Search

សេចក្តីអធិប្បាយ

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 7-3] មូលហេតុដែលយើង អាចសរសើរតម្កើងព្រះបាន (រ៉ូម ៧:៥-១៣)

(រ៉ូម ៧:៥-១៣)
«ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់ តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យ វិន័យចេញ ដ្បិតបើសិនជាក្រឹត្យវិន័យមិនបានថា [កុំឲ្យលោភ] នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រឹត្យវិន័យ អំពើបាបបានសាបសូន្យ តែពីដើម ក្រៅពីក្រឹត្យ វិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្តីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ ដ្បិតដែលបាបបានឱកាស ដោយសារសេចក្តីបញ្ញត្ត នោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង ដូច្នេះ ក្រឹត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្តីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ ចុះសេចក្តីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្តីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្តីបញ្ញត្តនោះផង។»
 
 
ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ ដែលបានដឹកនាំខ្ញុំរហូតមកដល់ពេលនេះ
 
ខ្ញុំ សរសើរតម្កើងព្រះអម្ចាស់ ដែលបានដឹកនាំខ្ញុំឲ្យជួបអ្នក ដែលជា រាស្ត្រដ៏ពិសេសរបស់ព្រះ ម្តងទៀត។ ហើយយើងខ្ញុំសូមអរព្រះគុណសម្រាប់ការប្រទានពរដល់ខ្ញុំ ជាមួយនឹងជីវិតពេញដោយអំណរ រហូតមកដល់ថ្ងៃនេះ។ ព្រះតែងតែបានគង់នៅជាមួយខ្ញុំ និងមានសេចក្តីមេត្តាករុណាដល់ខ្ញុំ ទោះនៅក្នុងពេលខ្ញុំបានប្រឈមនឹងការធ្លាក់ទឹកចិត្ត ទុក្ខលំបាក ការឈឺចាប់ និងភាពខ្សោយនៅក្នុងខ្លួនរបស់ខ្ញុំជាច្រើនទៀតក៏ ដោយ។ ទ្រង់មានព្រះជន្មរស់ និងគង់នៅខាងខ្ញុំ ពេញមួយជីវិតរបស់ខ្ញុំ នៅពេលខ្ញុំប្រឈមនឹងទុក្ខលំបាក និងសេចក្តីអំណរ គឺគ្មានពេលណាមួយ ដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅឯកាឡើយ សូម្បីតែមួយវិនាទីក៏គ្មានផង។
ព្រះបានប្រទានពរយ៉ាងច្រើនដល់យើង! បើសិនព្រះដូចជាយើង ប្រហែលជាទ្រង់នឹងមានសេចក្តីមេត្តាករុណដល់យើង សម្រាប់តែពីរបី ដងប៉ុណ្ណោះ ហើយជាចុងក្រោយ ទ្រង់នឹងលែងមានសេចក្តីអត់ធ្មត់ចំពោះយើងទៀតហើយ។ ប៉ុន្តែព្រះមិនមែនជាមនុស្សទេ ហើយសេចក្តីអត់ធ្មត់របស់ទ្រង់ឥតមានដែនកំណត់ឡើយ។ ទ្រង់នៅតែបន្តមានសេចក្តីមេត្តាករុណាដល់យើងជារៀងរហូត ទោះបើយើងមិនធ្វើការល្អ និងមិនស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ក៏ដោយ។ ដូច្នេះ ដោយមានព្រះដ៏គួរឲ្យស្រឡាញ់បែបនេះ យើងត្រូវតែសរសើរតម្កើង ថ្វាយបង្គំ និងបម្រើទ្រង់។ ស្តេចដាវីឌបានសរសើរតម្កើងព្រះ ពេញមួយព្រះជន្មរបស់ទ្រង់ នៅគ្រប់ពេលទ្រង់មានទុក្ខលំបាក និងសេចក្តីវេទនានៅក្នុងព្រះជន្មរបស់ទ្រង់។ ទ្រង់បានប្រកាសថា «ពីព្រោះ ដោយពឹងទ្រង់ នោះទូលបង្គំនឹងរត់ចូលទៅតនឹងកងទ័ព ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំនឹងលោតរំលងកំផែងបាន» (ទំនុកដំកើត ១៨:២៩)។ 
ព្រះបានប្រទានពរយ៉ាងច្រើនដល់យើង! យើងមិនអាចសរសើរតម្កើងព្រះឲ្យបានគ្រប់គ្រាន់ឡើយ។ តើយើងនឹងបានស្កប់ចិត្តឬ បើសិនយើងបានសាងសង់អាគារព្រះវិហារធំមួយ ដូចជាពិភពលោកនេះ? ពិតជាមិនបានស្កប់ចិត្តឡើយ! យើងអាចសាងសង់អាគារព្រះវិហារធំ និងស្រស់ស្អាតបំផុត តាមការស្រមើស្រមៃរបស់យើងបាន ប៉ុន្តែទំហំ និងសោភណ្ឌភាពនៃអាគារព្រះវិហារមិនសំខាន់ទេ ប៉ុន្តែការពិតថា ព្រះធ្វើការ ដើម្បីហៅព្រលឹងឲ្យមកស្តាប់ព្រះបន្ទូលទ្រង់ ហើយអនុញ្ញាតឲ្យពួកគេបានកើតជាថ្មី ដោយការជឿតាមព្រះបន្ទូលទ្រង់។ ហើយសម្រាប់គ្រប់ការទាំងអស់នេះ យើងមានតែសរសើរតម្កើងព្រះអម្ចាស់ប៉ុណ្ណោះ។ យើងអរព្រះគុណដល់ព្រះសម្រាប់ការអនុញ្ញាតឲ្យយើងបម្រើទ្រង់ បង្កើតផលផ្លែនៃការងារបស់ទ្រង់ចេញពីអ្វីដែលនឹងធ្វើឲ្យជីវិតរបស់យើងត្រឡប់ជាឥតប្រយោជន៍។
តើអ្នកមិនអរព្រះគុណទេឬ ដែលព្រះអនុញ្ញាតឲ្យអ្នកអង្គុយនៅក្នុងមជ្ឈមណ្ឌលលម្ហែរនេះ? ព្រះរបស់យើងបានប្រទានពរដល់យើង ជាមួយព្រះគុណដ៏លើសលុប និងបានចាត់ទុកយើងជារាស្ត្រជាទីស្រឡាញ់របស់ទ្រង់។ តើយើងជាអ្នកណា និងបានធ្វើអ្វី ដែលសមនឹងទទួលបានសេចក្តីស្រឡាញ់របស់ទ្រង់ដូច្នេះ? យើងមិនមែនជាអ្នកណាទេ ហើយយើងក៏មិនបានធ្វើអ្វីដែរ។ ប៉ុន្តែព្រះបានយកយើងធ្វើជារាស្ត្រដ៏មានតម្លៃនៅចំពោះទ្រង់ មិនដោយសារយើងមានអ្វីដែលត្រូវបង្ហាញទេ ប៉ុន្តែដោយសារយើងបានកើតជាថ្មីវិញ។ យើងមិនមែនជាអ្វីទេ នៅមុនពេលយើងបានជួបព្រះយេស៊ូវគ្រីស្ទ។ ព្រះបានទទួលយកយើង ដែលវង្វេងនៅក្នុងភាពល្ងង់ខ្លៅរបស់យើង និងវាលរហោស្ថាន បានតម្រូវឲ្យយើងស្លាប់ និងរលាយទៅជាធូលីដី និងផេះ ធ្វើជាកូនរបស់ទ្រង់។
ព្រះបានប្រទានដល់យើងនូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ! សូមសរសើរតម្កើងព្រះអម្ចាស់! ចេញពីព្រលឹងយ៉ាងច្រើននៅក្នុងលោកិយនេះ ព្រះបានសង្រ្គោះយើង ដោយសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌនៅក្នុង សេចក្តីសុចរិតរបស់ទ្រង់។ សេចក្តីសង្រ្គោះមានន័យលើសពីការបានសង្រ្គោះទៅទៀត។ វាមានន័យថា ឥឡូវនេះ ព្រលឹងរបស់យើងមានទំនាក់ទំនងជាព្រះហើយ។ ហើយវាក៏មានន័យផងដែរថា សេចក្តីស្រឡាញ់របស់ទ្រង់ក្លាយជាសេចក្តីស្រឡាញ់របស់យើង ហើយព្រះពររបស់ទ្រង់ក៏ក្លាយជាព្រះពររបស់យើងផងដែរ។
ដោយសារការដឹកនាំ និងការលើកទឹកចិត្តដ៏អស្ចារ្យរបស់ព្រះ ដែលយើងនៅតែមើលឃើញខ្លួនឯងនៅក្នុងពួកជំនុំរបស់ទ្រង់។ បើសិនទ្រង់មិនរក្សាយើងទុកនៅទីនេះទេ តើយើងអាចនៅទីនេះបានយ៉ាងដូចម្តេច? ហើយបើសិនទ្រង់មិនបានថែរក្សា និងប្រទានពរដល់យើងទេ យើងមិនអាចប្រកាសដំណឹងល្អ និងបម្រើទ្រង់បានឡើយ។ យើងអាចបម្រើព្រះបាន ពីព្រោះទ្រង់មានព្រះជន្មរស់នៅ គង់នៅជាមួយយើង និងបានប្រទានពរដល់យើង។
បើសិនព្រះមិនបានថែរក្សា ឬប្រទានពរដល់យើងទេ យើងមិនអាចបានសរសើរតម្កើងទ្រង់ តាំងពីដំបូងមកដល់ពេលនេះបានឡើយ។ ប៉ុន្តែព្រះបានស្រឡាញ់ ប្រទានពរ លើកទឹកចិត្ត និងហ៊ុំព័ទ្ធយើងដោយ ព្រះហស្តដ៏ពេញដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ដើម្បីឲ្យយើងអាចបម្រើ ដើរតាម សរសើរតម្កើង និងថ្វាយបង្គំទ្រង់បាន។ តើនេះត្រឹមត្រូវទេ? យើងសរសើរតម្កើងព្រះអម្ចាស់ ដោយអស់ពីចិត្តរបស់យើង សម្រាប់ការងារដ៏អស្ចារ្យរបស់ទ្រង់ និងសេចក្តីស្រឡាញ់ដែលមិនប្រែប្រួលរបស់ទ្រង់សម្រាប់យើង។
ព្រះបានធ្វើកិច្ចការយ៉ាងច្រើន សម្រាប់អ្នកដែលទ្រង់បានសង្រ្គោះ។ ការដែលទ្រង់បានសង្រ្គោះយើង និងការដែលទ្រង់បន្តពង្រឹងសេចក្តីជំនឿរបស់អ្នកដែលបានកើតជាថ្មី បញ្ជាក់ថា ទ្រង់កំពុងតែឃុំគ្រង និងការពារយើងហើយ។ ហើយព្រះធ្វើការ និងបំពេញសម្រេចបំណងព្រះហឫទ័យទ្រង់ តាមរយៈយើង។
ខ្ញុំជឿថា ព្រះបានប្រទានពរដល់ពួកជំនុំទាំងអស់របស់យើង ក្រុមជំនុំនៃអ្នកដែលបានកើតជាថ្មីនៅជុំវិញពិភពលោក និងប្រទានពរដល់យើងជារៀងរហូតទៅ។ យើងធ្លាប់បានប្រឈមនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែព្រះតែងតែគង់ជាមួយយើង ជួយឲ្យយើងទ្រាំទ្រ និងបន្តការងារបស់ទ្រង់ ពង្រឹងព្រលឹងវិញ្ញាណរបស់យើង និងរៀបចំចិត្តរបស់យើងឲ្យមានសេចក្តីជំនឿត្រឹមត្រូវ ដើម្បីទទួលបានព្រះពរបន្ថែមទៀត។ ព្រះគុណរបស់ទ្រង់ អស្ចារ្យណាស់!
 
 
យើងអាចសរសើរតម្កើងព្រះអម្ចាស់របស់យើង ដោយអស់ពីចិត្តរបស់យើង
 
«បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់ តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ» (រ៉ូម ៧:៥-៦)។ ព្រះគម្ពីរនិយាយថា សេចក្តីរំជួលរបស់បាប ដែលត្រូវបានកើតឡើង ដោយសារក្រិត្យវិន័យ កំពុងតែធ្វើការនៅក្នុងអវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែទៅរកសេចក្តីស្លាប់។ ប៉ុន្តែព្រះគម្ពីរក៏និយាយផងដែរថា «តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ»។ 
តើសាច់ឈាមអាចបានសង្រ្គោះចេញពីសេចក្តីរំជួលរបស់អំពើបាបបានទេ? មនុស្សជាតិសាច់ឈាម និងចិត្ត។ សាច់ឈាមមិនអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបានឡើយ ទោះបើវាព្យាយាមខ្លាំងយ៉ាងណា ឬអាចគោរពតាមក្រិត្យវិន័យបានយ៉ាងណាក៏ដោយ។ សូម្បីតែបន្ទាប់ពីយើងបានកើតជាថ្មីហើយក៏ដោយ ក៏សាច់ឈាមរបស់យើងមិនអាចគោរពតាមក្រិត្យវិន័យបានដែរ ទោះបើវាព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ ដូច្នេះ សាវកប៉ុលនិយាយថា «ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់ តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ»។ 
រ៉ូម ៤:១៥ និយាយថា «ឯក្រឹត្យវិន័យ នោះបង្កើតសេចក្តីក្រោធ ដ្បិតកន្លែងណាដែលគ្មានក្រឹត្យវិន័យ នោះក៏ឥតមានសេចក្តីរំលងដែល»។ យើងត្រូវតែសរសើរតម្កើងព្រះ ដោយចិត្តរបស់យើង។ ព្រះបានធ្វើឲ្យយើងសរសើរតម្កើងទ្រង់ ដោយវិញ្ញាណដែលបានកែជាថ្មី មិនមែនតាមតែពាក្យពីបុរាណនោះឡើយ ពីព្រោះយើងដែលនៅជាប់នៅក្នុងក្រិត្យវិន័យ បានត្រូវបណ្តសា ដោយសេចក្តីក្រោធនៃក្រិត្យវិន័យរួចហើយ។
សាច់ឈាមខុសពីចិត្ត។ សាច់ឈាមមានដែនកំណត់ ប៉ុន្តែចិត្តអាចទទួលយកព្រះបន្ទូលព្រះ និងសរសើរតម្កើងទ្រង់ ដោយសេចក្តីជំនឿ បាន។ ហើយចិត្តក៏អាចបានសង្រ្គោះចេញពីបាបបានផងដែរ។
យើងបានស្លាប់ខាងឯក្រិត្យវិន័យហើយ។ ខ្ញុំបានស្លាប់ ពីព្រោះខ្ញុំបានស្លាប់ខាងអ្វីដែលបានគ្រប់គ្រងខ្ញុំហើយ។ នៅចំពោះព្រះ សាច់ឈាមរបស់យើងបានស្លាប់រួចទៅហើយ។ ដោយសារសាច់ឈាម យើងមិនអាចទទួលបានសេចក្តីសុចរិតរបស់ទ្រង់ ឬបានរាប់ជាសុចរិតនៅចំពោះក្រិត្យ វិន័យរបស់ព្រះបានឡើយ ពីព្រោះសាច់ឈាមមិនអាចគេចរួចពីការជំនុំជម្រះបានឡើយ។ ប៉ុន្តែព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់មកដល់យើង ហើយបានផ្ទេរសេចក្តីក្រោធទាំងស្រុងនៃក្រិត្យវិន័យទៅលើទ្រង់ ដែលបន្ទាប់មក បានសុគតនៅលើឈើឆ្កាងជំនួសយើង។ ដូច្នេះ ព្រះបានជួយឲ្យយើងអាចបម្រើព្រះអម្ចាស់ ដោយសារសេចក្តីជំនឿនៅក្នុងព្រះវិញ្ញាណដែលកែជាថ្មី មិនដោយសារពាក្យពីបុរាណ ដែលបានដាក់យើងនៅក្រោមក្រិត្យវិន័យ និងសេចក្តីក្រោធរបស់វានោះទេ។ 
ឥឡូវនេះ យើងអាចសរសើរតម្កើងព្រះអម្ចាស់ ដោយសារសេចក្តីជំនឿបាន។ ចិត្តអាចសរសើរតម្កើងព្រះអម្ចាស់បាន ទោះបើយើងនៅតែមានសាច់ឈាមក៏ដោយ។ ចិត្តរបស់យើងអាចជឿថា ព្រះអម្ចាស់ស្រឡាញ់យើង។ យើងអាចសរសើរតម្កើងព្រះអម្ចាស់បាន ពីព្រោះយើងជឿថា យើងបានស្លាប់នៅក្នុងព្រះគ្រីស្ទហើយ។ ព្រះបានសង្រ្គោះយើងចេញពីសេចក្តីក្រោធនៃក្រិត្យវិន័យ។ ព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកដល់យើង ដែលនៅក្រោមក្រិត្យវិន័យ និងការជំនុំជម្រះរបស់ព្រះ ហើយនៅពេលកំណត់ ទ្រង់បានផ្ទេរអំពើបាបទាំងអស់របស់យើង និងសេចក្តីក្រោធនៃក្រិត្យវិន័យទៅលើព្រះរាជបុត្រារបស់ទ្រង់។ ដូច្នេះ ព្រះបានសង្រ្គោះអ្នកដែលទទួលយកសេចក្តីស្រឡាញ់របស់ទ្រង់ និងជឿលើទ្រង់ ការជំនុំជម្រះរបស់ទ្រង់ និងសេចក្តីក្រោធនៃក្រិត្យវិន័យ។ ដូច្នេះ សរសើរតម្កើងព្រះអម្ចាស់ សម្រាប់ការសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបទាំងអស់របស់យើង។
យើងជឿដោយអស់ពីចិត្តថា ព្រះបានសង្រ្គោះយើងមកឯសេចក្តីសុចរិតរបស់ទ្រង់។ យើងសូមអរព្រះគុណ សរសើរតម្កើង និងថ្វាយសិរីល្អដល់ព្រះ ដោយអស់ពីចិត្តរបស់យើង សម្រាប់សេចក្តីស្រឡាញ់របស់ ទ្រង់។ ប៉ុន្តែតើយើងអាចធ្វើការទាំងអស់នេះ ដោយសារសាច់ឈាមឬ? ទេ។ កាលយើងនៅក្នុងសាច់ឈាម សេចក្តីរំជួលរបស់អំពើបាប ដែលមកពីក្រិត្យវិន័យ បានធ្វើការនៅក្នុងអវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែទៅរកសេចក្តីស្លាប់។ ដូច្នេះ សាច់ឈាមតែងតែនៅក្រោមសេចក្តីក្រោធរបស់ព្រះជានិច្ច។
ឥឡូវនេះ យើងបានសង្រ្គោះចេញពីសេចក្តីក្រោធនៃក្រិត្យវិន័យនេះ ដោយសារសេចក្តីជំនឿហើយ។ ព្រះបានធ្វើឲ្យយើងបម្រើទ្រង់ ដោយសារសេចក្តីជំនឿរបស់យើងដល់សេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់ មិនដោយពាក្យពីបុរាណ និងសេចក្តីក្រោធនៃក្រិត្យវិន័យរបស់ព្រះឡើយ ទោះបើយើងត្រូវបានកាត់ទោស ដោយសារក្រិត្យវិន័យក៏ដោយ។
គ្មានអ្នកណាម្នាក់ក្នុងចំណោមយើង អាចបម្រើព្រះអម្ចាស់ ដោយសារការប្រព្រឹត្តបានឡើយ។ ទោះបីជាយើងបានកើតជាថ្មីហើយក៏ដោយ ក៏យើងមិនអាចបម្រើទ្រង់ ដោយសារសាច់ឈាមរបស់យើងបានដែរ។ តើមានអ្នកណាម្នាក់ក្នុងចំណោមយើង ដែលបានធ្លាក់ទឹកចិត្ត ដោយសារការព្យាយាមបម្រើព្រះអម្ចាស់ ដោយសាច់ឈាមដែរឬទេ? យើងមិនអាចបម្រើព្រះអម្ចាស់ ដោយសារសាច់ឈាមបានឡើយ ពីព្រោះសេចក្តីរំជួលរបស់អំពើបាបតែងតែសោយរាជ្យលើសាច់ឈាមជានិច្ច។ ហើយយើងក៏មិនអាចបម្រើព្រះអម្ចាស់ ដោយសារសាច់ឈាមបានដែរ ទោះបើយើងបានកើតជាថ្មីហើយក៏ដោយ។ យើងអាចសរសើរតម្កើងព្រះ និងបម្រើទ្រង់បាន ដោយសារតែចិត្ត និងសេចក្តីជំនឿប៉ុណ្ណោះ។ ដូច្នេះ នៅពេលអ្នកសរសើរតម្កើងព្រះ ចូរជឿដោយចិត្ត និងអរព្រះគុណសម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់។ បន្ទាប់មក សាច់ឈាមអាចក្លាយជាប្រដាប់ប្រដាមួយ ដែលដើរតាមសេចក្តីជំនឿ។
ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ ដែលបានសង្រ្គោះយើងចេញពីសេចក្តីក្រោធទាំងអស់របស់លក្រិត្យវិន័យ ពីព្រោះខ្ញុំជឿដល់ទ្រង់ ដោយចិត្តរបស់ខ្ញុំ។ ខ្ញុំអរព្រះគុណដល់ព្រះអម្ចាស់ ដែលទ្រង់បានសង្រ្គោះខ្ញុំទាំងស្រុង ចេញពីអំពើបាបប្រចាំថ្ងៃរបស់ខ្ញុំ និងបណ្តាសារបស់ក្រិត្យវិន័យ។ ចូរដឹងយ៉ាងច្បាស់លាស់ថា ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើងហើយ។ ទោះបីជាមានភាពខ្សោយ និងកំហុសជាច្រើននៅក្នុងយើងក៏ដោយ ក៏ព្រះបានសង្រ្គោះយើងរួចហើយ ពីព្រោះទ្រង់ស្រឡាញ់យើង។ វាអស្ចារ្យខ្លាំងណាស់ ដែលព្រះបានរាប់យើងជាសុចរិត ទោះបើយើងមានពេញដោយភាពខ្សោយ និងកំហុសក៏ដោយ។ ហើយហើយវាអស្ចារ្យខ្លាំងណាស់ ដែលព្រះបានយកយើងធ្វើជាអ្នកបម្រើរបស់ទ្រង់។
យើងអាចសរសើរតម្កើងព្រះបាន ពីព្រោះទ្រង់បានសង្រ្គោះយើងចេញពីសេចក្តីក្រោធរបស់ក្រិត្យវិន័យហើយ។ យើងអាចបម្រើព្រះអម្ចាស់ ដោយព្រះវិញ្ញាណ និងចិត្តរបស់យើង។ យើងអាចដើរតាមព្រះអម្ចាស់ បាន។ យើងអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានរំដោះយើងចេញពីអំពើបាបរបស់យើង និងសេចក្តីក្រោធរបស់ទ្រង់។ តើអ្នកអរព្រះគុណដល់ទ្រង់ដែរទេ? តើសេចក្តីសង្រ្គោះរបស់យើងមិនបង្ហាញថា យើងខ្សោយយ៉ាងខ្លាំងទេឬ? តើយើងមិនបានរស់នៅតាមបំណងព្រះហឫទ័យទ្រង់ប៉ុន្មានដងហើយ ទោះបើយើងព្យាយាមមិនធ្វើដូច្នេះក៏ដោយ? តើយើងបានអួតប៉ុន្មានដងហើយ? ហើយតើយើងមានភាពខ្សោយខ្លាំងប៉ុណ្ណា? យើងមិនអាចសរសើរតម្កើងព្រះអម្ចាស់ ដោយសារសាច់ឈាម និងការប្រព្រឹត្តរបស់យើងបានឡើយ ទោះបើឥឡូវនេះ ឬនៅពេលអនាគតក៏ ដោយ។ យើងសរសើរតម្កើងព្រះ ដោយចិត្តរបស់យើង សម្រាប់អ្វីដែលទ្រង់បានធ្វើ គឺមានតែដោយចិត្ត និងសេចក្តីជំនឿរបស់យើងប៉ុណ្ណោះ ដែលយើងអាចសរសើរតម្កើងព្រះបាន។
 
 
ខ្ញុំមិនអាចសរសើរតម្កើងព្រះអម្ចាស់ ដោយសាច់ឈាមបានឡើយ
 
សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើង បានបាក់បែកទៅជាចំណែកៗ នៅពេលយើងដើរតាមព្រះអម្ចាស់។ ពិភពនៃចិត្ត និងពិភពនៃសាច់ឈាម ត្រូវបានដាច់ពីគ្នា។ នេះគឺជាការដាច់ពីគ្នានៃវិញ្ញាណ និងសាច់ឈាម។
តើអ្នកជឿលើការពិតនេះទេ? វាគឺជារឿងឥតប្រយោជន៍ ដែលយើងព្យាយាម ដោយសាច់ឈាម។ នៅពេលយើងច្រៀង មានអំណរ សរសើរតម្កើង ជឿ ដើរតាម និងអរព្រះគុណ ដោយចិត្តរបស់យើង សាច់ឈាមរបស់យើងអាចបម្រើព្រះអម្ចាស់បាន។ យើងសរសើរតម្កើងព្រះអម្ចាស់ និងអរព្រះគុណដល់ទ្រង់ សម្រាប់សេចក្តីសង្រ្គោះរបស់យើង ដោយច្រៀងថា «♬អំពើបាបទាំងអស់របស់ខ្ញុំបានរលាយបាត់បង់ ដោយសារតែកាលវ៉ារី ជីវិតពេញដោយបទចម្រៀង ដោយសារតែកាលវ៉ារី ព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ បានរំដោះខ្ញុំចេញពីបាប ថ្ងៃមួយ ទ្រង់នឹងយាងមក ឱថ្ងៃដ៏អស្ចារ្យ! មែនហើយ គ្រប់យ៉ាង ដោយសារតែកាល់វ៉ារី♬»។ ប៉ុន្តែនៅពេលខ្លះ យើងដួលចុះ ដោយសារតែសាច់ឈាម។ យើងគិតពីខ្លួនឯងថា «ហេតុអ្វីខ្ញុំខ្សោយខ្លាំងដូច្នេះ ទោះបើខ្ញុំមិនមានបាបក៏ដោយ?»។ បន្ទាប់មក យើងឆ្ងល់ខ្លួនឯងថា [♪អំពើបាបទាំងអស់របស់ខ្ញុំបានរលាយបាត់បង់♪] ត្រឹមត្រូវហើយ។ [♪ជីវិតពេញដោយបទចម្រៀង] នេះក៏ត្រឹមត្រូវដែរ [♪មែនហើយ គ្រប់យ៉ាង ដោយសារតែកាល់វ៉ារី♪] ត្រូវត្រឹមទាំងអស់ ប៉ុន្តែហេតុអ្វីខ្ញុំខ្សោយយ៉ាងនេះ? ខ្ញុំគួរតែអរព្រះគុណ និងដើរតាមព្រះអម្ចាស់ ដោយកាន់តែមានអំណរ ប៉ុន្តែហេតុអ្វីខ្ញុំមានកំហុសច្រើនម៉្លេះ? ឱសាច់ឈាមដ៏គួរឲ្យអាណិតរបស់ខ្ញុំអើយ!»។
 នៅពេលយើងអារម្មណ៍ពិបាកចិត្ត ព្រះមានបន្ទូលមកកាន់យើងថា «ហេតុអ្វីអ្នកពិបាកចិត្ត? តើអ្នកមិនដឹងទេថា ខ្ញុំគឺជាព្រះអង្គសង្រ្គោះរបស់អ្នក? ខ្ញុំបានរាប់អ្នកជាសុចរិតរួចហើយ»។ យើងមិនអាចបម្រើ ឬដើរតាមព្រះ ដោយសារសាច់ឈាមបានឡើយ។ ប៉ុន្តែយើងអាចបម្រើព្រះ ដោយការជឿលើអ្វីដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះយើង និងដោយការស្រឡាញ់ទ្រង់ ការអរព្រះគុណដល់ទ្រង់ និងការថ្វាយសិរីល្អដល់ទ្រង់ ដោយអស់ពីចិត្តរបស់យើង។
ខ្ញុំចង់ឲ្យអ្នកសរសើរតម្កើងព្រះ ដោយអស់ពីចិត្តរបស់អ្នក។ ហើយខ្ញុំក៏ចង់ឲ្យអ្នកជឿ និងអរព្រះគុណដល់ទ្រង់ ដោយអស់ពីចិត្តរបស់អ្នកផង ដែរ។ យើងធ្វើការទាំងនេះបាន តាមរយៈចិត្តរបស់យើងតែប៉ុណ្ណោះ គឺមិនតាមរយៈសាច់ឈាមឡើយ។ សាច់ឈាមតែងតែនៅជាដដែល ទោះបើបន្ទាប់ពីយើងបានសង្រ្គោះហើយក៏ដោយ។ អ្វីដែលសាវកប៉ុលនិយាយនៅក្នុងបទគម្ពីរខាងលើ អនុវត្តសម្រាប់ពីពេលមុន និងបន្ទាប់ពីការបាន សង្រ្គោះហើយ។ ព្រះបន្ទូលព្រះនៅតែជាដដែលសម្រាប់អ្នកដែលបានសង្រ្គោះ និងអ្នកដែលមិនបានសង្រ្គោះ។ 
 
តើអ្នកបានបន្តផ្គាប់ព្រះទ័យព្រះ ដោយសាច់ឈាម បន្ទាប់ពីអ្នកបានសង្រ្គោះហើយឬ?
 
តើ អ្នកបានបន្តផ្គាប់ព្រះទ័យព្រះ ដោយសាច់ឈាម បន្ទាប់ពីអ្នកបានសង្រ្គោះហើយដែរទេ? តើអ្នកគិតថា អ្នកអាចផ្គាប់ព្រះហឫទ័យព្រះ ពីព្រោះអ្នកខុសពីអ្នកដទៃ និងថា អ្នកបម្រើព្រះច្រើនជាពួកគេឬ? អ្នកដែលមានពេញដោយសេចក្តីសុចរិតផ្ទាល់ខ្លួន និងធ្លាក់ទៅក្នុងប្រឡាយ នៅថ្ងៃណាមួយ។ ហើយមានមនុស្សមួយចំនួន ដែលបានធ្លាក់ទៅក្នុងប្រឡាយ ឬអាងដាក់លាមកសត្វរួចហើយ។
មានប្អូនស្រីម្នាក់ ដែលបានធ្លាក់ទៅក្នុងអាងលាមកមួយ នៅពេលយើងមានការជួបជុំសិក្សាព្រះគម្ពីរនៅរដូវក្តៅ។ វាគឺជាបង្គន់ក្រៅផ្ទះមួយ ប៉ុន្តែសំណាងល្អ ដែលយើងមិនទាន់បានប្រើវានៅឡើយ។ បើសិនអ្នកណាម្នាក់បានប្រើប្រាស់វាពីមុន នាងប្រាកដជាមានបញ្ហាធំហើយ។ នៅពេលយើងត្រៀមរៀបចំការជួបជុំសិក្សាព្រះគម្ពីរ នៅរដូវក្តៅរបស់យើង យើងបានជីករណ្តៅមួយចំនួន ដើម្បីធ្វើជាបង្គន់ក្រៅផ្ទះ នៅលើទីទួលខៀវខ្ចីរបស់យើង។ បន្ទាប់មក យើងបានដាក់របានៅលើបង្គន់នីមួយៗ ប៉ុន្តែយើងមិនទាន់បានភ្ជាប់របាទាំងនោះទៅនឹងបង្គន់នៅឡើយទេ។ ដូច្នេះ ប្អូនស្រីម្នាក់នេះបានរអិល និងធ្លាក់ចូលទៅក្នុងរណ្តៅនោះ។ ព្រះបានជីក រណ្តៅដូច្នេះមួយ សម្រាប់អ្នកដែលមានពេញដោយសេចក្តីសុចរិតផ្ទាល់ ខ្លួន។ ព្រះចង់ឲ្យយើងថ្វាយសិរីល្អដល់ទ្រង់តែមួយប៉ុណ្ណោះ។
ព្រលឹងរបស់ខ្ញុំគ្មានសេចក្តីសុខសាន្ត និងការស្កប់ចិត្តឡើយ នៅពេលខ្ញុំងាករេចេញពីផ្លូវត្រឹមត្រូវ បន្ទាប់ពីបានសង្រ្គោះហើយ។ នៅពេលខ្ញុំសញ្ជឹងគិតពីមូលហេតុដែលខ្ញុំមានអារម្មណ៍ដូច្នេះ ខ្ញុំដឹងថា សំលៀក បំពាក់របស់ខ្ញុំបានប្រឡាក់ភាពកខ្វក់។ ខ្ញុំដឹងថា ខ្ញុំមិនគួរដើរទៅតាមផ្លូវនោះទេ ប៉ុន្តែខ្ញុំភ្លេចពីវាយ៉ាងឆាប់រហ័ស។ នៅពេលខ្ញុំបានដឹងពីការនេះ ខ្ញុំអធិស្ឋានលន់តួថា «ទូលបង្គំមិនគួរធ្វើការនេះទេ។ តើទូលបង្គំបានគិតយ៉ាងដូចម្តេច? ឱព្រះអម្ចាស់ ទូលបង្គំសរសើរតម្កើងទ្រង់ សម្រាប់ការលាងសម្អាតអំពើបាបទាំងអស់របស់ទូលបង្គំ»។ ហើយពេលខ្លះ ខ្ញុំនៅក្នុងព្រះគុណព្រះ ហើយភ្លាមៗ ខ្ញុំធ្វើបាបម្តងទៀត។ បន្ទាប់មក ខ្ញុំដឹងថា ខ្ញុំកំពុងតែគេចពីបាបទៅឯព្រះគុណព្រះ។ ខ្ញុំរេរាទៅវិញទៅមក។ ដូច្នេះ ខ្ញុំដកដង្ហើមនៅក្នុងសេចក្តីទុក្ខព្រួយ និងសេចក្តីអស់សង្ឃឹមសម្រាប់ជីវិតរបស់ខ្ញុំ។ 
បន្ទាប់ពីអំពើបាបទាំងអស់របស់ខ្ញុំត្រូវបានអត់ទោសឲ្យហើយ ខ្ញុំបានដឹងថា ខ្ញុំពិតជាកខ្វក់យ៉ាងណា។ ខ្ញុំបានយល់យ៉ាងស៊ីជម្រៅ ហើយបានគិតថា «វាអាក្រក់ណាស់។ ហេតុអ្វីខ្ញុំអាក្រក់ និងខ្សោយដូច្នេះ ទោះបើខ្ញុំជឿដល់ព្រះហើយក៏ដោយ?» សេចក្តីរំជួលរបស់អំពើបាប ដែលរញ្ជួយឡើង ដោយក្រិត្យវិន័យ ធ្វើការនៅក្នុងអវយវៈរបស់យើង។ ខ្ញុំបានដឹងថា កាលណាខ្ញុំព្យាយាមរស់នៅតាមក្រិត្យវិន័យកាន់តែខ្លាំង សាច់ឈាមរបស់ខ្ញុំកាន់តែធ្លាក់ទៅក្នុងសេចក្តីរំជួលរបស់អំពើបាប។ ខ្ញុំបានដឹងថា សាច់ឈាមមិនអាចដើរតាមព្រះបានឡើយ។ ខ្ញុំបានបម្រើព្រះអម្ចាស់ ដោយថ្វាយសាច់ឈាមរបស់ខ្ញុំ ទុកជាប្រដាប់ប្រដានៃសេចក្តីសុចរិតទៅចំពោះព្រះ ហើយបានសរសើរតម្កើងអ្វីដែលព្រះបានប្រទានពរ បន្ទាប់ពីបានជឿដល់ទ្រង់ដោយចិត្តរបស់ខ្ញុំហើយ។ 
 
 
សាច់ឈាមមានពេញដោយសេចក្តីរំជួលរបស់អំពើបាប
 
អ្នកដែលមិនដឹងថា ខ្លួនមានពេញដោយសេចក្តីរំជួលរបស់អំពើបាប ភ្ញាក់ផ្អើល នៅពេលពួកគេធ្លាក់ទៅក្នុងអំពើបាបយ៉ាងលឿន បន្ទាប់ពីពួកគេបោះបង់ការបម្រើព្រះអម្ចាស់ អស់មួយរយៈ។ យើងត្រូវតែជឿលើព្រះអម្ចាស់ សរសើរតម្កើងទ្រង់ ថ្វាយសិរីល្អដល់ទ្រង់ និងដើរតាមទ្រង់ ដោយចិត្តរបស់យើង។ ការដើរតាមទ្រង់ ដោយចិត្ត គឺជាព្រះពរនៃព្រះគុណរបស់ព្រះអម្ចាស់។ លុះត្រាតែយើងជឿដល់ទ្រង់ ដោយចិត្តរបស់យើង ទើបយើងអាចដើរតាមទ្រង់បាន។ នៅពេលយើងនៅក្នុងសាច់ឈាម សេចក្តីរំជួលរបស់អំពើបាប ដែលកើតឡើង ដោយក្រិត្យវិន័យ ធ្វើការនៅក្នុង អវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែទៅរកសេចក្តីស្លាប់។ នៅពេលយើងមិនសរសើរតម្កើង និងដើរតាមព្រះអម្ចាស់ ដោយចិត្តរបស់យើង សាច់ឈាមរបស់យើងធ្លាក់ទៅក្នុងសេចក្តីរំជួលរបស់អំពើបាប យ៉ាងឆាប់ រហ័ស។ យើងទាំងអស់គ្នាមានទំនោរនេះ ហើយសាវកប៉ុលក៏មានដែរ។ 
សាវកប៉ុលនៅលីវ អស់មួយជីវិតរបស់គាត់ ដើម្បីប្រកាសដំណឹងល្អ។ ប៉ុន្តែគាត់បានដឹងថា អំពើបាបបានកើតឡើង តាមរយៈសេចក្តីរំជួលរបស់អំពើបាបរបស់សាច់ឈាម។ គាត់អាចបានគិតថា «ខ្ញុំខ្លាច ពីព្រោះពីមុន ខ្ញុំបានពេញដោយអំណរ ប៉ុន្តែឥឡូវនេះ ហេតុអ្វីខ្ញុំបានធ្លាក់ចុះយ៉ាងដូច្នេះ? តើខ្ញុំមានបញ្ហាអ្វី? ពេលមុន ខ្ញុំបានមានកម្លាំងខាងវិញ្ញាណខ្លាំងណាស់ ប៉ុន្តែឥឡូវនេះ ខ្ញុំគិតថា ខ្ញុំគឺដូចជាសម្រាមអញ្ចឹង»។ ដោយបានគិតអំពីបញ្ហានេះ គាត់បានយល់ថា គាត់មិនអាចបម្រើព្រះអម្ចាស់ ដោយមិនបែងចែកសាច់ឈាម ចេញពីចិត្តបានឡើយ។ «វេទនាណាស់ខ្ញុំ! ខ្ញុំមិនអាចធ្វើការល្អ ដោយសាច់ឈាមបានឡើយ។»
 សាច់ឈាមនឹងធ្វើតាមចិត្ត នៅពេលយើងសរសើរតម្កើង និងដើរតាមព្រះ ដោយចិត្តរបស់យើង។ សាវកប៉ុលបានដឹងពីសេចក្តីពិតនេះ។ យើងតែងតែធ្វើបាបជានិច្ច។ នៅពេលអ្នកដែលឥតមានបាប សរសើរតម្កើង ជឿ និងដើរតាមព្រះអម្ចាស់ ដោយចិត្តរបស់ពួកគេ សាច់ឈាមរបស់ពួកគេនឹងដើរតាមចិត្តរបស់ពួកគេ។ ពីដំបូង មនុស្សម្នាក់អាចគិតថា «ខ្ញុំបានសង្រ្គោះចេញពីអំពើបាបរបស់ខ្ញុំហើយ។ ហាលេលូយ៉ា។ ខ្ញុំមាន អណរខ្លាំងណាស់»។ ប៉ុន្តែសេចក្តីរំជួលរបស់អំពើបាបកាន់តែសម្តែងចេញពីគាត់មក ទៅតាមពេលវេលា។ អ្នកដែលពេញដោយសេចក្តីសុចរិតផ្ទាល់ខ្លួន ងាយនឹងធ្លាក់ទឹកចិត្ត នៅពេលសេចក្តីរំជួលរបស់អំពើបាបចេញពីខាងក្នុងពួកគេ បន្តិចម្តងៗ។ ទោះបីជាពួកគេមិនគិតដូច្នេះក៏ដោយ ក៏ពួកគេពិតជាអាក្រក់ជាងអ្វីដែលពួកគេគិតពីខ្លួនឯងដែរ។
យើងត្រូវតែដឹងថា សាច់ឈាមរបស់យើងមានពេញដោយសេចក្តីរំជួលរបស់អំពើបាប។ យើងមិនមានទំនុកចិត្តនៅក្នុងសាច់ឈាមឡើយ ហើយអ្នកក៏មិនត្រូវពឹងផ្អែកលើវាដែរ។ ផ្ទុយទៅវិញ ចូរជឿលើព្រះគុណរបស់ព្រះ ថ្វាយសិរីល្អដល់ព្រះអម្ចាស់ និងដើរតាមទ្រង់ ដោយអស់ពីចិត្តរបស់អ្នក។ យើងអាចធ្វើការទាំងអស់នេះបាន តាមរយៈចិត្តរបស់យើង។ សូមសរសើរតម្កើងព្រះអម្ចាស់ សម្រាប់ការអនុញ្ញាតឲ្យខ្ញុំ ដែលមិនសូវហ៊ាននិយាយច្រើន និងពេញដោយសេចក្តីសុចរិតផ្ទាល់ខ្លួន អធិប្បាយដំណឹងល្អរបស់ទ្រង់! ខ្ញុំមិនអាចធ្វើកិច្ចការនេះបានឡើយ បើសិនឥតមានព្រះគុណរបស់ព្រះអម្ចាស់។ ដូច្នេះ ខ្ញុំមានតែសរសើរតម្កើងព្រះអម្ចាស់របស់យើងប៉ុណ្ណោះ។
 
 
ខ្ញុំអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានជួយឲ្យខ្ញុំ អាចសរសើរតម្កើងទ្រង់បាន
 
ខ្ញុំ សូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើង និងបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង ដែលជួយឲ្យយើងសរសើរតម្កើងទ្រង់ ដោយចិត្តរបស់យើង មិនដោយសាច់ឈាមរបស់យើងទេ។ យើងអាចសរសើរតម្កើង និងថ្វាយសិរីល្អដល់ទ្រង់បាន ពីព្រោះយើងជឿដល់ទ្រង់នៅក្នុងចិត្តរបស់យើង។
«ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់» (២កូរិនថូស ៥:៦) ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ខ្ញុំសរសើរតម្កើង ថ្វាយសិរីល្អ និងជឿដល់ទ្រង់។ ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ទោះបើយើងត្រូវតែស្លាប់ បន្ទាប់ពីបានរស់នៅសម្រាប់សេចក្តីរំជួលរបស់អំពើបាបក៏ដោយ។ ទ្រង់បានអនុញ្ញាតឲ្យយើងបានសង្រ្គោះ ដោយការជឿដល់ព្រះនៅក្នុងចិត្តរបស់យើង។ ទ្រង់បានជួយឲ្យយើងសរសើរតម្កើង ទ្រង់ និងបានប្រទានអំណរដល់យើង។ 
ចូរកុំព្យាយាមបម្រើព្រះ ដោយសាច់ឈាមឲ្យសោះ ពីព្រោះវាមិនអាចទៅរួចឡើយ។ ចូរកុំព្យាយាមគោរពដល់ព្រះជាម្ចាស់ ដោយសាច់ឈាមឲ្យសោះ ពីព្រោះយើងមិនអាចធ្វើដូច្នេះបានឡើយ។ ចូរបោះបង់ចោលការខិតខំខាងសាច់ឈាមទាំងអស់ចោលចុះ។ ប៉ុន្តែតើយើងអាចដើរតាមព្រះបានដោយរបៀបណា? យើងអាចបម្រើទ្រង់ ដោយចិត្ត និងវិញ្ញាណដែលកែជាថ្មីរបស់យើងបាន។ ព្រះរបស់យើងបានសង្រ្គោះយើង ហើយយើងដើរតាមទ្រង់ ដោយចិត្តរបស់យើង ដែលបានជួយឲ្យយើងអាចទទួលបានសេចក្តីសង្រ្គោះ។
ខ្ញុំសរសើរតម្កើងព្រះ។ តើមានមនុស្សប៉ុន្មាននាក់ ដែលទួញសោកចំពោះខ្លួនឯង? ពួកគេទួញសោកចំពោះខ្លួនឯងថា «ហេតុអ្វីខ្ញុំប្រព្រឹត្តដូច្នេះ?»។ ដូច្នេះ ចូរកុំធ្វើដូចជាពួកគេឲ្យសោះ ពីព្រោះយើងមិនអាចមិនប្រព្រឹត្តអំពើបាប ជាមួយសាច់ឈាមបានឡើយ។ ចូរកុំព្យាយាមធ្វើអ្វីដែលមិនអាចទៅរួចឲ្យសោះ។ ខ្ញុំចង់ឲ្យអ្នកជឿលើព្រះ និងសរសើរតម្កើងព្រះ ដោយចិត្តរបស់អ្នក។ បន្ទាប់មក សាច់ឈាមនឹងដើរតាមចិត្ត។ តើអ្នកបានព្យាយាមដើរតាមព្រះអម្ចាស់ ដោយសាច់ឈាមអស់រយៈពេលជាយូរ បន្ទាប់ពីអ្នកបានសង្រ្គោះហើយឬ? តើអ្នកមានបញ្ហាជាមួយការធ្វើអ្វីដែលអ្នកគួរតែធ្វើឬ? បើសិនដូច្នេះ បញ្ហាគឺថា អ្នកបានព្យាយាមបម្រើព្រះអម្ចាស់ ដោយសាច់ឈាម មិនដោយចិត្តឡើយ។ តើអ្នកដឹងថា អស់អ្នកដែលមិនគោរព និងនិយាយបង្កាច់ខ្ញុំ និយាយយ៉ាងដូចម្តេចទេ? ពួកគេសើចដាក់ខ្ញុំ និងជេរប្រមាថខ្ញុំ។ ប៉ុន្តែខ្ញុំញញឹមដាក់ពួកគេវិញ ពីព្រោះខ្ញុំដឹងថា ពួកគេមិនយល់ពីខ្ញុំឡើយ។ 
ខ្ញុំអាចប្រកាសដំណឹងល្អបាន ពីព្រោះព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់ខ្ញុំរួចហើយ។ បើសិនព្រះអម្ចាស់មិនបានលាងសម្អាតអំពើបាបទាំងអស់របស់ខ្ញុំទេ ខ្ញុំនឹងត្រូវបានជំនុំជម្រះ និងបានស្លាប់នៅចំពោះព្រះរួចទៅហើយ។ ទ្រង់បានធ្វើឲ្យយើងបានគ្រប់លក្ខណ៍ ដោយការធ្វើឲ្យយើងក្លាយជាទៅជាតែមួយជាមួយព្រះវិញ្ញាណ។ ទ្រង់ធ្វើឲ្យយើងមានអំណរនៅក្នុងព្រះពររបស់ទ្រង់។ សូមសរសើរតម្កើងព្រះអម្ចាស់!
វាមិនទាន់យឺតពេលទេ។ ចូរកុំមានទំនុកចិត្តនៅក្នុងសាច់ឈាមរបស់អ្នកឲ្យសោះ។ សេចក្តីរំជួលរបស់អំពើបាបអាចចេញមកពីយើងបាន តាម រយៈឱកាសយ៉ាងតូចមួយប៉ុណ្ណោះ។ សាច់ឈាមតែងតែចង់ធ្វើជាអាទិភាពលើបំណងព្រះហឫទ័យព្រះជានិច្ច។ ដូច្នេះហើយបានជាយើងអាចដើរតាមបំណងព្រះហឫទ័យព្រះបាន ដោយសារសេចក្តីជំនឿប៉ុណ្ណោះ មិនដោយសារសាច់ឈាមឡើយ។ ចូរកុំបញ្ឆោតខ្លួនឯង បន្ទាប់ពីបានសង្រ្គោះហើយ។ យើងអាចនៅតែដួលចុះក្រោមអំណាចគ្រប់គ្រងរបស់សាច់ឈាមបាន ទោះបើយើងបានសង្រ្គោះហើយក៏ដោយ ពីព្រោះយើងដឹងយ៉ាងច្បាស់ថា សាច់ឈាមតែងតែមិនគ្រប់លក្ខណ៍ និងខ្សោយ។ 
យើងគឺជារាស្ត្ររបស់ព្រះវិញ្ញាណបរិសុទ្ធ និងជារាស្ត្រនៃសេចក្តី ជំនឿ។ ចូរកុំមានទំនុកចិត្តនៅក្នុងសាច់ឈាមរបស់អ្នកឲ្យសោះ។ សូមនិយាយតាមខ្ញុំថា «សាច់ឈាមរបស់ខ្ញុំគឺដូចជាធុងសម្រាមមួយអញ្ចឹង»។ ហើយខ្ញុំចង់ឲ្យអ្នកចងចាំសម្តីដីនេះ។ ចូរកុំទុកចិត្តលើខ្លួនឯង។ យើងត្រូវតែជឿលើ និងដើរតាមព្រះ ដោយចិត្តរបស់យើង។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ និងសរសើរតម្កើងទ្រង់ សម្រាប់ការសង្រ្គោះយើងចេញពី សេចក្តីក្រោធទាំងអស់របស់ក្រិត្យវិន័យនៃព្រះ។ ហាលេលូយ៉ា!