Search

សេចក្តីអធិប្បាយ

Subject 11 : រោងឧបោសថ

[11-14] វាំងននដែលបានរហែក (ម៉ាថាយ ២៧:៥០-៥៣)

វាំងននដែលបានរហែក
(ម៉ាថាយ ២៧:៥០-៥៣)
«កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញ ដែរ។»
 

ទីបរិសុទ្ធបំផុតគឺជាកន្លែងដែលព្រះគង់នៅ។ ហើយមានតែសម្តេចសង្ឃប៉ុណ្ណោះ ដែលអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបានក្នុងមួយឆ្នាំម្តង នៅថ្ងៃធួននឹងបាប ដោយកាន់ឈាមពពែយញ្ញបូជាសម្រាប់ការអត់ទោសបាបដល់សាសន៍ អ៊ីស្រាអែល។ គាត់បានធ្វើដូច្នេះ ពីព្រោះទីបរិសុទ្ធបំផុតនៅក្នុងរោងឧបោសថ ដែលជាតំណាក់របស់ព្រះ គឺជាកន្លែងបរិសុទ្ធមួយ ដែលគាត់មិនអាចចូលទៅបានឡើយ បើសិនគាត់មិនបានកាន់ឈាមតង្វាយយញ្ញបូជា ដែលគាត់បានដាក់ដៃរបស់គាត់លើ ដើម្បីដោះអំពើបាបរបស់ពួកមនុស្សមានបាបចេញ។ នៅក្នុងន័យផ្សេង សូម្បីតែសម្តេចសង្ឃ ក៏មិនអាចគេចផុតពីការទទួលទោសពីព្រះបានដែរ បើសិនគាត់មិនបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់គាត់ ដោយការថ្វាយយញ្ញបូជាមួយ មុនពេលចូលទៅក្នុងវត្តមានរបស់ទ្រង់។ 
តើវាំងននព្រះវិហារបានរហែកនៅពេលណា? វាបានរហែក នៅពេលព្រះយេស៊ូវបានសម្រក់ព្រះលោហិតទ្រង់ និងសុគតនៅលើឈើឆ្កាង។ ហេតុអ្វីទ្រង់បានសម្រក់ព្រះលោហិតទ្រង់ និងសុគតនៅលើឈើឆ្កាង? ពីព្រោះព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះ ដែលបានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើបាបទាំងអស់របស់ពួកមនុស្សមានបាប ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់អាចបញ្ចប់ទោសនៃបាបបាន លុះត្រាតែទ្រង់សម្រក់ព្រះលោហិតទ្រង់ និងសុគតនៅលើឈើឆ្កាង។ ដូច្នេះហើយបានជាវាំងននដែលខណ្ឌចែកទីបរិសុទ្ធបំផុតពីទីបរិសុទ្ធនៅក្នុងតំណាក់ព្រះ បានរហែកពីលើដល់ក្រោម។ នេះមានន័យថា ជញ្ជាំងនៃបាបដែលបានខណ្ឌចែកព្រះពីមនុស្សជាតិ បានដួលរលំតែម្តងជាសម្រេច។ 
នៅក្នុងន័យផ្សេង តាមរយៈបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង ទ្រង់បានដោះអំពើបាបទាំងអស់ចេញ។ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាបានដោះអំពើបាបទាំងអស់របស់យើងចេញតែម្តងជាសម្រេច ហើយបានបើកផ្លូវទៅស្ថានសួគ៌ ដើម្បីឲ្យគ្រប់គ្នាអាចចូលទៅក្នុងស្ថានសួគ៌បាន ដោយការជឿលើបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ព្រះយេស៊ូវ។ 
នៅពេលព្រះយេស៊ូវនៅសុគតនៅលើឈើឆ្កាង ភាពងងឹតបានគ្របដណ្តប់លើកន្លែងដែលទ្រង់គង់នៅ អស់រយៈពេលបីម៉ោង។ បន្ទាប់ពីបានផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះនៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ ព្រះយេស៊ូវត្រូវបានគេឆ្កាង ហើយនៅពេលទ្រង់ជិតសុគត ទ្រង់ស្រែកថា «អេលីៗល៉ាម៉ាសាបាច់ថានី?» ដែលមានន័យថា «ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។ បន្ទាប់មក មុនពេលទ្រង់សុគត ទ្រង់មានបន្ទូលជាចុងក្រោយថា «ការស្រេចហើយ!»។ ហើយរយៈពេលបីថ្ងៃបន្ទាប់ ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ បានធ្វើបន្ទាល់អស់រយៈពេល៤០ថ្ងៃ ហើយបន្ទាប់មក បានយាងទៅស្ថានសួគ៌វិញ នៅចំពោះភ្នែកពួកសិស្ស និងអ្នកដើរតាមជាច្រើននាក់របស់ទ្រង់។
 

តើព្រះវរបិតាពិតជាបានបោះបង់ព្រះយេស៊ូវចោលមែនឬ?

ការឈឺចាប់ ដែលព្រះយេស៊ូវបានរងទុក្ខមានភាពខ្លាំងក្លាណាស់ រហូតដល់ទ្រង់បានគិតថា ព្រះវរបិតារបស់ទ្រង់បានបោះបង់ទ្រង់ចោលហើយ។ ការរងទុក្ខពីទោសនៃបាបគឺពិតជាធ្ងន់ធ្ងរបែបនេះមែន។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោក យ៉ូហាន ទ្រង់ពិតជាត្រូវបានព្រះវរបិតាបោះបង់ចោលរយៈខ្លី នៅពេលទ្រង់ទទួលទោសនៃបាបនៅលើឈើឆ្កាង។ ព្រះវរបិតាត្រូវតែដាក់ទោសដល់អ្នកណាដែលមានបាប ហើយដោយសារតែអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ព្រះយេស៊ូវត្រូវតែទទួលការចាក់ទម្លុះ ហើយសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ទុកជាទណ្ឌកម្មសម្រាប់អំពើបាបទាំងអស់។ 
ដោយសារព្រះយេស៊ូវដែលជាព្រះទ្រង់ផ្ទាល់ បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ អំពើបាបរបស់លោកិយនេះត្រូវបានផ្ទេរទៅលើរូបកាយដ៏បរិសុទ្ធរបស់ទ្រង់។ ដូច្នេះ បន្ទាប់ពីបានទទួលយកអំពើបាបរបស់លោកិយនេះហើយ ឥឡូវនេះ ព្រះយេស៊ូវត្រូវបានព្រះវរបិតាបោះបង់ចោលមួយរយៈខ្លី ដើម្បីរងទុក្ខ និងសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើង ហើយដូច្នេះ សង្រ្គោះមនុស្សជាតិចេញពីអំពើបាបទាំងអស់។ ដូច្នេះហើយបានជាព្រះយេស៊ូវត្រូវតែទទួលការរងទុក្ខដ៏ធ្ងន់ធ្ងរបំផុតពីទោសនៃបាប ហើយព្រះវរបិតាអាចបែរព្រះភ័ក្រទ្រង់ចេញពីព្រះរាជបុត្រារបស់ទ្រង់មួយរយៈពេលខ្លីបាន។ 
ប៉ុន្តែនេះមិនមានន័យថា ព្រះយេស៊ូវត្រូវបានព្រះវរបិតាបោះបង់ចោលជារៀងរហូតឡើយ។ ប៉ុន្តែវាគ្រាន់តែមានន័យថា ព្រះយេស៊ូវត្រូវតែទទួលយកទណ្ឌកម្មនៃអំពើបាបជំនួសយើងប៉ុណ្ណោះ ហើយដូច្នេះ ទ្រង់ត្រូវបានព្រះវរបិតាបោះបង់ចោលមួយរយៈពេលខ្លី។ ប៉ុន្តែនៅពេលព្រះយេស៊ូវបានស្រែកនៅក្នុងការឈឺចាប់របស់ទ្រង់ថា «ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» ដោយព្រោះព្រះយេស៊ូវបានរងទុក្ខដ៏ធ្ងន់ធ្ងរបំផុតពីទោសនៃបាបនេះហើយ ដែលយើងបានសង្រ្គោះចេញពីទោសនៃបាប។ យើងគឺជាអ្នកដែលព្រះត្រូវតែបោះបង់ចោល ដោយសារតែអំពើបាបរបស់យើង ប៉ុន្តែព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង បានទទួលរងការឈឺចាប់ពីទណ្ឌកម្មនៃបាបនៅលើឈើឆ្កាង ហើយលើសពីនេះ ទ្រង់ត្រូវបានព្រះវរបិតាបោះបង់ចោលមួយរយៈពេលខ្លី ដោយសារតែយើង។ 
ដូចដែលអ្នកបានដឹងរួចហើយ បន្ទាប់ពីការសាងសង់ព្រះវិហារនៅកំឡុងរាជ្យរបស់ស្តេចសាឡូម៉ូន រោងឧបោសថត្រូវបានជំនួស ដោយព្រះវិហារវិញ។ ប៉ុន្តែមូលដ្ឋានគ្រឹះនៃប្រព័ន្ធរោងឧបោសថ នៅតែត្រូវបានអនុវត្តនៅក្នុងព្រះវិហារ ដូចដែលត្រូវបានអនុវត្តមុនពេលការសាងសង់ព្រះវិហារដដែល។ ដូច្នេះ ក៏មានវាំងននមួយ ដែលខណ្ឌចែកទីបរិសុទ្ធបំផុតចេញពីទីបរិសុទ្ធនៃព្រះវិហារផងដែរ។ ហើយនៅវេលាដែលព្រះអម្ចាស់របស់យើងបានស្រែកនៅលើឈើឆ្កាងថា «អេលីៗល៉ាម៉ាសាបាច់ថានី?» វាំងននព្រះវិហារនេះបានរហែកពីលើដល់ក្រោម។ ព្រឹត្តិការណ៍នេះប្រាប់យើងពីសេចក្តីពិតថា ដោយសារព្រះអម្ចាស់បានលាងសម្អាតអំពើបាបរបស់យើងចេញ ដោយបុណ្យជ្រមុជដែលទ្រង់បានទទួល និងព្រះលោហិតដ៏វិសេស ដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង ឥឡូវនេះ ទ្វារស្ថានសួគ៌បានរបើកឡើង ដើម្បីឲ្យអស់អ្នកដែលជឿ អាចចូលបាន។ ដូច្នេះ ឥឡូវនេះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងទាំងអស់គ្នាអាចចូលទៅស្ថានសួគ៌ ដោយសេចក្តីជំនឿបាន។ 
តាមរយៈការបើកសម្តែងពីប្រព័ន្ធរោងឧបោសថ មនុស្សនៅសម័យព្រះគម្ពីរសញ្ញាចាស់ក៏បានជឿលើព្រះយេស៊ូវដែលនឹងយាងមកក្នុងនាមជាព្រះមែស៊ីផងដែរ ហើយដូច្នេះ ពួកគេក៏បានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេ ហើយបានធ្វើជាកូនរបស់ព្រះផងដែរ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សេចក្តីសុចរិតនៃការអត់ទោសបាបទាំងអស់របស់ព្រះត្រូវបានបំពេញសម្រេចតែម្តងជាសម្រេច នៅពេលព្រះអម្ចាស់របស់យើងបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ និងបានសុគតនៅលើឈើឆ្កាង។ មូលហេតុដែលបន្ទាប់ពីបានស្តាប់ឮ និងបានជឿតាមដំណឹងល្អអំពីការអត់ទោសបាប ដែលព្រះអម្ចាស់បានប្រទានឲ្យយើងហើយ យើងមានចិត្តដែលអរព្រះគុណ គឺដោយសារយើងមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
យើងមិនអាចសង្រ្គោះខ្លួនឯងចេញពីបាបបានឡើយ ប៉ុន្តែដោយសារ សេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើង តាមរយៈទឹក និងព្រះវិញ្ញាណ យើងអាចបានទទួលការអត់ទោសបាប ដោយការជឿតាមសេចក្តីពិតនេះបាន។ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យយើង អំពើបាបរបស់យើងបានរលាយបាត់ ហើយឥឡូវនេះ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌បានហើយ។ យើងបានទទួលព្រះពរនេះ ហើយយើងត្រូវតែអរព្រះគុណដល់ព្រះ។ យើងគ្រាន់តែអាចអរព្រះគុណដល់ទ្រង់ប៉ុណ្ណោះ ពីព្រោះឥឡូវនេះ យើងដឹងថា ទ្វារស្ថានសួគ៌បានរបើកពីលើដល់ក្រោម នៅវេលាដែលព្រះអម្ចាស់របស់យើងសុគត។ នេះគឺជាដំណឹងគួរឲ្យរីករាយ ដែលប្រាប់យើងថា ព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលនៅក្នុងទន្លេយ័រដាន់ បានទទួលយកទណ្ឌកម្មនៃបាប ដោយព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីសង្រ្គោះអ្នកណាដែលជឿចេញពីបាប។ 
ការពិតថា វាំងនននៃព្រះវិហារបានរហែកពីលើដល់ក្រោម នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង បង្រៀនយើងអំពីសេចក្តីពិតថា នៅសម័យនេះ អ្នកដែលបានស្អាតពីបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះលោហិត អាចចូលទៅស្ថានសួគ៌បាន។ នេះគឺជាភស្តុតាងចុងក្រោយនៃសេចក្តីពិតអំពី សេចក្តីសង្រ្គោះ ដែលព្រះអម្ចាស់បានប្រទានឲ្យយើង។ ដោយសារយើងគឺជាពួកមនុស្សមានបាប មានជញ្ជាំងបាបមួយដែលបានបាំងយើងមិនឲ្យចូលទៅចំពោះព្រះបាន ប៉ុន្តែដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ព្រះយេស៊ូវបានរើជញ្ជាំងនេះចេញតែម្តងជាសម្រេច។ ការដែលព្រះបានហែកវាំងននព្រះវិហារពីលើដល់ក្រោម បង្រៀនយើងថា អ្នកដែលជឿលើបុណ្យជ្រមុជដែលព្រះរាជបុត្រានៃព្រះបានទទួល ដើម្បីទទួលយកអំពើបាបទាំងអស់របស់មនុស្សមានបាប ហើយជឿលើព្រះលោហិតទ្រង់នៅលើឈើឆ្កាង អាចបានស្អាតយ៉ាងគ្រប់លក្ខណ៍ចេញពីអំពើបាបរបស់ពួកគេ ហើយចូលទៅស្ថានសួគ៌បានដោយសេរី។ 
ព្រះយេស៊ូវបានហែកវាំងននព្រះវិហារពីលើដល់ក្រោម ដើម្បីទុកជា ភស្តុតាងនៃព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះទាំងអស់ ដែលទ្រង់បានបំពេញ សម្រេច។ ដូច្នេះ ហេព្រើរ ១០:១៩-២២ ប្រាប់យើងថា «ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ»។ 
នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្វារចូលទៅទីបរិសុទ្ធបំផុតត្រូវបានបើក នៅពេលវាំននរបស់វារហែក ហើយទ្វារទីបរិសុទ្ធដែលបើកនៅទីនេះគឺជាព្រះបន្ទូលព្រះអំពីដំណឹងល្អ ដែលបានបើកផ្លូវរស់នៅថ្មីមួយទៅកាន់ ស្ថានសួគ៌។ នៅទីនេះ ព្រះគម្ពីរប្រាប់យើងម្តងទៀតថា អំពើបាបទាំងអស់នៅក្នុងចិត្ត និងរូបកាយរបស់យើងត្រូវបានដោះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ (ទឹកដ៏ស្អាត) និងព្រះលោហិតរបស់ទ្រង់ ហើយដូច្នេះ យើងអាចបានស្អាតបាន ដោយការធានាយ៉ាងពេញលេញនៃសេចក្តីជំនឿលើសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ទ្រង់។
ដោយហេតុនេះ ខ្ញុំសូមថ្វាយការអរព្រះគុណទាំងអស់របស់ខ្ញុំទៅកាន់ព្រះ។ យើងមិនអាចចូលស្ថានសួគ៌បានឡើយ ទោះបើយើងព្យាយាមយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់មនុស្សដូចជាយើង ព្រះយេស៊ូវបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈកិច្ចការដ៏សុចរិតនៃបុណ្យជ្រមុជរបស់ទ្រង់ និងការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយទ្រង់បានបើកទ្វារចូលទៅស្ថានសួគ៌ ដើម្បីឲ្យអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចូលបាន។ ឥឡូវនេះ យើងអាចបានស្អាតពីអំពើបាបរបស់យើង ហើយចូលទៅស្ថានសួគ៌ដោយសេចក្តីជំនឿ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានហើយ។ 
ដោយសារព្រះអម្ចាស់បានបើកទ្វារចូលស្ថានសួគ៌សម្រាប់យើង ដោយការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង ឥឡូវនេះ យើងអាចលាងសម្អាតអំពើបាបរបស់យើង ហើយចូលស្ថានសួគ៌ ដោយការជឿតាមសេចក្តីពិតនេះបានហើយ។ ដូច្នេះ យើងត្រូវតែអរព្រះគុណដល់ព្រះ។ តាមការពិត យើងមិនអាចអរព្រះគុណដល់ទ្រង់ឲ្យបានគ្រប់គ្រាន់ សម្រាប់សេចក្តីស្រឡាញ់ដែលលះបង់របស់ទ្រង់បានឡើយ។ ទ្វារវាំងនននៃទីបរិសុទ្ធបំផុតត្រូវបានរហែកពីលើដល់ក្រោម ដោយសារបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ដើម្បីទទួលយកអំពើបាបរបស់យើង និងតង្វាយយញ្ញបូជានៃរូបកាយរបស់ទ្រង់ ដែលទ្រង់បានលះបង់ ដើម្បីទទួលយកទោសនៃអំពើបាបទាំងនេះជំនួសយើង។ 
 


មានតែផ្លូវតែមួយគត់ ដើម្បីចូលស្ថានសួគ៌


ដោយសារយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង យើងនឹងចូលទៅស្ថានសួគ៌។ គ្មានផ្លូវណាផ្សេងទៀត ដើម្បីចូលទៅស្ថានសួគ៌ឡើយ បើសិនមិនជឿតាមដំណឹងល្អនៃសេចក្តីពិតទេ។ លុះត្រាតែយើងជឿលើអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ទើបយើងអាចចូលទៅស្ថានសួគ៌បាន ពីព្រោះព្រះបានបំពេញព្រះរាជកិច្ចដូច្នេះសម្រាប់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ 
ដូច្នេះហើយបានជាគ្រីស្ទបរិស័ទមិនអាចចូលទៅស្ថានសួគ៌ តាមរយៈការខិតខំប្រឹងប្រែង ភាពស្មោះត្រង់ ឬសេចក្តីកំពុតទាំងឡាយរបស់ពួកគេបានឡើយ។ ព្រះបានកំណត់ថា មានតែអ្នកដែលបានស្អាតពីអំពើបាបរបស់ខ្លួន ដោយការជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងការសម្រក់ព្រះលោហិតរបស់ទ្រង់ប៉ុណ្ណោះ ដែលអាចចូលទៅស្ថានសួគ៌បាន។ អ្នកដែលជឿតាមសេចក្តីពិតនេះ គឺជាអ្នកដែលជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ព្រះទ្រង់ផ្ទាល់ និងព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ច ដែលបានសង្រ្គោះពួកគេចេញពីបាប តាមរយៈបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ ហើយព្រះប្រទានការលាងសម្អាតបាបដល់ពួកគេ។ ព្រះវរបិតាបានជួយឲ្យអ្នកដែលជឿតាមសេចក្តីពិតទាំងនេះអាចចូលទៅក្នុងនគរស្ថានសួគ៌បាន ដោយ សេចក្តីជំនឿ តាមរយៈបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងការរងទុក្ខដែលទ្រង់បានទ្រាំទ្រនៅលើឈើឆ្កាង។ 
តើយើងត្រូវការប្រាក់ ដើម្បីចូលទៅស្ថានសួគ៌ដែរទេ? បើសិនដូច្នេះមែន យើងនឹងទទួលបានសេចក្តីសង្រ្គោះរបស់យើង ដោយការបង់ថ្លៃហើយ ហើយដូច្នេះ សេចក្តីសង្រ្គោះនេះមិនអាចត្រូវបានព្រះអម្ចាស់ប្រទានឲ្យ ដោយឥតគិតថ្លៃបានឡើយ។ ប៉ុន្តែដើម្បីចូលទៅស្ថានសួគ៌ យើងមិនត្រូវការអ្វីក្រៅពីសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ នៅក្នុងន័យផ្សេង ដើម្បីចូលទៅស្ថានសួគ៌ យើងមិនត្រូវការការបង់ថ្លៃ ការប្រព្រឹត្ត ឬការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់យើងឡើយ។ គ្មានអ្វីក្រៅពីអត្តចរិតរបស់យើងទេ ដែលយើងត្រូវតែមាន ដើម្បីចូលទៅស្ថានសួគ៌។ ដូច្នេះ ដើម្បីឲ្យយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលទៅស្ថានសួគ៌ ព្រះមិនតម្រូវឲ្យយើងមានការខិតខំប្រឹងប្រែង ការប្រព្រឹត្តល្អ ឆន្ទះ ការបង់ថ្លៃ ឬសេចក្តីល្អអ្វីឡើយ។ 
មានអ្វីមួយ ដែលពិតជាចាំបាច់បំផុត ដើម្បីឲ្យយើងបានចូលទៅស្ថានសួគ៌ ហើយវាគឺជាសេចក្តីជំនឿមួយ ដែលជឿលើបុណ្យជ្រមុជនៃការលាងសម្អាតបាប ដែលព្រះយេស៊ូវបានទទួលនៅក្នុងទន្លេយ័រដាន់ និងយញ្ញបូជាដែលទ្រង់បានថ្វាយ ដោយការសម្រក់ព្រះលោហិតនៅលើឈើឆ្កាង សម្រាប់ការអត់ទោសបាបរបស់យើង។ គ្មានផ្លូវអ្វីផ្សេងទៀតឡើយ។ អ្វីតែមួយគត់ ដែលយើងត្រូវការ គឺជាសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ដោយហេតុនេះ ដើម្បីទទួលបានការអត់ទោសបាប និងចូលទៅស្ថានសួគ៌ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានបំពេញសម្រេចរួចហើយ។ 
ព្រះយេស៊ូវដែលជាព្រះអម្ចាស់នៃសេចក្តីស្រឡាញ់ បានបំពេញសម្រេចសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយសារព្រះយេស៊ូវបានបំពេញសម្រេចសេចក្តីសង្រ្គោះនៃការអត់ទោសបាបរួចហើយ បើសិនពួកមនុស្សមានបាបគ្រាន់តែជឿយ៉ាងអស់ពីចិត្តតាមដំណឹងល្អនៃសេចក្តីពិតនេះ ពួកគេអាចបានរួចពីអំពើបាបទាំងអស់របស់ពួកគេបាន។ ព្រះអម្ចាស់បានអត់ទោសដល់អំពើបាបទាំងអស់របស់យើងរួចហើយ ទោះបើយើងមានអំពើបាបច្រើន ឬតែបន្តិចក៏ដោយ ហើយទ្រង់បានជួយឲ្យគ្រប់គ្នាអាចចូលទៅស្ថានសួគ៌បាន ដោយសេចក្តីជំនឿ។ 
ការដែលព្រះយេស៊ូវបានបើកទ្វារស្ថានសួគ៌ ដើម្បីឲ្យពួកមនុស្សមានបាបអាចចូលបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាព្រះគុណនៃសេចក្តីសង្រ្គោះដ៏វិសេសវិសាល។ «ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ ដើម្បីផ្ទុកអំពើបាបទាំងអស់របស់ខ្ញុំ ហើយបានសុគតនៅលើឈើឆ្កាងជំនួសខ្ញុំ! ទ្រង់បានលាងសម្អាតអំពើបាបរបស់ខ្ញុំ ហើយបានបើកទ្វារស្ថានសួគ៌សម្រាប់ខ្ញុំហើយ! ទ្រង់បានស្រឡាញ់ខ្ញុំយ៉ាងខ្លាំង រហូតដល់ទ្រង់បានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតទ្រង់ និងបានបំពេញសម្រេចការអត់ទោសបាបរបស់ខ្ញុំតាមរបៀបនេះ!» ដូច្នេះ កាលណាអ្នកជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះ អ្នកនឹងចូលទៅស្ថានសួគ៌ ដោយសេចក្តីជំនឿនេះ។ 
មនុស្សមិនពិបាកជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេទេ ប៉ុន្តែអ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែទទួលយកទុកនៅក្នុងចិត្តនូវការពិតដែលត្រូវបានព្រះយេស៊ូវបំពេញសម្រេចរួចហើយ កាលទ្រង់គង់នៅលើផែនដីនេះ ហើយជឿតាមប៉ុណ្ណោះ។ យើងនឹងបានសង្រ្គោះ បើសិនយើងជឿនៅ ក្នុងចិត្តថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់ តាមរយៈព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង និងតាមរយៈព្រះវិញ្ញាណ។
«អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។ ទោះបីជាអំពើបាបរបស់យើងធំ ឬតូចក៏ដោយ ក៏តាមរយៈការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតទ្រង់ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់នោះចេញដែរ។ ហើយដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីពិតដែលដោះយើងឲ្យបានរួចពីបាប យើងអាចទទួលបានសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ច និងសេរីភាពនៃសេចក្តីសង្រ្គោះដ៏ពិតនេះបាន។ 
តាមរយៈការបំពេញសម្រេចដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះអម្ចាស់បានបើកទ្វារស្ថានសួគ៌យ៉ាងធំ។ ព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានដឹកនាំយើងចូលទៅកាន់តែជិតព្រះ ហើយវាជួយឲ្យយើងអាចទទួលបានស្ថានសួគ៌នៅពេលអនាគត។ ឥឡូវនេះ បើសិនអ្នកចង់ចូលទៅក្នុងស្ថានសួគ៌ ក៏ដូចជាចង់បានរួចពីបាប និងធ្វើជាកូនរបស់ព្រះ អ្នកត្រូវតែទទួលបានការអត់ទោសបាប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ សេចក្តីជំនឿនេះហើយ ដែលនឹងជួយឲ្យអ្នកអាចទទួលបានការអត់ទោសបាប ហើយដឹកនាំអ្នកទៅតាមទ្វារចូលទៅស្ថានសួគ៌។ 
ព្រះអម្ចាស់ជ្រាបគ្រប់យ៉ាងអំពីយើង។ ទ្រង់ជ្រាប នៅពេលយើងកើតមក ហើយទ្រង់ជ្រាបគ្រប់យ៉ាងអំពីអំពើបាបដែលយើងបានប្រព្រឹត្ត និងអំពើបាបដែលយើងនឹងប្រព្រឹត្ត។ ហើយទ្រង់ក៏ជ្រាបយ៉ាងច្បាស់ផងដែរថា ទោះបីជាយើងព្យាយាមខ្លាំងយ៉ាងណាក៏ដោយ ក៏យើងមិនអាចដោះអំពើបាបរបស់យើង ដោយខ្លួនឯងបានដែរ។ ដូច្នេះ ដោយសារព្រះអម្ចាស់ស្គាល់យើងយ៉ាងច្បាស់ ទ្រង់ផ្ទាល់បានដោះអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាង។ 
 


ហេតុអ្វីព្រះយេស៊ូវបានយាងមកផែនដីនេះ?


ព្រះនាម យេស៊ូវ មានន័យថា ព្រះអង្គសង្រ្គោះ។ ព្រះយេស៊ូវបានប្រសូតមកនៅលើផែនដីនេះ ពីព្រោះសេចក្តីសង្រ្គោះចេញពីបាបរបស់យើងមិនអាចត្រូវបានបំពេញសម្រេច ដោយមនុស្សជាតិបានឡើយ ប៉ុន្តែដោយអំណាចរបស់ព្រះ វិញ។ ដូច្នេះ ការប្រសូតរបស់ព្រះយេស៊ូវតម្រូវឲ្យមានគោលបំណងច្បាស់លាស់មួយ។ ដោយហេតុនេះ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបទាំងអស់ ព្រះយេស៊ូវបានប្រសូតមកនៅលើផែនដីនេះ តាមរយៈរូបកាយរបស់នាងក្រមុំ ព្រហ្មចារីម្នាក់។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានប្រសូតមក តាមរយៈរូបកាយរបស់ស្ត្រីម្នាក់ ដើម្បីសង្រ្គោះពួកមនុស្សដែលបានស្នងបាប ដោយសារតែអំពើរំលងរបស់អ័ដាម និងអេវ៉ា។ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះ ដែលសង្រ្គោះមនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ ចេញពីអំពើរំលងទាំងអស់របស់ពួកគេ ព្រះអម្ចាស់បានយាងមកផែនដីនេះ ដោយការចាប់ទុំផ្ទៃរបស់នាងក្រមុំព្រហ្មចារីម្នាក់ ដោយអំណាចរបស់ព្រះ។ 
ព្រះអម្ចាស់បានប្រសូតមកលើផែនដីនេះ តាមរយៈរូបកាយនៃស្នាព្រះហស្តរបស់ទ្រង់ផ្ទាល់ ដើម្បីឲ្យទ្រង់ផ្ទាល់អាចធ្វើជាតង្វាយយញ្ញបូជាដ៏ឥតខ្ចោះបាន។ ហើយកាលណាពេលវេលាមកដល់ មួយជំហានម្តងៗ ទ្រង់បានបន្តផែនការរបស់ទ្រង់ ដើម្បីនាំសេចក្តីសង្រ្គោះមកឲ្យយើង។ នៅពេលព្រះអម្ចាស់មានព្រះជន្ម៣០វស្សា ទ្រង់បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់។ ដើម្បីបំពេញសម្រេចគោលបំណងនៃការប្រសូតរបស់ទ្រង់នៅលើផែនដីនេះ ព្រះយេស៊ូវត្រូវតែទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ ហើយដើម្បីបំពេញតាមកាតព្វកិច្ចនេះ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន (ម៉ាថាយ ៣:១៣-១៧)។ 
រយៈពេលបីឆ្នាំបន្ទាប់ពីព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់បានសុគតនៅលើឈើឆ្កាង។ ដោយសារព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ ហើយបានទទួលយកអំពើបាបរបស់លោកិយនេះ ទើបទ្រង់ត្រូវទទួលទោសនៃអំពើបាបជំនួសយើង។ ហើយតាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់ចេញ ហើយទ្រង់បានជួយឲ្យអ្នកដែលជឿ អាចបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេបាន។ 
ទោះបីជាមនុស្សមានភាពល្ងង់ខ្លៅយ៉ាងណាក៏ដោយ ជាប់នៅក្នុងភាពខ្សោយយ៉ាងណាក៏ដោយ និងមានបាបយ៉ាងណាក៏ដោយ ក៏ព្រះបានជួយឲ្យយើងដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចូលទៅនគរស្ថានសួគ៌របស់ព្រះអម្ចាស់បានដែរ។ ដើម្បីសងថ្លៃឈ្នួលនៃបាប ព្រះបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ហើយបានសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយដើម្បីបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង ដែលព្រះ យេស៊ូវបានបំពេញសម្រេច ដោយការសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង និងការលះបង់ព្រះជន្មរស់ទ្រង់ យើងដែលជឿអាចបានស្អាតពីអំពើបាបរបស់យើងបាន ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះគឺជាសេចក្តីពិតនៃជំនឿគ្រីស្ទបរិស័ទ និងស្នួលនៃការអត់ទោសបាប។ 
ព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ។ ហើយទ្រង់ពិតជាបានសង្រ្គោះយើងទាំងអស់គ្នាចេញពីបាបប្រាកដមែន។ ព្រះអម្ចាស់បានជួយឲ្យមនុស្សមានបាបទាំងអស់ ទោះបើពួកគេគឺជាអ្នកណាក៏ដោយ អាចចូលស្ថានសួគ៌បាន ដោយការជឿលើព្រះរាជកិច្ចរបស់ទ្រង់។
នេះគឺជាសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់។ ដោយសារព្រះអម្ចាស់បានស្រឡាញ់យើងយ៉ាងខ្លាំង ទើបទ្រង់បានទទួលបុណ្យជ្រមុជ និងសម្រក់ព្រះលោហិតរបស់ទ្រង់ ដើម្បីសង្រ្គោះយើង។ ព្រះអម្ចាស់បានស្រឡាញ់យើងយ៉ាងខ្លាំង ហើយដើម្បីសង្រ្គោះយើងចេញពីបាប ទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះ ដោយការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិត។ យើងគឺជាពួកមនុស្សមានបាប ដែលនឹងបន្តធ្វើបាបរហូតដល់ស្លាប់។ ដោយរងទុក្ខដោយសារអំពើបាបរបស់យើង យើងបានបន្តបែរចេញពីព្រះកាន់តែឆ្ងាយទៅៗ។ ដើម្បីសង្រ្គោះមនុស្សដូចជាយើង ព្រះអម្ចាស់ត្រូវតែបំពេញសម្រេចព្រះរាជកិច្ចសង្រ្គោះ ដែលជួយឲ្យយើងអាចរួបរួមជាមួយទ្រង់បាន។ 
ដោយសារសេចក្តីស្រឡាញ់របស់ព្រះ ព្រះអម្ចាស់បានសង្រ្គោះយើងដែលជាពួកមនុស្សមានបាប។ ដើម្បីសង្រ្គោះយើងដេលជាពួកមនុស្សមានបាប ចេញពីអំពើបាបរបស់យើង ទ្រង់បានបំពេញសម្រេចសេចក្តីសុចរិត និងសេចក្តីស្រឡាញ់របស់ព្រះ ដោយការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ ដូច្នេះ យើងដែលជឿតាមដំណឹងល្អនេះ អរព្រះគុណយ៉ាងខ្លាំងសម្រាប់អ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង។ សេចក្តីពិតនៃការអត់ទោសបាប ដែលព្រះអម្ចាស់បានប្រទានឲ្យយើង គឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលរកពាក្យអ្វីបរិយាយមិនបានឡើយ។ 
ជាង២០០០ឆ្នាំមុន យើងទាំងអស់មិនទាន់បានកើតមកនៅឡើយទេ។ ហើយជាង២០០០ឆ្នាំមុន វាំងននព្រះវិហារនៅផែនដីនេះ និងវាំងននព្រះវិហារនៅនគរស្ថានសួគ៌របស់ព្រះត្រូវបានរហែក។ នៅពេលនោះ យើងមិនទាំងបាននៅក្នុងផ្ទៃម្តាយរបស់យើងផង ប៉ុន្តែព្រះអម្ចាស់បានជ្រាបទាំងអស់អំពីយើងរួចទៅហើយ។ ទ្រង់បានជ្រាបថា អ្នកនឹងកើតមក ហើយថា អ្នកទាំងអស់គ្នានឹងរស់នៅតាមរបៀបខុសៗគ្នា។ ហើយព្រះអម្ចាស់បានស្រឡាញ់ខ្ញុំ អ្នក និងគ្រប់គ្នា។ ព្រះអម្ចាស់បានស្រឡាញ់យើងយ៉ាងខ្លាំង ដែលទ្រង់បានជួយឲ្យមនុស្សមានបាបទាំងអស់អាចចូលទៅស្ថានសួគ៌បាន ដោយការជឿតាមដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានបំពេញសម្រេចសម្រាប់យើង។ តាមរយៈទឹក និងព្រះវិញ្ញាណ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង) ព្រះយេស៊ូវបានបំពញសម្រេចសេចក្តីសង្រ្គោះចេញពីបាបរបស់យើង។ 
ការដែលវាំងននព្រះវិហារបានរហែកពីលើដល់ក្រោម គឺពិតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ។ តើវាំងនននៃទីបរិសុទ្ធបំផុតអាចរហែក នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាងបានយ៉ាងដូចម្តេច? វាំងនននេះគឺដូចជាកម្រាលព្រំនៅសព្វថ្ងៃនេះអញ្ចឹង។ សូម្បីតែឥឡូវនេះ នៅប្រទេសប៉ាឡេស្ទីន យើងនៅតែអាចមើលឃើញវាំងននត្បាញក្រាស់ដូចជាកម្រាលព្រំនេះបាន។ វាំងននទាំងនោះត្រូវបានត្បាញយ៉ាងខ្មាញ់ ដែលទាល់តែយកសេះបួនក្បាលទាញវាទៅតាមទិសទាំងបួន ទើបវារហែក។ តើសត្វសេះខ្លាំងយ៉ាងណា? ប៉ុន្តែវាំងននដែលស្វិតខ្លាំងរហូតដល់តម្រូវឲ្យមានសេះបួនក្បាលហែក ត្រូវបានរហែកពីលើដល់ក្រោម នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង។ 
ហេតុអ្វីវាំងននរហែក? វាំងននរហែក ដោយសារព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់ដែលនៅក្នុងចិត្តរបស់មនុស្សជាតិចេញ។ វាំងននរហែក ដោយព្រះយេស៊ូវបានបំពេញសម្រេចព្រះរាជកិច្ចដ៏សុចរិតទាំងអស់របស់ទ្រង់ ដោយការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង។ តាមរយៈការទទួលយកអំពើបាបរបស់លោកិយនេះ ដោយបុណ្យជ្រមុជ និងការទទួលយកទោសនៅលើឈើឆ្កាង ព្រះយេស៊ូវបានបើកផ្លូវសម្រាប់អ្នកដែលជឿ ចូលទៅក្នុងស្ថានសួគ៌។ ហើយឥឡូវនេះ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជឿប៉ុណ្ណោះ។ ព្រះអម្ចាស់បានបើកទ្វារស្ថានសួគ៌ហើយ ដើម្បីឲ្យអ្នកទាំងអស់គ្នាចូលបាន ដោយការជឿ។ 
 


តើទាំងបុណ្យជ្រមុជ និងទាំងព្រះលោហិតរបស់ព្រះយេស៊ូវមានភាពចាំបាច់សម្រាប់សេចក្តីសង្រ្គោះរបស់យើងឬ?


យោងតាមវិធីសាស្ត្រសង្រ្គោះដែលត្រូវបានរៀបចំទុកតាំងពីមុនសម័យព្រះគម្ពីរសញ្ញាចាស់ ដៃត្រូវបានដាក់លើសិរសារបស់ព្រះយេស៊ូវ ដែលជាពិធីមួយដែលគេបានធ្វើសម្រាប់តែតង្វាយយញ្ញបូជាប៉ុណ្ណោះ។ ដោយសារវាគឺជាច្បាប់នៃសេចក្តីសង្រ្គោះដែលព្រះបានបង្កើតឡើង ដើម្បីឲ្យតង្វាយយញ្ញបូជាទទួលយកអំពើបាបទាំងអស់ តាមរយៈការដាក់ដៃលើ និងការស្លាប់ ព្រះយេស៊ូវបានយាងមកធ្វើជាតង្វាយយញ្ញបូជារបស់យើង ដើម្បីសង្រ្គោះយើងជារៀងរហូត ហើយទ្រង់អាចដោះអំពើបាបទាំងអស់របស់យើងចេញបាន លុះត្រាតែដោយបុណ្យជ្រមុជរបស់ទ្រង់ ដែលជារបៀបដាក់ដៃលើ។ ដោយហេតុនេះ ដើម្បីចូលទៅក្នុងទីបរិសុទ្ធបំផុត សូម្បីតែសម្តេងសង្ឃក៏ត្រូវតែយកទៅជាមួយនូវឈាមតង្វាយយញ្ញបូជា ដែលទើបតែបានទទួលយកអំពើបាប ដោយការដាក់ដៃលើដែរ។
ដូច្នេះ ហេតុអ្វីសម្តេចសង្ឃត្រូវតែចូលទៅក្នុងកន្លែងមានឈាមនេះ? ដោយសារជីវិតខាងសាច់ឈាមនៅក្នុងឈាម ព្រះបានប្រទានឈាមទៅឲ្យ សម្តេចសង្ឃ ដើម្បីធ្វើការធួននឹងបាបសម្រាប់ព្រលឹងរបស់គាត់ មុនពេលគាត់ចូលទៅចំពោះវត្តមានរបស់ទ្រង់ (លេវីវិន័យ ១៧:១១)។ ដោយសារអំពើបាប មនុស្សទាំងអស់ត្រូវតែស្លាប់ ប៉ុន្តែដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេ យ័រដាន់ (អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ) ហើយបានផ្ទុកអំពើបាបទាំងអស់ ទ្រង់បានសម្រក់ព្រះលោហិត និងសុគត ដើម្បីសង្រ្គោះយើង។ ការនេះប្រាប់យើងថា នៅពេលមនុស្សមានបាបចូលទៅចំពោះព្រះ ពួកគេត្រូវតែប្រាកដថា ពួកគមានសេចក្តីជំនឿដែលជឿលើទឹក និងព្រះលោហិត។ លុះត្រាតែពួកគេជឿយ៉ាងអស់ពីចិត្តលើទឹកនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតដែលទ្រង់បានសម្រក់ ទើបពួកគេអាចបានរួចពីទណ្ឌកម្មនៃអំពើបាបបាន។
ឥឡូវនេះ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់ចេញហើយ ដើម្បីកុំអ្នកណាម្នាក់ត្រូវថ្វាយការអធិស្ឋានលន់តួអំពើបាប ឬការអធិស្ឋានតម ឬការថ្វាយតង្វាយសម្រាប់ការអត់ទោសបាបរបស់ខ្លួន។ យើងមិនចាំបាច់ថ្វាយការអធិស្ឋានលន់តួអំពើបាប ឬទទួលទោសសម្រាប់អំពើបាបរបស់យើងទេ ពីព្រោះព្រះយេស៊ូវបានថ្វាយតង្វាយយញ្ញបូជានៃការអត់ទោសបាប និងទោសរួចទៅហើយ។ អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែជឿនៅក្នុងចិត្តលើសេចក្តីសង្រ្គោះដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមប៉ុណ្ណោះ។ 
អ្វីដែលគ្រប់គ្នាត្រូវធ្វើ គឺគ្រាន់តែជឿ និងទទួលយកបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ជាអំបោះពណ៌ផ្ទៃមេឃ ដែលត្រូវបានគេប្រើសម្រាប់រោងឧបោសថនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយជឿ និងទទួលយកព្រះលោហិតដែលព្រះយេស៊ូវបានសម្រក់នៅលើឈើឆ្កាង ជាអំបោះពណ៌ក្រហម។ ហើយសេចក្តីពិតថា ព្រះយេស៊ូវគឺជាស្តេចនៅក្នុងនិស្ស័យរបស់ទ្រង់ ត្រូវបានបើក សម្តែងនៅក្នុងអំបោះពណ៌ស្វាយ ដែលត្រូវបានគេប្រើសម្រាប់ទ្វាររោងឧបោសថ។ ដូច្នេះ បើសិនយើងបានស្អាតពីអំពើបាបរបស់យើង ដោយការជឿលើការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយជឿថា ទោសទាំងអស់របស់យើងត្រូវបានបញ្ចប់ហើយ នោះយើងទាំងអស់គ្នាអាចចូលទៅក្នុងនគរស្ថានសួគ៌បានហើយ។ ដំណឹងល្អនេះគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
 


ហេតុអ្វីវាំងននព្រះវិហាររហែក នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង? ចូរយើងពិចារណាការពិតនេះម្តងទៀត

ហេតុអ្វីវាំងននព្រះវិហាររហែក នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង?អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាដំណឹងល្អដែលនាំព្រះពរនៃការទទួលបានការអត់ទោសបាប និងការចូលទៅនគរស្ថានសួគ៌ដល់អ្នកដែលជឿ។ ដោយហេតុនេះ វាំងននព្រះវិហារបានរហែក នៅពេលព្រះសុគតនៅលើឈើឆ្កាង បន្ទាប់ពីទ្រង់បានទទួលបុណ្យជ្រមុជហើយ។ សម្រាប់អ្នកដែលជឿលើព្រះយេស៊ូវ នេះគឺជាសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះទ្រង់ផ្ទាល់បានប្រទានឲ្យ។ «ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហានជំនួសខ្ញុំ ទើបទ្រង់បានសម្រក់ព្រះលោហិតរបស់ទ្រង់ និងបានសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានសងថ្លៃឈ្នួលនៃអំពើបាប ដែលជាការសុគតរបស់ទ្រង់។ កាលទ្រង់ហៀបនឹងសុគត ព្រះយេស៊ូវបានមានបន្ទូលថា «ការស្រេចហើយ!» ហើយនៅវេលានោះហើយ ដែលទ្រង់បានបើកផ្លូវឲ្យយើងចូលទៅនគរស្ថានសួគ៌។ 
ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះអ្នកដែលបានដាច់ចេញពីព្រះ ដោយសារជញ្ជាំងនៃអំពើបាប ដែលពួកគេបន្តសាងសង់។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះយេស៊ូវ ប៉ុន្តែក្នុងពេលជាមួយគ្នា វាក៏ជាសេចក្តីបង្គាប់ និងសេចក្តីស្រឡាញ់របស់ព្រះវរបិតាសម្រាប់យើងផងដែរ។ ដោយបានស្តាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដែលផ្ទេរអំពើបាបរបស់លោកិយនេះទៅលើអង្គទ្រង់។ ដោយសារព្រះយេស៊ូវបានផ្ទុកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបទ្រង់បានយាងទៅសម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយដូច្នេះ បានបំពេញសម្រេចព្រះរាជកិច្ចសង្រ្គោះរបស់ទ្រង់។ ការទាំងនេះគឺជាព្រះរាជកិច្ចរបស់ទ្រង់ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ការអត់ទោសបាប ដែលសង្រ្គោះពួកមនុស្សមានបាបចេញពីអំពើបាបរបស់យើង និងការបំពេញសម្រេចនៃប្រព័ន្ធថ្វាយយញ្ញបូជា។ 
ដោយសារព្រះយេស៊ូវបានបំពេញសម្រេចសេចក្តីសង្រ្គោះ តាមរយៈព្រះរាជកិច្ចរបស់ទ្រង់ ទើបទ្វារចូលស្ថានសួគ៌ដែលគ្មានអ្នកណាអាចចូលបាន ត្រូវបានបើកហើយនៅពេលនេះ។ នេះបង្ហាញថា ទ្វារនៃសេចក្តីសង្រ្គោះលែងត្រូវបានបើក ដោយការដាក់ដៃលើ និងឈាមសត្វ ដែលត្រូវបានប្រើជាតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ទៀតហើយ ប៉ុន្តែឥឡូវនេះ វាត្រូវបានបើក ដោយសេចក្តីជំនឿដែលជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាងវិញ។ ការដែលវាំងននបានរហែកបង្ហាញពីការបំពេញសម្រេចនៃសេចក្តីសង្រ្គោះ ដែលឥឡូវនេះ ព្រះបានជួយឲ្យគ្រប់គ្នាដែលយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានបំពេញសម្រេច អាចចូលទៅស្ថានសួគ៌បាន។ ដូច្នេះហើយបានជាវាំងននព្រះវិហារត្រូវតែរហែក។ 
អ្នកត្រូវតែចូលទៅនគរស្ថានសួគ៌ ដោយសេចក្តីជំនឿដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ព្រះ យេស៊ូវដែលឥមានបាបទាល់តែសោះ បានយាងមកផែនដីនេះនៅក្នុងសណ្ឋានសាច់ឈាម ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង (ម៉ាថាយ ៣:១៥)។ លើសពីនេះ ព្រះអម្ចាស់បានលះបង់ព្រះជន្មរបស់ទ្រង់ផ្ទាល់ទុកជាថ្លៃឈ្នួលនៃអំពើបាប ហើយបានធ្វើជាតង្វាយធួននឹងបាបដ៏អស់កល្បជានិច្ច ដែលយើងត្រូវតែយកទៅជាមួយយើង នៅពេលយើងចូលទៅចំពោះព្រះ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿ និងទទួលយកព្រះលោហិតដែលទ្រង់បានសម្រក់ បន្ទាប់ពីទ្រង់បានទទួលបុណ្យជ្រមុជ ជាសេចក្តីសង្រ្គោះរបស់យើង។ ដើម្បីសង្រ្គោះមនុស្សជាំតិចេញពីបាប ហើយយកពួកគេធ្វើជារាស្ត្ររបស់ព្រះ ព្រះយេស៊ូវបានបើកទ្វារចូលស្ថានសួគ៌ ដោយការហែករូបកាយរបស់ទ្រង់ផ្ទាល់។ 
ទាក់ទងនឹងការដែលព្រះយេស៊ូវសង្រ្គោះយើង យើងត្រូវតែដឹងថា ទ្រង់មិនគ្រាន់តែសម្រក់ព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះទេ។ រយៈពេលបីឆ្នាំមុនពេលទ្រង់សុគតនៅលើឈើឆ្កាង ទ្រង់បានទទួលយកអំពើបាបរបស់យើងរួចហើយ ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់។ ដូច្នេះ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន សម្រាប់មនុស្សជាតិទាំងមូល ហើយបន្ទាប់មក ទ្រង់ត្រូវបានឆ្កាង ដោយពួកទាហានរ៉ូម៉ាំង។ មុនពេលអ្នក និងខ្ញុំបានកើតមកនៅលើផែនដីនេះ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់រួចទៅហើយ។ 
ការដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន គឺជាវិធី សាស្ត្រនៃសេចក្តីសង្រ្គោះ ដែលទ្រង់បានបំពេញសម្រេច ដើម្បីទទួលយកអំពើបាបរបស់យើងជាមុន។ ហើយព្រះលោហិតដែលព្រះយេស៊ូវបានសម្រក់ គឺជាការសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់នោះ។ ដោយសារព្រះយេស៊ូវគឺជាព្រះទ្រង់ផ្ទាល់ បុណ្យជ្រមុជដែលទ្រង់បានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង ពិតជាអាចបង្កើតជាសេចក្តីសង្រ្គោះចេញពីបាបរបស់យើងបាន។ នេះហើយគឺជាតង្វាយយញ្ញបូជាដ៏គ្រប់លក្ខណ៍របស់ព្រះអម្ចាស់ ដែលទ្រង់បានថ្វាយសម្រាប់សេចក្តីសង្រ្គោះដល់មនុស្សជាតិទាំងមូល។ តើអ្នកជឿថា ព្រះបន្ទូលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានលាងសម្អាតអំពើបាបរបស់យើង ហើយបានសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់ទេ?
 


តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ឥឡូវនេះ អំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានលាងសម្អាត


ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីលាងសម្អាតអំពើបាបរបស់មនុស្សជាតិ។ បើសិនយើងពិនិត្យមើលព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដោយដកបុណ្យជ្រមុជរបស់ទ្រង់ចេញពីព្រះជន្មជា សាធារណៈរបស់ទ្រង់ នោះសេចក្តីសង្រ្គោះរបស់មនុស្សជាតិដែលត្រូវបានរៀបចំផែនការនៅក្នុងព្រះយេស៊ូវគ្រីស្ទតាំងពីមុនកំណើតលោកិយនេះមក នឹងក្លាយជាសេចក្តីកុហកទាំងអស់។ តាំងពីមុនកំណើតលោកិយនេះមកម៉្លេះ ព្រះយេស៊ូវបានត្រៀមទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់មនុស្សជាតិ ហើយសម្រក់ព្រះលោហិតទ្រង់។
ដោយហេតុនោះ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកលោក យ៉ូហាន-បាទ្ទីស ដែលជាតំណងរបស់មនុស្សជាតិទាំងមូល ដើម្បីទទួលយកអំពើបាបទាំងអស់ (ម៉ាថាយ ១១:១១-១២; ៣:១៥)។ សម្រាប់ព្រះយេស៊ូវ ការលាងសម្អាតអំពើបាបរបស់ពួកមនុស្សមានបាប ដោយការទទួលបុណ្យជ្រមុជ គឺជាវិធីសាស្ត្រនៃសេចក្តីសង្រ្គោះ។ ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់ពួកមនុស្សមានបាប ហើយបានលាងសម្អាតវាចេញ ហើយជំនួសឲ្យការស្លាប់របស់យើងសម្រាប់អំពើបាបរបស់យើង ទ្រង់បានសុគតជំនួស ហើយដូច្នេះ ទ្រង់បានសង្រ្គោះអ្នកដែលជឿតាមសេចក្តីពិតនេះ ចេញពីអំពើបាប និងទោសទាំងអស់របស់ពួកគេ។ តាមរយៈវិធីសាស្ត្រនេះ (វិធីសាស្រ្តនៃការទទួលបុណ្យជ្រមុជ) ព្រះយេស៊ូវអាចទទួលយកអំពើបាបទាំងអស់របស់មនុស្សដាក់លើអង្គទ្រង់ ហើយទទួលយកទោសនៃបាបទាំងអស់ ដោយការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ ការដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ មានន័យថា ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដែលជាពួកមនុស្សមានបាប។ 
ឱបងប្អូនប្រុសស្រីអើយ តើដោយសារអ្នកមិនបានមើលឃើញដោយផ្ទាល់ភ្នែក អ្នកមិនអាចជឿថា ព្រះយេស៊ូវបានយាងមកផែនដីនេះកាលពីជាង២០០០ឆ្នាំមុន ថា ទ្រង់បានទទួលបុណ្យជ្រមុជ កាលទ្រង់មានព្រះជន្ម៣០វស្សា និងថា ទ្រង់បានសម្រក់ព្រះលោហិតរបស់ទ្រង់សម្រាប់អ្នកបានទេឬ? ប៉ុន្តែដោយជ្រាបគ្រប់យ៉ាងអំពីភាពមិនពេញលេញរបស់យើង ព្រះបានរៀបចំផែនការនៃសេចក្តីសង្រ្គោះរបស់យើងរួចជាស្រេច តាមរយៈទឹក និងព្រះលោហិត តាំងពីមុនកំណើតលោកិយនេះទៅទៀត ហើយតាមរយៈការបញ្ជូនព្រះយេស៊ូវគ្រីស្ទ និងលោកយ៉ូហាន-បាទ្ទីសមកកាន់ផែនដីនេះស្របតាមផែនការនេះ ទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះសម្រាប់យើងទាំងអស់គ្នា។ ហើយដើម្បីជួយឲ្យយើងអាចដឹង និងយល់ពីសេចក្តីពិតនេះ ព្រះបានបង្គាប់ឲ្យពួកអ្នកបម្រើរបស់ទ្រង់សរសេរព្រះបន្ទូលទ្រង់ទុក។ ហើយតាមរយៈព្រះបន្ទូលទ្រង់នៅក្នុងព្រះគម្ពីរ ព្រះបានបើកសម្តែងគ្រប់យ៉ាងអំពីផែនការសង្រ្គោះ និងការបំពេញសម្រេចរបស់វា ទៅកាន់មនុស្សជាតិទាំងមូល។ ឥឡូវនេះ ទ្រង់បានជួយឲ្យគ្រប់គ្នាអាចដឹងតាមរយៈព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ អំពីសេចក្តីពិតថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង។ 
ឥឡូវនេះ យើងទាំងអស់គ្នាត្រូវតែជឿ និងទទួលយកបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង ជាសេចក្តីសង្រ្គោះរបស់យើងផ្ទាល់។ ទោះបីជាយើងមិនបានមើលឃើញដោយភ្នែកផ្ទាល់ ក៏យើងត្រូវតែជឿនៅក្នុងចិត្តរបស់យើងដែរ។ សេចក្តីជំនឿពិតមកឯយើង កាលណាសេចក្តីជំនឿរបស់យើងផ្អែកលើព្រះបន្ទូលទ្រង់។ ព្រះអម្ចាស់បានមានបន្ទូលសាវកថូម៉ាសថា «មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ» (យ៉ូហាន ២០:២៩)។ ព្រះយេស៊ូវបានសង្រ្គោះអ្នក និងខ្ញុំ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់។ ព្រះបានជួយឲ្យគ្រប់គ្នាដែលជឿតាមសេចក្តីពិតនេះ អាចចូលទៅស្ថានសួគ៌បាន។ 
ដោយហេតុនោះ ព្រះបានហែកវាំងននព្រះវិហារ នៅពេលព្រះយេស៊ូវបានសុគតលើឈើឆ្កាង។ ព្រះយេស៊ូវបានរើជញ្ជាំងបាបដែលបានខណ្ឌចែកយើងចេញពីព្រះចេញ។ អ្វីដែលព្រះយេស៊ូវបានធ្វើ គឺគ្រប់គ្រាន់ក្នុងការរើជញ្ជាំងបាបចេញ ដើម្បីឲ្យគ្រប់គ្នាអាចចូលទៅក្នុងស្ថានសួគ៌បាន ដោយការជឿនៅក្នុងចិត្តតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សូមអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការប្រទានឲ្យយើងនូវសេចក្តីពិតនេះ ដើម្បីឲ្យយើងទាំងអស់គ្នាអាចចូលទៅក្នុងស្ថានសួគ៌បាន ដោយគ្រាន់តែយើងជឿនៅក្នុងចិត្តប៉ុណ្ណោះ។ 
ការដែលព្រះយេស៊ូវបានប្រសូតមកនៅលើផែនដីនេះ តាមរយៈរូបកាយនៃស្នាព្រះហស្តម្នាក់ ដើម្បីសង្រ្គោះពួកមនុស្សមានបាប គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត។ វាគឺពិតជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត បើសិនប្រៀបធៀបទៅនឹងការបង្កបង្កើតលោកិយរបស់ទ្រង់។ វាមិនមែនជារឿងដែលព្រះអម្ចាស់ដែលជាព្រះ អាទិករបង្កើតគ្រប់យ៉ាង នឹងបង្កើតស្នាព្រះហស្តរបស់ទ្រង់ ប៉ុន្តែជារឿងដែលព្រះអាទិករបានត្រឡប់ដូចជាស្នាព្រះហស្តរបស់ទ្រង់ បានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង ដែលជាព្រឹត្តិការណ៍នៃសេចក្តីសង្រ្គោះដ៏អស្ចារ្យបំផុត។
តើព្រះអាទិករអាចក្លាយជាស្នាព្រះហស្តរបស់ទ្រង់បានយ៉ាងដូចម្តេច? ព្រះយេស៊ូវដ៏ជាព្រះទ្រង់ផ្ទាល់បានបន្ទាបអង្គទ្រង់រហូតដល់កម្រិតនេះ ដើម្បីទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់។ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ! ប៉ុន្តែវាមិនបញ្ចប់នៅត្រង់នេះទេ ពីព្រោះព្រះយេស៊ូវបានបន្ទាបអង្គទ្រង់ និងស្តាប់បង្គាប់រហូតដល់រងទុក្ខយ៉ាងព្រៃផ្សៃ សម្រក់ព្រះលហិតទ្រង់ និងសុគតនៅលើឈើឆ្កាង។ គ្រប់ការទាំងនេះគឺជាសេចក្តីស្រឡាញ់របស់ព្រះ សេចក្តីមេត្តាករុណារបស់ទ្រង់ និងព្រះគុណដ៏អស្ចារ្យរបស់ទ្រង់។ 
អំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានលាងសម្អាតចេញទាំងស្រុងតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ព្រះអម្ចាស់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយបន្ទាប់ពីបានហែកវាំងននព្រះវិហារហើយ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយឥឡូវនេះ ទ្រង់ចង់ជួបអស់អ្នកដែលជឿតាមសេចក្តីពិតនះ។ ដូច្នេះ ព្រះរាជកិច្ចរបស់ព្រះ អម្ចាស់ដែលបានសង្រ្គោះពួកមនុស្សមានបាប គឺជាព្រឹត្តិការណ៍ដ៏ធំ និង អស្ចារ្យជាងព្រះរាជកិច្ចនៃការបង្កបង្កើតរបស់ទ្រង់ ដែលបានបង្កើតសកលលោក និងគ្រប់យ៉ាងនៅក្នុងវាទៅទៀត។ ការប្រសូតរបស់ព្រះយេស៊ូវ បុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ ការយាងត្រឡប់ទៅស្ថានសួគ៌វិញ និងការយាងត្រឡប់មកវិញជាលើកទីពីររបស់ទ្រង់គឺជាសេចក្តីស្រឡាញ់របស់ព្រះ ដែលបានយកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់។ 
ព្រះអម្ចាស់បានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបទាំងអស់។ ហើយព្រះអម្ចាស់បានរំដោះអ្នក និងខ្ញុំតែម្តងជាសម្រេចចេញពីអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ យើងអាចបានរាប់ជាសុចរិត ដោយសេចក្តីជំនឿ ហើយអរព្រះគុណដល់ព្រះបាន។ ព្រះបានប្រទានឲ្យយើងនូវព្រះពរនៃសេចក្តីសង្រ្គោះពេញលេញរបស់ទ្រង់។ ដូច្នេះ តើអ្នកជឿតាមសេចក្តីពិតនេះដែរទេ?
ឱបងប្អូនប្រុសស្រីអើយ អ្នក និងខ្ញុំគឺជាមនុស្សដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ យើងគឺជាមនុស្សដែលត្រូវវិនាស ដោយសារអំពើបាបរបស់យើង ហើយរស់នៅក្នុងសេចក្តីទុក្ខសោក ប៉ុន្តែព្រះអម្ចាស់បានសង្រ្គោះយើងចេញពីបាប តាមរយៈសេចក្តីសង្រ្កោះ ដែលទ្រង់បានរៀបចំផែការតាំងពីមុនកំណើតលោកិយនេះទៅទៀត។ យើងគ្មានជម្រើសអ្វី ក្រៅពីរស់នៅក្នុងជីវិតរបស់យើង ដែលអង្គុយនៅកណ្តាលអំពើបាបរបស់យើង ទួញយំ អន់ចិត្ត និងដាក់បណ្តាសាដល់វាសនារបស់យើងទេ ប៉ុន្តេដើម្បីជួយឲ្យមនុស្សដូចជាយើងអាចចូលទៅនគរស្ថានសួគ៌បាន ព្រះអម្ចាស់បានសង្រ្កោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះ ព្រះអម្ចាស់របស់យើងបានធ្វើជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ។ 
ព្រះយេស៊ូវបានប្រទានឲ្យយើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទ្រង់ក៏បានធានាអំពីការអត់ទោសបាបរបស់យើងដែរ។ ព្រះយេស៊ូវទ្រង់ផ្ទាល់បានធ្វើជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ។ ហើយព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះជំនួសយើង បានសុគតជំនួសយើង និងបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង។ 
 

តើអ្នកជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់ដែរទេ?

សេចក្តីសង្រ្គោះចេញពីបាបរបស់យើងត្រូវបានបំពេញសម្រេច ដោយការជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដើម្បីបានសង្រ្គោះ ដោយការជឿ និងការទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ ពួកមនុស្សមានបាបត្រូវតែជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ឲ្យត្រូវបានលំដាប់លំដោយ ហើយពួកគេត្រូវតែជឿថា ដោយការរួបរួមនៃសេចក្តីពិតទាំងពីរនេះ ដែលសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ត្រូវបានបំពេញសម្រេច។ 
តើអ្នកមិនកំពុងតែជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាងទេឬ? ហើយតើអ្នកមិនកំពុងតែបដិសេធ និងមិនជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហានទេឬ? សេចក្តីសុចរិតរបស់ព្រះត្រូវបានបំពេញសម្រេច ពីព្រោះបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល គឺជាដំណើការរដែលទ្រង់បានទទួលយកអំពើរំលងទាំងអស់របស់ពួកមនុស្សមានបាប ហើយការសុគតរបស់ទ្រង់ ដោយការសម្រក់ព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ គឺជាទណ្ឌកម្មនៃអំពើបាបរបស់យើង។ ដូច្នេះ កាលណាអ្នក និងខ្ញុំប្រកាសជឿលើព្រះយេស៊ូវ យើងត្រូវតែជឿទាំងបុណ្យជ្រមុជរបស់ទ្រង់ និងទាំងឈើឆ្កាងរបស់ទ្រង់ផង ដែលជាសេចក្តីសង្រ្គោះតែមួយសម្រាប់យើង។ 
ព្រះបានសរសេរភាពចាំបាច់នៃបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ព្រះនៅក្នុងព្រះបន្ទូលទ្រង់ ហើយទោះបើយ៉ាងនេះក្តី ក៏មនុស្សជាច្រើននៅតែទទូចថា ពួកគេត្រូវការជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ដើម្បីបានសង្រ្គោះដែរ។ ដូច្នេះ បើសិនអ្នកជឿដូចពួកគេ អ្នកត្រូវតែពិចារណាឡើងវិញយ៉ាងល្អិតល្អន់អំពីសេចក្តីជំនឿរបស់អ្នក ហើយបែរមកជឿលើសេចក្តីពិតទាំងពីរនេះវិញ។ បើសិនអ្នកមិនធ្វើដូច្នេះទេ ប៉ុន្តែគ្រាន់តែជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ នោះអ្នកកំពុងតែប្រែក្លាយព្រះរាជកិច្ចដ៏បរិសុទ្ធនៅក្នុងព្រះជន្មជាសាធារណៈរបស់ព្រះអម្ចាស់ទៅជាឥតប្រយោជន៍ទទេហើយ។ បើសិនអ្នកមានសេចក្តីជំនឿបែបនេះ អ្នកត្រូវតែបែរចេញពីសេចក្តីជំនឿខុសឆ្គងនេះ ហើយមានសេចក្តីជំនឿដ៏ត្រឹមត្រូវ ដែលត្រូវបាននិយាយនៅពេញក្នុងព្រះ គម្ពីរ។ បើសិនមិនមានបុណ្យជ្រមុជរបស់ទ្រង់ទេ តើការសុគតរបស់ទ្រង់នៅលើឈើឆ្កាងមានអ្វីទាក់ទងនឹងយើង? បើសិនព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសទេ ការសុគតរបស់ទ្រង់មិនពាក់ព័ន្ធអ្វីជាមួយអំពើបាបរបស់យើងឡើយ។ 
ឱបងប្អូនប្រុសស្រីអើយ បើសិនអ្នកលុបឈ្មោះរបស់អ្នកចេញពីវិក័យបត្រ តើអ្នកនឹងមិនត្រូវយកប្រាក់ទៅសងម្ចាស់បំណុលទេឬ? កូនបំណុលត្រូវតែសងប្រាក់តាមចំនួនដែលពួកគេជំពាក់ ហើយបន្ទាប់មក ពួកគេអាចលុបឈ្មោះរបស់ពួកគេចេញពីបញ្ជីបំណុលបាន។ ដូច្នេះ ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប ព្រះយេស៊ូវបានទទួលយកអំពើបាប និងអំពើរំលេងទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានដោះវាចេញ ដោយការសម្រាក់ព្រះលោហិតរបស់ទ្រង់។ 
តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួល ព្រះអម្ចាស់ពិតជាបានដោះអំពើបាបទាំងអស់របស់យើងចេញមែន ហើយដូច្នេះ ទ្រង់បានទទួលយកទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដោយការសម្រក់ព្រះលោហិតរបស់ ទ្រង់។ ដើម្បីសងបំណុល យើងត្រូវយករបស់អ្វីមួយដែលមានតម្លៃស្មើនឹងបំណុល មកសងម្ចាស់បំណុល។ បើសិនកូនបំណុលមិនយកប្រាក់មកទេ ប៉ុន្តែគ្រាន់តែអះអាងថា ខ្លួនបានសងបំណុលរួចហើយ ហើយទាមទារឲ្យលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីបំណុល តើឈ្មោះរបស់ពួកគេពិតជាត្រូវបានលុបចេញដែរទេ? ទោះបីជាពួកគេជឿយ៉ាងមុតមាំថា ឈ្មោះរបស់ពួកគេត្រូវបានលុបចេញហើយក៏ដោយ ក៏ការពិតគឺថា ឈ្មោះរបស់ពួកគេនៅតែមាននៅក្នុងបញ្ជីបំណុលដដែល។ 
ដូចដែលកូនបំណល់អាចរួចពីបំណុលបាន លុះត្រាតែពួកគេពិតជាបានសងបំណុលហើយ ដើម្បីឲ្យមនុស្សមានបាបអាចទទួលបានការអត់ទោសបាបបាន យើងត្រូវតែមាននៅក្នុងចិត្តនូវសេចក្តីជំនឿដែលជឿថា អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជដែលទ្រង់បាន ទទួល។ យើងមិនមែនជាអ្នកដែលផ្តល់បុណ្យជ្រមុជដែលបានផ្ទេរអំពើបាបរបស់យើងទៅលើព្រះយេស៊ូវឡើយ។ 
ប៉ុន្តែតាមរយៈអ្នកកណ្តាលម្នាក់ឈ្មោះ យ៉ូហាន-បាទ្ទីស្ទ យើងអាចផ្ទេរអំពើបាបរបស់យើងទៅលើព្រះយេស៊ូវបាន។ ព្រះយេស៊ូវដែលបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស បានផ្ទុកអំពើបាបរបស់លោកិយនេះ បានយាងទៅឯឈើឆ្កាង បានសម្រក់ព្រះលោហិតទ្រង់ និងសុគត។ ដូច្នេះ យើងអាចទទួលបានភស្តុតាងនៃសេចក្តីសង្រ្គោះរបស់យើង ដោយការជឿលើបុណ្យជ្រមុជរបស់ទ្រង់ដែលជាគំរូ និងការទទួលសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង និងបានសង្រ្គោះយើង។ ហើយដោយការជឿនៅក្នុងចិត្តលើអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង ឥឡូវនេះ យើងអាចទទួលបានការអត់ទោសបាបបាន។ ហេតុអ្វី? ពីព្រោះតាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ព្រះអម្ចាស់បានប្រទានជីវិតថ្មីឲ្យយើង។ 
នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង វាំងនននៃទីបរិសុទ្ធបំផុតបានរហែកជាពីរ ផែនដីបានរញ្ជួយ ថ្មបានរមៀល ថ្នូរបានរបើក ហើយរូបកាយរបស់ពួកបរិសុទ្ធជាច្រើនដែលបានដេកលក់ បានក្រោកឡើង។ តាមរយៈព្រឹត្តិការណ៍ទាំងនេះ ព្រះបានបង្ហាញថា ទ្រង់នឹងលើកអ្នកដែលបានជឿតាមព្រះបន្ទូលទ្រង់ថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ហើយដោះអំពើបាបរបស់មនុស្សជាតិ ឡើង។ ទ្រង់បានបង្ហាញថា ព្រះយេស៊ូវពិតជាបានមានព្រះជន្មរស់ពីសុគតឡើងវិញប្រាកដមែន ហើយថា អ្នកដែលជឿលើព្រះយេស៊ូវ ក៏នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញផងដែរ។ ព្រះយេស៊ូវមិនគ្រាន់តែបានសង្រ្គោះយើងចេញពីបាបប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានប្រទានជីវិតថ្មីដល់យើងដែលស្លាប់ខាងវិញ្ញាណផងដែរ។ ដើម្បីប្រទានជីវិតថ្មីដល់យើង ទើបព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ព្រះបានជួយឲ្យយើងអាចចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ទ្រង់ និងរស់នៅទីនោះជារៀងរហូត។ ដូច្នេះ ខ្ញុំសូមថ្វាយការអរព្រះគុណដ៏ស្មោះត្រង់របស់ខ្ញុំទៅចំពោះទ្រង់ ដោយសេចក្តីជំនឿ។ 
ស្ថានសួគ៌គឺជាកន្លែងដែលអ្នកដែលបានទទួលការអត់ទោសបាប នឹងរស់នៅ។ ដូច្នេះ ចូរជឿថា អ្នកដែលបានទទួលការអត់ទោសបាបនៅលើផែនដីនេះ នឹងចូលទៅរស់នៅក្នុងស្ថានសួគ៌។ ស្ថានសួគ៌គឺជារបស់អ្នកដែលបានទទួលការអត់ទោសបាប។ ការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងការបានកើតជាថ្មី មិនមែនជាការពីរដាច់ពីគ្នាទេ ប៉ុន្តែទាំងពីរគឺតែមួយ។ 
បើសិនអ្នកណាម្នាក់ជឿតាមព្រះបន្ទូលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បុគ្គលនេះបានកើតជាថ្មី នៅវេលាដែលគាត់ជឿ។ កាលណាពួកមនុស្សមានបាបបានទទួលការអត់ទោសបាប ពួកគេបានធ្វើជាកូនរបស់ព្រះផ្ទាល់ ហើយព្រះប្រទានស្ថានសួគ៌ទុកជាអំណោយទានដល់កូនរបស់ព្រះ។ ទោះបីជានៅក្នុងសាច់ឈាមរបស់យើង យើងមិនមានសេចក្តីល្អក៏ដោយ ក៏សេចក្តីជំនឿរបស់យើងដែលជឿលើព្រះអង្គសង្រ្គោះ យើងបានទទួលការអត់ទោសបាប និងស្ថានសួគ៌ទុកជាអំណោយទានពីព្រះដែរ។ 
ការពិតថា ព្រះអម្ចាស់បានយាងមកផែនដីនេះ ការពិតថា ទ្រង់បានទទួលបុណ្យជ្រមុជ និងការពិតថា ទ្រង់បានសម្រក់ព្រះលោហិតរបស់ទ្រង់ សុទ្ធតែពិតប្រាកដទាំងអស់។ នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចទៅហើយ។ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានផ្ទុកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហានជាមុនរួចទៅហើយ។ ដូច្នេះ ដោយសារព្រះយេស៊ូវបានផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ នៅលើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជ ទើបទ្រង់ត្រូវតែទទួលទណ្ឌកម្មនៃច្បាប់ដែលប្រកាសថា ឈ្នួលនៃបាបគឺជាសេចក្តីស្លាប់។ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីបាប ព្រះយេស៊ូវត្រូវតែសុគតនៅលើឈើឆ្កាង ទាំងទ្រង់កំពុងតែផ្ទុកអំពើបាបរបស់លោកិយនេះ ដែលទ្រង់បានទទួលយក តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ 
នៅពេលព្រះយេស៊ូវជាប់ឆ្កាង មនុស្សដែលបានបោះទ្រង់ភ្ជាប់ទៅនឹងឈើឆ្កាង មិនមែនជាសាសន៍យូដាទេ ប៉ុន្តែពួកគេគឺជាពួកទាហានរ៉ូម៉ាំង។ ព្រះ យេស៊ូវត្រូវបានពួកទាហានសាសន៍ដទៃឆ្កាង។ ដោយបានសម្រក់ព្រះលោហិតទាំងអស់របស់ទ្រង់សម្រាប់អំពើបាបរបស់យើង ព្រះយេស៊ូវបានស្រែកជាចុងក្រោយថា «ការស្រេចហើយ!»។ នៅវេលានោះ វាំងននព្រះវិហារបានរហែកជាពីរពីលើដល់ក្រោម។ លើសពីនេះ ព្រះគម្ពីរក៏ប្រាប់យើងផងដែរថា ដីបានរញ្ជួយ ថ្មបានរមៀល និងផ្នូរបានរបើក ហើយថា រូបកាយរបស់ពួកបរិសុទ្ធជាច្រើនដែលបានដេកលក់ បានក្រោកឡើងផងដែរ (ម៉ាថាយ ២៧:៥១-៥២)។ កាលមេទ័ព និងពួកទាហានរ៉ូម៉ាំងបានមើលឃើញអ្វីដែលបានកើតឡើង នៅពេលព្រះ យេស៊ូវសុគតនៅលើឈើឆ្កាង ពួកគេបានធ្វើបន្ទាល់ថា «នេះពិតជាព្រះរាជបុត្រានៃព្រះមែន» (ម៉ាថាយ ២៧:៥៤)។ 
ឥឡូវនេះ អ្នកដែលត្រូវតែធ្វើបន្ទាល់ពីដំណឹងល្អដ៏ពិតនៅទូទាំងលោកិយនេះ គឺជាយើងដែលជាអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តាម រយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ គ្រប់គ្នាត្រូវបានផ្លាស់ប្រែ។ នៅពេលមនុស្សទទួលបានការអត់ទោសបាបពីព្រះយេស៊ូវ ពួកគេបានផ្លាស់ប្រែខាងវិញ្ញាណ ដោយមិនចាំបាច់ព្យាយាមឡើយ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធយាងមកគង់នៅក្នុងចិត្តរបស់ពួកគេ។ ហើយចិត្តរបស់អ្នកដែលបានកើតជាថ្មីកែជាថ្មីឡើងជារៀងរាល់ថ្ងៃ ពីព្រោះនៅក្នុងពួកជំនុំរបស់ព្រះ ពួកគេអាចស្តាប់ឮព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាប្រចាំបាន។ ពួកគេស្តាប់ឮព្រះបន្ទូល និងសរសើរតម្កើងព្រះយេស៊ូវ ហើយនៅពេលពួកគេសរសើរតម្កើង ពួកគេដឹងថា ព្រះបន្ទូលត្រូវបានឆ្លាក់នៅក្នុងចិត្តរបស់ពួកគេ ហើយកែចិត្តរបស់ពួកគេជាថ្មីឡើងជារៀងរាល់ថ្ងៃ។ មនុស្សសុចរិតមានចិត្តផ្លាស់ប្រែជានិច្ច ហើយពួកគេអាចដឹងពីការផ្លាស់ប្រែដ៏ជ្រាលជ្រៅនេះនៅក្នុងពួកគេបាន។ 
ហើយដោយមើលឃើញជីវិតដែលផ្លាស់ប្រែ និងសុចរិតរបស់យើង ពួកដែលមិនជឿធ្វើបន្ទាល់ថា «ពួកគេពិតជាបានសង្រ្គោះប្រាកដមែន។ ពួកគេគឺជាគ្រីស្ទបរិស័ទ និងរាស្ត្ររបស់ព្រះ»។ ដូច្នេះ ការអត់ទោសបាបរបស់យើងមិនមែនជាសេចក្តីសង្រ្គោះដែលមានការគាំទ្រតែពីខ្លួនយើងប៉ុណ្ណោះទេ។ មេទ័ព និងពួកទាហានរ៉ូម៉ាំងក៏បានធ្វើបន្ទាល់ពីសេចក្តីពិតដែរថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ដែលបានសង្រ្គោះពួកមនុស្សមានបាបចេញពីអំពើបាបរបស់លោកិយនេះ នៅពេលទ្រង់កំពុងតែជាប់ឆ្កាង។ ដូច្នេះ ព្រះទ្រង់ផ្ទាល់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយទឹក និងព្រះលោហិត។ 
 


ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានធ្វើឲ្យសូម្បីតែអារក្សក៏ចុះចាញ់ដែរ


ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីសង្រ្គោះ ដែលសូម្បីតែអារក្សក៏បានចុះចាញ់ដែរ។ នៅពេលព្រះយេស៊ូវបានមានបន្ទូលថា «ការស្រចហើយ» កាលទ្រង់ហៀបនឹងសុគត អារក្សបាននិយាយថា «នេះគួរឲ្យអាម៉ាស់ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចដោះស្រាយវាបានឡើយ! ទ្រង់បានបំពេញកិច្ចការយ៉ាងត្រឹមត្រូវហើយ។ លែងមានបាបនៅក្នុងលោកិយនេះទៀតហើយ។ ឥឡូវនេះ គ្រប់គ្នាត្រឡប់ជាឥតបាបទាំងស្រុងហើយ! ខ្ញុំពិបាកចិត្តខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចដោះស្រាយវាបានឡើយ!»។ 
នៅក្នុងន័យផ្សេង អារក្សផ្ទាល់ក៏ត្រូវតែទទួលស្គាល់សេចក្តីសង្រ្គោះដែលព្រះយេស៊ូវបានបំពេញសម្រេចផងដែរ។ ប៉ុន្តែវានៅតែព្យាយាមរារាំងអ្នកដែលបានទទួលការអត់ទោសពីការរស់នៅក្នុងជីវិតនៃសេចក្តីជំនឿដដែល។ ដោយសារអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាកូនរបស់ព្រះ ពួកគេព្យាយាមរស់នៅសម្រាប់ទ្រង់។ ប៉ុន្តែសម្រាប់អារក្សវិញ នេះមានន័យថា នឹងមានអ្នកបម្រើរបស់វាកាន់តែតិច ដែលជាប់ជាបាវបម្រើរបស់បាប ហើយដូច្នេះ វាព្យាយាមរារាំងអ្នកបម្រើរបស់ព្រះ ពីការប្រកាសសេចក្តីពិតនេះទៅកាន់លោកិយទាំងមូល។
បើសិនអ្នកដែលបានទទួលការអត់ទោសបាបហើយ បន្តប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងមានមនុស្សកាន់តែច្រើន ដែលទទួលបានការអត់ទោសបាប។ ដូច្នេះហើយបានជាសាតាំងជ្រាតចូលទៅក្នុងភាពខ្សោយរបស់មនុស្ស ហើយរារាំងពួកគេ ដើម្បីឲ្យមនុស្សម្នាក់ទៀតឈប់ដើរតាមព្រះយេស៊ូវ។ 
ដោយពន្យុះចិត្តរបស់មនុស្ស ដោយការប្រាប់ពួកគេគេថា «សម្លាប់ព្រះយេស៊ូវទៅ» អារក្សបានធ្វើឲ្យពួកគេឆ្កាងសម្លាប់ទ្រង់។ ប៉ុន្តែនៅពេលអារក្សបានគិតថា គ្រប់យ៉ាងបានបញ្ចប់តាមរបៀបនេះ គឺព្រះយេស៊ូវជាប់ និងសុគតនៅលើឈើឆ្កាង និងស្រែកថា «ការស្រេចហើយ!» សាតាំងមានការភ្ញាក់ផ្អើល។ ផ្ទុយពីភាពបរាជ័យ ព្រះយេស៊ូបានបំពេញសម្រេចសេចក្តីសង្រ្គោះយ៉ាងសុចរិត ដែលបានសង្រ្គោះមនុស្សចេញពីបាប និងទោស ដោយការទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ និងការសុគតនៅលើឈើឆ្កាង។ អារក្សបានមើលឃើញយ៉ាងច្បាស់ពីប្រាជ្ញារបស់ព្រះនេះ។ ហើយវាបានគិតថា គ្រប់យ៉ាងនឹងត្រូវចប់ បើសិនវាគ្រាន់តែសម្លាប់ព្រះយេស៊ូវនៅលើឈើឆ្កាងប៉ុណ្ណោះ ប៉ុន្តែវាមិនដូច្នេះឡើយ។ បន្ទាប់ពីបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវបានបំពេញសម្រេចការអត់ទោសបាបរបស់មនុស្សមានបាប ដោយការលះបង់រូបកាយរបស់ទ្រង់ និងការសុគតនៅលើឈើឆ្កាង។ 
តាមរយៈការសុគតខាងរូបកាយរបស់ទ្រង់ ព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃបាបទាំងអស់រួចហើយ។ ដូច្នេះ បាបលែងអាចមាននៅក្នុងមនុស្សទៀត ហើយ។ ហេតុអ្វី? ពីព្រោះយោងតាមច្បាប់ដែលប្រកាសថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ព្រះយេស៊ូវបានសុគតជំនួសពួកមនុស្សមានបាបរួចហើយ។ យើងត្រូវតែជឿថា ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាប និងអំពើទុច្ចរិតទាំងអស់របស់ពួកមនុស្សមានបាបនៅក្នុងទន្លេយ័រដាន់ ទើបទ្រង់អាចសុគតជំនួសពួកមនុស្សមានបាបបាន។ 
«ការស្រេចហើយ!» នេះគឺជាអ្វីដែលព្រះយេស៊ូវបានស្រែកនៅលើឈើឆ្កាង កាលទ្រង់ហៀបនឹងសុគត។ ដោយសារព្រះយេស៊ូវបានសុគត អារក្សលែងអាចនិយាយមកកាន់យើងថា «អ្នកមានបាប មែនទេ?» ទៀតហើយ។ ដោយសារការប្រសូតរបស់ព្រះយេស៊ូវ បុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងព្រះលោហិត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ អារក្សបានបរាជ័យយ៉ាងអាម៉ាស់នៅចំពោះព្រះយេស៊ូវ។ ទោះបីជាអារក្សបានបំបែកបំបាក់ទំនាក់ទំនងរបស់យើងជាមួយព្រះ ដោយការធ្វើឲ្យយើងធ្វើបាបគ្រប់ពេលវេលាក៏ដោយ ក៏នៅទីបញ្ចប់ ដោយសារតែប្រាជ្ញារបស់ព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះ ការលាងសម្អាតបាប និងការទទួលទោសរបស់ទ្រង់ អារក្សត្រូវតែចាញ់ទាំងស្រុង។ 
នៅពេលអ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង តើអ្នកនៅតែមានបាបដែរទេ? ពិតជាមិនមានទេ! ការនិយាយថា យើងមិនមានបាប គឺជាអ្វីមួយដែលយើងមិនអាចនិយាយដោយបញ្ញាចិត្តខាងសាច់ឈាមបានឡើយ។ ប៉ុន្តែដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ឥឡូវនេះ យើងអាចប្រកាសយ៉ាងក្លាហានថា យើងឥតមានបាបឡើយ។ តើអ្នកជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ បានសុគតនៅលើឈើឆ្កាងជំនួសយើង និងបានសង្រ្គោះយើងដែរទេ? ដោយសារសេចក្តីជំនឿរបស់យើងតាមសេចក្តីពិតនេះ ឥឡូវនេះ យើងអាចនិយាយបានថា យើងឥតមានបាបឡើយ។ ហើយតាមការពិត មិនអាចមានបាបអ្វីសោះនៅក្នុងចិត្តរបស់យើង សូម្បីតែអំពើបាបដ៏តូចមួយផង។ ដូច្នេះហើយបានជាចិត្តដែលអរព្រះគុណផុសឡើងនៅក្នុងយើងនៅចំពោះព្រះ ហើយយើងអរព្រះគុណដល់ទ្រង់ ដោយសេចក្តីជំនឿរបស់យើង។ 
«ព្រះអង្គ សេចក្តីជំនឿរបស់ទូលបង្គំមិនអស្ចារ្យទេ ប៉ុន្តែសូម្បីតែដោយ សេចក្តីជំនឿតូចដូចជាគ្រាប់ស្ពៃក៏ដោយ ក៏ទូលបង្គំនៅតែថ្វាយការអរព្រះគុណរបស់ទូលបង្គំដល់ទ្រង់ដែរ។ ទូលបង្គំគឺជាមនុស្សម្នាក់ដែលមិនអាចទទួលបានសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ឡើយ ប៉ុន្តែទ្រង់នៅតែបានយាងមកក្នុងចិត្តរបស់ទូលបង្គំ ហើយដូច្នេះ ដោយសេចក្តីជំនឿរបស់ទូលបង្គំដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឥឡូវនេះ ទូលបង្គំរក្សាសេចក្តីស្រឡាញ់របស់ទ្រង់ទុកនៅក្នុងចិត្ត ហើយវានៅជាមួយទូលបង្គំ។ ទូលបង្គំសូមថ្វាយការ អរព្រះគុណទាំងអស់ដល់ទ្រង់ សម្រាប់ការប្រទានចិត្តនេះដល់ទូលបង្គំ។» ដូច្នេះ ព្រះអម្ចាស់របស់យើងបានប្រទានចិត្តដែលអរព្រះគុណដល់យើង ហើយប្រទានពរដល់យើងជារៀងរាល់ថ្ងៃ។ 
ដូច្នេះ មិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏គ្រប់គ្នាដែលស្តាប់ឮ និងជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ទ្រង់ផងដែរ ដែលពិតជាឥតមានបាបអ្វីទាំងអស់នៅក្នុងចិត្តរបស់យើង។ ដោយសារយើងជឿតាមសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ យើងបានទទួលព្រះពរនៃសេចក្តីសង្រ្គោះ និងបានធ្វើជាកូនរបស់ព្រះ។ ហើយព្រះសព្វព្រះទ័យឲ្យមនុស្សទាំងអស់បានដឹងថា មិនមានផ្លូវសម្រាប់ពួកគេបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ ដោយមិនជឿលើការប្រសូតរបស់ព្រះយេស៊ូវ និងបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់បានឡើយ ហើយទ្រង់ចង់ឲ្យពួកគេមកឯទ្រង់ និងជឿតាមសេចក្តីពិតនេះ។ 
កិច្ចការ ៤:១២ ប្រកាសថា «ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។ យើងជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង។ ចិត្តដែលអរព្រះគុណផុសឡើងនៅក្នុងចិត្តរបស់អ្នកដែលជឿតាមសេចក្តីពិតនេះ។ ដូច្នេះ យើងមានចិត្តដែល អរព្រះគុណដល់ព្រះអម្ចាស់។ ព្រះអម្ចាស់បានប្រទានសេចក្តីសង្រ្គោះដល់យើង ហើយទ្រង់ក៏បានប្រទានចិត្តដែលអរព្រះគុណដល់យើងផងដែរ។ ព្រះអម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ ដូច្នេះ យើងត្រូវតែថ្វាយសិរីល្អដល់ព្រះអម្ចាស់ ដោយការអរព្រះគុណរបស់យើង សម្រាប់ការប្រទានព្រះពរដ៏បរិបូរទាំងនេះដល់យើង។ 
ទោះបីជាសេចក្តីជំនឿរបស់យើងតូចដូចជាគ្រាប់ស្ពៃក៏ដោយ បើសិនយើងនៅតែជឿនៅក្នុងចិត្តលើអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ក៏យើងអាចបានសង្រ្គោះបានដែរ។ ខ្ញុំសូមឲ្យអង្វរអ្នកទាំងអស់គ្នាដឹងថា យើងមិនអាចធ្វើអ្វីផ្សេង ដើម្បីបានសង្រ្គោះយើង ក្រៅពីគ្រាន់តែស្គាល់ និងជឿលើសេចក្តីសង្រ្គោះនេះ ដែលព្រះបានប្រទានឲ្យយើងដោយឥតគិតថ្លៃប៉ុណ្ណោះ។ ដោយយើងមិនអាចទទួលបានការអត់ទោសបាប ដោយការខិតខំផ្ទាល់ខ្លួនរបស់យើង ទើបព្រះបានដោះអំពើបាបទាំងអស់របស់យើង ដោយអង្គទ្រង់ ហើយបានប្រទាន សេចក្តីសង្រ្គោះរបស់ទ្រង់ដល់យើងដែលជឿវិញ។ ឥឡូវនេះ អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែទទួលការអត់ទោសបាប ដោយសេចក្តីជំនឿប៉ុណ្ណោះ។ 
មានសុភាសិតកូរ៉េមួយ ដែលនិយាយថា «បើសិនអ្នកចូលចិត្តរបស់ដែលឥតគិតថ្លៃខ្លាំងពេក អ្នកនឹងទំពែកក្បាល»។ នៅក្នុងការសន្ទនាជាភាសាអង់គ្លេស យើងអាចនិយាយបានថា «ឥតមានអាហារថ្ងៃត្រង់ដែលឥតគិតថ្លៃសម្រាប់អ្នកឡើយ»។ ត្រឹមត្រូវហើយ គ្មានអ្វីនៅក្នុងជីវិតនេះ ដែលមកឯយើងដោយឥតគិតថ្លៃនោះទេ។ ហើយយើងមានទំនោរក្នុងការចម្អកដល់អ្នកដែលចង់បានអំណោយ ដោយមិនបង់ថ្លៃ។ ទោះបីជាយ៉ាងណា យើងអាចទទួលបានការបានសង្រ្គោះ និងការទៅស្ថានសួគ៌បាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយឥតគិតថ្លៃអ្វីទាំងអស់។ ភាពទំពែកពីការទទួលរបស់ដែលឥតគិតថ្លៃច្រើនពេក អាចមើលមិនឃើញនៅក្នុងសាច់ឈាមបាន ប៉ុន្តែភាពទំពែកខាងវិញ្ញាណពីការទទួលអំណោយទានរបស់ព្រះគឺជាព្រះពរនៅចំពោះព្រះវិញ។ ខ្ញុំអធិស្ឋានថា អ្នកទាំងអស់គ្នានឹងដឹងថា ព្រះសព្វព្រះទ័យទតមើលចិត្តដែលឥតមានបាប ហើយដោយទ្រង់មើលឃើញចិត្តដែលឥតបាបរបស់យើង ទ្រង់ឱបក្រសោបយើងនៅក្នុងព្រះហស្តរបស់ទ្រង់។ 
យើងស្កប់ចិត្តចំពោះព្រះគុណដ៌ឥតគិតថ្លៃរបស់ព្រះ។ ហើយយើងត្រូវតែ អរព្រះគុណដល់ព្រះអម្ចាស់៖ ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជរបស់ទ្រង់ ដោយទឹក បានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីបើកទ្វារស្ថានសួគ៌។ ដោយការហែកវាំងននទីបរិសុទ្ធបំផុតពីលើដល់ក្រោម ទ្រង់បានជួយឲ្យគ្រប់គ្នាដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ ហើយអ្នកក៏ត្រូវតែចូលទៅក្នុងស្ថានសួគ៌ ដោយការជឿនៅក្នុងចិត្តតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ។ 
ខ្ញុំអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការទទួលបុណ្យជ្រមុជ ការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ និងសម្រាប់ព្រះគុណដែលបានបើកទ្វារនៃការអត់ទោសបាបសម្រាប់យើង។