Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 9-2] ចូរមានជំនឿក្លាហាន នៅថ្ងៃចុងក្រោយ (វិវរណៈ ៩:១-២១)

ចូរមានជំនឿក្លាហាន នៅថ្ងៃចុងក្រោយ
(វិវរណៈ ៩:១-២១)

នៅក្នុងបទគម្ពីរខាងលើ ក្នុងចំណោមគ្រោះកាចនៃត្រែទាំង៧ យើងបានឆ្លងផុតគ្រោះកាចនៃត្រែទី៥ និង៦ហើយ ក្នុងចំណោមគ្រោះកាចនៃត្រែទាំង៧។ ត្រែទី៥បន្លឺចេញជាគ្រោះកាចនៃសត្វកណ្តូប ហើយត្រែទី៦ប្រកាសពីគ្រោះកាចនៃសង្រ្គាមនៅទន្លេអើប្រាត។
កិច្ចការសំខាន់ដំបូងគេ ដែលយើងត្រូវស្វែងយល់គឺថា ពួកបរិសុទ្ធនឹងឆ្លងកាត់គ្រោះកាចនៃត្រែទាំង៧នេះ ឬអត់។ នេះហើយគឺជាកិច្ចការសំខាន់ដំបូងគេ ដែលយើងត្រូវតែស្តាប់ឮ យល់ និងជឿតាម។ 
តើពួកបរិសុទ្ធនឹងស្ថិតនៅកណ្តាលនៃគ្រោះកាចនៃត្រែទាំង៧នេះដែរទេ? ពិតណាស់ ពួកបរិសុទ្ធក៏នឹងត្រូវឆ្លងកាត់គ្រោះកាចទាំងនេះផងដែរ។ មួយភាគបីនៃព្រៃឈើនៅលើផែនដីនេះនឹងត្រូវឆេះអស់ មួយភាគបីនៃ សមុទ្រ និងទន្លេនឹងប្រែទៅជាឈាម ហើយព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយនឹងត្រូវរងការវាយប្រហារ ហើយបាត់បង់មួយភាគបីនៃពន្លឺរបស់ពួកវា។ ទោះបីជាមួយភាគបីនៃធម្មជាតិនៅលើផែនដីនេះនឹងប្រែទៅជាឈាម ឬបាត់បង់ពន្លឺក៏ដោយ ក៏វាមានន័យផងដែរថា ពីភាគបីទៀតនៃផែនដីនេះនឹងមិនមានបញ្ហាទេ។
ព្រះបន្ទូលប្រាប់យើងថា យើងដែលជាពួកបរិសុទ្ធ និងបានសង្រ្គោះហើយ ក៏នឹងត្រូវឆ្លងកាត់គ្រោះកាចទាំង៦ដំបូង ដែលនឹងបំផ្លាញមួយភាគបីនៃផែនដីនេះផងដែរ។ ប៉ុន្តែយើងមិនខ្លាចគ្រោះកាចទាំងនេះឡើយ ពីព្រោះដោយសារនៅក្នុងគ្រោះកាចទី៥ ព្រះបានបង្គាប់សត្វកណ្តូបឲ្យ «ត្រូវធ្វើទុក្ខដល់តែមនុស្សណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសវិញប៉ុណ្ណោះ» ទ្រង់នឹងការពារពួកបរិសុទ្ធដែលទ្រង់បានបោះត្រា ពីគ្រោះកាចនៃត្រែទាំង៧នេះ។ 
ប៉ុន្តែនេះនៅតែមានន័យថា ពួកបរិសុទ្ធនឹងឆ្លងកាត់គ្រោះកាចទាំងអស់នេះដដែល។ ក្នុងនាមជាអ្នកដែលបានប្រោសលោះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នក និងខ្ញុំនឹងត្រូវឆ្លងកាត់គ្រោះកាចទី១ ដែលនឹងដុតមួយភាគបីនៃផែនដីនេះ ដោយភ្លើងពីព្រះ ហើយក៏ដូចជាគ្រោះកាចទី២ ដែលធ្វើឲ្យមួយភាគបីនៃសមុទ្រប្រែទៅជាឈាម ដោយភ្នំដែលឆេះធ្លាក់មក និងគ្រោះកាចទី៣ ដែលនឹងធ្វើឲ្យមួយភាគបីនៃទន្លេ និងរន្ធទឹកក្លាយទៅជាស្លែង ដោយការធ្លាក់ផ្កាយដ៏ធំមួយពីមេឃ។ 
ហើយយើងក៏នឹងរស់នៅក្នុងគ្រោះកាចទី៤ផងដែរ ដែលនាំភាពងងឹតមក ដោយធ្វើឲ្យព្រះអាទិត្យ ព្រះច័ន្ធ និងផ្កាយបាត់បង់ពន្លឺ ហើយយើងក៏នឹងត្រូវឆ្លងកាត់គ្រោះកាចទី៥ផងដែរ ដែលសត្វកណ្តូបធ្វើទុក្ខដល់មនុស្ស ដោយអំណាចដូចជាខ្យាដំរី ហើយកាលណាគ្រោះកាចទី៦នាំសង្រ្គាមពិភពលោកមួយមកនៅទន្លេអើប្រាត យើងក៏នឹងត្រូវរស់នៅក្នុងពេលនោះផងដែរ។ គ្មានអ្នកណាអាចគេចវេសបានឡើយ ពីព្រោះវាគឺជាទិព្វញ្ញាណរបស់ព្រះ ដែលនឹងត្រូវបើកសម្តែងឲ្យបានឃើញ។ ការដែលយើងនឹងឆ្លងកាត់គ្រោះកាចដ៏កាចសាហាវទាំង៦នេះ គឺជាការពិតដែលសរសេរទុកនៅក្នុងព្រះបន្ទូលព្រះ។ 
ព្រះអម្ចាស់របស់យើង បានប្រោសលោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នក។ ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ យើងបានទទួលការធួននឹងបាបរបស់យើង ដោយការជឿលើអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង។ ការការពារពិសេសរបស់ព្រះនឹងមានសម្រាប់អស់អ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទោះបើពួកគេត្រូវឆ្លងកាត់គ្រោះកាចដ៏កាចសាហារទាំង៦ក៏ដោយ។ នៅក្នុងន័យផ្សេង ព្រះបន្ទូលប្រាប់យើងថា ព្រះគុណពិសេសរបស់ព្រះនឹងអនុញ្ញាតឲ្យយើងបន្តរស់នៅ។ យើងត្រូវតែដឹងថា ព្រះរបស់យើងពិតជាសមនឹងទទួលបានការ អរព្រះគុណពីយើង សម្រាប់ការប្រទានឯកសិទ្ធិ និងការការពារពិសេសដល់យើងដែលបានសង្រ្គោះ នៅក្នុងគ្រាគ្រោះកាចទាំងនេះ។ 
នៅពេលទេវតាទី៥ផ្លុំត្រែរបស់ខ្លួន សាវកយ៉ូហានបានមើលឃើញ «ផ្កាយ១ធ្លាក់ចុះពីលើមេឃមកលើផែនដី មានគេឲ្យកូនសោទីជំរៅនៃជង្ហុកធំដល់ផ្កាយនោះ ផ្កាយនោះក៏បើកទីជំរៅនៃជង្ហុកធំ»។ ផ្កាយនៅទីនេះសំដៅទៅលើទេវតាមួយ។ អត្ថន័យខាងវិញ្ញាណនៃផ្កាយរបស់ព្រះគឺថា ពួកគេគឺជាពួកបរិសុទ្ធ និងអ្នកបម្រើទាំងអស់របស់ទ្រង់។ នៅពេល ទេវតានេះដែលបានចុះមកផែនដី បានទទួលកូនសោរទីជម្រៅនៃជង្ហុកធំ ហើយបានយកកូនសោរបើកជង្ហុកនេះ ផ្សែងបានហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំមួយ។ 
«ជង្ហុកធំ» នៅទីនេះ សំដៅទៅលើកន្លែងមួយដែលជ្រៅគ្មានទីបញ្ចប់ ឬគេហៅថា Abyss ដែលជាជង្ហុកដ៏ជ្រៅគ្មានទីបញ្ចប់មួយ។ នៅពេល ទេវតាទី៥ផ្លុំត្រែរបស់ខ្លួន ទេវតានេះបានទទួលកូនសោរមួយ ដើម្បីបើក ជង្ហកធំនេះ។ មានផ្សែងហុយចេញពីជង្ហុកធំនេះ ដូចជាផ្សែងចេញពីគុកភ្លើងយ៉ាងធំមួយ។ ហើយផ្សែងពីជង្ហុកនេះបានបាំងព្រះអាទិត្យ និងមេឃ ដែលធ្វើឲ្យផែនដីទាំងមូលងងឹត។ 
នៅពេលជង្ហុកធំត្រូវបានបើក មិនត្រឹមតែមានផ្សែងហុយចេញមកទេ ប៉ុន្តែក៏មានទាំងសត្វកណ្តូបទៀតផង។ «សត្វកណ្តូប» ទាំងនេះ ដែលឡើងមកលើផែនដី មានអំណាចដូចជាខ្យាដំរី ដែលទិចមនុស្សដោយទ្រនិចរបស់ពួកវា។ ព្រះគម្ពីរប្រាប់ថា សត្វកណ្តូបទាំងនេះមានមុខដូចជាមុខមនុស្ស រូបរាងដូចជាសេះត្រៀមសម្រាប់ចម្បាំង ធ្មេញដូចជាធ្មេញរបស់សត្វតោ ហើយរោមដូចជាសក់របស់មនុស្សស្រី។ 
ដោយប្រើពាក្យពហុវចនៈ «កណ្តូប» ជំនួសឲ្យ «កណ្តូប» ឯកវចនៈ ព្រះគម្ពីរក៏ប្រាប់យើងផងដែរថា យើងមិនកំពុងតែនិយាយអំពីសត្វកណ្តូបមួយ ឬពីរបីនោះទេ ប៉ុន្តែអំពីហ្វូងសត្វកណ្តូបដ៏ធំមួយ ដូចជាហ្វូងកណ្តូបដែលបំផ្លាញតំបន់ត្រូពិចជារឿយៗ ដោយបំផ្លាញទិន្នជាតិនៅតាមផ្លូវទាំងអស់ ឲ្យសល់តែឫសប៉ុណ្ណោះ។ សត្វកណ្តូបទាំងនេះនឹងឡើងពីជង្ហុកធំ ហើយធ្វើទុក្ខដល់មនុស្សសម្រាប់រយៈពេល៥ខែ។ 
អស់អ្នកដែលរងការវាយប្រហារពីគ្រោះកាចទី៥នៃគ្រោះកាចនៃត្រែទាំង៧នេះ គឺជាអស់អ្នកដែលមិនបានកើតជាថ្មីតែប៉ុណ្ណោះ។ គ្រោះកាចនៃសត្វកណ្តូបនេះនឹងរំលងអ្នកដែលបានកើតជាថ្មី។ ព្រះអម្ចាស់នឹងមិននាំគ្រោះកាចនៃសត្វកណ្តូបមកលើយើងឡើយ ពីព្រោះទ្រង់ដឹងថា បើសិនសត្វកណ្តូបទិចអ្នកដែលបានកើតជាថ្មី ពួកគេនឹងប្រកាសដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដោយឆ្ងល់ថា «ហេតុអ្វីខ្ញុំបានសង្រ្គោះ?»។ យើងអាចរៀនពីការពិតនេះចេញពីខ.៤៖ «ហើយមានគេបង្គាប់ដល់វាថា កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ ត្រូវធ្វើទុក្ខដល់តែមនុស្សណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសវិញប៉ុណ្ណោះ»។
យើងដឹងថា ជនជាតិអ៊ីស្រាអែលចំនួន១៤៤០០០នាក់នឹងត្រូវបានបោះត្រារបស់ព្រះ ប៉ុន្តែព្រះគម្ពីរមិននិយាយអំពីពួកសាសន៍ដទៃទេ។ តើនេះមានន័យថា យើងក៏នឹងត្រូវរងការធ្វើទុក្ខពីសត្វកណ្តូប ដូចជាពួកមនុស្សមានបាបឬ? ទេ មិនអាចឡើយ! ខណៈដែលជនជាតិអ៊ីស្រាអែលចំនួន១៤៤០០០នាក់បានបោះត្រា យើងក៏បានបោះត្រាផងដែរ។ ចិត្តរបស់អស់អ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ត្រូវបានបោះត្រានៅចំពោះព្រះ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ តើអ្នកមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់អ្នកដែរទេ? ដោយសារអស់អ្នកដែលចិត្តរបស់ខ្លួនបានបោះត្រាធ្វើជាកូនរបស់ព្រះ ដោយព្រះវិញ្ញាណបរិសុទ្ធ យើងរួមជាមួយជនជាតិអ៊ីស្រាអែលចំនួន១៤៤០០០នាក់ ក៏នឹងរួចផុតពីគ្រោះកាចនៃសត្វកណ្តូបផងដែរ។ 
មនុស្សនឹងស្អប់ ហើយបៀតបៀនយើងកាន់តែខ្លាំងឡើង ដោយសារគ្រោះកាចនៃសត្វកណ្តូប នឹងធ្វើទុក្ខអស់អ្នកដែលមិនបានកើតជាថ្មីតែប៉ុណ្ណោះ។ ក្នុងកំឡុងពេល៥ខែនៃគ្រោះកាច មានតែអ្នកដែលមិនបានកើតជាថ្មីប៉ុណ្ណោះ ដែលត្រូវសត្វកណ្តូបខាំ ហើយឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែមិនអាចស្លាប់បានឡើយ។ មុខរបស់កណ្តូបទាំងនេះដូចជាមុខរបស់មនុស្ស រោមដូចជាសក់របស់មនុស្សស្រី ធ្មេញដូចជាចង្កូមសត្វតោ ហើយរូបរាងដូចជាសត្វសេះត្រៀមសម្រាប់ចម្បាំង ដែលមានកន្ទុយខ្យាដំរី។ សត្វកណ្តូបទាំងនេះនឹងគំរាមមនុស្សគ្រប់រូបដែលនៅពីមុខរបស់ពួកវា ខាំពួកគេនៅគ្រប់ទីកន្លែងដោយធ្មេញ និងទិចដោយកន្ទុយពិស ដែល បណ្តាលឲ្យជនរងគ្រោះរងការឈឺចាប់យ៉ាងខ្លាំងក្រៃលែង។ 
ការទិចតែម្តងនឹងគ្រប់គ្រាន់ធ្វើឲ្យមានការឈឺចាប់ដ៏ខ្លាំងហើយ គឺដូចជាការឆក់ភ្លើងដែលមានកម្លាំងវ៉ុលត៍ដ៏ខ្លាំងមួយដែរ ដែលនឹងមានការឈឺចាប់សម្រាប់រយៈពេលប្រាំមួយខែ។ ហើយមនុស្សមិនអាចស្លាប់បានទេ ទោះបើពួកគេរងទុក្ខពីសត្វកណ្តូប ឬចង់ស្លាប់ជាងរស់យ៉ាងណាក៏ដោយ។ ដោយសារគ្រោះកាចនៃសត្វកណ្តូបនេះមិនបណ្តាលឲ្យមានសេចក្តីស្លាប់ នឹងមិនមានសេចក្តីស្លាប់នៅលើផែនដីនេះសម្រាប់រយៈពេលប្រាំមួយខែ។ ដូច្នេះ គ្រោះកាចនេះនឹងធ្វើទុក្ខផែនដីសម្រាប់រយៈពេលប្រាំមួយខែ។ 
យើងមិនទាន់បានមើលឃើញគ្រោះកាចទាំងនេះ ដោយផ្ទាល់ភ្នែកនៅឡើយទេ ប៉ុន្តែព្រះពិតជាបានត្រៀមគ្រោះកាចទាំងនេះរួចហើយ។ ព្រះប្រាប់យើងថា ទ្រង់នឹងទម្លាក់គ្រោះកាចទាំងនេះមកលើផែនដី និងអស់អ្នកដែលមិនជឿព្រះ សេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់ និងដំណឹងល្អអំពីសេចក្តីប្រោសលោះរបស់ទ្រង់។ ដោយសារព្រះបានត្រៀមធ្វើការទាំងនេះ យើងត្រូវតែជឿថា ព្រះពិតជានឹងធ្វើឲ្យការទាំងនេះកើតឡើងមែន។ 
អ្វីដែលយើងអាចធ្វើបានគឺថា យើងត្រូវតែជឿលើព្រះតែមួយគត់ ពីព្រោះគ្មានអ្នកណាម្នាក់អាចតវ៉ាអំពីអ្វីដែលព្រះរៀបចំ និងធ្វើបាន ឡើយ។ សូម្បីតែនៅក្នុងស្ថានភាពដែលមនុស្សរងទុក្ខពីសត្វកណ្តូប ព្រះនឹងមិនអនុញ្ញាតឲ្យសត្វកណ្តូបខាំ ឬទិចយើងឡើយ ហើយទ្រង់នឹងការពារយើងពីគ្រោះកាចនេះ ពីព្រោះទ្រង់នឹងបង្គាប់ពួកវាមិនឲ្យធ្វើទុក្ខដល់អស់អ្នកដែលមានត្រារបស់ទ្រង់នៅលើថ្ងាសរបស់ខ្លួនឡើយ។ 
 


ហេតុអ្វីព្រះទម្លាក់គ្រោះកាចនៃត្រែទី៧មក?


គោលបំណងរបស់ទ្រង់ក្នុងការទម្លាក់គ្រោះនៃត្រែទី៧មក គឺដើម្បីទទួលបានសិរីល្អពីអ្នកដែលបានកើតថ្មី និងដើម្បីប្រទានឱកាសទីពីរដល់អ្នកដែលមិនបានកើតថ្មី ហើយដើម្បីប្រាប់មនុស្សទាំងអស់នៅលើផែនដីនេះ ដែលទ្រង់បានបង្កើតមកថា ព្រះអម្ចាស់គឺជាព្រះ ព្រះអាទិករនៃផែនដីនេះ ព្រះអង្គសង្រ្គោះ និងចៅក្រមនៃមនុស្សទាំងអស់។ 
ទីមួយ តាមរយៈការទម្លាក់ការរងទុក្ខមកលើមនុស្សមានបាប តាម រយៈគ្រោះកាច និងការអនុញ្ញាតឲ្យមនុស្សសុចរិតរួចផុតពីគ្រោះកាចទាំងនោះ ព្រះធ្វើឲ្យមនុស្សសុចរិតសរសើរតម្កើងឧត្តមភាព ព្រះគុណ ព្រះពរ និងសិរីល្អរបស់ព្រះអម្ចាស់។ 
ទីពីរ ព្រះអនុញ្ញាតគ្រោះកាចទាំងនេះ សម្រាប់ចម្រូតចុងក្រោយរបស់ទ្រង់។ ទ្រង់នាំគ្រោះកាចនៃត្រែទាំង៧នេះមក ដើម្បីសង្រ្គោះអស់អ្នកដែលបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តែមិនទាន់បានជឿតាមដំណឹងល្អនេះ ជាលើកចុងក្រោយ។ សេចក្តីវេទនាដ៏ធំនឹងត្រូវធ្លាក់មកលើមនុស្សទាំងអស់ដែលព្រះបានបង្កើត ទាំងសាសន៍អ៊ីស្រាអែល និងទាំងសាសន៍ដទៃ ទុកជាឱកាសចុងក្រោយសម្រាប់ពួកគេបែរមកឯព្រះអម្ចាស់ ហើយបានសង្រ្គោះ។ 
ទីបី ដោយសារគ្មានអ្វីនៅក្នុងលោកិយនេះបានមានរូបរាងឡើង ដោយមិនមានព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបានយាងមកផែនដីនេះជាសាច់ឈាមមនុស្ស បានផ្ទុកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងបានលាងសម្អាតអំពើបាបទាំងអស់ តាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គ្រោះកាចដ៏សាហាវទាំងនេះបង្ហាញពីអំណាចព្រះចេស្តារបស់ទ្រង់ ដល់អស់អ្នកដែលមិនបានទទួលយកសេចក្តីស្រឡាញ់របស់ទ្រង់ និងសេចក្តីស្រឡាញ់របស់ព្រះ វរបិតារបស់ទ្រង់ និងមិនបានជឿតាមដំណឹងល្អអំពីសេចក្តីសង្រ្គោះ។ ទ្រង់នឹងនាំទាំងការរងទុក្ខនៅលើផែនដីនេះ និងទាំងទោសអស់កល្បជានិច្ចនៅក្នុងស្ថាននរកមកលើអស់អ្នកដែលមិនបានកើតជាថ្មី។ 
ព្រះនាំគ្រោះកាចមកលើផែនដីនេះ ជាមួយគោលបំណង និងផែនការបែបដូច្នេះ។ យើងត្រូវតែដឹង និងជឿថា គ្រោះកាចទាំងនេះនឹងកើតឡើងជាពិត។ ទោះបីជាយើងនឹងបានរួចពីគ្រោះកាចនៃសត្វកណ្តូបក៏ដោយ ក៏យើងត្រូវតែដឹងថា យើងនឹងរស់ឆ្លងកាត់គ្រោះកាចទាំងអស់ដែរ។ គ្រោះកាចនៃភ្លើង ដែលដុតបំផ្លាញមួយភាគបីនៃធម្មជាតិ និងព្រៃឈើនៃផែនដីទាំងមូល គ្រោះកាចនៃទឹក ដែលធ្វើឲ្យមួយភាគបីនៃសមុទ្រប្រែទៅជាឈាម និងមួយភាគបីនៃទន្លេ និងរន្ធទឹកក្លាយទៅជាស្លែង គ្រោះកាចនៃភាពងងឹត ដែលធ្វើឲ្យព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយងងឹត និងគ្រោះកាចនៃសង្រ្គាម ដែលបំផ្លាញពិភពលោកទាំងមូល។ យើងនឹងរស់ឆ្លងកាត់គ្រោះកាចទាំងអស់នេះ។ ប៉ុន្តែយើងក៏ត្រូវតែដឹងផងដែរថា ទោះបើយើងរស់ឆ្លងកាត់គ្រោះកាចទាំងនេះក៏ដោយ ក៏យើងនៅតែមានពេញដោយអំណរកាន់តែខ្លាំងដែរ។
ដោយសារគ្រោះកាចនៃត្រែទាំង៧ យើងនឹងបាត់បង់ចំណាប់អារម្មណ៍រស់នៅលើផែនដីនេះ។ ចូរយើងឧបមាមួយភ្លែតថា ភ្នំភ្លើងទាំងឡាយកំពុងតែផ្ទុះនៅគ្រប់ទីកន្លែង មានការរញ្ជួយដី ភ្នំឆេះទៅជាផ្សែង មួយភាគបីនៃសមុទ្រ ទន្លេ និងរន្ធទឹកប្រែទៅជាឈាម និងស្លែង។ ធូលីដី ផ្សែង និងផេះគ្របដណ្តប់ផែនដីទាំងមូល ព្រះអាទិត្យរះនៅម៉ោង១០ព្រឹក ហើយលេចនៅម៉ោង៤រសៀល ហើយព្រះច័ន្ធ និងផ្កាយបាត់បង់ពន្លឺ ដែលយើងមិនអាចមើលឃើញទៀតឡើយ។ តើអ្នកនឹងមានអារម្មណ៍រស់នៅលើផែនដីបែបនេះទៀតដែរទេ? ពិតជាអត់ទេ!
ដូច្នេះហើយបានជាពួកបរិសុទ្ធនឹងសម្លឹងទៅឯព្រះ ហើយដាក់ សេចក្តីសង្ឃឹមរបស់ខ្លួនទៅលើនគររបស់ទ្រង់នៅពេលនេះ។ សេចក្តីសង្ឃឹមមួយរយភាគរយមរបស់យើង គឺមាននៅក្នុងព្រះតែមួយអង្គគត់។ យើងលែងចង់រស់នៅលើផែនដីនេះទៀតហើយ ហើយយើងក៏មិនអាចធ្វើដូច្នេះបានដែរ ទោះបើគេឲ្យទ្រព្យសម្បត្តិទាំងអស់នៅក្នុងលោកិយនេះ ដើម្បីឲ្យយើងរស់នៅសម្រាប់រយៈពេលមួយពាន់ឆ្នាំក៏ដោយ។ ដោយសារគ្រោះកាចទាំងនេះត្រូវបានរៀបចំ និងអនុញ្ញាត ដោយព្រះ គ្មានអ្នកណាអាចបញ្ឈប់វាបានឡើយ។ ហើយដោយសារព្រះបានរៀបចំគ្រោះកាចទាំងនេះ ទ្រង់នឹងធ្វើឲ្យវាកើតឡើងជាពិត។ 
ហេតុអ្វីគ្រោះកាចទាំងអស់ដែលព្រះបានរៀបចំ ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ? ហើយហេតុអ្វីព្រះលើកសាវកយ៉ូហានទៅស្ថានសួគ៌ អនុញ្ញាតឲ្យគាត់ស្តាប់ឮ និងមើលឃើញគ្រោះកាចទាំងអស់ ដែលនឹងធ្លាក់មក កាលណាត្រែទាំង៧បន្លឺសម្លេងឡើង ហើយបង្គាប់ឲ្យគាត់សរសេរទុកគ្រប់យ៉ាងដែលគាត់បានស្តាប់ឮ និងមើលឃើញ? តាមរយៈការបង្ហាញពីអ្វីដែលនឹងកើតឡើងចំពោះលោកិយនេះ ទ្រង់ចង់ធ្វើឲ្យពួកបរិសុទ្ធមានសង្ឃឹមសម្រាប់នគរព្រះតែមួយប៉ុណ្ណោះ ធ្វើឲ្យពួកគេប្រកាសដំណឹងល្អនៅលើផែនដីនេះ ហើយធ្វើឲ្យមនុស្សគ្រប់គ្នាជឿលើព្រះយេស៊ូវគ្រីស្ទ។ 
ព្រះបានរៀបចំផែនការ ហើយអនុញ្ញាតឲ្យការទាំងនេះកើតឡើង ដើម្បីតាមរយៈគ្រោះកាចទាំងនេះ មនុស្សនឹងគិតសារជាថ្មី ដើម្បីកុំឲ្យរងទុក្ខនៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រនៅក្នុងស្ថាននរក។ នៅក្នុងន័យផ្សេង ព្រះនាំគ្រោះកាចទាំងនេះមក ហើយក៏ប្រទានទីជ្រកកោនដល់ពួកគេឲ្យបានរួចពីវាផងដែរ។ ដោយសារព្រះមិនចង់ឲ្យយើងណាម្នាក់ធ្លាក់ទៅក្នុងស្ថាននរក ទ្រង់ចង់ឲ្យចិត្តរបស់មនុស្សមានបាបបែរមកឯទ្រង់វិញ តាមរយៈគ្រោះកាចទាំងនេះ។ ខ្ញុំជឿថា ព្រះបន្ទូលត្រូវបានកត់ត្រាទុក និងបង្ហាញដល់យើង ដើម្បីឲ្យគ្រប់គ្នាបានទៅស្ថានសួគ៌។ 
នៅក្នុងន័យផ្សេង គ្រោះកាចទាំងឡាយ ដែលព្រះនាំមកលើយើង មិនសម្រាប់ធ្វើឲ្យយើងឈឺចាប់នោះទេ។ ព្រះនាំគ្រោះកាចទាំងនេះមកលើផែនដី និងយើង ដើម្បីកុំឲ្យយើងដាក់សេចក្តីសង្ឃឹមលើផែនដីនេះ ប៉ុន្តែលើនគររបស់ទ្រង់វិញ។ យើងក៏ត្រូវតែដឹងផងដែរថា ទ្រង់អនុញ្ញាតឲ្យការទាំងនេះកើតឡើង ដើម្បីធ្វើឲ្យយើងប្រកាសសេចក្តីស្រឡាញ់នៃ សេចក្តីសង្រ្គោះរបស់ទ្រង់ ទៅកាន់ព្រលឹងដែលបាត់បង់ជាច្រើនរាប់មិនអស់ ដែលត្រូវធ្លាក់ទៅក្នុងភ្លើងស្ថាននរកអស់កល្បជានិច្ច ដើម្បីឲ្យពួកគេអាចជឿតាមព្រះបន្ទូលអំពីសេចក្តីសង្រ្គោះ បានសង្រ្គោះ ហើយរួចពីសេចក្តីវេទនាដ៏ធំនេះផងដែរ។ 
ត្រីអណ្តែងប្រភេទខ្លះអាចធ្វើឲ្យមានការឈឺចាប់ បើសិនមុតធ្មុងរបស់វា។ បើសិនអ្នកកាន់ត្រីអណ្តែង ដោយមិនប្រយ័ត្ន អ្នកអាចមុតដៃនឹងធ្មុងពិសរបស់វាបាន ហើយអ្នកនឹងមានការឈឺចាប់យ៉ាងខ្លាំង ដូចជាឆក់ខ្សែភ្លើងអញ្ចឹង។ ប៉ុន្តែការឈឺចាប់បែបនេះមិនអាចប្រៀបផ្ទឹមជាមួយនឹងការឈឺចាប់ពីការទិចរបស់សត្វកណ្តូបបានឡើយ។ 
ឥឡូវនេះ ចូរស្រម៉ៃថា យើងមានការឈឺចាប់បែបនេះ សម្រាប់រយៈពេល៥ខែ។ វាគឺជាការឈឺចាប់ខ្លាំងបំផុត ដែលសូម្បីតែមនុស្សចង់ស្លាប់ ក៏មិនអាចស្លាប់បានដែរ។ ពួកគេមិនអាចសម្លាប់ខ្លួនបានឡើយ ពីព្រោះព្រះបន្ទូលប្រាប់យើងថា «មនុស្សនឹងរកចង់បានសេចក្តីស្លាប់ ប៉ុន្តែមិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្តីស្លាប់នឹងរត់ចេញពីគេទៅ»។ ប៉ុន្តែដោយសារយើងបានធ្វើជាកូនរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងដោយសារយើងមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង ព្រះនឹងការពារយើងពីគ្រោះកាចនេះ ដើម្បីកុំឲ្យយើងរងការឈឺចាប់ពីសត្វកណ្តូប។ ទោះបីជាត្រូវឆ្លងកាត់គ្រោះនេះក៏ដោយ ក៏យើងមានការការពារពីព្រះដែរ ពីព្រោះយើងបានទទួលការអត់ទោសអំពើបាប ដោយការជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចហើយ។ 
យើងមិនគួរចាត់ទុកកណ្ឌគម្ពីរវិវរណៈជារឿងគួរឲ្យភ័យខ្លាចនោះទេ ប៉ុន្តែតាមរយៈកណ្ឌគម្ពីរនេះ យើងត្រូវតែដឹងថា ព្រះនឹងប្រទានដល់យើងនូវការការពារពិសេសចេញពីគ្រោះកាច ទ្រង់នឹងទទួលបានសិរីល្អ តាម រយៈយើង ហើយព្រះក៏នឹងបំពាក់សិរីល្អដល់យើងផងដែរ។ តាមរយៈការយល់ពីការទាំងនេះ យើងអាចកាន់តែក្លាហាន ប្រកាសដំណឹងល្អកាន់តែខ្លាំង ហើយថ្វាយសិរីល្អដល់ព្រះកាន់តែច្រើន នៅពេលសេចក្តីវេទនាដ៏ធំមកដល់។ ដូច្នេះ យើងត្រូវតែរស់នៅក្នុងគ្រានេះ ដោយមិនមានសេចក្តីភ័យខ្លាចនៅក្នុងចិត្ត ឬសេចក្តីលោភសម្រាប់ជីវិតនៅលើផែនដីរបស់ យើង។ ព្រះបង្រៀនយើងអំពីការទាំងនេះជាមុន ដើម្បីឲ្យយើងនឹងមានភាពក្លាហាន។ ដូច្នេះ យើងត្រូវតែមានជំនឿដែលក្លាហាន។ 
ព្រះបែងចែកចំណាត់ថ្នាក់គ្រោះកាចទាំង៧ជាពីរ គឺគ្រោះកាចបួនដំបូង និងសេចក្តីវេទនាបីចុងក្រោយ ហើយទ្រង់បញ្ជាក់ថា សេចក្តីវេទនាចុងក្រោយនឹងកាន់តែមានភាពធ្ងន់ធ្ងរទៅទៀត។ ដូច្នេះ នៅពេលគ្រោះកាចទី៥បញ្ចប់ទៅ ទ្រង់ប្រកាសជាពីសេសថា «សេចក្តីវេទនាទី១បានកន្លងទៅហើយ មើល មានសេចក្តីវេទនា២យ៉ាង មកតាមក្រោយទៀត»។ 
សេចក្តីវេទនាទីពីរគឺជាគ្រោះកាចនៃត្រែទី៦៖ «ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ និងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល»។ ខ.១៦ និយាយថា «ឯចំនួនពលសេះ នោះមាន២០កោដិ»។ វាប្រាប់ថា សង្គ្រាមដ៏ធំមួយនឹងកើតឡើង ហើយមួយភាគបីនៃមនុស្សជាតិនឹងត្រូវស្លាប់ ដោយសារសង្រ្គាមនេះ។ នៅក្នុងន័យផ្សេង ព្រះនឹងនាំគ្រោះកាចនៃសង្រ្គាមដ៏ធំមួយមកលើផែនដីនេះ។ 
ខ.១៧-១៨ និយាយថា «ខ្ញុំឃើញសេះទាំងនោះ និងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី និងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រដែលចេញពីមាត់វាមក មនុស្សលោក១ភាគក្នុង៣បានស្លាប់ ដោយសេចក្តីទេវនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង»។ ព្រះនឹងអនុញ្ញាតឲ្យមនុស្សច្រើនរាប់មិនអស់ត្រូវស្លាប់ ដោយកងទ័ពសេះដ៏ធំ។ នេះគឺជាគ្រោះកាច ដែលនឹងមកដល់ នៅពេលត្រែរបស់ទេវតាទី៦បន្លឺសម្លេងឡើង។ 
តើមានរឿងអ្វីកើតឡើង នៅពេលត្រែទី៧បន្លឺសម្លេងឡើង? ការរស់ពីស្លាប់ឡើងវិញ និងការលើកពួកបរិសុទ្ធឡើងទៅលើអាកាសនឹងកើត ឡើង។ រហូតដល់ត្រែទី៦ គ្រោះកាចមុនៗទាំងអស់បាននាំគ្រោះធម្មជាតិ ឬសង្រ្គាម ដែលបណ្តាលឲ្យមនុស្សស្លាប់។ ដោយសារគ្រោះកាចទាំងនេះរួមបញ្ចូលនៅក្នុងគ្រោះកាចនៃត្រែទាំង៧ ហើយត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ ខ្ញុំជឿតាមព្រះបន្ទូលនេះ។ ប៉ុន្តែចំណែកអ្នកវិញ យ៉ាងដូចម្តេចដែរ? តើអ្នកជឿតាមសេចក្តីពិតនេះដែរឬទេ?
តើអ្នកបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់អ្នក ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយឬនៅ? ទោះបីជាត្រូវឆ្លងកាត់គ្រោះកាចទាំងនេះក៏ដោយ ដើម្បីឲ្យអ្នករួចផុតពីការរងទុក្ខពីគ្រោះកាចដ៏អស់កល្បជានិច្ច និងមិនធ្លាក់ទៅក្នុងស្ថាននរក អ្នកត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេលនេះ ដែលព្រះបានប្រទានមក ដើម្បីដោះអំពើបាបទាំងអស់របស់អ្នកចេញ ដើម្បីសង្រ្គោះអ្នកចេញពី សេចក្តីវេទនាដ៏ធំ ហើយដើម្បីប្រទានដល់អ្នកនូវផ្ទៃដីថ្មី និងផែនដីថ្មីរបស់ទ្រង់។ អ្នកត្រូវតែស្គាល់ និងជឿតាមដំណឹងល្អនេះ។ ក្រៅពីជំនឿរបស់អ្នកតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គ្មានផ្លូវណាទៀត ដែលអ្នកអាចទៅស្ថានសួគ៌បានឡើយ។ 
ព្រះយេស៊ូវបានប្រាប់យើងសាវកពេត្រុសថា «ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក»។ កូនសោរនៃនលគរស្ថានសួគ៌ត្រូវបានប្រទានឲ្យយើង នៅពេលយើងជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង ដែលបានយាងមកផែនដីនេះ ដើម្បីផ្ទុកអំពើបាបទាំងអស់របស់មនុស្សជាតិទៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័រដាន់។ ហើយទ្រង់បាននាំអំពើបាបទាំងនេះ និងសុគតនៅលើឈើឆ្កាង ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានការការពារពីគ្រោះកាចទាំងនេះបាន លុះតាតែយើងមានជំនឿនេះ គឺជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញរួចហើយ។ 
កាលណាត្រែទី៧បន្លឺសម្លេងឡើង ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនឹងកើតឡើង បន្ទាប់ពីទុក្ករកម្មដែលត្រូវបានបរិយាយនៅក្នុង វិវរណៈ ១៣។ កាលណាអាទទឹងនឹងព្រះគ្រីស្ទលេចមក យើងនឹងប្រឈមនឹងសេចក្តីស្លាប់សុចរិត គឺត្រូវគេសម្លាប់ ដោយសារដំណឹងល្អ។ 
អ្នកត្រូវតែដឹងថា ដំណឹងល្អនេះមានតម្លៃ និងសារៈសំខាន់ខ្លាំងយ៉ាងណា ដែលអ្នកត្រូវតែយល់ និងជឿតាម។ ចូរជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះចុះ ដើម្បីឲ្យអ្នកអាចយកឈ្នះលើថ្ងៃចុងក្រោយ ដោយសេចក្តីក្លាហាន ហើយរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះអម្ចាស់បានសន្យា។ ដើម្បីបានថ្វាយបង្គំព្រះអម្ចាស់ដ៏ជាព្រះ ដូចជាចាស់ទុំម្នាក់ក្នុងចំណោមចាស់ទុំទាំង២៤ យើងត្រូវតែយកឈ្នះលើសេចក្តីទុក្ខវេទនា ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ខ្ញុំសង្ឃឹម និងអធិស្ឋានថា ក្នុងនាមជាពួកបរិសុទ្ធដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អនេះ ដោយអស់ពីចិត្តរបស់អ្នក អ្នកទាំងអស់គ្នានឹងយកឈ្នះលើថ្ងៃចុងក្រោយ ហើយទទួលបាននគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌ដ៏អស់កល្បជានិច្ចរបស់ព្រះទុកជាមរដក។