Search

សេចក្តីអធិប្បាយ

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 8-2] សេចក្តីសុចរិតរបស់ព្រះ ដែលជាការបំពេញសម្រេចនៃ សេចក្តីតម្រូវដ៏សុចរិតនៃក (រ៉ូម ៨:១-៤)

(រ៉ូម ៨:១-៤)
«ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្តីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្តីក្រឹត្យវិន័យបង្គាប់មក បានសំរេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ។»

រ៉ូម ៨:១-៤ ប្រាប់យើងអំពីប្រភេទជំនឿ ដែលអ្នកនៅក្នុងព្រះយេស៊ូវគ្រីស្ទមាន។ អាថ៌កំបាំងនៃបទគម្ពីរនេះគឺថា ដោយសារសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ យើងអាចធ្វើតាមសេចក្តីតម្រូវទាំងអស់របស់ក្រិត្យវិន័យបាន។
ដូច្នេះ តើសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះគឺជាអ្វី? នេះគឺជាសេចក្តីជំនឿ ដែលបានទទួលការអត់ទោសអំពើបាប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលព្រះអម្ចាស់របស់យើងបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ដូច្នេះ យើងអាចយកឈ្នះលើបាបបាន ដោយការជឿព្រះយេស៊ូវ ដែលបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ នេះហើយគឺជាសេចក្តីជំនឿ ដែលដើរតាមសេចក្តីសុចរិតរបស់ព្រះ និងជ័យជំនះរបស់យើងនៅក្នុងសេចក្តីជំនឿ។
ជាដំបូង រ៉ូម ៨:១ ប្រាប់យើងថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»។ អ្នកដែលនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ពិតជាឥតមានបាបទេ។ សេចក្តីជំនឿបែបនេះផ្អែកលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដែលបានបំពេញសម្រេចសេចក្តីតម្រូវដ៏សុចរិតរបស់ក្រិត្យវិន័យ។ សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះគឺជាសេចក្តីជំនឿចាំបាច់បំផុតសម្រាប់អ្នកដែលបានកើតជាថ្មី។ តើមនុស្សដែលតែងតែស្លាប់ អាចត្រឡប់ជាឥតបាបតាមរបៀបណាផ្សេងទៀតបានទេ? ប៉ុន្តែដោយសារសេចក្តីជំនឿរឹងមាំរបស់ពួកគេលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវ អំពើបាបទាំងអស់របស់ពួកគេត្រូវបានលាងសម្អាត។ នេះគឺដោយសារតែព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ។
រ៉ូម ៨:៣ ប្រាប់យើងថា ព្រះបាន «ចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប» និងថា «ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម»។ នៅក្នុងន័យផ្សេង ដោយការកាត់ទោស «សាច់ឈាម» របស់ព្រះយេស៊ូវ ព្រះវរបិតាបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ ព្រះបន្ទូលអំពីសេចក្តីពិតនេះត្រូវបានបើកសម្តែងនៅក្នុង ម៉ាថាយ ៣:១៣-១៧ (ការពិភាក្សាយ៉ាងលម្អិតអំពីប្រធានបទនេះ មាននៅក្នុងសៀវភៅរបស់ខ្ញុំ ដែលមានចំណងជើងថា «តើអ្នកពិតជាបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណដែរទេ?»)។ អ្នកដែលជឿតាមសេចក្តីពិតនេះ ឥតមានបាបទេ ពីព្រោះព្រះបានអត់ទោសសម្រាប់អំពើបាបទាំងអស់របស់លោកិយនេះ ដោយសារសេចក្តីសុចរិតរបស់ទ្រង់រួចហើយ។
 

«វេទនាណាស់ខ្ញុំ!»
 
បទគម្ពីរ រ៉ូម ៧:២៤ ដល់ ៨:៦ មានផ្ទៃរឿងពីរខុសគ្នា។ នៅក្នុងន័យផ្សេង មួយគឺជាការភាក្សាអំពីបញ្ហាបាប ដែលជាការមិនស្តាប់បង្គាប់តាមព្រះ ដោយសារតែសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់គាត់ និងមួយទៀតគឺជាការពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហាបាបនេះ ដែលគាត់បានរកឃើញនៅក្នុងព្រះយេស៊ូវគ្រីស្ទ។
រ៉ូម ៧:២៤-២៥ និយាយថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ»។ សាវកប៉ុលបាននិយាយថា គាត់គឺជាមនុស្សវេទនាម្នាក់ នៅពេលគាត់សម្លឹងមើលសាច់ឈាមរបស់គាត់។ ប៉ុន្តែគាត់បានអរព្រះគុណដល់ព្រះ ពីព្រោះគាត់បានសង្រ្គោះចេញពីសាច់ឈាមរបស់គាត់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ យើងក៏អាចដឹងផងដែរថា សូម្បីតែសាវកប៉ុលក៏បានបម្រើអំណាចរបស់ព្រះនៅក្នុងគំនិតរបស់គាត់ ប៉ុន្តែនៅក្នុងសាច់ឈាម គាត់បានបម្រើអំណាចរបស់អំពើបាប។
សាវកប៉ុលបានសារភាពថា សាច់ឈាមរបស់គាត់ដើរតាមអំណាចរបស់អំពើបាប ដោយមិនផ្គាប់ព្រះហឫទ័យព្រះទេ។ ប៉ុន្តែគាត់បាននិយាយប្រាប់យើងថា នៅក្នុងគំនិតរបស់គាត់ គាត់នៅតែដើរតាមអំណាចនៃព្រះវិញ្ញាណរបស់ព្រះដដែល។ ដោយស្ថិតនៅចន្លោះរវាងអំណាចទាំងពីរនេះ សាវកប៉ុលបានដឹងថា គាត់វេទនា និងអស់សង្ឃឹមខ្លាំងណាស់ ប៉ុន្តែគាត់បានប្រកាសពីជ័យជំនះនៃសេចក្តីជំនឿ ដោយការអរព្រះគុណដល់ព្រះ សម្រាប់ការសង្រ្គោះគាត់ចេញពីអំពើបាបរបស់គាត់ តាមរយៈសេចក្តីជំនឿរបស់គាត់លើព្រះយេស៊ូវគ្រីស្ទ ដែលជាការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ព្រះ។
សាវកប៉ុលអាចអរព្រះគុណដូច្នេះបាន ដោយសារតែគាត់បានជឿថា ព្រះយេស៊ូវគ្រីស្ទបានធួននឹងអំពើបាបទាំងអស់របស់គាត់ និងមនុស្សជាតិរួចហើយ។ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ ព្រះយេស៊ូវត្រូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ហើយដោយបានទទួលការជំនុំជម្រះសម្រាប់អំពើបាបទាំងអស់នៅលើឈើឆ្កាង ទ្រង់បានសង្រ្គោះអស់អ្នកដែលជឿលើទ្រង់ ចេញពីអំពើបាបទាំង
អស់របស់លោកិយនេះ។ ដូច្នេះហើយបានជាសាវកប៉ុលបានប្រកាសនៅក្នុង រ៉ូម ៨:១ ថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»។ ដែលថា គ្មានទោសសោះ មានន័យថា គ្មានបាបសោះនៅក្នុងអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ។ អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ មិនអាចមានបាបនៅក្នុងចិត្តរបស់ពួកគេបានឡើយ។ ពួកគេអាចនៅខ្សោយនៅក្នុងសាច់ឈាម ប៉ុន្តែពួកគេឥតមានបាបសោះឡើយ។
ផ្ទុយទៅវិញ ទោស មានន័យថា អត្ថិភាពនៃបាប ដែលស្ថិតនៅក្នុងសណ្ឋានជាប់ទោស។ នៅពេលមនុស្សម្នាក់ធ្វើអ្វីមួយខុស ជាទូទៅ យើងហៅវាថា អំពើបាបមួយ។ ប៉ុន្តែដោយសារគាត់មិនជឿលើសេចក្តីសុចរិតរបស់ព្រះ គាត់គឺជាមនុស្សមានបាបម្នាក់។ ប៉ុន្តែបទគម្ពីរខាងលើប្រាប់យើងថា គ្មានទោសទេ សម្រាប់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ទោះបីជាយ៉ាងណា ការប្រកាសនេះមិនផ្អែកលើគោលលទ្ធិនៃការរាប់ជាសុចរិត ដូចដែលសាសនាពិភពលោកអះអាងនោះឡើយ។ «គោលលទ្ធិនៃការរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ» គឺជាការអះអាងបែបទ្រឹស្តីថា ព្រះចាត់ទុកមនុស្សម្នាក់ជាសុចរិត ដោយសារតែសេចក្តីជំនឿរបស់គាត់លើព្រះយេស៊ូវ ទោះបើគាត់ពិតជាមិនសុចរិត និងមានបាបនៅក្នុងចិត្តរបស់គាត់ក៏ដោយ។ ប៉ុន្តែសេចក្តីបង្រៀននេះពិតជាខុសហើយ។ តើព្រះអាចកុហក និងហៅមនុស្សមានបាបម្នាក់ថា មនុស្សឥតបាបបានយ៉ាងដូចម្តេច? ទ្រង់មិនធ្វើដូច្នេះឡើយ។ ប៉ុន្តែទ្រង់នឹងប្រាប់មនុស្សមានបាបម្នាក់ថា «អ្នកកំពុងតែប្រឈមនឹងសេចក្តីស្លាប់ ដោយសារតែអំពើបាបរបស់អ្នកហើយ។ ដូច្នេះ ចូរជឿលើសេចក្តីសុចរិតរបស់ខ្ញុំ ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចុះ»។ 
នៅសព្វថ្ងៃនេះ មនុស្សជាច្រើនព្យាយាមបង្ហាញហេតុផលនៃសេចក្តីជំនឿខុសរបស់ពួកគេ និងទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយប្រកាន់ខ្ជាប់នឹងគោលលទ្ធិទាំងនេះ។ ប៉ុន្តែសេចក្តីជំនឿបែបនេះខុស និងមានគ្រោះថ្នាក់ខ្លាំងណាស់។ បើសិនព្រះយេស៊ូវមិនមែនជាព្រះនៃសេចក្តីពិតទេ ប្រហែលជាទ្រង់អាចហៅមនុស្សមានបាបម្នាក់ថាជាអ្នកដើរតាមរបស់ទ្រង់ហើយ។ ប៉ុន្តែអ្នកត្រូវតែដឹងថា ព្រះយេស៊ូវដ៏ជាសេចក្តីពិតមិនហៅមនុស្សមានបាបណាម្នាក់ថាជាមនុស្សសុចរិត និងឥតបាបឡើយ។ ការហៅមនុស្សមានបាបម្នាក់ថាជាមនុស្សសុចរិត និងឥតបាប មិនអាចកើតឡើងនៅចំពោះសេចក្តីសុចរិតរបស់ព្រះបានឡើយ ពីព្រោះទ្រង់បរិសុទ្ធ និងយុត្តិធម៌។
អ្នកត្រូវតែដឹងថា ការបានសង្រ្គោះរបស់អ្នកចេញពីបាប មិនកើតឡើង ដោយគ្រាន់តែជឿព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែដោយការជឿលើ សេចក្តីសុចរិតរបស់ព្រះ ដែលនឹងក្លាយជាសេចក្តីសេចក្តីសុចរិតរបស់អ្នកផងដែរ។ ទោះបីជាអ្នកជឿព្រះយេស៊ូវក៏ដោយ ក៏ព្រះនឹងមិនហៅអ្នកជាមនុស្សសុចរិតដែរ បើសិនអ្នកមិនស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។ ប៉ុន្តែនៅសព្វថ្ងៃនេះ មនុស្សជាច្រើនបានទទួលស្គាល់គោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ និងគោលលទ្ធិនៃការរាប់ជាសុចរិត ជាគោលលទ្ធិគ្រីស្ទបរិស័ទត្រឹមត្រូវ។ ប៉ុន្តែមនុស្សមួយចំនួនតូចដឹងថា គោលលទ្ធិទាំងនោះគ្រាន់តែអាចរារាំងមនុស្សមិនឲ្យស្គាល់ ឬទទួលបានសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ។ ដោយការជឿតាមគោលលិទ្ធទាំងនេះ ដោយមិនបានដឹងថា វាទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ មនុស្សជាច្រើនមិនបានទទួលសេចក្តីសុចរិតរបស់ព្រះឡើយ ហើយគោលលទ្ធិទាំងនេះបានក្លាយជាថ្មជំពប់សម្រាប់ពួកគេវិញ។
ប្រសិនបើអ្នកចង់ធ្វើជាគ្រីស្ទបរិស័ទពិតប្រាកដ អ្នកត្រូវតែថ្លឹងថ្លែងខ្លួនអ្នកជាមួយនឹងព្រះបន្ទូលព្រះ ដើម្បីឲ្យដឹងថា អ្នកពិតជានៅក្នុងព្រះ គ្រីស្ទ ឬមិននៅ។ ហើយដើម្បីធ្វើដូច្នេះ អ្នកត្រូវតែស្តាប់ មើលឃើញ និងយល់ពីព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ ចូរសួរខ្លួនឯងថា «តើសេចក្តីជំនឿរបស់ខ្ញុំនៅក្នុងព្រះយេស៊ូវត្រឹមត្រូវដែរទេ?» នៅពេលខ្ញុំនិយាយថា ខ្ញុំជឿព្រះយេស៊ូវ តើខ្ញុំកំពុងតែអនុវត្តតាមសាសនាឬ? ហើយតើខ្ញុំមិនកំពុងតែនៅទាំងក្នុង និងក្រៅព្រះយេស៊ូវឬ?» ឥឡូវនេះគឺជាពេលវេលាសម្រាប់អ្នកទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿតាមសេចក្តីសុចរិតនេះ និងរស់នៅក្នុងសេចក្តីជំនឿតាមសេចក្តីពិតថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»។ 
នៅក្នុងកណ្ឌគម្ពីរអេភេសូរ ជារឿយៗ យើងអាចមើលឃើញបទគម្ពីរថា «តាមរយៈសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូវ»។ នេះមានន័យថា ព្រះបានតម្រូវទុកជាមុន និងជ្រើសរើសយើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ អ្នកដែលត្រូវបានធួននឹងបាប ដោយសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះយេស៊ូវ និងបានចូលទៅក្នុងព្រះគ្រីស្ទ គឺជាអ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានដោះចេញទាំងស្រុងហើយ។ ដូច្នេះ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ មិនប្រឈមនឹងការកាត់ទោសនៅក្នុងព្រះយេស៊ូវគ្រីស្ទឡើយ។ នៅពេលមនុស្សម្នាក់ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គាត់ទទួលសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះអម្ចាស់ និងប្រកាសដំណឹងល្អនេះ។
អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះយេស៊ូវគ្រីស្ទ និងដែលបានចូលទៅក្នុងព្រះហស្តរបស់ទ្រង់ ឥតមានបាបឡើយ។ នេះហើយគឺជាសេចក្តីពិត និងចម្លើយដ៏ត្រឹមត្រូវ។ ពួកគេមិនអាចមានបាបទៀតបានឡើយ ពីព្រោះបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានលាងសម្អាតអំពើបាបទាំងអស់របស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះហើយ។ ហើយសេចក្តីពិតថា អ្នកដែលនៅក្នុងព្រះគ្រីស្ទឥតមានទោសឡើយ គឺជាចម្លើយដែលមាននៅក្នុងព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ យើងគ្មានអ្វីច្របូកច្របល់អំពីបញ្ហាបាបឡើយ។ នៅពេលអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកក៏អាចក្លាយជាមនុស្សសុចរិតពិតប្រាកដផងដែរ។ ដូច្នេះ ចូរស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានសេចក្តីសុចរិតរបស់ព្រះចុះ ហើយអ្នកនឹងបានធ្វើជាមនុស្សបរិសុទ្ធ ដែលរស់នៅក្នុងព្រះគ្រីស្ទ។
ឧបមាថា យើងកំពុងតែប្រឈមនឹងបញ្ហាយ៉ាងលំបាកមួយ។ បើសិនយើងពិតជាចង់ស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ យើងត្រូវតែបន្តស្វែងរកចម្លើយសម្រាប់បញ្ហានេះ ទោះបើយើងប្រឈមនឹងទុក្ខលំបាកយ៉ាងណាក៏ដោយ។ ស្រដៀងគ្នាដែរ អ្នកដែលជឿព្រះ តែមិនបានចូលទៅក្នុងទ្រង់ ត្រូវតែស្វែងរកសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
មនុស្សមួយចំនួនចាត់ទុកជំនឿគ្រីស្ទបរិស័ទជាសាសនាមួយ ក្នុងចំណោមសាសនាជាច្រើននៅក្នុងលោកិយនេះ ហើយព្យាយាមស្វែងរកដំណោះស្រាយសម្រាប់អំពើបាបរបស់ពួកគេ ដោយការជឿតាមគោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ។ ប៉ុន្តែពួកគេនឹងបានដឹងយ៉ាងឆាប់រហ័សថា ទាំងគោលលទ្ធិទាំងនោះ និងសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ មិនអាចលាងសម្អាតអំពើបាបរបស់ពួកគេបានឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងដឹងថា បញ្ហាបាបរបស់ពួកគេអាចត្រូវបានដោះស្រាយបានយ៉ាងងាយស្រួល ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ប្រសិនបើអ្នកចង់ធ្វើជាគ្រីស្ទបរិស័ទពិតប្រាកដម្នាក់ អ្នកត្រូវតែទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់អ្នក។ ប៉ុន្តែអ្នកដើរតាមសាសនាព្យាយាមទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយប្រកាន់តាមគោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ និងគោលលទ្ធិនៃការរាប់ជាសុចរិត ដើម្បីប៉ុនប៉ងដោះស្រាយបញ្ហាបាបរបស់ពួកគេ ដោយការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ពួកគេ។ សេចក្តីជំនឿបែបនេះពឹងផ្អែកលើការអធិស្ឋានលន់តួ ដែលពិតជាមិនអាចសង្រ្គោះពួកគេចេញពីសេចក្តីវិនាសរបស់ពួកគេបានឡើយ ពីព្រោះពួកគេកាន់តែមានបាបខ្លាំងទៅៗ កាលណាពួកគេមើលឃើញអំពើបាបរបស់ពួកគេ ខណៈដែលពួកគេកំពុងតែអធិស្ឋានលន់តួ។
ប៉ុន្តែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានដោះស្រាយបញ្ហាបាបទាំងអស់របស់ពួកគេ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះវិញ ទោះបើពួកគេខ្សោយខាងសាច់ឈាមក៏ដោយ។ គ្មានទោសសម្រាប់អ្នកដែលបានទទួលសេចក្តីសុចរិតរបស់ព្រះ ដោយការជឿថា គ្មានបាបនៅក្នុងចិត្តរបស់ពួកគេទេ។ 
 

ពីព្រោះសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះយេស៊ូវ
 
ខ.២ និយាយថា «ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ»។ ព្រះបានប្រទានអំណាចពីរដល់មនុស្ស ដែលមួយគឺជាអំណាចរបស់ព្រះវិញ្ញាណនៃជីវិត និងមួយទៀតគឺជាអំណាចរបស់អំពើបាប និងសេចក្តីស្លាប់។ សាវកប៉ុលប្រាប់យើងថា អំណាចរបស់ព្រះវិញ្ញាណនៃជីវិតបានរំដោះយើងចេញពីអំណាចរបស់អំពើបាប និង សេចក្តីស្លាប់ គឺចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះ ដើម្បីទទួលបានជីវិតថ្មី អ្នកត្រូវតែដឹង និងយល់ពីសេចក្តីពិតនេះ ដែលសាវកប៉ុលបានប្រាប់។ សេចក្តីពិតគឺសម្រាប់មនុស្សគ្រប់គ្នានៅក្នុងលោកិយនេះ។
យើងក៏បានរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ផងដែរ ដោយការជឿលើអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ពីព្រោះបើសិនមិនដូច្នេះទេ យើងនឹងបានទៅដល់សេចក្តីវិនាសរបស់យើង ដែលនៅក្រោមអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ។ ប៉ុន្តែដោយការជឿនៅក្នុងចិត្តរបស់យើងលើសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះយេស៊ូវ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង យើងបានទទួលសេចក្តីសុចរិតរបស់ទ្រង់ នៅក្រោមអំណាចរបស់ព្រះវិញ្ញាណនៃជីវិត និងទទួលបានជីវិតអស់កល្បជានិច្ច ដែលទ្រង់បានរៀបចំសម្រាប់យើង។ ដូច្នេះ តើអ្នកអាចស្វែងរកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអត់ទោសដល់អំពើបាបទាំងអស់របស់អ្នកបាននៅកន្លែងណា? នេះគឺជាបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងឈើឆ្កាង ដែលទ្រង់បានបង្ហូរព្រះលោហិត។ នៅក្នុងន័យផ្សេង សេចក្តីសុចរិតរបស់ព្រះមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ដូច្នេះ តើអ្វីគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលរំដោះយើងចេញពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់? វាគឺជាដំណឹងល្អថា ព្រះអម្ចាស់បានប្រសូតមកនៅលើផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន នៅពេលទ្រង់មានព្រះជន្ម៣០វស្សា ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មពីសុគតឡើងវីញ ដើម្បីសង្រ្គោះយើងទាំងអស់គ្នាចេញពីអំពើបាប។ ដំណឹងល្អនេះមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។
ដោយបានជ្រាបថា មនុស្សជាតិតែងតែប្រព្រឹត្តអំពើបាប ដោយសារតែភាពខ្សោយរបស់ពួកគេ ព្រះបានរៀបចំផែនការសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ ដោយការប្រទានដល់ពួកគេនូវដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដែលអាចសង្រ្គោះពួកគេចេញពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់។ នេះគឺពិតជាដំណឹងល្អអំពីការធួននឹងបាប ដែលមាននៅក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ហើយដោយការជឿតាមដំណឹងល្អនេះ មនុស្សទាំងអស់អាចបានរួចពីអំណាចរបស់សេចក្តីស្លាប់បាន គឺសេចក្តីសុចរិតរបស់ព្រះគឺជាអំណាចរបស់ជីវិត ដែលបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ។
ព្រះបានប្រទានដល់មនុស្សនូវព្រះបន្ទូលនៃក្រិត្យវិន័យ ដើម្បីឲ្យអ្នកណាដែលមិនអាចរស់នៅតាមក្រិត្យវិន័យរបស់ព្រះ មានបាប។ ក្នុងពេលជាមួយគ្នា ព្រះបានតាំងអំណាចមួយ ដែលអាចសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេបាន។ អំណាចនៃសេចក្តីសង្រ្គោះនេះគឺជាសេចក្តីពិត ដែលត្រូវបានលាក់ទុកនៅក្នុងសេចក្តីសុចរិតរបស់ព្រះ ដែលជាអំណាចនៃព្រះគុណ ដែលប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលជឿតាម។ អំណាចនៃការធួននឹងបាប ដែលព្រះបានតាំងឡើងសម្រាប់មនុស្សជាតិ គឺជាអំណាចនៃសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ហើយសេចក្តីជំនឿនេះគឺជាអំណាចរបស់ជីវិត ដែលបំពាក់សេចក្តីសុចរិតរបស់ព្រះដល់ពួកគេ។
ដូច្នេះ តើអ្នកណាអាចទាស់ប្រឆាំងនឹងអំណាចនៃជីវិតនេះបាន? អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យ នឹងបានសង្រ្កោះចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ហើយដោយសារសេចក្តីជំនឿ គាត់នឹងទទួលបានសេចក្តីសុចរិតរបស់ព្រះ។
តើព្រះបានប្រទានអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដល់អ្នកយ៉ាងដូចម្តេច? ដោយការបញ្ជូនព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់មកកាន់ផែនដីនេះ ដើម្បីប្រសូតមកតាមរយៈស្ត្រីក្រមុំព្រហ្មចារីម្នាក់ ទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់ និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សមានបាបទាំងអស់។ ដូច្នេះ សម្រាប់អ្នកដែលជឿតាមសេចក្តីពិតនេះ ព្រះបានប្រទានសេចក្តីអត់ទោស និងជីវិតថ្មី ហើយនេះគឺជាអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលទ្រង់បានប្រទានឲ្យយើង។ 
ដូច្នេះ តើអ្វីគឺជាអំណាចរបស់អំពើបាប និងសេចក្តីស្លាប់? នេះគឺជាបញ្ញត្ត ដែលព្រះបានប្រទានឲ្យមនុស្សជាតិ។ បញ្ញត្តទាំងឡាយរបស់ទ្រង់គឺជាសេចក្តីលម្អិតនៃក្រិត្យវិន័យ ដែលទ្រង់បានបង្កើតឡើង និងជាសេចក្តីបង្គាប់ «ចូរធ្វើនេះ និងកុំធ្វើនោះ» ហើយបើសិនមនុស្សធ្វើខុសពីបញ្ញត្តទាំងនេះ នោះមានន័យថា ពួកគេធ្វើបាបហើយ ហើយឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ដែលជាទណ្ឌកម្មនៅក្នុងស្ថាននរក។
ដូច្នេះ គ្រប់គ្នាត្រូវបានដាក់នៅក្រោមអំណាចរបស់សេចក្តីស្លាប់ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើង ចេញពីអំណាចនៃសេចក្តីស្លាប់នេះ តាមរយៈបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរបស់ ទ្រង់។ គ្មានអ្នកណាម្នាក់ក្រៅពីព្រះយេស៊ូវ ដែលអាចសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេបានឡើយ ហើយក៏គ្មានផ្លូវណាផ្សេងក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានឲ្យ ដែលអាចសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងបានដែរ។ ដូច្នេះ អ្នកត្រូវតែស្គាល់ និងជឿលើរបៀបដែលព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះអ្នក និងអ្វីជាសេចក្តីសុចរិតរបស់ព្រះ។
ទោះបីយ៉ាងណា នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលប្រកាសសេចក្តីជំនឿលើព្រះយេស៊ូវ និងមានចំណេះដឹងយ៉ាងស៊ីជម្រៅអំពីក្រិត្យ វិន័យ ដែលជាអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ ប៉ុន្តែមិនស្គាល់ទាល់តែសោះអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ។ មនុស្សជាច្រើននៅតែបន្តជឿលើព្រះយេស៊ូវ យ៉ាងល្ងិតល្ងង់បែបនេះ។ ដូច្នេះ យើងអាចមើលឃើញថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានលាក់ទុក អស់រយៈពេលយ៉ាងយូរ។ ដំណឹងល្អនេះខុសពីដំណឹងល្អដែលមានតែសេចក្តីជំនឿលើឈើឆ្កាងតែមួយមុខ។ មនុស្សជាច្រើនផ្តោតសំខាន់លើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខ ប៉ុន្តែព្រះគម្ពីរប្រាប់យើងថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោក យ៉ូហាន មិនមែននៅពេលទ្រង់សុគតនៅលើឈើឆ្កាងឡើយ។
អ្នកត្រូវតែដឹងថា ភាពខុសគ្នានេះកំណត់ពីការទៅស្ថានសួគ៌ និងការទៅស្ថាននរក។ វាអាចមើលទៅខុសគ្នាតែបន្តិចបន្តួចទេ ប៉ុន្តែការស្គាល់ពីភាពខុសគ្នាទាំងពីរនេះពិតជានាំមកនូវលទ្ធផលពីរផ្សេងគ្នា។ ដូច្នេះហើយបានជាបើសិនអ្នកចង់ជឿ និងទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នក អ្នកត្រូវតែផ្តោតសេចក្តីជំនឿរបស់អ្នកនៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មានតែធ្វើដូច្នេះទេ ទើបអ្នកអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នកបាន។ ប៉ុន្តែមនុស្សជាច្រើននៅសព្វថ្ងៃនេះ ដែលប្រកាសសេចក្តីជំនឿលើព្រះយេស៊ូវ នៅតែបន្តមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះទៀត។
មនុស្សបែបនោះព្យាយាមឈរនៅចំពោះព្រះ ដោយព្យាយាមប្រព្រឹត្តអំពើបាបតែបន្តិចបន្តួច តាមដែលអាចធ្វើទៅបាន និងព្យាយាមបានញែកជាបរិសុទ្ធ ដោយខ្លួនឯង។ ប៉ុន្តែសេចក្តីសុចរិតរបស់ព្រះមិនមែនជាអ្វីមួយ ដែលយើងអាចទទួលបាន ដោយសារគំនិត ការខិតខំ និងការប្រព្រឹត្តរបស់មនុស្សឡើយ។ ប៉ុន្តែមានតែការជឿតាមសេចក្តីពិតអំពីការធួននឹងបាប ដែលត្រូវបានលាក់ទុកនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបយើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបាន។ សេចក្តីជំនឿរបស់អ្នកដែលព្យាយាមញែកខ្លួនឯងជាបរិសុទ្ធ ដោយការដើរតាម ក្រិត្យវិន័យ គឺជាសេចក្តីជំនឿចំកួត ពីព្រោះគ្មានអ្នកណាម្នាក់អាចដើរតាម សេចក្តីតម្រូវទាំងអស់របស់ក្រិត្យវិន័យបានឡើយ។ 
 

ដោយការកាត់ទោសអំពើបាបនៅក្នុងសាច់ឈាមរបស់ព្រះយេស៊ូវ
 
ខ.៣ និយាយថា «ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្តីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម»។ ចេញពីបទគម្ពីរនេះ យើងអាចមើលឃើញពីការធ្វើបន្ទាល់យ៉ាងលម្អិតរបស់សាវកប៉ុលពីអំណាចនៃទឹក និងព្រះវិញ្ញាណ។ នៅទីនេះ គាត់ប្រាប់យើងពីរបៀបដែលព្រះវរបិតាបានដាក់អំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ៖ «ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម»។
តើការដែលព្រះបានកាត់ទោសអំពើបាបនៅក្នុងសាច់ឈាម មានន័យយ៉ាងដូចម្តេច? វាមានន័យថា ព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មកកាន់ផែនដីនេះ និងបានអនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើអង្គទ្រង់ និងលាងសម្អាតអំពើបាបទាំងអស់របស់អ្នកជឿជារៀងរហូត។ ដូច្នេះហើយបានជាបទគម្ពីរខាងលើនិយាយថា «ឯការដែលក្រឹត្យវិន័យធ្វើមិនកើត...នោះព្រះទ្រង់បានធ្វើវិញ»។ ព្រះបានបំបាត់អំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈការដាក់អំពើបាបទាំងនោះទៅលើព្រះរាជបុត្រានៃទ្រង់។ ហើយតាមរយៈការអនុញ្ញាតឲ្យទ្រង់សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ អំពើបាបទាំងអស់ត្រូវបានដោះចេញ តែម្តងជាសម្រេច។ 
នេះហើយគឺជាដំណឹងល្អអំពីសេចក្តីពិត ដែលសង្រ្គោះអ្នក ហើយដំណឹងល្អនេះគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្វីដែលព្រះអម្ចាស់របស់យើងបានមានបន្ទូលទៅកាន់លោកនីកូដេមនៅក្នុង យ៉ូហាន ៣:៥ ដែលថា «បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ» គឺពិតជាដំណឹងល្អនេះហើយ។ ដំណឹងល្អនេះបើកសម្តែងពីសេចក្តីសុចរិតរបស់ព្រះ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។
ម៉ាថាយ ៣:១៥ និយាយថា «ព្រះយេស៊ូវមានព្រះបន្ទូលថា [ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ] រួចគាត់ក៏ព្រមធ្វើ»។ បទគម្ពីរនេះធ្វើបន្ទាល់ពីសេចក្តីសុចរិតរបស់ព្រះ និងការបើកសម្តែងរបស់វានៅក្នុងព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានយាងពីស្រុកកាលីឡេទៅឯទន្លេយ័រដាន់ និងព្យាយាមទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស លោកយ៉ូហាន-បាទ្ទីសបានបដិសេធមិនធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ដោយនិយាយថា «ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ?»។ ប៉ុន្តែព្រះយេស៊ូវបានបង្គាប់គាត់ថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។
ដូច្នេះ តើ «សំរេចតាមគ្រប់ទាំងសេចក្តីសុចរិត» មានន័យយ៉ាងដូចម្តេច? វាមានន័យថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលនៅទន្លេយ័រដាន់។ នៅពេលព្រះយេស៊ូវងើបឡើងពីទឹក មេឃបានរបើកឡើង ហើយព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតលើទ្រង់ ដូចជាសត្វព្រាប។ បន្ទាប់មក «មានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ ព្រះសព្វព្រះទ័យចំពោះបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់។ នៅទីនេះ យើងមើលឃើញអង្គបុគ្គលទាំងបីនៃព្រះត្រៃឯក៖ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលបានសម្រេចសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ និងបំពេញសម្រេចតាមសេចក្តីសន្យារបស់ទ្រង់។ 
បទគម្ពីរប្រាប់យើងថា មេឃបានរបើកឡើង នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងថា សម្លេងមួយចេញពីមេឃថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ នេះមានន័យថា ព្រះ វរបិតាសព្វព្រះទ័យចំពោះការពិតថា ព្រះរាជបុត្រានៃទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន។ ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងដោយសារតាមរយៈបុណ្យជ្រមុជរបស់ទ្រង់ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើអង្គទ្រង់ ទ្រង់បានបំពេញសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិត ដោយការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន ដើម្បីបំពេញសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ បន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាង។ បុណ្យជ្រមុជ និងការសុគតនេះ គឺដើម្បីបំពេញសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមយុជរបស់ទ្រង់ ហើយនេះគឺជារបៀបដែលទ្រង់អាចបង្ហូរព្រះលោហិតនៅលើឈើឆ្កាងបាន។ ហើយតាមរយៈការមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានបំពេញសម្រេចតាមគ្រប់ទាំងបំណងព្រះហឫទ័យព្រះ។
«គ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ» គឺជាព្រះរាជកិច្ចនៃការសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ។ ដើម្បីសម្រេចបានព្រះរាជកិច្ចនេះ ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់មនុស្សទាំងអស់ តាមរយៈបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ គ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះត្រូវបានបំពេញសម្រេច តាមរបៀបសុចរិត និងត្រឹមត្រូវបំផុត។ បុណ្យជ្រមុជ ព្រះលោហិត និងការមានព្រះជន្មរស់ពីសុគតឡើងរបស់ព្រះយេស៊ូវ គឺជាអ្វីដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ហើយសេចក្តីសុចរិតនេះបានរាប់យើងជាឥតបាប ដោយការដាក់សេចក្តីសុចរិតរបស់ព្រះនៅក្នុងយើងវិញ។ ព្រះត្រៃឯកបានរៀបចំផែនការនេះ ព្រះយេស៊ូវបានបំពេញសម្រេចផែនការនេះ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ពីសេចក្តីសុចរិតនេះ។ ដូច្នេះ អ្នកត្រូវតែជឿតាមព្រះបន្ទូលថា ព្រះបានបញ្ជូន «រាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម»។ 
ចូរអ្នកសួរខ្លួនឯងថា តើអ្នកគិតថា អ្នកពិតជាអាចដើរតាមបញ្ញត្តទាំងអស់នៅក្នុងក្រិត្យវិន័យរបស់ព្រះបានយ៉ាងគ្រប់លក្ខណ៍ អស់មួយជីវិតរបស់អ្នកទេ? ពិតមែនហើយ អ្នកនឹងព្យាយាមដោយអស់ពីសមត្ថភាព ដើម្បីដើរតាមបញ្ញត្តទាំងនោះ ប៉ុន្តែអ្នកនឹងមិនអាចរស់នៅតាមក្រិត្យវិន័យបានទាំងស្រុងបានឡើយ។ នៅពេលអ្នកបំពានផ្នែកដ៏តូចមួយនៃក្រិត្យ វិន័យ អ្នកកំពុងតែបំពានក្រិត្យវិន័យទាំងមូលហើយ (យ៉ាកុប ២:១០) ហើយនេះគឺជាមូលហេតុដែលគ្រប់គ្នាគឺជាមនុស្សមានបាប និងនៅក្រោមក្រិត្យវិន័យ។ 
អ្នកអាចមានភាពស្មោះត្រង់ និងព្យាយាមដោយអស់ពីសមត្ថភាព នៅក្នុងបំណងចិត្តដើរតាមក្រិត្យវិន័យ ប៉ុន្តែការដើរតាមក្រិត្យវិន័យមិនអាចនាំឲ្យយើងទទួលបានសេចក្តីសុចរិតរបស់ព្រះ ដែលព្រះតម្រូវពីយើងបានឡើយ។ អ្នកត្រូវតែដឹងថា មូលហេតុតែមួយគត់ ដែលព្រះបានប្រទាន ក្រិត្យវិន័យដល់យើងគឺថា យើងអាចស្គាល់អំពើបាបរបស់យើងបាន។ ដោយសារយើងខ្សោយនៅក្នុងសាច់ឈាម គ្មានអ្នកណាម្នាក់អាចដើរតាមក្រិត្យវិន័យរបស់ព្រះបានយ៉ាងឥតខ្ចោះឡើយ។
ដូច្នេះហើយបានជាដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះបានបញ្ជូនព្រះរាជបុត្រានៃទ្រង់មកផែនដីនេះ ដើម្បីទទួលយកអំពើបាបរបស់មនុស្សគ្រប់គ្នាដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ។ នៅក្នុងន័យផ្សេង តាមរយៈការអនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជនៅក្នុងសាច់ឈាមរបស់ទ្រង់ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើសាច់ឈាមរបស់ទ្រង់។ ដូច្នេះហើយបានជាបទគម្ពីរប្រាប់យើងថា «បានកាត់ទោសនៅក្នុងសាច់ឈាម» របស់ព្រះយេស៊ូវ ហើយនេះគឺជារបៀបដែលព្រះរាប់យើងជាឥតបាប។ 
យើងត្រូវតែស្គាល់ និងជឿលើរបៀបដែលព្រះបានដោះអំពើបាបរបស់យើងចេញ។ ដោយបានអនុញ្ញាតឲ្យព្រះរាជបុត្រាទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលជាតំណាងនៃមនុស្សជាតិ ព្រះបានដាក់អំពើបាបទាំងអស់របស់យើងនៅលើព្រះយេស៊ូវ។ បន្ទាប់មក អនុញ្ញាតឲ្យព្រះយេស៊ូវនាំអំពើបាបទាំងអស់របស់លោកិយនេះទៅឯឈើឆ្កាង និងសងថ្លៃឈ្នួលនៃអំពើបាបទាំងនោះ ជំនួសយើង ដោយការបង្ហូរព្រះលោហិត និងការសុគត។ ហើយតាមរយៈការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ទ្រង់បានបើកផ្លូវទៅកាន់សេចក្តីប្រោសលោះសម្រាប់អ្នកដែលជឿ។ នេះហើយគឺជារបៀបដែលព្រះបានរៀបចំ និងអនុវត្តផែនការសង្រ្គោះយើងចេញពីបាប។ 
ដូច្នេះ យើងត្រូវតែជឿនៅក្នុងចិត្តថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺជាការធួននឹងបាបរបស់យើង។ ហើយអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ក៏ត្រូវតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងផងដែរ។
ហើយអ្នកក៏ត្រូវតែជឿដូច្នេះផងដែរ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់អ្នក និងបានរាប់ជាឥតបាប សុចរិត និងគ្រប់លក្ខណ៍។ អ្នកត្រូវតែយល់យ៉ាងត្រឹមត្រូវអំពីរបៀបដែលព្រះបានដោះអំពើបាបរបស់អ្នកចេញ និងដើរតាម និងជឿលើបំណងព្រះហឫទ័យទ្រង់ ជាជាងជឿលើការប្រព្រឹត្តផ្ទាល់ខ្លួនរបស់អ្នក។