Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 22-2] ចូរអរសប្បាយ និងមានកម្លាំងនៅក្នុងសេចក្តីសង្ឃឹម សម្រាប់សិរីល្អ (វិវរណៈ ២២:១-២១)

ចូរអរសប្បាយ និងមានកម្លាំងនៅក្នុងសេចក្តីសង្ឃឹម សម្រាប់សិរីល្
(វិវរណៈ ២២:១-២១)
 
វិវរណៈ ២២:៦-២១ បង្ហាញយើងអំពីសេចក្តីសង្ឃឹមសម្រាប់នគរស្ថានសួគ៌។ ជំពូក២២ដែលជាជំពូកបញ្ចប់នៃកណ្ឌវិវរណៈ ដោះស្រាយការបញ្ជាក់អំពីភាពស្មោះត្រង់នៃទំនាយទាំងឡាយនៅក្នុងព្រះគម្ពីរ និងការអញ្ជើញរបស់ព្រះទៅកាន់ទីក្រុងយេរូសាឡិមថ្មី។ ជំពូកនេះប្រាប់យើងថា ទីក្រុងយេរូសាឡិមថ្មីគឺជាអំណោយទានមួយរបស់ព្រះ សម្រាប់ពួកបរិសុទ្ធដែលបានកើតជាថ្មី ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះបានធ្វើឲ្យពួកបរិសុទ្ធដែលបានកើតជាថ្មី សរសើរតម្កើងទ្រង់នៅក្នុងតំណាក់របស់ព្រះ។ សម្រាប់ព្រះពរនេះ ខ្ញុំសូមអរព្រះគុណយ៉ាងអស់ពីចិត្តដល់ព្រះអម្ចាស់។ ពាក្យសម្តីមិនអាចបញ្ជាក់ពីការដឹងព្រះគុណរបស់យើង សម្រាប់ការអនុញ្ញាតឲ្យយើងធ្វើជាពួកបរិសុទ្ធ ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់នៅចំពោះព្រះអម្ចាស់។ តើអ្នកណានៅលើផែនដីនេះនឹងទទួលបានព្រះពរធំជាងព្រះពរដែលយើងបានទទួលនេះ? ពិតជាគ្មានអ្នកណាម្នាក់ឡើយ!
បទគម្ពីរមេនៅថ្ងៃនេះ គឺជាជំពូកចុងក្រោយរបស់កណ្ឌគម្ពីរវិវរណៈ។ នៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ យើងមើលឃើញព្រះធ្វើផែនការទាំងអស់សម្រាប់មនុស្សជាតិ ហើយនៅក្នុងកណ្ឌគម្ពីរវិវរណៈ យើងមើលឃើញព្រះអម្ចាស់បំពេញសម្រេចផែនការទាំងអស់នេះ។ ព្រះបន្ទូលបើកសម្តែងទាំងអស់គឺជាដំណើរការបំផ្លាញលោកិយនេះចោល ដើម្បីបញ្ចប់ព្រះរាជកិច្ចរបស់ព្រះសម្រាប់មនុស្សជាតិ ស្របតាមរចនាបថរបស់ទ្រង់។ តាមរយៈព្រះបន្ទូលបើកសម្តែង យើងអាចមើលឃើញនគរស្ថានសួគ៌ជាមុន ដូចដែលព្រះបានបើកសម្តែង។ 
 

ទ្រង់ទ្រាយនៃទីក្រុងរបស់ព្រះ និងសួនច្បាររបស់វា

វិវរណៈ ២១:១៧-២១ និយាយអំពីទីក្រុងរបស់ព្រះថា «ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ ជើងកំផែងបានតាក់តែង ដោយត្បូងមានដំឡៃគ្រប់យ៉ាង ជើងទី១មានត្បូងមណីជោតិ ទី២មានត្បូងកណ្តៀង ទី៣មានត្បូងមោរ៉ា ទី៤មានត្បូងមរកត ទី៥មានត្បូងសាមស៊ី ទី៦មានត្បូងពិទាយ ទី៧មានត្បូងប៊ុតលឿង ទី៨មានត្បូងបេរីល ទី៩មានត្បូងទោប៉ាត់ ទី១០មានត្បូងយក់ ទី១១មានត្បូងនិល ទី១២មានត្បូងត្របែក ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវ»។ 
ព្រះបន្ទូលបើកសម្តែងនេះ ពិពណ៌នាអំពីទីក្រុងយេរូសាឡិមថ្មី ដែលព្រះនឹងប្រទានឲ្យមនុស្សដែលបានកើតជាថ្មី។ ព្រះប្រាប់យើងថា ទីក្រុងយេរូសាឡិមនៅស្ថានសួគ៌នេះ ត្រូវបានសាងសង់ឡើងពីត្បូងដ៏មានតម្លៃទាំងដប់ពីរប្រភេទ ដែលមានទ្វារចូលចំនួនដប់ពីរដែលធ្វើពីកែវមុក្តា។
ហើយជំពូក២២និយាយអំពីធម្មជាតិដែលមាននៅក្នុងសួនច្បារនៃទីក្រុងយេរូសាឡិម។ ខ.១និយាយថា «ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ និងកូនចៀម»។ នៅក្នុងទីក្រុងរបស់ព្រះ ទឹកទន្លេថ្លាដូចជាកែវចរណៃហូរកាត់សួនច្បាររបស់ទីក្រុង ដូចដែលព្រះបានធ្វើឲ្យទន្លេបួនហូរនៅក្នុងសួនច្បារអេដែនកាលពីដើមដំបូងដែរ។ ព្រះប្រាប់យើងថា នេះគឺជាសួនច្បារដែលមនុស្សសុចរិតនឹងទទួលបាននៅពេលអនាគត។ 
បទគម្ពីរមេក៏ប្រាប់យើងផងដែរថា ដើមជីវិតមាននៅក្នុងសួនច្បារនេះ ហើយវាបង្កើតផលទាំងដប់ពីរប្រភេទ ជារៀងរាល់ខែម្តង ហើយស្លឹករបស់វាសម្រាប់ព្យាបាលជាតិសាសន៍ទាំងអស់។ ធម្មជាតិនៅស្ថានសួគ៌គឺបែបដូច្នេះ គឺមិនគ្រាន់តែមនុស្សអាចបរិភោគផ្លែរបស់ដើមជីវិតបានប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបរិភោគស្លឹករបស់វាបានដែរ ដោយសារវាជាថ្នាំព្យាបាល។ 
 

ព្រះពរដែលមនុស្សសុចរិតទទួលបាន!

ព្រះគម្ពីរប្រាប់យើងថា នៅក្នុងទីក្រុងរបស់ព្រះ «នឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបំរើទ្រង់»។ វាប្រាប់យើងថា អស់អ្នកដែលទទួលបានការអត់ទោសសម្រាប់អំពើបាប នឹងសោយរាជ្យជារៀងរហូតជាមួយព្រះដែលបានសង្រ្គោះយើង។ 
អស់អ្នកដែលត្រូវបានដោះអំពើបាបរបស់ខ្លួនចេញ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងមិនគ្រាន់តែទទួលបានព្រះពរនៃការដោះបាបចេញពីខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងបានធ្វើជាកូនរបស់ព្រះផ្ទាល់ មានទេវតាជាច្រើនបម្រើពួកគេ នៅពេលពួកគេទៅដល់នគររបស់ព្រះ ហើយសោយរាជ្យជាមួយព្រះអម្ចាស់ជារៀងរហូតផងដែរ។ បទគម្ពីរប្រាប់យើងថា មនុស្សសុចរិតនឹងទទួលបានព្រះពរដ៏អស់កល្ប ជានិច្ចទាំងនេះ កាលណាពួកគេឈរនៅក្បែរទន្លេជីវិត និងបរិភោគផ្លែជីវិត ហើយថា ផ្នែកមួយនៃព្រះពរនេះគឺថា នឹងលែងមានជម្ងឺទៀតហើយ។ 
វាក៏ប្រាប់យើងផងដែរថា ពួកគេនឹងមិនត្រូវការពន្លឺនៃផែនដីនេះ ឬព្រះអាទិត្យឡើយ ពីព្រោះនៅក្នុងនគរដ៏ពេញដោយសិរីល្អរបស់ព្រះ ពួកគេនឹងរស់នៅជារៀងរហូតជាមួយព្រះ ដែលទ្រង់ផ្ទាល់គឺជាពន្លឺ។ នៅក្នុងន័យផ្សេង កូនរបស់ព្រះដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងរស់នៅដូចជាព្រះ។ នេះហើយគឺជាព្រះពរដែលមនុស្សសុចរិតនឹងទទួលបាន។ 
សាវកយ៉ូហាន ដែលជាម្នាក់ក្នុងចំណោមពួកសិស្សទាំងដប់ពីររបស់ព្រះយេស៊ូវ បានសរសេរកណ្ឌគម្ពីរវិវរណៈនេះ ហើយក៏បានសរសេរកណ្ឌដំណឹងល្អយ៉ូហាន និងសំបុត្របីទៀតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺសំបុត្រ យ៉ូហានទី១ ទី២ និងទី៣។ គាត់ត្រូវបាននិរទេសទៅកាន់កោះប៉ាតម៉ុស ដោយសារគាត់បានបដិសេធមិនទទួលស្គាល់អធិរាជរ៉ូម៉ាំងជាព្រះ។ ក្នុង កំឡុងពេលនិរទេសនេះ ព្រះបានបញ្ជូនទេវតារបស់ទ្រង់ទៅឯសាវ កយ៉ូហាន ហើយបានបង្ហាញគាត់អំពីសេចក្តីវិនាសរបស់លោកិយនេះ និងកន្លែងដែលពួកបរិសុទ្ធនឹងចូលទៅរស់នៅ។ 
បើសិនយើងត្រូវហៅកណ្ឌគម្ពីរលោកុប្បត្តិជាប្លង់នៃការបង្កបង្កើត យើងអាចហៅកណ្ឌគម្ពីរវិវរណៈជាផ្ទាំងគំនូរតូចៗនៃប្លង់ទាំងមូលបាន។ សម្រាប់រយៈពេល៤០០០ឆ្នាំ ព្រះបានប្រាប់មនុស្សជាតិថា ទ្រង់នឹងដោះអំពើបាបរបស់ពួកគេចេញ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ហើយនៅសម័យព្រះគម្ពីរសញ្ញាថ្មី ពេលវេលាបានមកដល់ ហើយទ្រង់បានបំពេញសម្រេចសេចក្តីសន្យាទាំងអស់របស់ទ្រង់ថា ទ្រង់នឹងបញ្ជូនព្រះយេស៊ូវមកផែនដីនេះ ហើយថា ទ្រង់នឹងអនុញ្ញាតឲ្យព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយថា ទ្រង់នឹងដោះអំពើបាបរបស់លោកិយនេះចេញតាម រយៈព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ 
នៅពេលមនុស្សជាតិបានធ្លាក់ទៅក្នុងការបោកបញ្ឆោតរបស់អារក្ស ហើយបានជាប់នៅក្នុងសេចក្តីវិនាសរបស់វា ដោយសារតែបាប ព្រះ អម្ចាស់របស់យើងបានសន្យាថា ទ្រង់នឹងសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ។ បន្ទាប់មក ទ្រង់បានបញ្ជូនព្រះយេស៊ូវគ្រីស្ទ អនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជ និងសុគត ហើយដូច្នេះ បានសង្រ្គោះមនុស្សជាតិយ៉ាងគ្រប់លក្ខណ៍ចេញពីអំពើបាបរបស់ពួកគេ។ 
តាមរយៈគម្ពីរវិវរណៈ ព្រះបានកត់ត្រាលម្អិតពីសិរីល្អដែលរង់ចាំអ្នកដែលបានទទួលការអត់ទោស សម្រាប់អំពើបាបរបស់ខ្លួន និងការជំនុំជម្រះដែលរង់ចាំពួកមនុស្សមានបាប។ នៅក្នុងន័យផ្សេង ព្រះប្រាប់យើងថា មនុស្សជាច្រើននឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក ទោះបើពួកគេអះអាងថា ពួកគេជឿទ្រង់យ៉ាងស្មោះត្រង់ក៏ដោយ (ម៉ាថាយ ៧:២១-២៣)។ 
ព្រះអម្ចាស់របស់យើងបានសង្រ្គោះពួកមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ ហើយទ្រង់បានប្រាប់យើងឲ្យលាក់បាំងព្រះបន្ទូលអំពីព្រះពរដែលទ្រង់បានត្រៀមសម្រាប់មនុស្សសុចរិត។ 
 

តើអ្នកណាទុច្ចរិត ហើយអ្នកណាស្មោគគ្រោក?

ខ.១១និយាយថា «អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះ នៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល»។ តើអ្នកណា «ទុច្ចរិត» នៅទីនេះ? អ្នកដែលទុច្ចរិតគឺជាអស់អ្នកដែលមិនជឿលើសេចក្តីស្រឡាញ់នៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ដោយសារមនុស្សប្រព្រឹត្តអំពើបាបគ្រប់ពេលវេលា ពួកគេត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលថ្វាយសិរីល្អដល់ព្រះ។ ដោយសារព្រះតែមួយដែលត្រូវទទួលបានសិរីល្អពីមនុស្សជាតិ ហើយដោយសារទ្រង់តែមួយដែលបានប្រទានព្រះគុណនៃសេចក្តីសង្រ្គោះរបស់ទ្រង់ដល់យើង យើងទាំងអស់គ្នាត្រូវតែរស់នៅក្នុងជីវិតមួយ ដែលថ្វាយសិរីល្អដល់ព្រះ។ អ្នកដែលមិនស្តាប់បង្គាប់ព្រះ គឺជាអ្នកដែលស្មោគគ្រោក ពីព្រោះពួកគេតែងតែមិនជឿតាមព្រះបន្ទូលរបស់ទ្រង់ជានិច្ច។ 
នៅក្នុង ម៉ាថាយ ៧:២៣ ព្រះអម្ចាស់បានប្រាប់ពួកក្រិត្យវិន័យនិយមដែលប្រកាសថា ពួកគេជឿទ្រង់តែបបូរមាត់ថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»។ ព្រះ អម្ចាស់បានហៅពួកគេថា «ពួកទទឹងច្បាប់»។ ទ្រង់បានបន្ទោសពួកគេ ពីព្រោះពួកគេជឿព្រះយេស៊ូវ តាមរយៈទង្វើរបស់ពួកគេតែប៉ុណ្ណោះ ដោយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយអស់ពីចិត្តឡើយ។ ទង្វើទទឹងច្បាប់គឺជាអំពើបាប និងការមិនជឿតាមព្រះបន្ទូលរបស់ព្រះ ដោយចិត្ត។ ដូច្នេះ កាលណាមនុស្សប្រព្រឹត្តទង្វើទទឹងច្បាប់នៅចំពោះព្រះ វាមានន័យថា ពួកគេមិនជឿលើសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះដោយសារទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យពួកគេ។ ទង្វើទទឹងច្បាប់គឺជាការផ្លាស់ប្តូរព្រះបន្ទូលព្រះ និងជឿតាមតែចិត្តរបស់ខ្លួន។
អ្នកដែលពិតជាជឿព្រះយេស៊ូវ ត្រូវតែទទួលយកអ្វីដែលព្រះបាន បង្កើត។ យើងជឿព្រះយេស៊ូវ ប៉ុន្តែនេះមិនអាចអនុញ្ញាតឲ្យយើងអាចផ្លាស់ប្តូរផែនការ និងការបំពេញសម្រេចនៃសេចក្តីសង្រ្គោះរបស់ទ្រង់បានឡើយ។ ព្រះរាជសារចេញពីបទគម្ពីរមេគឺថា ព្រះនឹងប្រទានជីវិតអស់កល្បជានិច្ចដល់អ្នកដែលជឿលើសេចក្តីសង្រ្គោះរបស់យើង តាមដែលទ្រង់បានរៀបចំ ប៉ុន្តែបញ្ជូនអ្នកដែលផ្លាស់ប្តូរក្រិត្យវិន័យរបស់ព្រះ ហើយជឿតាមរបៀបដែលខ្លួនចង់បាន។ 
«អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត។» នេះប្រាប់យើងថា នៅក្នុងភាពមានះរបស់ពួកគេ មនុស្សបែបនេះមិនជឿលើសេចក្តីសង្រ្គោះ ដែលព្រះបានបង្កើតឡើងឡើយ។ ពួកគេគឺជាអ្នកដែលទុច្ចរិត។ ហើយនេះគឺជាមូលហេតុដែលពួកមនុស្សមានបាបតែងតែទុច្ចរិតជានិច្ច។ 
បទគម្ពីរបន្តថា «អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះ នៅតែស្មោកគ្រោកចុះ»។ នេះសំដៅទៅលើអស់អ្នកដែលមានចិត្តសម្អាតអំពើបាបរបស់ខ្លួន ដោយសារជំនឿ ទោះបើពួកគេមានបាប ហើយព្រះយេស៊ូវបានដោះអំពើបាបរបស់ពួកគេចេញ ដោយសារទឹក និងព្រះវិញ្ញាណក៏ ដោយ។ ដូច្នេះ ព្រះនឹងទុកមនុស្សទាំងអស់ឲ្យនៅតែមានសភាពដូច្នេះ ហើយជំនុំជម្រះពួកគេ។ តាមរយៈការប្រទានបញ្ញាចិត្តដល់មនុស្ស ព្រះបានធ្វើឲ្យពួកគេដឹងយ៉ាងច្បាស់ថា ពួកគេមានបាបនៅក្នុងចិត្តរបស់ពួកគេ។ ប៉ុន្តែពួកគេគ្មានបំណងចិត្តលាងសម្អាតអំពីបាបនៅចិត្តរបស់ពួកគេចេញ ឬចង់ស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណអ្វីឡើយ។ ដូច្នេះ ព្រះប្រាប់យើងថា ទ្រង់នឹងទុកឲ្យមនុស្សទាំងនេះនៅតែមានសភាពដូច្នេះ។ 
សុភាសិត ៣០:១២ និយាយថា «មានសម័យ១ ដែលមនុស្សមើលខ្លួនឯង ស្មានថាបរិសុទ្ធ ប៉ុន្តែគេមិនទាន់បានលាងជំរះសេចក្តីស្មោកគ្រោករបស់គេចេញនៅឡើយទេ»។ គ្រីស្ទបរិស័ទបែបក្រិត្យវិន័យនិយមសព្វថ្ងៃនេះ គឺជាមនុស្សដែលមិនចង់បានស្អាតពីអំពើបាបរបស់ខ្លួន។ ប៉ុន្តែព្រះយេស៊ូវដែលជាព្រះ បានយាងមកផែនដីនេះ ដើម្បីសង្រ្គោះពួកមនុស្សមានបាប បានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ ដោយការទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់តែម្តងជាសម្រេច បានទទួលការកាត់ទោសតែម្តងជា សម្រេចសម្រាប់អំពើបាបទាំងនេះ តាមរយៈការសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានសង្រ្គោះអស់អ្នកដែលជឿចេញពីបាប។ 
អ្នកណាដែលយល់ និងជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានសង្រ្គោះពួកមនុស្សមានបាប ព្រះអម្ចាស់បានអនុញ្ញាតឲ្យពួកគេទទួលបានការអត់ទោស សម្រាប់អំពើបាបទាំងអស់របស់ពួកគេ ទោះបើពួកគេគឺជាមនុស្សមានបាបប្រភេទណាក៏ដោយ។ ប៉ុន្តែនៅតែមានមនុស្សដែលមិនបានទទួលការអត់ទោសបាបនេះ តាម រយៈជំនឿទៀត។ ពួកគេគឺជាអ្នកដែលបានតាំងចិត្តមិនព្យាយាមលាងសម្អាតអំពើបាបរបស់ខ្លួន។ ដូច្នេះ ព្រះនឹងទុកពួកគេឲ្យនៅតែដូច្នេះ។ 
នេះគឺដើម្បីបំពេញសម្រេចយុត្តិធម៌របស់ព្រះ គឺដើម្បីបង្ហាញថា ព្រះគឺជាព្រះយុត្តិធម៌។ មនុស្សទាំងនេះនឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រអស់កល្បជានិច្ច។ បន្ទាប់មក ពួកគេនឹងបានដឹងថា ព្រះនៃយុត្តធម៌គឺពិតជាអ្នកណា។ ទោះបីជាពួកគេទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ដោយ ពួកគេមិនគ្រាន់តែកំពុងបោកបញ្ឆោតបញ្ញាចិត្តរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងតែបង្ខូចបញ្ញាចិត្តរបស់អ្នកដទៃផងដែរ។ ដោយសារពួកគេបានបដិសេធដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះនឹងសងពួកគេទៅតាមអ្វីដែលពួកគេបានធ្វើ។ កាលណាថ្ងៃនោះមកដល់ ព្រះនឹងនាំសេចក្តីក្រោធរបស់ទ្រង់មកលើអស់អ្នកដែលសមនឹងទទួលសេចក្តីក្រោធរបស់ទ្រង់។ 
 

ចែកឲ្យគ្រប់គ្នា តាមការដែលពួកគេបានធ្វើ

មានមនុស្សពីរប្រភេទនៅលើផែនដីនេះ៖ អ្នកដែលបានជួបព្រះអម្ចាស់ និងអ្នកដែលមិនបានជួបព្រះអម្ចាស់។ ព្រះអម្ចាស់នឹងសងដល់គ្រប់គ្នា តាមការដែលពួកគេបានធ្វើ។ 
គ្មានអ្នកណា ដែលអាចបានសុចរិត ដោយខ្លួនឯងបានឡើយ ប៉ុន្តែការរាប់ជាសុចរិតកើតមកពីព្រះយេស៊ូវ។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់តែម្តងជាសម្រេច បាននាំអំពើបាបទាំងនេះទៅលើឈើឆ្កាង ហើយនៅលើឈើឆ្កាង បានទទួលការជំនុំជម្រះបាបជំនួសមនុស្សជាតិ។ មនុស្សជាតិអាចបានរាប់ជាសុចរិត ដោយការជឿតាមសេចក្តីពិតនេះ។ អ្នកដែលជឿតាមសេចក្តពិតនេះ គឺជាអ្នកដែលបានជួបព្រះអម្ចាស់ហើយ។ 
ព្រះហៅអស់អ្នកដែលឥតមានបាប ដឹង និងជឿតាមសេចក្តីពិតនេះ ឲ្យប្រកាសដំណឹងល្អនៅលើផែនដីនេះ ហើយរក្សាតាមព្រះបន្ទូលបរិសុទ្ធរបស់ទ្រង់ ខណៈដែលពួកគេកំពុងតែរស់នៅ។ ព្រះមានបន្ទូលថា «ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល»។ យើងត្រូវតែរក្សាសេចក្តីបង្គាប់នេះនៅក្នុងចិត្តរបស់យើង ការពារជំនឿរបស់យើង ហើយតែងតែប្រកាសដំណឹងល្អដ៏គ្រប់លក្ខណ៍ជានិច្ច។ ហេតុអ្វី? ពីព្រោះមនុស្សយ៉ាងច្រើននៅលើផែនដីនេះនៅតែមិនស្គាល់ដំណឹងល្អពិតនេះនៅឡើយ ហើយជាលទ្ធផល ជំនឿរបស់ពួកគេគឺសុទ្ធតែខុសទាំងអស់។ 
មានមនុស្សនៅលើផែនដីនេះ ដែលគាំទ្រដោយឥតលក្ខខណ្ឌចំពោះគោលលទ្ធិអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ។ ទោះបីជាព្រះអម្ចាស់បានដោះអំពើបាបរបស់មនុស្សជាតិចេញរួចហើយក៏ដោយ ក៏មនុស្សទាំងនេះនៅតែអធិស្ឋានសម្រាប់ការអត់ទោស សម្រាប់អំពើបាបជារៀងរាល់ថ្ងៃរបស់ពួកគេទៀត។ តាមរយៈការថ្វាយការអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃ ពួកគេព្យាយាមលាងសម្អាតអំពើបាបរបស់ពួកគេ ហើយបានញែកជាបរិសុទ្ធបន្តិចម្តងៗ ដើម្បីឲ្យពួកគេនឹងបានក្លាយជាមនុស្សសុចរិត ដែលលែងប្រព្រឹត្តអំពើបាបទៀត ហើយដូច្នេះ បានស្មើនឹងព្រះយេស៊ូវ។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រានៃព្រះ គឺជាស្តេច ហោរា និងសម្តេចសង្ឃ។ 
ពួកអ្នកបម្រើពិតប្រាកដរបស់ព្រះមិនគ្រាន់តែអនុវត្តកាតព្វកិច្ចរបស់ពួកគេ ដែលត្រូវប្រាកដថា គ្រប់គ្នាពិតជាទទួលបានកាត់អត់ទោសបាបប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ដឹកនាំមនុស្សគ្រប់គ្នាទៅឯសេចក្តីពិត ក្នុងនាមជាគូកនធ្វើការងាររបស់ព្រះផងដែរ។ ពួកអ្នកបម្រើរបស់ព្រះគឺជាអ្នកដែលមានការយល់ដឹងច្បាស់លាស់អំពីគ្រប់ទាំងការដែលនឹងកើតឡើង តាម រយៈព្រះគម្ពីរ។ 
ខ.១២-១៣និយាយថា «មើល អញមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឲ្យគ្រប់គ្នា តាមការដែលខ្លួនបានធ្វើ ១៣ អញជាអាលផា និងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង»។ ព្រះអម្ចាស់ពិតជាអាលផា និងអូមេកា ដែលជាដើម និងជាចុង ដំបូង និងចុងក្រោយ។ យើងត្រូវតែជឿតាមគ្រប់យ៉ាងដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់យើង ដោយការកោតខ្លាច។ 
ព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់ពួកបរិសុទ្ធជាព្រះពរដ៏ធំជាងការងាររបស់ពួកគេទៅទៀត ពីព្រោះទ្រង់មានពេញដោយសិរីល្អ និងសេចក្តីមេត្តាករុណា។ ទ្រង់គឺជាព្រះដែលមានពេញដោយសេចក្តីសណ្តោសប្រណី ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ហើយព្រះបន្ទូលបើកសម្តែងប្រាប់យើង ទ្រង់គឺជាព្រះនៃអំណាចព្រះចេស្តា និងយុត្តិធម៌ ដែលនឹងបញ្ចប់ព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ទ្រង់។ ហើយការបញ្ចប់នៃសេចក្តីសង្រ្គោះនេះ ដែលនឹងកើតឡើងក្នុងពេលដ៏ឆាប់ កំពុងតែអនុញ្ញាតឲ្យពួកបរិសុទ្ធបានចូលទៅក្នុងទីក្រុងយេរូសាឡិមបរិសុទ្ធ ដែលជារង្វាន់ប្រកបដោយសេចក្តីសប្បុរស និងភាពគ្រប់គ្រាន់របស់ព្រះអម្ចាស់ សម្រាប់ការងាររបស់ពួកគេ។ 
 


មានពរហើយ អ្នកដែលលាងអាវខ្លួន


តាមរយៈខ.១៤ បទគម្ពីរមេប្រាប់យើងថា «មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ»។ ដោយផ្អែកលើខនេះ មានមនុស្សជាច្រើនដែលអះអាងថា សេចក្តីសង្រ្គោះកើតមាន ដោយសារការប្រព្រឹត្ត គឺដោយរក្សាតាមក្រិត្យវិន័យរបស់ទ្រង់។ 
ប៉ុន្តែតាមការពិត «លាងអាវខ្លួន» (ធ្វើតាមបញ្ញត្តទ្រង់) មានន័យថា ការជឿ និងការរក្សាដោយជំនឿនូវគ្រប់ទាំងព្រះបន្ទូលព្រះនៅក្នុងព្រះ គម្ពីរ។ សាវកយ៉ូហានបានសរសេរថា «ឯបញ្ញត្តទ្រង់នោះ គឺថា ត្រូវឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានបង្គាប់មកហើយ» (១យ៉ូហាន ៣:២៣)។ ដូច្នេះ កាលណាយើងជឿតាមដំណងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយលះបង់ខ្លួនទៅចំពោះការប្រកាសដំណឹងល្អ ដើម្បីសង្រ្គោះព្រលឹងដែលបាត់បង់ទាំងអស់នៅទូទាំងលោកិយនេះ យើងកំពុងតែធ្វើតាមបញ្ញត្តទ្រង់នៅក្នុងព្រះវត្តមានរបស់ទ្រង់ហើយ។ 
សេចក្តីពិតគឺថា អំពើបាបទាំងអស់ដែលយើងប្រព្រឹត្តពេញមួយជីវិតរបស់យើង ត្រូវបានដោះចេញរួចហើយ តាមរយៈបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស។ បន្ទាប់ពីបុណ្យជ្រមុជនេះ ព្រះលោហិតរបស់ព្រះអម្ចាស់នៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ទ្រង់បានធ្វើឲ្យយើងបានកើតជាថ្មី ហើយអនុញ្ញាតឲ្យយើងរស់នៅក្នុងជីវិតថ្មីមួយនៅក្នុងសេចក្តីពិតរបស់ទ្រង់។ 
កាលណាយើងធ្លាក់ទៅក្នុងបាប បន្ទាប់ពីបានកើតជាថ្មីហើយ យើងត្រូវតែបែរមកព្រះបន្ទូលនៃសេចក្តីពិត ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយដឹងថា និស្ស័យរបស់យើងគឺដូច្នេះ ដែលយើងត្រូវតែធ្វើបាប ហើយបែរមកឯជំនឿនៃទន្លេយ័រដាន់វិញម្តងទៀត ដែលជាកន្លែងព្រះអម្ចាស់បានទទួលយកភាពខ្សោយ កំហុស និងអំពើបាបទាំងអស់របស់យើង ទទួលបុណ្យជ្រមុជជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយកប់ជាមួយនឹងព្រះគ្រីស្ទ ដែលបានសុគតនៅលើឈើឆ្កាង។ កាលណាយើងធ្វើដូច្នេះ យើងអាចបានរួចពីអំពើបាបទាំងអស់ដែលយើងប្រព្រឹត្ត បន្ទាប់ពីបានកើតជាថ្មី ហើយបានស្អាតបាន។ ដោយសម្លឹងទៅឯសេចក្តីសុចរិតរបស់ព្រះ ដោយការបញ្ជាក់ឡើងវិញអំពីសេចក្តីសង្រ្គោះនៃការធួននឹងបាបដ៏អស់កល្បជានិច្ចរបស់យើង និងការអរព្រះគុណដល់ទ្រង់សម្រាប់សេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ និងអស់កល្បជានិច្ចរបស់ទ្រង់។ 
ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះរួចហើយ។ បញ្ហាគឺមាននៅក្នុងបញ្ញាចិត្តរបស់យើង។ ទោះបីជាព្រះអម្ចាស់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយក៏ដោយ បញ្ញាចិត្តរបស់យើងនៅតែនៅតែចាត់ទុកថា យើងគឺជាមនុស្សមានបាបដដែល ពីព្រោះយើងមិនបានដឹងថា ព្រះ អម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់រួចទៅហើយទេ។ ដូច្នេះ យើងងាយនឹងមានអារម្មណ៍ថា យើងនៅតែមានបាបនៅក្នុងយើង ខណៈដែលការពិតគឺថា អ្វីដែលយើងត្រូវតែធ្វើ គឺត្រូវជឿថា អំពើបាបទាំងអស់របស់យើងពិតជាត្រូវបានលាងសម្អាតរួចរាល់ហើយ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។ 
បើសិនអំពើបាបរបស់យើងបានធ្វើឲ្យចិត្តរបស់យើងឈឺចាប់ តើយើងអាចព្យាបាលរបួសចិត្តរបស់យើង ដោយសេចក្តីពិតបានទេ?
របួសទាំងនេះក៏អាចជាសះស្បើយបាន ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ គឺដោយការជឿថា ព្រះអម្ចាស់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅទន្លេយ័រដាន់ ហើយថា ទ្រង់ដោះអំពើបាបទាំងអស់នេះចេញ តាមរយៈការនាំអំពើបាបទាំងនេះទៅលើឈើឆ្កាងនៅកាលវ៉ារី និងការបង្ហូរព្រះលោហិតរបស់ទ្រង់។ នៅក្នុងន័យផ្សេង អំពើបាបរបស់យើងបន្ទាប់ពីទទួលបានការអត់ទោសបាបហើយ ក៏អាចត្រូវបានលាងសម្អាតបានផងដែរ កាលណាយើងបញ្ជាក់ជំនឿរបស់យើងម្តងទៀត តាមដំណឹងល្អថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចរាល់ហើយ រួមទាំងអំពើបាបប្រចាំថ្ងៃរបស់យើងផងដែរ។ 
អំពើបាបរបស់លោកិយនេះត្រូវបានលាងសម្អាត តែម្តងជាសម្រេច នៅពេលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជរបស់ទ្រង់ ហើយបានជាប់ឆ្កាង។ ដូច្នេះ គ្មានអំពើបាបរបស់លោកិយនេះ ឬអំពើបាបផ្ទាល់ខ្លួនរបស់យើងណា ដែលត្រូវការការលាងសម្អាតពីរបីដង ឬបន្តលាងសម្អាតជារៀងរហូតនោះឡើយ។ បើសិនអ្នកណាបង្រៀនថា យើងទទួលបានការអត់ទោសបាបបន្តិចម្តងៗ នោះដំណឹងល្អដែលគាត់កំពុងតែប្រកាស គឺជាដំណឹងល្អក្លែងក្លាយហើយ។ 
ព្រះបានដោះអំពើបាបរបស់លោកិយនេះចេញ តែម្តងជាសម្រេច។ ហេព្រើរ ៩:២៧ ប្រាប់យើងថា «ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ»។ ដោយសារយើងស្លាប់ម្តង ដោយសារតែបាបរបស់យើង បំណងព្រះហឫទ័យព្រះគឺថា យើងក៏គួរតែទទួលបានការអត់ទោសបាបតែម្តងជាសម្រេចផងដែរ។ ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់តែម្តងជាសម្រេច បានសុគតម្តង ហើយបានទទួលការកាត់ទោសជំនួសយើងតែម្តងជាសម្រេចដែរ។ ទ្រង់មិនបានធ្វើការទាំងនេះជាច្រើនដងឡើយ។ 
កាលណាយើងទទួលបានការអត់ទោសបាប ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ដោយចិត្តរបស់យើង វាក៏ត្រឹមត្រូវផងដែរ ដែលយើងជឿតែម្តងជាសម្រេច ហើយទទួលបានការអត់ទោសដ៏អស់កល្បជានិច្ចសម្រាប់អំពើបាបទាំងអស់របស់យើង។ ដោយសារអំពើបាបដែលយើងប្រព្រឹត្តពីពេលនោះតទៅ ធ្វើឲ្យចិត្តរបស់យើងឈឺចាប់ពីពេលមួយទៅពេលមួយ អ្វីដែលយើងត្រូវតែធ្វើ គឺត្រូវចូលទៅឯព្រះបន្ទូលនៃសេចក្តីសង្រ្គោះនេះថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបរបស់យើងតែម្តងជាសម្រេច ហើយត្រូវតែសម្អាត និងព្យាយាមចិត្តកខ្វក់របស់យើង ដោយជំនឿ៖ «ព្រះអម្ចាស់ ទូលបង្គំពេញដោយកំហុស។ ទូលបង្គំបានប្រព្រឹត្តអំពើបាបម្តងទៀតហើយ។ ទូលបង្គំមិនអាចរស់នៅក្នុងជីវិតពេញលេញតាមបំណងព្រះហឫទ័យទ្រង់បានឡើយ។ ប៉ុន្តែនៅពេលទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅទន្លេយ័រដាន់ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង តើទ្រង់ក៏មិនបានដោះស្រាយអំពើបាបទាំងអស់របស់ទូលបង្គផងដែរទេឬ? ហាលេលូយ៉ា! ខ្ញុំសូមសរសើរតម្កើងទ្រង់ ព្រះអម្ចាស់អើយ!»។ 
តាមរយៈជំនឿដូច្នេះ យើងអាចបញ្ជាក់ពីការអត់ទោសបាបរបស់យើងម្តងទៀត ហើយតែងតែអរព្រះគុណដល់ព្រះអម្ចាស់ជានិច្ច។ ជំពូកចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈប្រាប់យើងថា តាមរយៈការចូលទៅឯព្រះយេស៊ូវគ្រីស្ទដែលជាដើមជីវិត ហើយតាមរយៈការជឿថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះរួចហើយ អ្នកដែលបានទទួលការអត់ទោសបាប បានទទួលសិទ្ធិចូលទៅក្នុងនគររបស់ព្រះ ដែលជាទីក្រុងបរិសុទ្ធ ដោយសារជំនឿរបស់ពួកគេហើយ។ 
អ្នកណាដែលចង់ចូលទៅក្នុងទីក្រុងរបស់ព្រះ ត្រូវតែជឿថា ព្រះយេស៊ូវគ្រីស្ទបានធួននឹងអំពើបាបរបស់មនុស្សជាតិ តែម្តងជាសម្រេច ដោយការទទួលយកបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិត។ ទោះបីជាយើងមានកំហុសជាច្រើនក៏ដោយ ក៏តាមរយៈជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះទទួលស្គាល់ជំនឿរបស់យើងថាជាជំនឿត្រឹមត្រូវ ហើយយើងទាំងអស់គ្នាអាចទៅឯដើមជីវិតដែរ។ 
លុះត្រាតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះគ្រីស្ទ ទើបយើងអាចមានសិទ្ធិផឹកទឹកជីវិត ដែលហូរនៅក្នុងទីក្រុងយេរូសាឡិមថ្មី ហើយបរិភោគផ្លែពីដើមជីវិតបាន។ ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី យើងត្រូវតែការពារជំនឿរបស់យើង ហើយក៏ប្រកាសវាទៅកាន់មនុស្សជាច្រើនទៀតផងដែរ។ ដូចគ្នាដែល ឃ្លាថា «ធ្វើតាមបញ្ញត្តទ្រង់» មានន័យថា យើងត្រូវតែយកឈ្នះលើលោកិយនេះ ដោយជំនឿ គឺត្រូវតែជឿ និងថែរក្សាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយលះបង់ខ្លួន ដើម្បីប្រកាសដំណឹងល្អនេះទៅកាន់លោកិយទាំងមូល។ 
នៅក្នុង ម៉ាថាយ ២២ ព្រះយេស៊ូវប្រាប់យើងអំពី «រឿងប្រៀបប្រដូចអំពីពិធីមង្គលការ»។ ការបញ្ចប់នៃរឿងប្រៀបប្រដូចនេះគឺថា អ្នកដែលមិនបានស្លៀកសំលៀកបំពាក់រៀបការ នឹងត្រូវបានបោះទៅសេចក្តីងងឹតខាងក្រៅ (ម៉ាថាយ ២២:១១-១៣)។ តើយើងអាចស្លៀកសំលៀកបំពាក់រៀបការរបស់យើងបានយ៉ាងដូចម្តេច ដើម្បីចូលរូមពិធីមង្គលការរបស់កូនចៀម? ហើយតើសំលៀកបំពាក់រៀបការនោះគឺជាអ្វី? សំលៀកបំពាក់រៀបការ ដែលជួយឲ្យយើងអាចចូលទៅក្នុងពិធីមង្គលការរបស់កូនចៀមបាន គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលទ្រង់បានប្រទានឲ្យយើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តើអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរទេ? បើសិនអ្នកជឿ អ្នកនឹងបានស្លៀកសេចក្តីសុចរិតរបស់ទ្រង់ ដើម្បីចូលទៅក្នុងស្ថានសួគ៌ ក្នុងនាមជាកូនក្រមុំឥតមានបាបរបស់ព្រះរាជបុត្រាហើយ។ 
អ្នកដែលបានកើតជាថ្មី ក៏ធ្វើបាបជារៀងរាល់ថ្ងៃផងដែរ។ ប៉ុន្តែមានតែមនុស្សសុចរិតដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេនៅចំពោះព្រះប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីលាងសម្អាតអំពើបាបប្រចាំថ្ងៃ ចេញពីសំលៀកបំពាក់នៃសេចក្តីសុចរិតរបស់ពួកគេ ដោយជំនឿ។ ដោយសារអ្នកដែលមិនបានទទួលការអត់ទោសបាប មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីលាងសម្អាតអំពើបាបរបស់ពួកគេ ពួកគេមិនអាចបានស្អាតពីអំពើបាបរបស់ពួកគេ ដោយសារការអធិស្ឋានលន់តួបាបជារៀងរាល់ថ្ងៃបានឡើយ។ យើងអាចបានសង្រ្គោះចេញពីអំពើបាបរបស់លោកិយ ដោយការជឿលើព្រះអម្ចាស់បាន ដោយសារការដឹង និងជឿថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយការយាងមកលោកិយនេះ ការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ទ្រង់។ 
នៅក្នុងន័យផ្សេង យើងអាចបញ្ជាក់ថា អំពើបាបប្រចាំថ្ងៃរបស់យើងត្រូវបានលាងសម្អាតរួចរាល់ហើយ នៅក្នុងដំណឹងល្អពិតរបស់ទ្រង់តែប៉ុណ្ណោះ។ អ្នកដែលបានទទួលការអត់ទោសបាបចេញពីព្រះអម្ចាស់ តាមរយៈព្រះបន្ទូលអំពីទឹក និងព្រះលោហិត ក៏អាចមានចិត្តជឿជាក់អំពី សេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់នៅក្នុងជីវិតរបស់ពួកគេដែរ។ 
ដោយសារព្រះអម្ចាស់បានដោះអំពើបាបរបស់យើងចេញ តែម្តងជាសម្រេច យើងក៏អាចលាងសម្អាតអំពើបាបដែលយើងប្រព្រឹត្ត ដោយការជឿលើសេចក្តីសង្រ្គោះនៃការធួននឹងបាបដ៏អស់កល្បជានិច្ចនេះបានដែរ។ នៅក្នុងន័យផ្សេង បើសិននេះមិនមែនជាការពិតទេ ហើយបើសិនព្រះអម្ចាស់មិនបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តែម្តងជា សម្រេចទេ តើយើងអាចត្រឡប់ជាឥតបាបបានយ៉ាងដូចម្តេច?
តើយើងអាចចូលទៅក្នុងទីក្រុងបរិសុទ្ធនៅស្ថានសួគ៌បានយ៉ាងដូចម្តេច? ហើយតើយើងអាចទៅឯព្រះយេស៊ូវគ្រីស្ទដែលជាដើមជីវិតបានយ៉ាងដូចម្តេច? ដោយការជឿលើព្រះអម្ចាស់ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌បាន ក្នុងនាមជាមនុស្សស្អាត និងឥតបាប ហើយកាលណាយើងធ្វើបាបនៅក្នុងជីវិតរបស់យើង ដោយការចូលទៅចំពោះព្រះអម្ចាស់ និងការបញ្ជាក់ថា ទ្រង់បានដោះអំពើបាបទាំងនេះចេញហើយ យើងអាចបានរួចពីអំពើបាបទាំងនេះបាន។ ដូច្នេះហើយបានជាខ្ញុំប្រាប់យើងថា មានតែអ្នកដែលបានកើតជាថ្មីប៉ុណ្ណោះ ដែលមានឯកសិទ្ធិទទួលបានការអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃរបស់ពួកគេ ដោយជំនឿបាន។ 
ស្តេចដាវីឌបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរនៅចំពោះព្រះ ទោះបើទ្រង់គឺជាអ្នកបម្រើម្នាក់របស់ព្រះក៏ដោយ។ ទ្រង់បានកំផិតជាមួយស្ត្រីរៀបការហើយ ហើយបានសម្លាប់ប្តីរបស់នាងដែលជាមនុស្សស្មោះត្រង់ម្នាក់នៅក្រោមអំណាចគ្រប់គ្រងរបស់ទ្រង់។ ទោះបីជាយ៉ាងណា ទ្រង់បានសរសើរតម្កើងព្រះ សម្រាប់សេចក្តីអត់ទោសប្រកបដោយសេចក្តីមេត្តាករុណាដូច្នេះថា៖ «មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ» (ទំនុកដំកើង ៣២:១-២)។ 
តើអ្នកណាមានពរធំបំផុតនៅក្នុងលោកិយនេះ និងនៅចំពោះព្រះ? អ្នកដែលមានពរដ៏ធំបំផុត គឺជាអស់អ្នកដែលបានកើតជាថ្មី ដែលបានសង្រ្គោះ ហើយដែលកាលណាពួកគេប្រព្រឹត្តបាបនៅក្នុងជីវិត ពួកគេសម្លឹងទៅឯការពិតថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ ទៅទន្លេជីវិតជារៀងរាល់ថ្ងៃ ហើយលាងសម្អាតចិត្តដែលប្រឡាក់របស់យើងជារៀងរាល់ថ្ងៃ។ នេះគឺជាការឆ្លុះបញ្ចាំងលើការបានសង្រ្គោះរបស់យើង និងការបញ្ជាក់ពីព្រះគុណនៃសេចក្តីសង្រ្គោះដ៏អស្ចារ្យរបស់ព្រះអម្ចាស់។ 
មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបបានទទួលការអត់ទោសបាប។ ការប្រព្រឹត្តរបស់ពួកគេបរិសុទ្ធ ហើយចិត្តរបស់ពួកគេក៏បរិសុទ្ធផងដែរ។ ដូច្នេះ តាមរយៈការបានធ្វើជាមនុស្សសុចរិតដែលឥតមានកន្លែងបន្ទោសបាប យើងអាចចូលទៅក្នុងនគរដែលព្រះបានត្រៀមទុកសម្រាប់យើងបាន គឺនគរស្ថានសួគ៌។ បើសិនយើងគ្រាន់តែទទួលយកអ្វីដែលព្រះដែលជាទ្វារចូលទៅសេចក្តីសង្រ្គោះ និងដើមជីវិត បានធ្វើសម្រាប់យើង អំណាចរបស់ទ្រង់នឹងត្រូវបានបើកសម្តែង ហើយដូច្នេះ យើងទាំងអស់គ្នានឹងទទួលបានការអត់ទោសបាប ហើយចូលទៅក្នុងស្ថានសួគ៌។ 
 


អ្នកដែលទៅឯដើមជីវិត


មូលហេតុដែលយើងដែលបានទទួលការអត់ទោសបាប តែងតែចូលទៅចំពោះព្រះ គឺដើម្បីបញ្ជាក់ថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ ដើម្បីសញ្ជឹងគិតលើព្រះគុណនៃសេចក្តីសង្រ្គោះឡើងវិញ ចងចាំវា ហើយសរសើរតម្កើងព្រះសម្រាប់វា ដើម្បីឲ្យយើងអាចចូលទៅក្នុងនគររបស់ទ្រង់បាន។ ដូច្នេះហើយបានជាយើងប្រកាសដំណឹងល្អ។ 
គ្រីស្ទបរិស័ទយ៉ាងច្រើនរាប់មិនអស់ ដែលមិនអាចជួបពួកអ្នកបម្រើរបស់ព្រះដែលអាចដឹកនាំពួកគេ ដោយការបង្រៀនព្រះគម្ពីរយ៉ាងត្រឹមត្រូវ ជាប់គាំងនៅក្នុងការយល់ដឹងខុសអំពីព្រះបន្ទូល និងជំនឿខុសឆ្គងរបស់ពួកគេ។ សូម្បីតែឥឡូវនេះ មានមនុស្សដែលជាប់គាំងនៅក្នុងការថ្វាយការអធិស្ឋានលន់តួជារៀងរាល់ព្រឹក និងយប់។ ហេតុអ្វីពួកគេធ្វើការទាំងនេះ? ពីព្រោះពួកគេជឿថា តាមរយៈការធ្វើដូច្នេះ ពួកគេនឹងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ។ ហើយពួកគេជឿដូច្នេះ ពីព្រោះពួកគេត្រូវបានបង្រៀនគោលលទ្ធិខុសឆ្គង។ ប៉ុន្តែទាំងនេះគឺជាទង្វើទុច្ចរិតនៅចំពោះព្រះ។ មនុស្សទាំងនេះគួរឲ្យអាណិតណាស់ ពីព្រោះពួកគេមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ ឬសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ទ្រង់ឡើយ។
ព្រះគម្ពីរមិនមែនជាអ្វីមួយ ដែលយើងអាចព្រងើយកន្តើយបានឡើយ ហើយយើងក៏មិនអាចកាត់ស្រាយព្រះគម្ពីរ តាមតែចិត្តរបស់យើងបាន ដែរ។ ប៉ុន្តែដោយសារមនុស្សបានកាត់ស្រាយ បង្រៀន និងជឿតាមព្រះគម្ពីរ ដែលផ្អែកលើគំនិតរបស់មនុស្ស លទ្ធផលគឺដូចខាងលើអញ្ចឹង គឺពួកគេនៅតែមិនស្គាល់សេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះ ដដែល។ បទគម្ពីរនីមួយៗនៅក្នុងព្រះគម្ពីរមានអត្ថន័យជាក់លាក់ ហើយមានតែពួកហោរារបស់ព្រះ ដែលបានទទួលការអត់ទោសបាបប៉ុណ្ណោះ ទើបអាចកាត់ស្រាយបានយ៉ាងត្រឹមត្រូវ។
ការទៅឯដើមជីវិតគឺយើងត្រូវជឿលើព្រះអម្ចាស់ ខណៈដែលយើងនៅលើផែនដីនេះ នឹកចាំជារៀងរាល់ថ្ងៃថា ព្រះអម្ចាស់បានដោះអំពើបាបរបស់យើងចេញរួចហើយ សរសើរតម្កើងទ្រង់ និងប្រកាសដំណឹងល្អនេះ។ យើងដែលបានកើតជាថ្មីហើយ ក៏ត្រូវតែចងចាំថា ទ្រង់បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ត្រូវតែបញ្ជាក់ពីសេចក្តីពិតនេះជារៀងរាល់ថ្ងៃ ត្រូវតែថ្វាយបង្គំទ្រង់ ដោយអំណរ និងការអរព្រះគុណ ហើយត្រូវតែចូលទៅចំពោះព្រះអម្ចាស់។ 
ទោះបីជាយ៉ាងណា នេះមិនមែនជាការនិយាយបំផ្លើសទេ ដែលនិយាយថា គ្រីស្ទបរិស័ទនៅទូទាំងពិភពលោកបានកាត់ស្រាយបទគម្ពីរនេះខុស ហើយជឿយ៉ាងខុសថា ពួកគេអាចចូលទៅក្នុងនគរព្រះ ដោយការលាងសម្អាតអំពើបាបរបស់ពួកគេជារៀងរាល់ថ្ងៃបាន តាមរយៈការអធិស្ឋានលន់តួ។ ប៉ុន្តែនេះមិនមែនជាអ្វីដែលបទគម្ពីរនេះនិយាយឡើយ។
បន្ទាប់ពីទទួលបានការអត់ទោសបាប ចិត្តរបស់យើងអាចមាន សន្តិភាព ដោយបញ្ជាក់ថា ព្រះអម្ចាស់របស់យើងបានដោះអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តចេញរួចរាល់ហើយ។ តាមរយៈការបញ្ជាក់ពីការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង យើងលែងនៅជាប់ក្នុងបាបទៀតហើយ។ នេះហើយគឺជាផ្លូវទៅឯដើមជីវិតនៅស្ថានសួគ៌។ 
ព្រះគម្ពីរខុសគ្នាស្រឡះពីគំនិតរបស់មនុស្ស។ ដូច្នេះ ដើម្បីស្គាល់ សេចក្តីពិត ជាដំបូង យើងត្រូវតែរៀន និងស្តាប់ពីសេចក្តីពិតពីពួកអ្នកបម្រើដែលបានកើតជាថ្មីរបស់ព្រះ។
 

អ្នកដែលនៅខាងក្រៅទីក្រុង

ខ.១៥និយាយថា «ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្តីកំភូត»។ ព្រះបន្ទូលនេះសំដៅទៅលើអស់អ្នកដែលមិនបានកើតជាថ្មីនៅថ្ងៃចុងក្រោយ។ វាគឺជារឿង អស្ចារ្យណាស់ ដែលព្រះអម្ចាស់នឹងចង្អុលបង្ហាញពីមនុស្សទាំងនេះយ៉ាងច្បាស់លាស់ដូច្នេះ។ 
ចរិកលក្ខណៈមួយរបស់សត្វឆ្កែគឺថា វាក្អែរ គឺវាក្អួតអ្វីដែលវាបានស៊ី ហើយស៊ីវាវិញ ហើយបន្ទាប់មក ក្អួតម្តងទៀត ហើយស៊ីវាម្តងទៀត។ ព្រះអម្ចាស់មានបន្ទូលនៅទីនេះថា «ពួកឆ្កែ» ទាំងនេះ នឹងមិនអាចចូលទៅក្នុងទីក្រុងបានឡើយ។ 
ដូច្នេះ តើពួកឆ្កែទាំងនេះសំដៅទៅលើអ្នកណា? មានមនុស្សដែលស្រែកយំថា «ព្រះអម្ចាស់ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់។ សូមជួយលាងសម្អាតអំពើបាបរបស់ទូលបង្គំផង» ហើយបន្ទាប់មក សរសើរតម្កើងព្រះថា «ខ្ញុំទទួលបានការអត់ទោសហើយ អ្នកទទួលបានការអត់ទោសហើយ យើងទាំងអស់គ្នាទទួលបានការអត់ទោសហើយ!»។ ប៉ុន្តែពេលក្រោយមកទៀត មនុស្សទាំងនេះស្រែកយំម្តងទៀតថា «ព្រះអម្ចាស់ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់។ បើសិនទ្រង់នឹងអត់ទោសដល់ទូលបង្គំម្តងទៀត ទូលបង្គំនឹងមិនធ្វើបាបទៀតទេ»។ បន្ទាប់មក ពួកគេច្រៀងម្តងទៀតថា «ខ្ញុំត្រូវបានអត់ទោស ដោយសារឈាមនៅកាលវ៉ារី!»។ 
មនុស្សទាំងនេះធ្វើដូច្នេះទៅវិញទៅមកម្តងហើយម្តងទៀត ហើយគ្មានអ្នកណាដឹងប្រាកដថា ពួកគេពិតជាទទួលបានការអត់ទោសបាប ឬមិនបានឡើយ។ មនុស្សប្រភេទនេះគឺជា «ពួកឆ្កែ» ដែលព្រះគម្ពីរនិយាយអំពី។ ឆ្កែព្រុសជារៀងរាល់ថ្ងៃ គឺនៅពេលព្រឹក ពេលរសៀល និងពេល យប់។ មនុស្សទាំងនេះមិនព្រុសដូចឆ្កែទេ ប៉ុន្តែពួកគេស្រែយំថា ពួកគេគឺជាមនុស្សមានបាប ទោះបើពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើងហើយក៏ដោយ។ ពួកគេធ្វើជាមនុស្សសុចរិតបានមួយនាទី ហើយពួកគេត្រឡប់ទៅជាមនុស្សមានបាបវិញមួយនាទីបន្ទាប់មកទៀត។
តាមរបៀបនេះ ពួកគេគឺជាពួកឆ្កែដែលក្អួតចេញអ្វីដែលនៅខាងក្នុង ហើយស៊ីវាវិញ ហើយបន្ទាប់មក ក្អួតចេញម្តងទៀត ដើម្បីស៊ីវាម្តងទៀត។ សរុបមក ព្រះគម្ពីរហៅគ្រីស្ទបរិស័ទដែលនៅតែមានបាបនៅក្នុងចិត្តរបស់ពួកគេថា «ពួកឆ្កែ»។ 
បន្ទាប់មកទៀត តើអ្នកគឺជា «ពួកមន្តអាគម»? ពួកគេគឺជាអ្នកដែលទាញប្រយោជន៍ពីអារម្មណ៍របស់អ្នកទៅព្រះវិហារដែលស្មោះត្រង់ ហើយប្លន់ប្រាក់របស់ពួកគេ ដោយពាក្យសម្តីផ្អែមល្ហែម ហើយជាអ្នកដែលបោកបញ្ឆោតមនុស្ស ដោយទីសម្គាល់ និងការអស្ចារ្យ និងការអះអាងពីការព្យាបាលជម្ងឺ។ ដោយសារពួកគេបញ្ចេញព្រះនាមព្រះជាអសារឥតការ ពួកគេមិនអាចចូលទៅក្នុងទីក្រុងបរិសុទ្ធបានឡើយ។ 
ហើយពួកកំផិត ពួកកាប់សម្លាប់គេ ពួកថ្វាយបង្គំរូបព្រះ និងអ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្តីកំភូតក៏មិនអាចចូលទៅក្នុងទីក្រុងបានដែរ។ កាលណាថ្ងៃចុងក្រោយមកដល់ ពួកឆ្កែ និងពួកមន្តអាគមនឹងបោកបញ្ឆោតមនុស្ស ហើយអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក។ អាទទឹងនឹងព្រះគ្រីស្ទដែលបោកបញ្ឆោតមនុស្សជាច្រើន ដោយទីសម្គាល់ និងការ អស្ចារ្យក្លែងក្លាយ លួចព្រលឹងរបស់ពួកគេ ទាស់ប្រឆាំងនឹងព្រះ ហើយខិតខំលើកខ្លួនវាឲ្យបានខ្ពស់ជាព្រះ ហើយឲ្យមនុស្សថ្វាយបង្គំវា និងពួកអ្នកដើរតាមទាំងអស់របស់វានឹងមិនអាចចូលទៅក្នុងទីក្រុងបានឡើយ។ 
ដូច្នេះ បើសិនយើងធ្លាក់ទៅក្នុងការបោកបញ្ឆោតរបស់អស់អ្នកដែលអះអាងថា យើងនៅតែមានបាប ឬបើសិនយើងធ្លាក់ទៅក្នុងការបោកបញ្ឆោតដោយទីសម្គាល់ និងការអស្ចារ្យ ដែលដាស់អារម្មណ៍របស់យើង យើងនឹងត្រូវនៅខាងក្រៅទីក្រុង ជាមួយអាទទឹងនឹងព្រះគ្រីស្ទ និងសាតាំង ដែលទួញយំ និងសង្កៀតធ្មេញ ដូចដែលព្រះបន្ទូលព្រមានយើងអញ្ចឹង។ 
ខ.១៦-១៧ ប្រាប់ថា «អញ ឈ្មោះយេស៊ូវ បានចាត់ទេវតារបស់អញមកធ្វើបន្ទាល់ ប្រាប់ឲ្យឯងរាល់គ្នាដឹងពីសេចក្តីទាំងនេះ នៅក្នុងពួកជំនុំទាំងប៉ុន្មាន អញជាឫស ហើយជាពូជហ្លួងដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»។ 
តើអ្នកបានទទួលការអត់ទោសបាបរបស់អ្នកដោយឥតគិតថ្លៃហើយឬនៅ? តាមរយៈព្រះវិញ្ញាណបរិសុទ្ធ និងពួកជំនុំនៃព្រះ ព្រះអម្ចាស់របស់យើងបានប្រទានដល់យើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជួយឲ្យយើងអាចផឹកទឹកជីវិតបាន។ ព្រះប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ ការអញ្ជើញរបស់ទ្រង់ទៅក្នុងពិភពរបស់ទ្រង់ និងទឹកជីវិតនៃសេចក្តីសង្រ្គោះរបស់ទ្រង់ដល់អ្នកណាដែលស្រេកសេចក្តីសុចរិតរបស់ព្រះ អ្នកណាដែលឃ្លានព្រះបន្ទូលនៃសេចក្តីពិត និងអ្នកណាដែលទន្ទឹងចង់បានការអត់ទោសបាប។ ការទទួលបានការអត់ទោសបាបគឺជាផ្លូវតែមួយគត់ ដើម្បីឆ្លើយតបទៅចំពោះការញ្ជើញទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទឹកជីវិតហូរ។ 
 

អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!

ខ.១៩និយាយថា «ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្តីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត និងទីក្រុងបរិសុទ្ធ ហើយនិងសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ»។ នៅចំពោះព្រះ យើងមិនអាចជឿតាមរបៀបដែលយើងចង់ ដោយផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់យើងបានឡើយ។ បើសិនវាមានសរសេរទុកនៅក្នុងព្រះបន្ទូលព្រះ អ្វីដែលយើងអាចនិយាយគឺ «បាទ» ពីព្រោះបើសិនអ្នកណានិយាយ «ទេ» ទៅកាន់ព្រះបន្ទូល ព្រះ អម្ចាស់នឹងដកគាត់ចេញ ដោយមានបន្ទូលថា «ឯងមិនមែនជាកូនរបស់អញទេ»។ ដូច្នេះហើយបានជាយើងត្រូវតែជឿទ្រង់ ឲ្យស្របតាមព្រះ បន្ទូល។ យើងមិនអាចបន្ថែម ឬដកអ្វីចេញពីព្រះបន្ទូលព្រះបានឡើយ ប៉ុន្តែយើងត្រូវតែជឿតាមព្រះបន្ទូល ដូចដែលបានសរសេរទុកមក។ 
ជំនឿពិតប្រាកដគឺជាការសម្លឹងទៅឯពួកអ្នកបម្រើរបស់ព្រះ ហើយជឿតាមអ្វីដែលព្រះវិញ្ញាណមានបន្ទូល តាមរយៈពួកជំនុំនៃព្រះ។ ប៉ុន្តែមនុស្សជាច្រើនដែលបានដកដំណឹងល្អអំពីទឺក និងព្រះវិញ្ញាណចេញពីជំនឿរបស់ពួកគេ នៅតែមានបាបនៅក្នុងចិត្តរបស់ពួកគេដដែល។ ទោះបីជាព្រះបន្ទូលបន្តប្រាប់ពួកគេថា លុះត្រាតែឥតមានបាប ទើបពួកគេអាចចូលទៅក្នុងទីក្រុងបរិសុទ្ធរបស់ព្រះបាន ពួកគេនៅតែដកបុណ្យជ្រមុជរបស់ព្រះយេស៊ូវចេញពីជំនឿរបស់ពួកគេដដែល ហើយបែរជាបន្ថែមតង្វាយជាទ្រព្យសម្បត្តិ និងការអធិស្ឋានលន់តួបាបទៅក្នុងជំនឿវិញ។ 
អ្នកដែលជឿថា ព្រះយេស៊ូវគឹជាព្រះអង្គសង្រ្គោះរបស់ខ្លួន ត្រូវតែអាចប្រកាសដោយជំនឿថា អំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីសនៅទន្លេយ័រដាន់រួចហើយ។ បើសិនអ្នកលុបបុណ្យជ្រមុជរបស់ព្រះយេស៊ូវចេញ វាមានន័យថា អ្នកពិតជាកំពុងតែបោះបង់ជំនឿរបស់អ្នកចោលហើយ។ នៅក្នុងន័យផ្សេង បើសិនអ្នកមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ សូម្បីតែព្រះលោហិតនៅលើឈើឆ្កាងក៏ឥតមានន័យ ហើយការមានព្រះជន្មរស់ពីសុគតរបស់ព្រះគ្រីស្ទក៏មិនទាក់ទងអ្វីនឹងអ្នកដែរ។ មានតែអ្នកដែលជឿថា ព្រះបានដោះអំពើបាបទាំងអស់របស់ពួកគេចេញប៉ុណ្ណោះ ទើបទាក់ទងនឹងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ហើយពួកគេអាចស្រែកយ៉ាងខ្លាំងសម្រាប់ការយាងមករបស់ព្រះយេស៊ូវបាន ដូចដែលសាវកយ៉ូហានធ្វើនៅក្នុងខ.២០ដែរ។ 
ខ.២០និយាយថា «ព្រះអង្គ ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក»។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ដែលអាចនិយាយដូច្នេះបាន។ ព្រះអម្ចាស់នឹងយាងមកផែនដីនេះក្នុងពេលដ៏ឆាប់ ស្របតាមការអធិស្ឋានរបស់មនុស្សសុចរិត។ មានតែមនុស្សសុចរិតដែលបានទទួលការអត់ទោសបាបដ៏គ្រប់លក្ខណ៍ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបនឹងមានអំណរ ហើយទន្ទឹងរង់ចាំដល់ការការយាងមករបស់ព្រះអម្ចាស់ក្នុងពេលដ៏ឆាប់។ នេះដោយសារតែអ្នកដែលត្រៀមខ្លួនទទួលព្រះអម្ចាស់ គឺជាអ្នកដែលបានស្លៀកសំលៀកបំពាក់នៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺអ្នកដែលឥតមានបាបនៅក្នុងខ្លួន។ 
ព្រះអម្ចាស់កំពុងតែរង់ចាំថ្ងៃដែលទ្រង់នឹងឆ្លើយតបចំពោះការរង់ចាំរបស់មនុស្សសុចរិត គឺថ្ងៃដែលទ្រង់យាងត្រឡប់មកផែនដីនេះ។ ទ្រង់នឹងប្រទានរង្វាន់ដល់យើងជានគររាជ្យមួយពាន់ឆ្នាំ ព្រះពរដ៏ធំនៃការបានចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទឹកជីវិតហូរ។ ការរង់ចាំព្រះ អម្ចាស់នេះមិនមានរយៈពេលយូរប៉ុន្មានទេ។ ដូច្នេះ អ្វីដែលយើងអាចនិយាយបានគឺ «អាម៉ែន ដូច្នេះ ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!»។ ហើយជាមួយនឹងជំនឿ និងការអរព្រះគុណ យើងទន្ទឹងយ៉ាងស្មោះត្រង់ដល់ការយាងមកវិញរបស់ព្រះអម្ចាស់។ 
ជាចុងក្រោយ ខ.២១និយាយថា «សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ សាវកយ៉ូហានបានបញ្ចប់កណ្ឌវិវរណៈ ជាមួយការអធិស្ខានចុងក្រោយទូលសូមព្រះពរសម្រាប់មនុស្សគ្រប់គ្នា។ គាត់បានថ្វាយការអធិស្ឋានសម្រាប់ព្រះពររនៅចុងបញ្ចប់ ជាមួយនឹងចិត្តដែលសង្ឃឹមថា មនុស្សគ្រប់គ្នាជឿព្រះយេស៊ូវ បានសង្រ្គោះ និងចូលទៅក្នុងទីក្រុងរបស់ព្រះ។ 
ពួកបរិសុទ្ធជាទីស្រឡាញ់របស់ខ្ញុំអើយ ដែលយើងបានសង្រ្គោះ ដោយសារព្រះ មានន័យថា ទ្រង់បានស្រឡាញ់ និងសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ហើយបានយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ ដូច្នេះ វាគឺជាការអស្ចារ្យ ហើយយើងត្រូវតែអរព្រះគុណដល់ព្រះ ដែលទ្រង់បានរាប់យើងជាសុចរិត ដើម្បីឲ្យយើងចូលទៅក្នុងនគររបស់ទ្រង់។ 
នេះហើយគឺជាស្នូលនៃអ្វីដែលព្រះគម្ពីរនិយាយមកកាន់យើង។ ដើម្បីធ្វើឲ្យយើងរស់នៅជារៀងរហូតនៅក្នុងនគររបស់ទ្រង់ ព្រះបានអនុញ្ញាតឲ្យអ្នក និងខ្ញុំបានកើតជាថ្មី ដោយសារការស្តាប់ឮដំណឹងល្អពិតនេះ ហើយទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងការជំនុំជម្រះ។ ដូច្នេះ ខ្ញុំសូមសរសើរតម្កើង និងអរព្រះគុណដល់ព្រះអម្ចាស់របស់យើង សម្រាប់សេចក្តីសង្រ្គោះរបស់ទ្រង់។ 
យើងមានសំណាងណាស់ ដែលបានទទួលការអត់ទោសម្រាប់អំពើបាបរបស់យើង ដោយសុវត្ថិភាព។ យើងទាំងអស់គ្នាគឺជាមនុស្សដែលមានពរដ៏ធំពីព្រះ។ ហើយយើងគឺជាពួកហោរារបស់ទ្រង់។ ដូច្នេះ យើងត្រូវតែប្រកាសដំណឹងល្អអំពីការអត់ទោសបាប ទៅកាន់ព្រលឹងទាំងអស់ដែលមិនទាន់ស្តាប់ឮដំណឹងល្អនេះ ហើយក៏ប្រកាសទៅកាន់ពួកគេផងដែរ នូវព្រះបន្ទូលបើកសម្តែង ដែលជាការបំពេញសម្រេចនៃដំណឹងល្អ។
ខ្ញុំសង្ឃឹម និងអធិស្ឋានថា គ្រប់គ្នានឹងជឿព្រះយេស៊ូវ ដែលជាព្រះអាទិករ ព្រះអង្គសង្រ្គោះ និងចៅក្រម ហើយកាលណាថ្ងៃចុងក្រោយមកដល់ យើងចូលទៅក្នុងទីបរិសុទ្ធនៃផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះ អម្ចាស់បានប្រទានឲ្យយើង។ សូមឲ្យព្រះគុណនៃព្រះអម្ចាស់នៅជាមួយអ្នកទាំងអស់គ្នា។