Search

សេចក្តីអធិប្បាយ

Subject 1 : បាប

[1-2] មនុស្សជាតិបានកើតមកជាមនុស្សមានបាប (ម៉ាកុស ៧:២០-២៣)

(ម៉ាកុស ៧:២០-២៣)
«ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយស្មន់ កាប់​សំឡាប់​គេ លួច​ប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​វិញ។»
 
 
មនុស្សយល់ច្រឡំ និងរស់នៅតាមការបោកបញ្ឆោតរបស់ខ្លួន
 
តើអ្នកណាអាច បានសង្រ្គោះ?
អ្នកដែលគិតថា ខ្លួនជា អ្នកមានបាបដ៏អាក្រក់បំផុត
 
ជាដំបូង ខ្ញុំចង់សួរសំណួរមួយដល់អ្នក។ តើអ្នកមើលឃើញខ្លួនឯងយ៉ាងដូចម្តេច? តើអ្នកគិតថា អ្នកល្អ ឬអាក្រក់? តើអ្នកគិតយ៉ាងដូចម្តេច?
មនុស្សទាំងអស់ រស់នៅតាមការបោកបញ្ឆោតរបស់ខ្លួន។ អ្នកអាចមិនអាក្រក់ ដូចជាអ្នកគិត ឬអាចមិនល្អ ដូចជាអ្នកគិតទេ។
អញ្ចឹង តើអ្នកណាដែលគិតថា នឹងអាចមានជីវិតនៃជំនឿបានល្អប្រសើរជាង? តើជាអ្នកដែលគិតថា ខ្លួនឯងល្អឬ? ឬអ្នកដែលគិតថា ខ្លួនឯងអាក្រក់?
យើង នឹងត្រឡប់មកសំណួរទាំងនេះនៅពេលក្រោយ។ ប៉ុន្តែ ពេលនេះ ខ្ញុំចង់សួរសំណួរមួយទៀតដល់អ្នក។ តើអ្នកណាអាចបានសង្រ្គោះ? តើជាអ្នកដែលប្រព្រឹត្តអំពើបាបច្រើនជាង ឬអ្នកដែលប្រព្រឹត្តអំពើបាបតិចជាង? អ្នកដែលទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តអំពើបាបរាប់មិនអស់ ទំនងជាអាចបានសង្រ្គោះ ពីព្រោះគាត់ទទួលស្គាល់ថា គាត់ជាមនុស្សមានបាបយ៉ាងធ្ងន់ធ្ងរ។ មនុស្សបែបនេះ អាចទទួលយកព្រះបន្ទូលអំពីសេចក្តីប្រោសលោះ ដែលព្រះយេស៊ូវបានរៀបចំសម្រាប់គាត់បានល្អប្រសើរជាង។
នៅពេលយើងសំឡឹងមើលខ្លួនឯងឲ្យបានច្បាស់ នោះយើងដឹងយ៉ាងច្បាស់ថា យើងគឺពិតជាមនុស្សមានបាបមែន។ តើមនុស្សជាតិគឺជាអ្វី? មនុស្សម្នាក់ គឺជា «ពូជមនុស្សដែលប្រព្រឹត្តការអាក្រក់»។ អេសាយ ៥៩ ប្រាប់ថា មានការអាក្រក់គ្រប់ប្រភេទនៅក្នុងចិត្តរបស់មនុស្ស។ ដូច្នេះ ច្បាស់លាស់ណាស់ថា មនុស្សជាតិគឺជាមនុស្សមានបាប។ ប៉ុន្តែ បើសិនយើងកំណត់និយមន័យបែបនេះដល់មនុស្សជាតិ មនុស្សជាច្រើននឹងមិនយល់ស្របឡើយ។ ទោះបីជាយ៉ាងណា ការផ្តល់និយមន័យមនុស្សម្នាក់ជា «ពូជមនុស្សដែលប្រព្រឹត្តការអាក្រក់» គឺជានិយមន័យត្រឹមត្រូវមួយ។ បើសិនយើងមើលខ្លួនឯងដោយភាពស្មោះត្រង់ នោះយើងនឹងដឹងយ៉ាងច្បាស់ថា យើងគឺជាមនុស្សអាក្រក់។ អ្នកដែលមានភាពស្មោះត្រង់ចំពោះខ្លួនឯង ត្រូវតែមានការសន្និដ្ឋានដូចគ្នានេះដែរ។
ប៉ុន្តែ វាហាក់ដូចជាមនុស្សភាគច្រើន បដិសេធទទួលស្គាល់ថា ពួកគេគឺជាមនុស្សមានបាប។ មនុស្សជាច្រើន រស់នៅយ៉ាងសុខស្រួល ពីព្រោះពួកគេមិនចាត់ទុកខ្លួនឯងជាមនុស្សមានបាបទេ។ ដោយសារយើងគឺជាអ្នកប្រព្រឹត្តការអាក្រក់ យើងបានបង្កើតអារ្យធម៌មានបាបមួយ។ បើសិននេះមិនពិតទេ នោះយើងគួរតែមានភាពខ្មាស់អៀនក្នុងការធ្វើបាបហើយ។ ផ្ទុយទៅវិញ មនុស្សភាគច្រើនមិនមានអារម្មណ៍ខ្មាស់អៀនឡើយ នៅពេលពួកគេកំពុងប្រព្រឹត្តអំពើបាប។
ទោះបីជាយ៉ាងណា បញ្ញាចិត្តរបស់ពួកគេដឹងថា ពួកគេធ្វើ បាប។ គ្រប់គ្នាមានបញ្ញាចិត្តមួយ ដែលប្រាប់ខ្លួនថា «វាជាសេចក្តីខ្មាស់អៀន»។ បន្ទាប់ពីបានធ្វើបាបហើយ អ័ដាម និងអេវ៉ាបានលាក់ខ្លួននៅខាងក្រោយដើមឈើ។ នៅសព្វថ្ងៃនេះ មនុស្សមានបាបជាច្រើន ដែលកំពុងលាក់ខ្លួនរបស់ពួកគេនៅក្នុងចំណោមពួកមនុស្សមានបាបដូចគ្នា ដើម្បីគេចចេញពីការជំនុំជម្រះរបស់ព្រះ។
មនុស្ស ត្រូវបានបន្លំដោយការបោកបញ្ឆោតរបស់ខ្លួនឯង។ ពួកគេគិតថា ខ្លួនមានគុណធម៌ជាងអ្នកដទៃ។ ដូច្នេះ កាលណាពួកគេស្តាប់ឮដំណឹងអាក្រក់ ពួកគេស្រែកដោយខឹងច្រឡោតថា «តើមនុស្សម្នាក់អាចធ្វើបែបនោះបានយ៉ាងដូចម្តេច? តើកូនប្រុសម្នាក់អាចប្រព្រឹត្តដូច្នេះចំពោះឪពុកម្តាយបាន?» ពួកគេជឿថា ពួកគេនឹងមិនប្រព្រឹត្តអំពើទាំងនោះទេ។
បងប្អូនអើយ វាពិបាកណាស់ក្នុងការដែលអ្នកស្គាល់ពីខ្លួនឯង ណាស់។ ដើម្បីស្គាល់ពីខ្លួនឯងបានយ៉ាងច្បាស់លាស់ ជាដំបូង យើងត្រូវតែទទួលយកការអត់ទោសអំពើបាបជាមុនសិន។ យើងត្រូវចំណាយពេលវេលាយូរ ដើម្បីទទួលបានការយល់ដឹងត្រឹមត្រូវអំពីនិស្ស័យរបស់មនុស្ស ហើយមនុស្សជាច្រើននាក់ នឹងមិនអាចរកឃើញការយល់ដឹងនេះទេ រហូតដល់ថ្ងៃដែលពួកគេស្លាប់។
 
 
ស្គាល់ខ្លួនរបស់អ្នក
 
តើអ្នកដែលមិនស្គាល់ខ្លួនឯង រស់នៅដោយរបៀបណា?
ពួកគេរស់នៅក្នុងជីវិតមានសេចក្តីកំពុត ដោយព្យាយាមលាក់អំពើបាបរបស់ខ្លួន
 
ពេលខ្លះ យើងជួបមនុស្ស ដែលពិតជាមិនស្គាល់ខ្លួនឯងសោះ។ លោក សូក្រាត បាននិយាយថា «ចូរស្គាល់ពីខ្លួនរបស់អ្នក»។ ទោះបីជាយ៉ាងណា មនុស្សជាច្រើន មិនបានដឹងពីអ្វីដែលនៅក្នុងចិត្តរបស់ខ្លួន៖ ការកាប់សំឡាប់ ការលួចប្លន់ សេចក្តីលោភ សេចក្តីអាក្រក់ ការបោកបញ្ឆោត ភ្នែកអាក្រក់...។ល។
អ្នកដែលមិនស្គាល់ខ្លួនឯង មានពិសពស់វែកនៅលើអណ្តាត ប៉ុន្តែព្យាយាមនិយាយពីសេចក្តីល្អ។ មូលហេតុគឺថា គាត់មិនដឹងថា ខ្លួនបានកើតមកជាមនុស្សមានបាបនោះទេ។
មានមនុស្សជាច្រើននៅលើផែនដីនេះ ដែលមិនស្គាល់និស្ស័យពិតប្រាកដរបស់ខ្លួន។ ពួកគេបានបោកបញ្ឆោតខ្លួនឯង ហើយរស់នៅក្នុងជីវិតដែលហ៊ុំព័ទ្ធទៅដោយសេចក្តីបោកបញ្ឆោត។ ដោយ សារការបោកបញ្ឆោតខ្លួនឯង ពួកគេមិនយល់ថា ពួកគេកំពុងតែបោះចោលខ្លួនឯងទៅក្នុងស្ថាននរកឡើយ។
 
 
មនុស្សបន្តកំពុបបាបពេញមួយជីវិត
 
ហេតុអ្វីពួកគេនឹងទៅស្ថាននរក?
ពីព្រោះពួកគេមិនស្គាល់ ខ្លួនឯង
 
សូមមើល ម៉ាកុស ៧:២១-២៣។ «ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយស្មន់ កាប់​សំឡាប់​គេ ២២ លួច​ប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​វិញ។» ចិត្តរបស់មនុស្សមានពេញដោយគំនិតអាក្រក់ ចាប់តាំងពីថ្ងៃដែលពួកគេចាប់ទុំផ្ទៃម្តាយមកម៉្លេះ។
ចូរយើងចាត់ទុកថា ចិត្តរបស់មនុស្សម្នាក់គឺជាកែវមួយ ដែលពេញប្រៀបដោយទឹកកខ្វក់ ដែលជាអំពើបាបរបស់យើង។ តើនឹងមានអ្វីកើតឡើង បើសិនគាត់កម្រើកចុះឡើង? ទឹកកខ្វក់នេះ (បាប) ពិតជានឹងកំពុបគ្រប់ទីកន្លែង ហើយដូចគ្នាដែរ បាបក៏ប្រាកដជានឹងបន្តកំពុបសព្វទីកន្លែង។
យើងដែលជាមនុស្សមានបាប រស់នៅក្នុងជីវិតបែបដូចនេះ គឺយើង កំពុបបាប នៅគ្រប់ទីកន្លែងដែលយើងទៅ។ យើងនឹងធ្វើបាប ពេញមួយជីវិតរបស់យើង ពីព្រោះយើងជាមនុស្សមានបាប។
បញ្ហាគឺថា យើងមិនបានដឹងថា យើងគឺជាមនុស្សមានបាប ឬពូជបាបទេ។ យើងគឺជាមនុស្សមានបាប ហើយមានបាបនៅក្នុងចិត្តរបស់យើង ចាប់តំាងពីថ្ងៃដែលយើងបានកើតមកម៉្លេះ។
មនុស្សមានបាប ត្រៀមខ្លួនរួចជាសម្រេចក្នុងការកំពុបបាប។ ទោះបីជាយ៉ាងណា មនុស្សមិនជឿថា ពួកគេពិតជាមានបាបឡើយ។ ពួកគេគិតថា អ្នកដទៃគឺជាអ្នកដែលដឹកនាំពួកគេទៅក្នុងអំពើបាប ដូច្នេះហើយ ពួកគេមិនមែនជាមនុស្សអាក្រក់ឡើយ។
សូម្បីតែពេលកំពុងប្រព្រឹត្តអំពើបាប មនុស្សគិតថា សេចក្តីតម្រូវតែមួយ ដើម្បីលាងសម្អាតពួកគេម្តងទៀត គឺត្រូវលុបអំពើបាបទាំងនោះចោល។ ពួកគេបន្តលាងសម្អាតខ្លួនឯង រាល់ពេលពួកគេធ្វើបាប ដោយប្រាប់ខ្លួនឯងថា វាមិនមែនជាកំហុសរបស់ពួកគេទេ។ ដោយសារយើងលាងសម្អាតខ្លួនយើង តើវាមានន័យថា វាមិនមានបញ្ហាអ្វីទេ ដែលយើងបន្តកំពុបអំពើបាបឬ? យើងនឹងត្រូវតែបន្តលាងសម្អាតខ្លួនឯងម្តងហើយម្តងទៀត ជារៀងរហូត។
នៅពេលកែវមួយពេញដោយបាប វានឹងបន្តកំពុបបាបជានិច្ច។ ការលាងសម្អាតតែផ្នែកខាងក្រៅ មិនមានប្រយោជន៍អ្វីសោះ ឡើយ។ មិនថាញឹកញាប់ប៉ុណ្ណា ដែលយើងលាងសម្អាតផ្នែកខាងក្រៅ ដោយការប្រព្រឹត្តល្អរបស់យើងទេ គឺវាឥតប្រយោជន៍ ដរាបណាកែវនៅតែពេញដោយបាប។
យើងបានកើតមកជាមួយបាបដ៏ធ្ងន់ធ្ងរ ដែលចិត្តរបស់យើងនឹងមិនអាចត្រឡប់ជាទទេស្អាតបានទេ មិនថាយើងកំពុបអំពើបាបច្រើនប៉ុណ្ណានៅតាមផ្លូវទេ។ ដូច្នេះ យើងប្រព្រឹត្តអំពើបាប ពេញមួយជីវិតរបស់យើង។
នៅពេលមនុស្សម្នាក់មិនបានដឹងថា ខ្លួនគឺពិតជាមនុស្សមានបាប គាត់បន្តលាក់បាំងនិស្ស័យបាបរបស់គាត់។ បាបស្ថិតនៅក្នុងចិត្តរបស់មនុស្សទាំងអស់ ហើយវា​នឹងមិនរលាយបាត់ ដោយការលាងសម្អាតតែផ្នែកខាងក្រៅឡើយ។ នៅពេលយើងកំពុបអំពើបាបបន្តិច យើងជូតសម្អាតវាជាមួយក្រណាត់។ នៅពេលយើងកំពុងម្តងទៀត យើងជូតសម្អាតវាជាមួយប្រដាប់ជូតឥដ្ឋ...កន្សែង និងកន្ទប...។ យើងបន្តសង្ឃឹមថា បើសិនយើងគ្រាន់តែលាងសម្អាតភាពកខ្វក់ម្តងហើយម្តងទៀត នោះវានឹងបានល្អាត ប៉ុន្តែអំពើបាបនៅតែបន្តកំពុបរហូត។
តើអ្នកគិតថា ការកំពុប និងការលាងសម្អាតបែបនេះនឹងបន្តទៅមុខយូរប៉ុណ្ណា? វានឹងបន្តទៅ រហូតដល់ថ្ងៃដែលយើងស្លាប់ ពីព្រោះមនុស្សប្រព្រឹត្តអាក្រក់ រហូតដល់ថ្ងៃស្លាប់របស់ខ្លួន។ នេះគឺជាមូលហេតុដែលយើងត្រូវជឿលើព្រះយេស៊ូវ ដើម្បីបានសង្រ្គោះ។ ដូច្នេះ ដើម្បីបានសង្រ្គោះ យើងត្រូវស្គាល់ពីខ្លួនឯងជាមុនសិន។
 
តើអ្នកណាអាចទទួលបាន សេចក្តីស្រឡាញ់របស់ព្រះបាន?
មនុស្សមានបាប ដែលទទួលស្គាល់ថា ពួកគេបានប្រព្រឹត្តការអាក្រក់ជាច្រើន
 
សូមយើងប្រៀបធៀបបុរសពីរនាក់ទៅនឹងកែវពីរ ដែលពេញដោយទឹកកខ្វក់។ កែវទាំងពីរពេញដោយបាប។ ម្នាក់មើលមកខ្លួនឯង ហើយនិយាយថា «អូ ខ្ញុំគឺពិតជាមនុស្សមានបាបមែន»។ បន្ទាប់មក គាត់បោះបង់ចោល ហើយទៅស្វែងរកអ្នកផ្សេង ដែលអាចជួយគាត់បាន។
ផ្ទុយទៅវិញ ម្នាក់ទៀតគិតថា គាត់មិនមែនជាមនុស្សអាក្រក់ទេ។ គាត់មិនអាចមើលឃើញបាបដ៏ធ្ងន់ធ្ងរនៅក្នុងខ្លួនឯង ហើយគិតថា គាត់មិនមានបាបទេ។ ពេញមួយជីវិតរបស់គាត់ គាត់ខិតខំបន្តលាងសម្អាតការកំពុបរបស់គាត់។ គាត់លាងសម្អាតផ្នែកម្ខាង ហើយបន្ទាប់មក ផ្នែកម្ខាងទៀត...និងផ្នែកម្ខាងទៀត...។
មានមនុស្សជាច្រើន ដែលរស់នៅ​យ៉ាងប្រុងប្រយ័ត្ន ដោយព្យាយាមប្រព្រឹត្តអំពើបាបបន្តិចបន្តួច ដើម្បីគេចចេញពីការកំពុប។ ប៉ុន្តែដោយសារពួកគេនៅតែមានបាបនៅក្នុងចិត្ត តើការធ្វើបែបនេះមានប្រយោជន៍អ្វីទៅ? «ការរស់នៅយ៉ាងប្រុងប្រយ័ត្ន» មិននាំពួកគេទៅជិតស្ថានសួគ៌ទេ ប៉ុន្តែដឹកនាំពួកគេតាមផ្លូវទៅស្ថាននរកវិញ។
បងប្អូនអើយ «ការរស់នៅយ៉ាងប្រុងប្រយ័ត្ន» មានតែដឹកនាំទៅស្ថាននរកប៉ុណ្ណោះ។ យើងគួរតែទទួលយកមេរៀននេះទុកក្នុងចិត្តរបស់យើង។ នៅពេលមនុស្សរស់នៅដោយប្រុងប្រយ័ត្ន អំពើបាបរបស់ពួកគេអាចកំពុបមិនច្រើនមែន ប៉ុន្តែពួកគេនៅតែជាមនុស្សមានបាបដដែល។
តើមានអ្វីនៅក្នុងចិត្តរបស់មនុស្សជាតិ? បាប? អំពើអសីលធម៌? មែនហើយ! គំនិតអាក្រក់? មែនហើយ! ការលួចប្លន់? មែនហើយ! សេចក្តី ចំកួត? មែនហើយ!
យើង ត្រូវតែទទួលស្គាល់ការពិតថា យើងគឺជាមនុស្សមានបាប ជាពិសេស នៅពេលយើងមើលឃើញខ្លួនឯងចេះធ្វើបាប និងការអាក្រក់ ដោយមិនចាំបាច់មានអ្នកណាបង្រៀនឡើយ។
យើងអាចមិនដឹងថា​ យើងគឺជាមនុស្សមានបាប នៅពេលយើងនៅក្មេងនៅឡើយ។ ប៉ុន្តែនៅពេលយើងធំធាត់ឡើង ហើយចូលរៀននៅវិទ្យាល័យ ឬសាកលវិទ្យាល័យ យើងនឹងបានដឹងថា អ្វីដែលយើងមាននៅក្នុងយើងគឺ បាប។ តើនេះពិតដែរឬទេ? និយាយដោយស្មោះត្រង់ យើងមិនអាចលាក់បាំងនិស្ស័យបាបរបស់យើងបានឡើយ។ តើត្រឹមត្រូវទេ? យើងពិតជានឹងកំពុបបាប ហើយបន្ទាប់មក យើងសោកស្តាយថា «ខ្ញុំមិនគួរប្រព្រឹត្តការនេះសោះ»។ ទោះបីជាយ៉ាងណា យើងដឹងថា យើងពិតជាមិនអាចផ្លាស់ប្រែបានទេ។ ហេតុអ្វីដូច្នេះ? ពីព្រោះយើងម្នាក់ៗពិតជាបានកើតមកជាមនុស្សមានបាបមែន។
យើងមិនត្រឡប់ជាស្អាត ដោយគ្រាន់តែរស់នៅដោយប្រុងប្រយ័ត្ននោះឡើយ។ អ្វីដែលយើងត្រូវដឹងគឺថា យើងបានកើតមកជាមនុស្សមានបាប ដើម្បីទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ មានតែមនុស្សមានបាប ដែលទទួលយកដោយការអរព្រះគុណនូវសេចក្តីប្រោសលោះ ដែលព្រះយេស៊ូវបានរៀបចំប៉ុណ្ណោះ ដែលអាចបានសង្រ្គោះ។
អ្នកដែលគិតថា «ខ្ញុំមិនបានប្រព្រឹត្តការអាក្រក់ ឬធ្វើបាបច្រើនទេ» មិនជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ ហើយថា ពួកគេត្រូវធ្លាក់ទៅក្នុងស្ថាននរកទេ។ យើងត្រូវតែដឹងថា យើងម្នាក់ៗមានបាបដ៏ធ្ងន់ធ្ងរនៅក្នុងខ្លួនរបស់យើង ពីព្រោះយើងបានកើតមកជាមួយបាប។
បើសិនមនុស្សម្នាក់បានគិតថា «ខ្ញុំមិនបានប្រព្រឹត្តការអាក្រក់ច្រើនទេ បើសិនខ្ញុំបានសង្រ្គោះចេញពីអំពើបាបតូចមួយនេះ» បន្ទាប់មក តើគាត់នឹងបានរួចពីបាបដែរឬទេ? គាត់នឹងមិនអាចបានសង្រ្គោះឡើយ។
អ្នកដែលអាចបានសង្រ្គោះ ដឹងថា ខ្លួនគឺជាមនុស្សមានបាប។ គាត់ជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់គាត់ ដោយការទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ ហើយថា ទ្រង់បានសងថ្លៃលោះបាប នៅពេលទ្រង់បានសុគតសម្រាប់យើង។
មិនថាយើងបានសង្រ្គោះ ឬមិនបានសង្រ្គោះទេ យើងទាំងអស់គ្នាមានទំនោររស់នៅក្នុងការបោកបញ្ឆោត។ យើងគឺជាមនុស្សមានបាប ហើយយើងអាចបានសង្រ្គោះ នៅពេលណាយើងជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងហើយ។
 
 
ព្រះមិនបានសង្រ្គោះអស់ដែលមាន «បាបតិច» ទេ
 
តើអ្នកណាជាអ្នកដែលបញ្ឆោត ព្រះអម្ចាស់?
អ្នកដែលទូលសូមការអត់ទោស សម្រាប់អំពើបាបរៀងរាល់ថ្ងៃ
 
ព្រះ មិនសង្រ្គោះអ្នកដែលមាន «បាបតិច» ឡើយ។ ព្រះក៏នឹងមិនទតមើលអ្នកដែលនិយាយថា «ឱព្រះអង្គអើយ ទូលបង្គំមានបាបតែបន្តិចទេ» ដែរ។ អ្នកដែលព្រះប្រទានសេចក្តីអាណិតមេត្តាគឺជាអ្នកដែលនិយាយថា «ឱព្រះអង្គអើយ ទូលបង្គំគឺជាមនុស្សមានបាប ហើយនឹងធ្លាក់ទៅក្នុងស្ថាននរក។ ដូច្នេះ សូមជួយសង្រ្គោះទូលបង្គំផង»។ មនុស្សមានបាបទាំងស្រុង ដែលនិយាយថា «ឱព្រះអង្គអើយ ទូលបង្គំបានសង្រ្គោះ លុះត្រាតែទ្រង់បានសង្រ្គោះទូលបង្គំប៉ុណ្ណោះ។ ទូលបង្គំមិនអាចអធិស្ឋានសម្រាប់ការប្រែចិត្តបានទៀតទេ ពីព្រោះទូលបង្គដឹងថា ទូលបង្គំនៅតែបន្តធ្វើបាបជានិច្ច។ ដូច្នេះ សូមជួយសង្រ្គោះទូលបង្គំផង»។
ព្រះ សង្រ្គោះអ្នកដែលពឹងផ្អែកលើទ្រង់ទាំងស្រុង។ ខ្ញុំផ្ទាល់ក៏ធ្លាប់បានព្យាយាមថ្វាយសេចក្តីអធិស្ឋានប្រចាំថ្ងៃសម្រាប់ការប្រែចិត្តផងដែរ ប៉ុន្តែ សេចក្តីអធិស្ឋានទាំងនោះមិនបានដោះខ្ញុំឲ្យរួចពីបាបឡើយ។ ដូច្នេះ ខ្ញុំបានលុតជង្គុង ហើយអធិស្ឋានថា «ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ ហើយជួយសង្រ្គោះទូលបង្គំចេញពីអំពើបាបទាំងអស់របស់ទូលបង្គំផង»។ អ្នកដែលអធិស្ឋានបែបនេះ នឹងបានសង្រ្គោះ។ ពួកគេងាកមកជឿលើសេចក្តីប្រោសលោះរបស់ព្រះ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ពួកគេនឹងបានសង្រ្គោះជាពិតប្រាកដ។
ព្រះ សង្រ្គោះតែអ្នកដែលដឹងថា ខ្លួនគឺជាមនុស្សមានបាប ឬពូជមនុស្សដែលប្រព្រឹត្តការអាក្រក់ប៉ុណ្ណោះ។ អ្នកដែលនិយាយថា «ទូលបង្គំគ្រាន់តែបានប្រព្រឹត្តអំពើបាបដ៏តូចមួយនេះទេ។ សូមអត់ទោសដល់ទូលបង្គំផង» នៅតែជាមនុស្សមានបាប ហើយព្រះមិនអាចសង្រ្គោះពួកគេបានឡើយ។ ព្រះសង្រ្គោះតែអ្នកដែលទទួលស្គាល់ថា ខ្លួនគឺពិតជាមនុស្សមានបាប។
អេសាយ ៥៩:១-២ សរសេរថា «មើល ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​មិន​មែន​រួញ​ខ្លី​ដែល​នឹង​ជួយ​សង្គ្រោះ​មិន​បាន​នោះ​ទេ ព្រះកាណ៌​ទ្រង់​ក៏​មិន​បាន​ទៅ​ជា​ធ្ងន់ ដែល​នឹង​ស្តាប់​មិន​ឮ​នោះ​ដែរ គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​បាន​បាំង​ព្រះភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​មិន​ព្រម​ស្តាប់​ទេ»។
ដោយសារយើងបានកើតមកជាមនុស្សមានបាប នោះព្រះមិនអាចទតមើលមកយើង ដោយការសព្វព្រះហឫទ័យបានទេ។ នេះមិនមែនដោយសារព្រះហស្តទ្រង់ខ្លី ព្រះកាណ៌ទ្រង់ធ្ងន់ ឬទ្រង់មិនអាចស្តាប់ឮយើងទូលសូមការអត់ទោសពីទ្រង់ឡើយ។
ព្រះមានបន្ទូលប្រាប់យើងថា «ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​បាន​បាំង​ព្រះភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​មិន​ព្រម​ស្តាប់​ទេ»។ ដោយសារយើងមានបាបយ៉ាងធ្ងន់ធ្ងរនៅក្នុងចិត្តរបស់យើង យើងមិនអាចចូលទៅនគរស្ថានសួគ៌បានឡើយ​ បើទោះជាទ្វារនគរស្ថានសួគ៌បើកចំហធំប៉ុណ្ណោះក៏ដោយ។
បើសិនយើងដែលជាមនុស្សមានបាប បានទូលសូមការអត់ទោស រាល់ពេលយើងបានធ្វើបាប ព្រះនឹងត្រូវតែបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកសុគតជាច្រើនដងហើយ ប៉ុន្តែព្រះមិនសព្វព្រះហឫទ័យធ្វើបែបនេះឡើយ។ ទ្រង់មានបន្ទូលថា «កុំមកឯអញជារៀងរាល់ថ្ងៃជាមួយអំពើបាបរបស់ឯងឲ្យសោះ។ អញបានបញ្ជូនព្រះរាជបុត្រារបស់អញទៅសង្រ្គោះឯងចេញពីអំពើបាបទាំងអស់របស់ឯងហើយ។ អ្វីដែលឯងត្រូវធ្វើគឺ យល់ពីរបៀបដែលទ្រង់បានដោះអំពើបាបទាំងអស់របស់ឯងចេញហើយ ហើយទទួលស្គាល់ថា នេះគឺជាសេចក្តីពិត។ បន្ទាប់មក ជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបានសង្រ្គោះចុះ។ នេះគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងបំផុត ដែលអញមានសម្រាប់ឯង ដែលជាស្នាព្រះហស្តរបស់អញ»។
នេះគឺជាអ្វីដែលទ្រង់មានបន្ទូលប្រាប់យើង។ «ចូរជឿលើព្រះរាជបុត្រារបស់អញ ហើយទទួលយកការអត់ទោសអំពើបាបចុះ។ អញដែលជាព្រះរបស់ឯង បានបញ្ជូនព្រះរាជបុត្រារបស់អញមកធួននឹងអំពើបាប និងការអាក្រក់ទាំងអស់របស់ឯងហើយ។ ដូច្នេះ ចូរជឿលើព្រះរាជបុត្រារបស់អញ ហើយបានសង្រ្គោះចុះ»។
អ្នកដែលមិនដឹងថា ខ្លួនគឺជាមនុស្សមានបាប ទូលសូមការអត់ទោសពីទ្រង់សម្រាប់តែអំពើតូចៗប៉ុណ្ណោះ។ ពួកគេចូលទៅចំពោះទ្រង់ ដោយមិនដឹងពីទម្ងន់យ៉ាងធ្ងន់នៃបាបរបស់ពួកគេ ហើយអធិស្ឋានថា «សូមអត់ទោសអំពើដ៏តូចមួយនេះផង។ ទូលបង្គំនឹងមិនធ្វើវាទៀតឡើយ»។
ពួកគេ ក៏ព្យាយាមបោកបញ្ឆោតទ្រង់ ដោយសេចក្តីអធិស្ឋានបែបនេះផងដែរ។ យើងមិនធ្វើបាបតែម្តងទេ ប៉ុន្តែយើងបន្តធ្វើបាប រហូតដល់ថ្ងៃយើងស្លាប់។ ដូច្នេះ យើងត្រូវតែបន្តទូលសូមការអត់ទោសពីទ្រង់ រហូតដល់ថ្ងៃយើងស្លាប់ហើយ ពីព្រោះយើងមិនអាចឈប់ធ្វើបាបបានឡើយ ហើយសាច់ឈាមរបស់យើងបម្រើឲ្យក្រិត្យវិន័យនៃបាប រហូតដល់ថ្ងៃយើងស្លាប់។
ការទទួលបានការអត់ទោសសម្រាប់តែអំពើបាបតូចៗ មិនអាចដោះស្រាយបញ្ហាបាបបានឡើយ ពីព្រោះយើងប្រព្រឹត្តអំពើបាបច្រើនរាប់មិនអស់ជារៀងរាល់ថ្ងៃ។ ដូច្នេះ ផ្លូវតែមួយ ដែលយើងអាចបានរួចពីបាបបាន គឺត្រូវផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ។
 
តើអ្វីជានិស្ស័យរបស់មនុស្ស?
មនុស្សមានបាប
 
ព្រះគម្ពីរ ពន្យល់ពីអំពើបាបរបស់មនុស្សជាតិថា «ដ្បិត​ដៃ​របស់​ឯង​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាម​ដៃ​ដោយ​អំពើ​ទុច្ចរិត​ដែរ បបូរ​មាត់​ឯង​បាន​ពោល​ពាក្យ​កំភូត ហើយ​អណ្តាត​ឯង​ពោល​ងាំៗ​ចេញ​ជា​សេចក្តី​ទុច្ចរិត គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្តី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្តី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្តី​សោះសូន្យ ហើយ​ពោល​តែ​សេចក្តី​ភូតភរ​ទទេ គេ​មាន​ទំងន់​ជា​គំនិត​បៀតបៀន ហើយ​សំរាល​ចេញ​ជា​អំពើ​ទុច្ចរិត គេ​ភ្ញាស់​ពង​របស់​ពស់វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ នោះ​រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក នោះ​ក៏​ញាស់​ចេញ​ជា​ពស់វែក មង​របស់​គេ​នឹង​ប្រើ​ធ្វើ​ជា​សំលៀកបំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ ការ​របស់​គេ​សុទ្ធ​តែ​ជា​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ ជើង​គេ​រត់​ទៅ​តាម​សេចក្តី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​សេចក្តី​ទុច្ចរិត​ទទេ មាន​សេចក្តី​វិនាស និង​សេចក្តី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្តី​សុខ​ទេ ហើយ​សេចក្តី​យុត្តិធម៌​ក៏​គ្មាន នៅ​ក្នុង​អស់​ទាំង​ដំណើរ​របស់​គេ​ផង គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិចក្ងក់​សំរាប់​ខ្លួន ឯ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ ជា​អ្នក​មិន​ស្គាល់​សេចក្តី​សុខ​ឡើយ» (អេសាយ ៥៩:៣-៨)។
ម្រាមដៃរបស់មនុស្ស ត្រូវកខ្វក់ដោយការអាក្រក់ ហើយគ្រប់យ៉ាងដែលពួកគេធ្វើពេញមួយជីវិតរបស់ពួកគេគឺ បាប។ គ្រប់ការដែលពួកគេធ្វើគឺ អាក្រក់។ ហើយអណ្តាតរបស់យើង «ពោល​ងាំៗ​ចេញ​ជា​សេចក្តី​ទុច្ចរិត»។ គ្រប់ទាំងអស់ដែលចេញពីមាត់របស់យើងគឺជាសេចក្តីភូតភរ។
«កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក» (យ៉ូហាន ៨:៤៤)។ អស់ដែលមិនបានកើតជាថ្មី ចូលចិត្តនិយាយថា «ខ្ញុំកំពុងប្រាប់សេចក្តីពិតដល់អ្នក...ខ្ញុំពិតជាកំពុងនិយាយសេចក្តីពិតដល់អ្នកមែន។ អ្វីដែលខ្ញុំកំពុងនិយាយគឺជាសេចក្តីពិត...»។ ប៉ុន្តែ គ្រប់ពាក្យសម្តីដែលពួកគនិយាយគឺជាសេចក្តីភូតភរ ដូចជាមានសេចក្តីចែងទុកមកថា «កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក»។
មនុស្ស ដាក់ការទុកចិត្តរបស់ខ្លួនលើពាក្យសម្តីទទេ ហើយនិយាយ ភូតភរ ហើយគិតអំពីសេចក្តីអាក្រក់ និងបង្កើតការអាក្រក់ផ្សេងៗ។ ពួកគេភ្ញាស់ពងរបស់ពស់វែក ហើយព័ទ្ធជាមងពីងពាង។ ព្រះមានបន្ទូលថា «អ្នក​ណា​ដែល​ស៊ី​ពង​នោះ នោះ​រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក នោះ​ក៏​ញាស់​ចេញ​ជា​ពស់វែក»។ ទ្រង់មានបន្ទូលថា មានពងរបស់ពស់វែកនៅក្នុងចិត្តបស់អ្នក។ ពងរបស់ពស់វែក! មានសេចក្តីអាក្រក់នៅក្នុងចិត្តរបស់អ្នក។ ដូច្នេះហើយបានជាយើងត្រូវទទួលយកសេចក្តីប្រោសលោះ ដោយជឿលើដំណឹងល្អអំពីទឹក និងព្រះលោហិត។
រាល់ពេលដែលខ្ញុំចាប់ផ្តើមនិយាយអំពីព្រះ មានអ្នកដែលនិយាយថា «អូ បានហើយ! សូមកុំនិយាយអំពីព្រះជាមួយខ្ញុំ។ គ្រប់ពេលដែលខ្ញុំព្យាយាមធ្វើអ្វីមួយ បាបកំពុបចេញពីខ្ញុំ គឺវាហូរស្រោចចេញពីខ្ញុំ។ ខ្ញុំពិតជាមិនអាចចាប់ផ្តើម​ធ្វើអ្វី ដោយមិនកំពុបបាបនៅសព្វទីកន្លែងសោះ។ ខ្ញុំមិនអាចដោះស្រាយបញ្ហានេះបានឡើយ ពីព្រោះខ្ញុំមានពេញដោយបាប។ ខ្ញុំអស់សង្ឃឹមណាស់។ ដូច្នេះ កុំនិយាយប្រាប់ខ្ញុំអំពីព្រះដ៏បរិសុទ្ធឲ្យសោះ»។
មនុស្សម្នាក់នេះ ដឹងយ៉ាងច្បាស់ថា ខ្លួនគឺជាមនុស្សមានបាប ប៉ុន្តែគាត់មិនដឹងថា ព្រះបានសង្រ្គោះគាត់ទាំងស្រុង តាមរយៈដំណឹងល្អអំពីសេចក្តីស្រឡាញ់របស់ទ្រង់ទេ។ មានតែអ្នកដែលដឹងថា ខ្លួនឯងគឺជាមនុស្សមានបាបទេ ទើបបានសង្រ្គោះ។
តាមការពិត មនុស្សម្នាក់ៗគឺបែបដូច្នេះ គឺបន្តកំពុបបាបជានិច្ច នៅគ្រប់ទីកន្លែងដែលយើងទៅដល់។ បាបពិតជាហូរចេញមក ពីព្រោះមនុស្សទាំងអស់គឺជាមនុស្សមានបាប។ ផ្លូវតែមួយសម្រាប់យើងបានសង្រ្គោះចេញពីសភាពនេះគឺ តាមរយៈអំណាចព្រះចេស្តារបស់ព្រះ។ ផ្លូវនេះពិតជាអស្ចារ្យខ្លាំងណាស់! អ្នកដែល កំពុបបាប នៅពេលពួកគេកើតទុក្ខ រីករាយ ឬសុខស្រួល បានសង្រ្គោះតាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទតែប៉ុណ្ណោះ។ ព្រះយេស៊ូវ បានយាងមក ដើម្បីសង្រ្គោះយើងហើយ។

ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងទាំងស្រុងហើយ។ ដូច្នេះ ចូរទទួលស្គាល់ថា អ្នកគឺជាមនុស្សមានបាប ហើយបានសង្រ្គោះចុះ។