំពើបាបរបស់យើងហើយ តើយើងដោះស្រាយបញ្ហាបាបយ៉ាងដូចម្តេច? ហើយតើយើងបានញែកជាបរិសុទ្ធ ដោយការជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស និងបានសុគតនៅលើឈើឆ្កាង ដើម្បីប្រោសលោះយើងឬ? បាទ។ យើងបានញែកជាបរិសុទ្ធ ដោយការជឿថា អំពើបាបទាំងអស់ ដែលសាច់ឈាមរបស់យើងបានប្រព្រឹត្ត ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ ដូច្នេះ តើបទគម្ពីរថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» មានន័យយ៉ាងដូចម្តេច?
ដើម្បីមានជំនឿ គឺត្រូវជឿលើព្រះវិញ្ញាណ មិនមែនសាច់ឈាមទេ។ មានតែការជឿលើព្រះ ព្រះបន្ទូលទ្រង់ ក្រិត្យវិន័យរបស់ទ្រង់ និងសេចក្តីប្រោសលោះរបស់ទ្រង់ប៉ុណ្ណោះ ទើបអាចញែកយើងជាបរិសុទ្ធបាន ហើយយើងអាចបានគ្រប់លក្ខណ៍បាន បន្ទាប់ពីយើងបានរាប់ជាសុចរិត ដោយសារជំនឿលើទ្រង់។ តើនេះគឺជាសេចក្តីពិតដែរទេ? នេះគឺជាសេចក្តីពិត។ សាច់ឈាមនៅតែខ្សោយ និងមិនអាចបានគ្រប់លក្ខណ៍បានឡើយ ទោះបើយើងបានរាប់ជាសុចរិត ដោយសារការទទួលបានការអត់ទោសអំពើបាបក៏ដោយ។ ព្រះគម្ពីរនិយាយថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់ » (រ៉ូម ១០:១០)។ ប៉ុន្តែសាច់ឈាមតែងតែខ្សោយ និងមិនគ្រប់លក្ខណ៍ ហើយសាច់ឈាមរបស់សាវកប៉ុលក៏បែបដូច្នេះដែរ។ ដូច្នេះ យើងមិនអាចបានរាប់ជាសុចរិត ឬទទួលបានសេចក្តីសុចរិតបន្តិចម្តងៗ ដោយសារសាច់ឈាមបានទេ ពីព្រោះសាច់ឈាមមិនអាចរស់នៅក្នុងជីវិតសុចរិតបានឡើយ។
របៀបតែមួយគត់ ដែលមនុស្សសុចរិតអាចរស់នៅបាន គឺត្រូវជឿលើព្រះ គឺទទួលយកការអត់ទោសអំពើបាប និងព្រះពរ ដែលព្រះបានប្រទានឲ្យយើង។ យើងអាចបានញែកជាបរិសុទ្ធ ហើយនៅតែសុចរិត ខណៈដែលយើងពឹងផ្អែកលើសេចក្តីសុចរិតរបស់ទ្រង់ ដែលយើងបានទទួលពីព្រះមក ហើយយើងមានជីវិតអស់កល្បជានិច្ច ដោយសារសេចក្តីជំនឿរបស់យើងលើទ្រង់ គឺជីវិតរបស់យើងពឹងផ្អែកលើសេចក្តីជំនឿលើព្រះ។ ដូច្នេះហើយបានជាព្រះគម្ពីរនិយាយថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ យើងបានញែកជាបរិសុទ្ធ ដោយសារសេចក្តីជំនឿ ហើយទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយសារសេចក្តីជំនឿ។ សាច់ឈាមមិនសុចរិត ហើយយើងមិនអាចព្យាយាមបានញែកជាបរិសុទ្ធបន្តិចម្តងៗបានឡើយ។ ប៉ុន្តែយើងអាចបានរស់នៅបាន លុះត្រាតែយើងទទួលយកជំនួយរបស់ព្រះ ដោយការជឿ និងទទួលយកទ្រង់ធ្វើជាព្រះ ព្រះអម្ចាស់ និងអ្នកគង្វាលរបស់យើង។ 
សាវកប៉ុលនិយាយថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» ដោយដកស្រង់ចេញពីកណ្ឌគម្ពីរហាបាគុកនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ គាត់ក៏និយាយផងដែរថា «ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ»។ តើសេចក្តីសុចរិតរបស់ព្រះគឺជាអ្វី? តើវាដូចគ្នានឹងសេចក្តីសុចរិតរបស់មនុស្សទេ? តើការកាត់បន្ថយអំពើបាបបន្តិចម្តងៗអាចញែកយើងជាបរិសុទ្ធបានទេ? ហើយតើយើងបានគ្រប់លក្ខណ៍ ដោយព្រោះយើងមិនធ្វើបាបទៀតសោះ បន្ទាប់ពីបានជឿដល់ព្រះយេស៊ូវឬ?
មានតែនៅក្នុងដំណឹងល្អប៉ុណ្ណោះ ដែលសេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែង ហើយវាញែកយើងជាបរិសុទ្ធ តាមរយៈការអត់ទោសអំពើបាបតែប៉ុណ្ណោះ ពីព្រោះយើងមិនអាចបានរាប់ជាសុចរិត ដោយសារសាច់ឈាមបានឡើយ។ «ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង» មានន័យថា យើងបានរាប់ជាសុចរិត ដោយសារតែ សេចក្តីជំនឿប៉ុណ្ណោះ។ មនុស្សសុចរិតនឹងរស់នៅ ដោយការមានជំនឿលើព្រះ បន្ទាប់ពីបានរាប់ជាសុចរិតហើយ។ មនុស្សសុចរិតបានរាប់ជាសុចរិត រក្សាសេចក្តីសុចរិតរបស់ព្រះ និងទទួលបានព្រះពរទាំងអស់របស់ទ្រង់ តាមរយៈសេចក្តីជំនឿ។
 
 
យើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ
 
ការស់នៅ ដោយអាងសេចក្តីជំនឿ គឺបែបដូច្នេះ។ ឆន្ទះរបស់មនុស្សរលំចុះ យ៉ាងងាយជាងវិមានខ្សាច់ទៅទៀត ទោះបើឆន្ទះនោះខ្លាំងយ៉ាងណាក៏ដោយ។ គាត់អាចនិយាយថា «ព្រះអម្ចាស់ ទូលបង្គំនឹងធ្វើនេះ ហើយធ្វើនោះ» ប៉ុន្តែសាច់ឈាមមិនអាចធ្វើបានទេ។ យើងរស់នៅ ដោយអាងសេចក្តីជំនឿលើព្រះអម្ចាស់ និងព្រះបន្ទូលអំពីសេចក្តីប្រោសលោះចេញពីបាប និងក្រិត្យវិន័យ បន្ទាប់យើងទទួលបានការអត់ទោសអំពើបាបហើយ។ តើសាច់ឈាមផ្លាស់ប្តូរទៅជាល្អ ឆ្លាត និងខ្ពស់ឬ បើសិនយើងមានជីវិតនៃសេចក្តីជំនឿអស់រយៈពេលជាយូរ? អត់ទេ។ ដូច្នេះ ដើម្បីរស់នៅ ដោយអាងសេចក្តីជំនឿ គឺត្រូវជឿលើព្រះទាំងស្រុង។ ហើយយើងបានរាប់ជាសុចរិត ដោយការមានជំនឿទាំងស្រុងតាមដំណឹងល្អ ហើយបានរស់នៅ ដោយការទទួលបានព្រះពរទាំងអស់របស់ព្រះ តាមរយៈ សេចក្តីជំនឿលើទ្រង់។
មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ នេះមានន័យថា យើងរស់នៅ ដោយសារសេចក្តីជំនឿរបស់យើងលើព្រះ។ តើអ្នកជឿដែរទេ? បាទ។ តើអ្នកធ្លាប់មានការរំពឹងចង់បានច្រើនពេកពីសាច់ឈាមរបស់អ្នកដែរទេ? ហើយតើអ្នកគិតថា «ខ្ញុំរំពឹងចង់បានតែ២០ភាគរយប៉ុណ្ណោះ ពីព្រោះសាច់ឈាមរបស់ខ្ញុំល្អនៅត្រឹមផ្នែកនេះ ហើយមិនល្អនៅផ្នែកដទៃទៀតទេ» ដែរទេ? ទោះបីជាយ៉ាងណា ព្រះគម្ពីរនិយាយថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ ព្រះមានបន្ទូលថា មនុស្សមិនអាចរស់នៅ ដោយអាងសាច់ឈាមបានឡើយ សូម្បីតែ០.១ភាគរយក៏មិនបានផង។ តើអ្នកគិតថា អ្នករក្សាជំនឿដោយមិនធ្វើបាប រហូតដល់ព្រះអម្ចាស់យាងត្រឡប់មកវិញ និងរំពឹងចង់បានតែបន្តិចបន្តួចពីសាច់ឈាមដែរទេ?
យើងបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ ទោះបើយើងបានប្រព្រឹត្តអំពើបាបយ៉ាងច្រើនក៏ដោយ។ បើសិនយើងមិនជឿលើព្រះយេស៊ូវ យើងគឺជាមនុស្សមានបាបនៅក្នុងសាច់ឈាម ទោះបើយើងល្អយ៉ាងណាក៏ដោយ។ យើងបានញែកជាបរិសុទ្ធ នៅពេលយើងជឿលើព្រះយេស៊ូវ១០០ភាគរយ ប៉ុន្តែយើងគឺជាមនុស្សមានបាប បើសិនយើងមិនជឿលើទ្រង់១០០ភាគរយ។ តើព្រះសព្វព្រះទ័យទេ នៅពេលយើងប្រព្រឹត្តអំពើបាបតែបន្តិចបន្តួច? ហើយតើទ្រង់សព្វព្រះទ័យទេ បើសិនយើងបានរាប់ជាសុចរិត តាមរយៈសាច់ឈាមរបស់យើង?
 
 
សេចក្តីសុចរិតរបស់ព្រះបានរាប់យើងជាសុចរិត
 
ចូរ យើងអាន រ៉ូម ៣:១-៨។ «ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់ ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញ សេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (ខ្ញុំនិយាយតាមបែបមនុស្ស) ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេច ឲ្យព្រះជំនុំជំរះលោកីយ៍បាន ដ្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្តីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។»
សាវកប៉ុលបាននិយាយថា «ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច?»។ តើព្រះទុច្ចរិត និងខុសឬ បើសិនដោយសារព្រះគុណ ទ្រង់សង្រ្គោះមនុស្សជាតិ ដែលមានសាច់ឈាមធ្វើបាប រហូតដល់ខ្លួនស្លាប់? សាវកប៉ុលបានសួរត្រឡប់ទៅអ្នកដែលនិយាយបង្កាច់គាត់ថា «សេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះ ដែលសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ច្បាស់ជាង»។ សាវក ប៉ុលនិយាយទៅកាន់អ្នកដែលចង់ដឹងថា មនុស្សជាតិដែលធ្វើបាបពេញមួយជីវិត អាចបានញែកជាបរិសុទ្ធ ឬយ៉ាងណា។ គាត់និយាយថា ភាពខ្សោយរបស់មនុស្សត្រូវសម្តែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ។ 
មនុស្សជាតិ ដែលមានសាច់ឈាមធ្វើបាប រហូតដល់ស្លាប់ សម្តែងឲ្យឃើញពីឧត្តមភាពនៃសេចក្តីសុចរិតរបស់ព្រះ តាមរយៈភាពខ្សោយរបស់ពួកគេ។
សេចក្តីសុចរិតរបស់ព្រះនឹងបានជាឥតប្រយោជន៍ បើសិនមនុស្សអាចបានរាប់ជាសុចរិត ដោយការប្រព្រឹត្តផ្ទាល់ខ្លួន ជាមួយនឹងសេចក្តីសុចរិតរបស់ទ្រង់៖ បើសិនមនុស្សអាចបានសង្រ្គោះ៩៧ភាគរយ ដោយជំនួយពីព្រះ ហើយ៣ភាគរយទៀត ដោយការប្រព្រឹត្តផ្ទាល់ខ្លួន។ សាវក ប៉ុលនិយាយថា ព្រះតែមួយអង្គឯងបានសង្រ្គោះទាំងស្រុងនូវអ្នកដែលបន្តធ្វើបាបពេញមួយជីវិត តាមរយៈព្រះយេស៊ូវ។ ដូច្នេះ សេចក្តីសុចរិតរបស់យើងសម្តែងឲ្យឃើញពីភាពបរិបូរនៃសេចក្តីសុចរិតរបស់ព្រះ។ សាច់ឈាមតែងតែបន្តធ្វើបាប រហូតដល់ស្លាប់ទៅវិញ គឺវាមិនអាចបានឥតខ្ចោះសម្បីតែមួយថ្ងៃផង។ ការពិតថា ព្រះយេស៊ូវបានសង្រ្គោះទាំងស្រុងនូវមនុស្សមានបាបដែលមិនឥតខ្ចោះ ចេញពីអំពោះបាបរបស់ពួកគេ សម្តែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះកាន់តែខ្លាំងឡើង។ ដូច្នេះ សាវកប៉ុលនិយាយថា «ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ» (រ៉ូម ៣:៨)។ 
តើយើងអាចបានរាប់ជាសុចរិត ដោយសារសាច់ឈាមដែរឬទេ? តើសាច់ឈាមរបស់យើងអាចបានគ្រប់លក្ខណ៍ បន្ទាប់ពីបានទទួលការអត់ទោសបាបបានដែរឬទេ? សាច់ឈាមមិនអាចធ្វើដូច្នេះបានឡើយ។ តើអ្នក និងខ្ញុំអាចបានរាប់ជាសុចរិត ដោយសារសាច់ឈាមបានដែរឬទេ? ទេ។ ប៉ុន្តែតើព្រះអម្ចាស់បានសង្រ្គោះយើងដោយឥតខ្ចោះដែរទេ? បាទ។ ព្រះអម្ចាស់បានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបទាំងអស់របស់យើងហើយ។ បើសិនយើងជឿព្រះយេស៊ូវនៅក្នុងចិត្ត តើយើងមានបាបទៀតទេ? ទេ។ យើងឥតមានបាបឡើយ ទោះបើយើងទុច្ចរិតក៏ដោយ។
ព្រះអម្ចាស់ បានមានបន្ទូលថា «មួយទៀត អ្នករាល់គ្នាបានឮសេចក្តី ដែលសំដែងមកដល់មនុស្សពីដើមថា កុំឲ្យស្បថកុហកឡើយ គឺត្រូវឲ្យធ្វើសំរេចតាមគ្រប់ទាំងសេចក្តី ដែលស្បថនឹងព្រះអម្ចាស់ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្តី ព្រោះជាក្រុងនៃស្តេចធំ ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកនឹងធ្វើឲ្យសក់១សរសៃត្រឡប់ទៅជាសឬជាខ្មៅពុំបានទេ ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗប៉ុណ្ណោះ សេចក្តីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ» (ម៉ាថាយ ៥:៣៣-៣៧)។ ការស្បថគឺជាអំពើបាប ពីព្រោះអ្នកមិនអាចធ្វើតាមសម្បថបានឡើយ។ ដូច្នេះ ចូរកុំស្បថឲ្យសោះ ប៉ុន្តែគ្រាន់តែជឿតាមព្រះបន្ទូលទ្រង់ នោះអ្នកនឹងបានរស់នៅ។ អ្នកអាចបានរាប់ជាសុចរិតបាន បើសិនអ្នកជឿលើសេចក្តីសុចរិតរបស់ទ្រង់ ហើយព្រះអម្ចាស់នឹងជួយអ្នកឲ្យជឿលើទ្រង់។
មានមាយាការយ៉ាងច្រើន។ យើងមានលក្ខណៈវិនិច្ឆ័យនៃសាច់ឈាម ពីព្រោះយើងមានសាច់ឈាម។ ដូច្នេះ មានចៅក្រមម្នាក់នៅក្នុងយើង ដែលមិនពាក់ព័ន្ធនឹងជំនឿតាមព្រះបន្ទូលព្រះឡើយ។ មានចៅក្រមពីរនាក់នៅក្នុងយើង។ ម្នាក់គឺជាខ្លួនឯង និងម្នាក់ទៀតគឺជាព្រះយេស៊ូវ។ ដូច្នេះ ចៅក្រមទាំងពីរនាក់ព្យាយាមសោយរាជ្យនៅក្នុងយើង។ យើងមានទំនោរបង្កើតច្បាប់នៃសាច់ឈាម ហើយកាត់សេចក្តី តាមច្បាប់នេះ ពីព្រោះយើងមានសាច់ឈាម។ សាច់ឈាមប្រាប់យើងថា «អ្នកល្អគ្រប់គ្រាន់ហើយ ទោះបើអ្នកបន្តធ្វើបាបក៏ដោយ។ ខ្ញុំនឹងរាប់អ្នកជាសុចរិត ទោះបើសាច់ឈាមរបស់អ្នកមិនសុចរិតបាន១០០ភាគរយក៏ដោយ»។ ចៅក្រមខាងសាច់ឈាមតែងតែផ្តល់ពិន្ទុល្អដល់អ្នក។ 
ទោះបីជាយ៉ាងណា ចៅក្រមនៃសេចក្តីសុចរិតរបស់ព្រះតម្រូវឲ្យយើងត្រឡប់ជាឥតបាប១០០ភាគរយ។ ទ្រង់គឺបរិសុទ្ធ។ យើងអាចបានរាប់ជាសុចរិតបាន លុះត្រាតែយើងទទួលបានការអត់ទោសបាប ដោយសារសេចក្តីជំនឿ។ ដូច្នេះ អ្នកជឿតាមដំណឹងល្អរបស់ទ្រង់បានឈានដល់សេចក្តីសុចរិតរបស់ព្រះហើយ។ យើងបានរាប់ជាសុចរិត ហើយ។ អ្នកដែលជឿលើព្រះ ពិតជានឹងបានរស់នៅ។ ពួកគេទទួលបានជំនួយព្រះ។ មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ នេះមានន័យថា អ្នកមិនជឿ និងអ្នកដែលរស់នៅដោយសាច់ឈាម មិនអាចបានរស់នៅឡើយ។ ដូច្នេះហើយបានជាខ្ញុំកំពុងតែប្រាប់អ្នក និងពន្យល់អំពីអត្ថន័យលម្អិត ដូចដែលយើងស្ងោរឆ្អឹងម្តងហើយម្តងទៀត រហូតដល់ស៊ុបត្រឡប់ជាពណ៌ស។ 
 
 
យើងត្រូវការសេចក្តីជំនឿ
 
យើង ត្រូវយល់ពីព្រះគម្ពីរ ប៉ុន្តែការជឿរបស់យើងតថាមព្រះគម្ពីរគឺសំខាន់ជាងទៅទៀត។ មនុស្សចំនួនគ្រាន់តែជឿលើការបង្កបង្កើតរបស់ព្រះនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ។ ហើយមនុស្សមួយចំនួនជឿថា ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី និងថា ព្រះយេស៊ូវបានលាងសម្អាតបាបតាំងពីកំណើតតែប៉ុណ្ណោះ។ ពួកគេជឿថា អំពើបាបប្រចាំថ្ងៃរបស់ពួកគេគួរតែត្រូវបានលាងសម្អាត ជារៀងរាល់ថ្ងៃ។ ពួកគេធ្វើការវិនិច្ឆ័យផ្ទាល់ខ្លួន តាមច្បាប់ខាងសាច់ឈាម។ តើយើងជឿព្រះគម្ពីរខ្លាំងប៉ុណ្ណា? មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។ យើងអាចបានរស់នៅ និងបានរាប់ជាសុចរិតបាន តាមរយៈសេចក្តីជំនឿតែប៉ុណ្ណោះ។ ដូច្នេះ ចាប់ពីដើមដំបូងដល់ចុងបញ្ចប់ យើងត្រូវការមានសេចក្តីជំនឿលើព្រះ។ 
ដូច្នេះ តើអ្នកជឿខ្លាំងប៉ុណ្ណា? តើអ្នកគ្រាន់តែស្មានខ្លួនឯងតាមតែចិត្ត និងគំនិតខាងសាច់ឈាម ហើយគិតថា «ខ្ញុំមិនមានបញ្ហាអ្វីទេ ពីព្រោះសាច់ឈាមរបស់ខ្ញុំល្អ» ឬ «ខ្ញុំខ្សោយខ្លាំងណាស់ ដើម្បីជឿលើព្រះ» ឬ? តើអ្នកគ្រាន់តែផ្តល់ពិន្ទុខ្លួនឯង៨០ភាគរយនៅថ្ងៃនេះ ហើយ៩៥ភាគរយនៅថ្ងៃស្អែក ប៉ុន្តែ៥ភាគរយនៅថ្ងៃផ្សេងទៀត ដោយគិតថា «វាពិតជាល្អប្រសើរ បើសិនខ្ញុំបានកើតជាថ្មី» ឬ? តើអ្នកគិតដូច្នេះឬ? បាទ។ ហើយខ្ញុំក៏គិតដូច្នេះដែរ។
ខ្ញុំពិតជាដូច្នេះ នៅពេលខ្លះ។ សូម្បីតែនៅពេលខ្ញុំមានអារម្មណ៍ធូរស្បើយ ក៏ខ្ញុំគិតថា «វាពិតជាប្រសើរជាង បើសិនខ្ញុំមិនបានជឿលើព្រះអម្ចាស់ និងមិនបានស្គាល់ទ្រង់។ វាហាក់ដូចជាកាន់តែពិបាក ក្នុងការរស់នៅក្នុងជីវិតនៃសេចក្តីជំនឿ រហូតដល់ពេលនេះ។ ខ្ញុំមានភាពតានតឹងក្នុងការមើលឃើញអនាគត និងនឹកឃើញពីអតីតកាល។ ខ្ញុំគួរឲ្យកោតសរសើរ ដែលបានមានជីវិតនៃសេចក្តីជំនឿ រហូតដល់ពេលនេះ។ ប៉ុន្តែព្រះអម្ចាស់អើយ ទូលបង្គំនឹងមិនអាចដើរជាមួយទ្រង់បានល្អទេ ចាប់ពីពេលនេះតទៅ។ ទូលបង្គំងាយនឹងធ្វើបាបខ្លាំងណាស់ ចាប់តាំងពីទូលបង្គំបានស្គាល់ទ្រង់មក។ គំនិត និងលក្ខណៈវិនិឆ្ឆ័យជាច្រើនបានចេញមកពីក្នុងទូលបង្គំ ចាប់ពីទូលបង្គំបានស្គាល់ទ្រង់មក។ ព្រះអម្ចាស់អើយ ទូលបង្គំគ្រាន់តែបានដើរតាមទ្រង់ ដោយមិនបានស្គាល់ទ្រង់យ៉ាងច្បាស់លាស់សោះ។ ប៉ុន្តែឥឡូវនេះ ទូលបង្គំគ្មានទំនុកចិត្តខ្លួនឯង ក្នុងការដើរតាមទ្រង់ទៀតទេ។ ហេតុអ្វី? ពីព្រោះទូលបង្គំដឹងថា ព្រះបរិសុទ្ធ និងគ្រប់លក្ខណ៍។ ឱព្រះអម្ចាស់អើយ ទូលបង្គំមិនអាចដើរតាមទ្រង់ទៀតទេ ពីព្រោះទូលបង្គំគ្មានទំនុកចិត្តឡើយ»។ 
ដូច្នេះ ព្រះប្រាប់យើងឲ្យរស់នៅ ដោយសេចក្តីជំនឿ ពីព្រោះទ្រង់ស្គាល់យើងយ៉ាងច្បាស់លាស់។ ទ្រង់មានបន្ទូលថា «អ្នកត្រូវតែរក្សាភាពសុចរិត និងព្រះពរ ដោយសារសេចក្តីជំនឿ។ អំពើបាបទាំងអស់របស់អ្នកត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទអស់ហើយ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ អ្នកតែងតែធ្វើបាប នៅពេលខ្ញុំយកក្រិត្យវិន័យមកគិតអំពីសាច់ឈាមរបស់អ្នក។ ដូច្នេះ ចូរទទួលស្គាល់ថា អ្នកតែងតែធ្វើបាបចុះ។ តើព្រះអង្គសង្រ្គោះរបស់អ្នកបានដោះអំពើបាបរបស់អ្នកចេញឬទេ? បាទ ទ្រង់បានធ្វើដូច្នេះ។ តើអំពើបាបទាំងអស់របស់អ្នកត្រូវបានផ្ទេរទៅលើព្រះអង្គសង្រ្គោះរបស់អ្នកឬទេ? បាទ។ ដូច្នេះ តើអ្នកមានបាបដែរទេ? ទេ។ តើព្រះអម្ចាស់បានសង្រ្គោះអ្នកឬទេ? បាទ។ ដូច្នេះ មេឃស្រទុំនឹងត្រឡប់ទៅជាមេឃមានពន្លឺថ្ងៃ ដូចជាពាក្យនៅក្នុងបទសរសើរតម្កើងថា «នៅថ្ងៃនេះ មានពន្លឺថ្ងៃនៅក្នុងព្រលឹងរបស់ខ្ញុំហើយ»។ 
 
 
យើងមិនអាចក្លាយជាមនុស្សមានបាបម្តងទៀតបានឡើយ
 
យើង អាចសង្ឃឹមបាន នៅពេលយើងគិតអំពីអនាគត ប៉ុន្តែវាមានពន្លឺថ្ងៃ នៅពេលយើងសំឡឹងទៅឯព្រះអម្ចាស់ ដោយសេចក្តីជំនឿ។ ដូច្នេះ ព្រះមានបន្ទូលថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តី ជំនឿ។ តើអ្នកជឿដែរឬទេ? បាទ។ យើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿ ហើយក៏រស់នៅ ដោយសារសេចក្តីជំនឿផងដែរ។ តើយើងជឿលើអ្នកណា? យើងរស់នៅ ដោយជឿលើព្រះ។ មានតែមនុស្សសុចរិតទេ ទើបរស់នៅ ដោយអាងសេចក្តីជំនឿ។ តើអ្នកជឿដែរឬទេ? បាទ។ តើអ្នកអាចរក្សាសេចក្តីសុចរិតរបស់ព្រះ ដោយការហ្វឹកហាត់សាច់ឈាមយ៉ាងល្អដែរឬទេ? ទេ។ តើសេចក្តីសុចរិតរបស់ព្រះលែងមានសុពលភាពឬ នៅពេលសាច់ឈាមធ្វើបាប? ហើយតើយើងក្លាយជាមនុស្សមានបាបម្តងទៀតដែរឬទេ? ទេ។ 
សាវកប៉ុលបាននិយាយនៅក្នុង កាឡាទី ២:១៨ ថា «ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ»។ មនុស្សម្នាក់ដែលជឿថា អំពើបាបទាំងអស់របស់ខ្លួនត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទរួចហើយ តាមរយៈបុណ្យជ្រមុជ និងថា ទ្រង់បានទទួលទណ្ឌកម្មនៅលើឈើឆ្កាងជំនួសខ្លួន មិនអាចក្លាយជាមនុស្សមានបាបម្តងទៀតបានឡើយ។ ហើយមនុស្សម្នាក់ដែលមិនបដិសេធព្រះយេស៊ូវ បានញែកជាបរិសុទ្ធ តែម្តងជាសម្រេច និងឥតមានបាបទេ ពីព្រោះអំពើបាបទាំងអស់របស់គាត់ត្រូវបានផ្ទេរទៅលើទ្រង់រួចហើយ មិនអាចក្លាយជាមនុស្សមានបាបម្តងទៀតបានឡើយ។ តើអ្នកយល់ពីការពិតនេះដែរឬទេ? បាទ ខ្ញុំយល់។
ព្រះដែលបានសង្រ្គោះយើង គឺតែងតែជាព្រះអម្ចាស់ និងព្រះវរបិតារបស់យើងជានិច្ច។ ព្រះតែងតែជួយយើង ហើយគង់នៅជាមួយយើង រហូតដល់ចុងបញ្ចប់នៃផែនដីនេះ។ ដូច្នេះហើយបានជាទ្រង់មានបន្ទូលថា «ចូររស់នៅ ដោយសេចក្តីជំនឿ ហើយខ្ញុំនឹងជួយអ្នក បើសិនអ្នកជឿលើខ្ញុំ។ ហើយពួកទេវតានឹងបម្រើអ្នកដែលបានកើតជាថ្មី»។ ពួកទេវតាគឺជាអ្នកបម្រើរវាងព្រះ និងយើង។ ពួកគេប្រាប់ព្រះអម្ចាស់គ្រប់យ៉ាងអំពី យើង។ ព្រះបានយកយើងធ្វើជាកូនរបស់ទ្រង់។ តាមនិស្ស័យរបស់យើង យើងគឺជាមនុស្សមានបាប ដែលមិនអាចបានរាប់ជាសុចរិត ដោយសារ ទង្វើរបស់សាច់ឈាមបានឡើយ ប៉ុន្តែយើងបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿវិញ។
យើង សូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលទ្រង់បានយាងមកធ្វើជាព្រះវរបិតា និងអ្នកគង្វាលរបស់យើង ដោយសារសេចក្តីជំនឿ។