Search

សេចក្តីអធិប្បាយ

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 10-2] សេចក្តីជំនឿពិតកើតចេញពីការស្តាប់ឮ (រ៉ូម ១០:១៦-២១)

(រ៉ូម ១០:១៦-២១)
«ប៉ុន្តែ គេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នាទេ ដ្បិតលោក អេសាយមានប្រសាសន៍ថា [ឱព្រះអម្ចាស់អើយ តើមានអ្នកណាខ្លះ បានជឿសេចក្តី ដែលយើងខ្ញុំប្រាប់] ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ តែខ្ញុំសួរថា តើគេមិនបានឮទេឬអី បានឮមែន [សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយ៍បំផុត] ប៉ុន្តែ ខ្ញុំសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានដឹងទេឬអី លោកម៉ូសេមានប្រសាសន៍ជាមុនថា [អញនឹងបណ្តាលឲ្យឯងរាល់គ្នាមានចិត្តច្រណែន ដោយសារពួកមនុស្ស ដែលមិនមែនជាសាសន៍ណាទេ ហើយនាំឲ្យឯងខឹង ដោយសារសាសន៍១ដែលឥតប្រាជ្ញា] លោកអេសាយក៏មានចិត្តក្លាហានណាស់ និងមានប្រសាសន៍ថា [ពួកអ្នកដែលមិនស្វែងរកអញ នោះបានឃើញអញហើយ អញបានសំដែងមកច្បាស់ឲ្យពួកអ្នក ដែលមិនសួររកអញបានឃើញ] ក៏មានប្រសាសន៍ពីដំណើរសាសន៍អ៊ីស្រាអែលថា [អញបានលូកដៃអញវាល់ព្រឹកវាល់ល្ងាច ទៅឯសាសន៍១ដែលមិនស្តាប់បង្គាប់ ហើយចេះតែនិយាយទាស់ទទឹង]។»
 
 
ខ.១៧ និយាយថា «ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ»។ តើសេចក្តីជំនឿដែលសង្រ្គោះមនុស្សម្នាក់ចេញពីអំពើបាបរបស់យើង មកពីណា? សេចក្តីជំនឿពិតកើតចេញពីការស្តាប់ឮព្រះបន្ទូលព្រះ។
ខ្ញុំចង់បន្តធ្វើបន្ទាល់ពីដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ តាម រយៈព្រះបន្ទូល។ ចូរយើងចាប់ផ្តើម ដោយពិនិត្យមើល រ៉ូម ៣:១០-២០៖
«ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្តី បណ្តាសា និងសេចក្តីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ រីឯគ្រប់ទាំងសេចក្តីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។»
តើយើងគួរតែយល់ និងជឿតាមបទគម្ពីរទាំងនេះយ៉ាងដូចម្តេច ដើម្បីទទួលបានសេចក្តីសង្រ្គោះ? តាំងពីដើមដំបូង គ្មានមនុស្សសុចរិតទេ ហើយក៏គ្មានអ្នកដែលបានស្វែងរកព្រះដែរ ប៉ុន្តែមនុស្សគ្រប់គ្នាគឺជាមនុស្សមានបាប។ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់។ ជើងគេរហ័សនឹងកំចាយឈាម ហើយនៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក។ គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ហើយក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ។ មនុស្សគ្រប់គ្នាគឺជាមនុស្សមានបាប មុនពេលស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយពួកគេបានដឹងថា ពួកគេគឺជាមនុស្សមានបាប តាមរយៈក្រិត្យវិន័យរបស់ព្រះ។
ប្រសិនបើគ្មានក្រិត្យវិន័យ តើយើងអាចដឹងពីអំពើបាបរបស់យើងបានយ៉ាងដូចម្តេច? តើយើងអាចស្គាល់ព្រះបានយ៉ាងដូចម្តេច? ហើយតើយើងកោតខ្លាចព្រះទេ? រ៉ូម ៣:១៨ និយាយថា «ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»។ តើភ្នែកខាងសាច់ឈាមរបស់យើងបានមើលឃើញទ្រង់ដែរទេ? ប្រហែលជាយើងអាចដឹងបន្តិចបន្តួចអំពីអត្ថិភាពរបស់ព្រះបាន ប៉ុន្តែយើងមិនបានមើលឃើញ ឬកោតខ្លាចទ្រង់ឡើយ។ ដូច្នេះ តើយើងបានដឹងថា យើងគឺជាមនុស្សមានបាបដោយរបៀបណា? យើងបានដឹងពីអត្ថិភាពនៃព្រះ ដោយការស្តាប់ឮព្រះបន្ទូលទ្រង់នៅក្នុងព្រះគម្ពីរ។ ដូច្នេះហើយបានជាការស្តាប់ឮចេញពីព្រះបន្ទូលព្រះ។
យើងដឹងថា ព្រះបានបង្កើតលោកិយនេះឡើយ ពីព្រោះព្រះគម្ពីរ សរសេរថា «កាលដើមដំបូង ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី» (លោកុប្បត្តិ ១:១)។ គឺដោយសារតែការស្តាប់ឮព្រះបន្ទូលនេះហើយ ដែលយើងបានដឹង និងជឿលើអត្ថិភាពរបស់ទ្រង់ និងជឿថា ទ្រង់គឺជាព្រះអាទិករនៃសកលលោកទាំងមូល។ បើសិនមិនមានព្រះបន្ទូលព្រះទេ គ្មានអ្នកណាម្នាក់ ដែលបានស្គាល់ទ្រង់ ឬកោតខ្លាចទ្រង់ឡើយ។ ហើយក៏គ្មានអ្នកណាម្នាក់ ដែលបានស្គាល់ពីអំពើបាបរបស់ខ្លួនបានដែរ បើសិនមិនមានព្រះបន្ទូលព្រះ។
នៅក្នុងន័យផ្សេង យើងមិនបានស្គាល់ព្រះតាំងពីដំបូង បានថ្វាយបង្គំរបស់ឥតប្រយោជន៍ និងមិនបានដឹងពីអំពើបាបរបស់ខ្លួនផង។ ប៉ុន្តែព្រះបានប្រទានក្រិត្យវិន័យដល់យើង ហើយនេះគឺជារបៀបដែលយើងបានស្គាល់ពីអំពើបាបរបស់យើងនៅចំពោះព្រះ គឺដោយសារការស្តាប់ឮព្រះបន្ទូលទ្រង់អំពីក្រិត្យវិន័យទាំងដប់ប្រការ និងបញ្ញត្តទាំង៦១៣ ទើបយើងបានស្គាល់ពីភាពខ្សោយ និងអំពើបាបរបស់យើង។ 
ប្រសិនបើគ្មានព្រះបន្ទូលនៃក្រិត្យវិន័យទេ គ្មានអ្នកណាម្នាក់អាចស្គាល់ពីអំពើបាបរបស់ខ្លួនបានឡើយ។ អ្នកទោសស្ទើរតែទាំងអស់អះអាងថា ខ្លួនមិនដឹងពីបទឧក្រិដ្ឋរបស់ខ្លួនគឺជាអ្វី ឬមូលហេតុដែលគេចាប់គាត់ដាក់គុកដូច្នេះទេ។ ពួកគេជាច្រើនអះអាងថា ពួកគេឥតមានទោសទេ ហើយការចាប់ពួកគេដាក់គុកដូច្នេះជារឿងមិនត្រឹមត្រូវ និង អយុត្តិធម៌។ ដូច្នេះ បើសិនគ្មានក្រិត្យវិន័យរបស់ព្រះទេ យើងមិនអាចស្គាល់ពីអំពើបាបរបស់យើងបានឡើយ ហើយយើងនិយាយថា «ខ្ញុំតែងតែបានប្រព្រឹត្តតាមរបៀបនេះ។ ហើយគ្រប់គ្នាក៏ប្រព្រឹត្តដូច្នេះដែរ។ ដូច្នេះ វាមិនអាចជាអំពើបាបបានឡើយ»។ 
យើងដឹងពីអំពើរបស់យើង ដោយសារការមើលឃើញ និងការស្តាប់ឮក្រិត្យវិន័យរបស់ព្រះ។ យើងបានដឹងថា យើងថ្វាយបង្គំរូបព្រះ ហៅព្រះនាមព្រះជាអសារឥតការ មិនរក្សាថ្ងៃសាប្ប័ទ កាប់សម្លាប់ កំផិត លួចប្លន់ កុហក ច្រណែន មិនរស់នៅតាមព្រះបន្ទូល និងទង្វើទាំងអស់ទៀត ដោយសារតែក្រិត្យវិន័យរបស់ព្រះនិយាយដូច្នេះ។ នេះហើយគឺជារបៀបដែលយើងបានដឹង និងទទួលស្គាល់ថា យើងគឺជាមនុស្សមានបាបនៅចំពោះព្រះ គឺដោយសារព្រះបន្ទូលនៃក្រិត្យវិន័យ។ នៅមុនពេលយើងមានក្រិត្យវិន័យ យើងមិនបានស្គាល់ពីអំពើបាបរបស់យើងឡើយ។
ដូច្នេះ នៅពេលយើងបានដឹងថា យើងគឺជាមនុស្សមានបាបហើយ តើយើងគួរតែធ្វើយ៉ាងដូចម្តេចនៅចំពោះព្រះ? យើងត្រូវតែសួរពីរបៀបដែលយើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង។ ហើយដោយសារការស្តាប់ឮព្រះបន្ទូលព្រះ ដែលយើងដឹងពីអំពើបាបរបស់យើង និងដឹងពីសេចក្តីត្រូវការសម្រាប់សេចក្តីសង្រ្គោះ។ ដូចដែលអ្នកឃ្លានដឹងពីសេចក្តីត្រូវការសម្រាប់អាហារ អ្នកដែលទទួលស្គាល់ថា ពួកគេបានបំពានក្រិត្យវិន័យរបស់ព្រះហើយ ដឹងពីសេចក្តីត្រូវការរបស់ពួកគេសម្រាប់សេចក្តីសង្រ្គោះ។ នេះហើយគឺជារបៀបដែលយើងស្វែងរកព្រះនិងទទួលស្គាល់ថា យើងត្រូវតែជឿលើសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានបញ្ជូនមកសម្រាប់យើង។ ដោយសារតែ «សេចក្តីជំនឿកើតឡើងដោយឮ» យើងស្គាល់ពីអំពើបាបរបស់យើង ដោយសារការស្តាប់ឮព្រះបន្ទូលព្រះ។ 
 
 
ឥឡូវនេះ យើងដឹងថា យើងគឺជាមនុស្សមានបាបហើយ។ ដូច្នេះ តើយើងគួរតែធ្វើយ៉ាងដូចម្តេច ដើម្បីបានសង្រ្គោះ ចេញពីអំពើបាបរបស់យើង?
 
សេចក្តីសង្រ្គោះ កើតចេញពីសេចក្តីជំនឿតាមព្រះបន្ទូលទ្រង់ ដែលឈរនៅចំកណ្តាលចិត្តរបស់យើង ដូចដែលយើងបានដឹងពីអំពើបាបរបស់យើង ដោយសារការស្តាប់ឮ និងការរៀនពីព្រះបន្ទូលព្រះដែរ។ រ៉ូម ៣:២១-២២ និយាយថា «ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ»។ 
ដោយសារយើងមិនបានរស់នៅតាមព្រះបន្ទូលទ្រង់ ព្រះធ្វើឲ្យយើងដឹងថា យើងគឺជាមនុស្សមានបាប ដោយសារការប្រទានក្រិត្យវិន័យដល់យើង។ ជាលទ្ធផល យើងមានសេចក្តីត្រូវការពីរ៖ យើងចង់រស់នៅតាមក្រិត្យវិន័យ ប៉ុន្តែនៅក្នុងពេលជាមួយគ្នា យើងក៏ចង់ទទួលបានសេចក្តីសង្រ្គោះចេញពីបាបផងដែរ។ ប៉ុន្តែដោយសារ «...ឥឡូវនេះ ក្រៅពីក្រឹត្យ វិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ» អ្នកដែលចង់បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ត្រូវតែស្វែងរកសេចក្តីប្រោសលោះ ដោយសារសេចក្តីជំនឿរបស់ខ្លួនលើសេចក្តីសុចរិតរបស់ព្រះ មិនលើក្រិត្យវិន័យ ឡើយ។ យើងដឹងថា ការសង្រ្គោះនេះមិនកើតចេញពីការស្តាប់តាមក្រិត្យ វិន័យរបស់ព្រះទេ ប៉ុន្តែពីការជឿលើសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យ នៅក្នុងសេចក្តីសុចរិតរបស់ព្រះ ដែលបានសង្រ្គោះយើង តាមរយៈព្រះយេស៊ូវគ្រីស្ទ។
ដូច្នេះ តើអ្វីគឺជាសេចក្តីសុចរិតរបស់ព្រះ និងសេចក្តីសង្រ្គោះរបស់ ទ្រង់? វាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីនិយាយអំពី។ ដំណឹងល្អនេះមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាសេចក្តីសង្រ្កោះ ដោយសារសេចក្តីជំនឿលើប្រព័ន្ធថ្វាយយញ្ញបូជា ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ជាសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ទ្រង់។ រ៉ូម ៣:២១-២២ និយាយថា «សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង»។
ដូច្នេះ តើយើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបានយ៉ាងដូចម្តេច? យើងអាចទទួលសេចក្តីសុចរិតរបស់ព្រះបាន ដោយការដឹងថា ព្រះយេស៊ូវគឺជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើង តាមរយៈព្រះបន្ទូលព្រះ ដែលពួកហោរា និងក្រិត្យវិន័យបានធ្វើបន្ទាល់ពី និងដោយការបានសង្រ្គោះចេញពីអំពើបាបរបស់យើង តាមរយៈសេចក្តីជំនឿលើទ្រង់។
នៅក្នុងន័យផ្សេង យើងទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿតាមព្រះបន្ទូលទ្រង់ ដែលពួកហោរា និងក្រិត្យវិន័យបានធ្វើបន្ទាល់ពី នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ហើយការដែលក្រិត្យវិន័យ និងពួកហោរាបានធ្វើបន្ទាល់ពីព្រះបន្ទូលព្រះ ក៏ត្រូវបានបង្ហាញនៅក្នុងជំពូកទាំងអស់នៅក្នុងកណ្ឌគម្ពីររ៉ូម និងកណ្ឌគម្ពីរហេព្រើរផងដែរ។
ការដែលព្រះយេស៊ូវបានយាងមកសង្រ្គោះយើង គឺជាសេចក្តីសង្រ្គោះ ដែលព្រះបានសន្យាជាមួយយើង។ សេចក្តីសន្យារបស់ព្រះតាំងពីរាប់ពាន់ឆ្នាំមកហើយនេះ គឺត្រូវសង្រ្គោះមនុស្សមានបាប ដែលនៅក្រោមអំណាចក្រិត្យវិន័យ និងត្រូវវិនាស។ ទ្រង់បានបន្តមានបន្ទូលពី សេចក្តីសន្យានេះម្តងហើយម្តងទៀត និងបានបើកសម្តែងពីរបៀបដែលទ្រង់ចង់រក្សាវា តាមរយៈអ្នកបម្រើជាច្រើនរបស់ទ្រង់ ដែលបានមកមុន។
ចូរយើងពិនិត្យមើលបទគម្ពីរមួយជាឧទាហរណ៍។ លេវីវិន័យ ១៦:២១ និយាយថា «រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន»។ បទគម្ពីរពី រ៉ូម ៣:២១-២២ ដែលនិយាយថា ក្រិត្យវិន័យ និងពួកហោរាបានធ្វើបន្ទាល់ពីសេចក្តីសុចរិតរបស់ព្រះ មានន័យថា សេចក្តីសង្រ្គោះពេញលេញរបស់ព្រះយេស៊ូវត្រូវបានបើកសម្តែង តាម រយៈយញ្ញបូជានៅរោងឧបោសថ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងតាម រយៈពួកហោរា ដូចជា ហោរាអេសេគាល ហោរាអេសាគាល ហោរា យេរេមា និងហោរាដានីយ៉ែល។
នៅក្នុងន័យផ្សេង តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានបើកសម្តែងរួចហើយ នូវរបៀបដែលទ្រង់នឹងរក្សាសេចក្តីសន្យានៃសេចក្តីសង្រ្គោះ គឺទ្រង់នឹងសម្រេចសេចក្តីសន្យានោះ ដោយការបញ្ជូនព្រះយេស៊ូវគ្រីស្ទមក អនុញ្ញាតឲ្យទ្រង់ទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ សុគតនៅលើឈើឆ្កាងជំនួសយើង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើង តាមរយៈរូបកាយរបស់ទ្រង់ សម្រាប់សេចក្តីសង្រ្គោះរបស់យើងចេញពីបាប តាម រយៈសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ សេចក្តីសង្រ្គោះរបស់យើងមិនតាមក្រិត្យវិន័យឡើយ ប៉ុន្តែតាមសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទផ្ទាល់ ដែលជាសេចក្តីសុចរិតរបស់ព្រះ ដូចដែលក្រិត្យវិន័យ និងពួកហោរាបានធ្វើបន្ទាល់ហើយ។
ព្រះប្រាប់យើងថា យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់ ដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេច។ សេចក្តីជំនឿរបស់យើងចេញពីការស្តាប់ឮព្រះបន្ទូលព្រះនេះហើយ។ តើយើងអាចស្គាល់ និងជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើងបានដោយរបៀបណា? យើងដឹង និងជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើង ដោយការស្តាប់ឮព្រះបន្ទូលព្រះទៅកាន់អ្នកបម្រើរបស់ទ្រង់ថា ទ្រង់បានសន្យានឹងសង្រ្គោះយើងតាមផែនការរបស់ទ្រង់ និងថា ព្រះយេស៊ូវបានយាងមក ដើម្បីសង្រ្គោះយើង តាមសេចក្តីសន្យា និងផែនការនេះ។ ដូចដែល ដានីយ៉ែល ៩:២៤ សរសេរថា «គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង និងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង និងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្តីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក និងបិទត្រាការជាក់ស្តែង និងសេចក្តីទំនាយហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង»។
 
 
ព្រះបានកំណត់៧០អាទិត្យសម្រាប់សាសន៍របស់យើង
 
យើង បន្តទៅមុខទៀត ជាមួយនឹងបទគម្ពីរពីកណ្ឌគម្ពីរដានីយ៉ែលខាងលើ។ បទគម្ពីរនេះប្រាប់យើងអំពីការធ្លាក់ចុះរបស់អ៊ីស្រាអែល ដោយសារបាប៊ីឡូន នៅពេលព្រះបានកំណត់ថា សាសន៍អ៊ីស្រាអែលនឹងត្រូវបានចាប់ធ្វើជាឈ្លើយសឹកទៅបាប៊ីឡូន និងរស់នៅទីនោះសម្រាប់ រយៈពេល៧០សប្តាហ៍ ដោយសារតែសេចក្តីកំផិតរបស់ពួកគេ។ ដូចដែលព្រះបានកំណត់ អ៊ីស្រាអែលត្រូវបានវាយប្រហារ និងចាប់យក ដោយពួកបាប៊ីឡូន ហើយត្រូវចុះចូលចំពោះអ្នកឈ្លានពាន ដែលបានចាប់យកជនជាតិអ៊ីស្រាអែលជាច្រើននាក់ធ្វើជាឈ្លើយសឹក និងទាសកររបស់ពួកគេ។ ក្នុងចំណោមអ្នកទោស ក៏មានអ្នកចេះដឹងផងដែរ ដូចជា ហោរាដានីយ៉ែល ដែលស្តេចបាប៊ីឡូនបានតែងតាំងជាទីប្រឹក្សារបស់ទ្រង់។
ដូច្នេះ ព្រះបានដាក់ទណ្ឌកម្មសម្រាប់អំពើបាបរបស់សាសន៍ អ៊ីស្រាអែលតាមរបៀបនេះ ប៉ុន្តែដោយសារទ្រង់មានសេចក្តីមេត្តាករុណា ទ្រង់មិនបានរក្សាសេចក្តីក្រោធរបស់ទ្រង់ជារៀងរហូតទេ ប៉ុន្តែទ្រង់បានរៀបចំផែនការរំដោះពួកគេ នៅក្នុងរយៈ៧០អាទិត្យខាងមុខ។ 
នៅពេលហោរាដានីយ៉ែលបានប្រែចិត្តនៅចំពោះព្រះជំនួសសាសន៍របស់គាត់ និងអធិស្ឋានសម្រាប់សេចក្តីមេត្តាករុណា និងការសង្រ្គោះរបស់ទ្រង់ ព្រះបានបញ្ជូនទេវតាមកប្រាប់ពីបទគម្ពីរខាងលើថា៖ «គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង និងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង និងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្តីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក និងបិទត្រាការជាក់ស្តែង និងសេចក្តីទំនាយហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង»។ បទគម្ពីរនេះគឺជាសេចក្តីសន្យារបស់ព្រះទៅចំពោះហោរាដានីយ៉ែលថា ទ្រង់នឹងអត់ទោសដល់អំពើបាបទាំងអស់របស់រាស្ត្ររបស់ទ្រង់ក្នុងរយៈពេល៧០អាទិត្យទៀត នៅពេលអំពើរំលងរបស់ពួកគេបានបញ្ចប់។ វាក៏បើកសម្តែងដល់យើងផងដែរថា ការសង្រ្គោះដែលព្រះបានសន្យា គឺត្រូវកើតឡើង តាមរយៈព្រះយេស៊ូវគ្រីស្ទ។ 
ដោយសារសាសន៍អ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបជាច្រើន ព្រះត្រូវតែដាក់ទណ្ឌកម្មលើពួកគេ ហើយបន្ទាប់ពីរយៈពេល៧០អាទិត្យនៅក្នុងទាសភាព ព្រះបានអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេ។ នៅពេលពួកគេបានប្រោសលោះចេញពីអំពើរំលងរបស់ពួកគេ និងអំពើបាបត្រូវបានបញ្ចប់ អំពើបាបទាំងអស់របស់សាសន៍អ៊ីស្រាអែលលែងមានទៀតហើយ។ នៅពេលការផ្សះផ្សារត្រូវបានធ្វើឡើង សេចក្តីសុចរិតដ៏អស់កល្បជានិច្ចត្រូវបានមកដល់ ហើយនិមិត្ត និងទំនាយត្រូវបានបោះត្រា ព្រះបន្ទូលទាំងអស់របស់ព្រះទៅកាន់ហោរាដានីយ៉ែល នឹងត្រូវបានបំពេញ សម្រេច។ តាមរយៈ៧០អាទិត្យនៅក្នុងទាសភាព ការទាំងនេះនឹងបានកើតឡើង ហើយនៅក្នុងអាទិត្យទី៧០ សាសន៍អ៊ីស្រាអែលនឹងវិលត្រឡប់មកមាតុភូមិរបស់ពួកគេវិញ។ 
នេះគឺជាអ្វីដែលព្រះបានប្រាប់ហោរាដានីយ៉ែល តាមរយៈទេវតារបស់ទ្រង់។ នេះគឺជាសេចក្តីសន្យាសម្រាប់សាសន៍អ៊ីស្រាអែល ប៉ុន្តែវាក៏មានសារៈសំខាន់ខាងវិញ្ញាណផងដែរ គឺដូចដែលព្រះបានកំណត់រយៈពេល៧០អាទិត្យសម្រាប់សាសន៍អ៊ីស្រាអែល និងទីក្រុងបរិសុទ្ធរបស់ពួកគេ ព្រះក៏បានរៀបចំទីក្រុងបរិសុទ្ធនៅស្ថានសួគ៌ សម្រាប់យើងទាំងអស់គ្នា ដែលជឿលើទ្រង់ផងដែរ។
កណ្ឌគម្ពីររ៉ូមនិយាយថា «សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង»។ នៅពេលព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង អំពើរំលងទាំងអស់របស់យើងត្រូវបានលុបបំបាត់ អំពើបាបរបស់យើងបានបញ្ចប់ ហើយសេចក្តីសុចរិតដ៏អស់កល្បជានិច្ចត្រូវបានសម្តែងឲ្យឃើញ ហើយការជាក់ស្តែង និងទំនាយត្រូវបានបិទត្រា។ បទគម្ពីរពីកណ្ឌដានីយ៉ែលបញ្ចប់ដោយ «ចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង»។ តើនេះមានន័យយ៉ាងដូចម្តេច? «អ្នកដ៏បរិសុទ្ធបំផុត» សំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ដែលនឹងយាងមកផែនដីនេះ ដើម្បីទទួលការចាក់ប្រេងតាំង។
តើការទទួលការចាក់ប្រេងតាំង មានន័យយ៉ាងដូចម្តេច? ព្រះយេស៊ូវនឹងទទួលតួនាទីបីគឺ ស្តេច សម្តេចសង្ឃនៃនគរព្រះ និងហោរា។ ក្នុងនាមជាស្តេច សម្តេចសង្ឃ និងហោរារបស់យើង ព្រះយេស៊ូវនឹងបំពេញសម្រេចបំណងព្រះហឫទ័យព្រះ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ដូចដែលទេវតាដែលបានប្រាប់ដល់ហោរាដានីយ៉ែល បានទាយ ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ និងទទួលយកការជំនុំជម្រះជំនួសយើង ដោយការយាងមកផែនដីនេះ និងការទទួលបុណ្យជ្រមុជ។
«សេចក្តីជំនឿកើតឡើងដោយឮ។» ដូច្នេះ តើយើងអាចស្តាប់ឮ និងជឿតាមដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះនេះបានដោយរបៀបណា? ហើយតើយើងអាចជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់យើងដោយរបៀបណា? យើងអាចស្តាប់ឮ និងជឿតាមព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដែលហោរា និងអ្នកបម្រើរបស់ទ្រង់បាននិយាយ។ ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយថា សេចក្តីជំនឿកើតឡើងដោយឮ ហើយសេចក្តីជំនឿនេះកើតចេញពីការស្តាប់ឮព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ 
ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដូចជា ហោរាដានីយ៉ែល និងហោរាអេសាយ បានទាយអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ។ ជាក់ស្តែង ហោរាអេសាយបានទាយថា «ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត» ហើយ «ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ (អេសាយ ៥៣:៤, ៧)។ 
តើអ្នកណានៅក្នុងសម័យហោរាអេសាយនឹងជឿថា ព្រះយេស៊ូវគ្រីស្ទនឹងប្រសូតនៅក្នុងផែនដីនេះ តាមរយៈស្រីក្រមុំព្រហ្មចារីម្នាក់ គង់នៅសម្រាប់រយៈពេល៣៣ឆ្នាំ ទទួលបុណ្យជ្រមុជ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី? ប៉ុន្តែ ៧០០ឆ្នាំនៅមុនពេលព្រះយេស៊ូវយាងមក ហោរាអេសាយបានមើលឃើញ និងទាយថា គ្រប់ការទាំងនេះនឹងកើតឡើង។ គាត់បានធ្វើបន្ទាល់ពីការពិតថា ព្រះគ្រីស្ទនឹងទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយ និងអំពើបាបរបស់យើង។
ដូច្នេះហើយបានជានៅពេលសរសេរកណ្ឌគម្ពីររ៉ូម ជារឿយៗ សាវកប៉ុលប្រើព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បីពន្យល់ពីរបៀបដែលអ្នកបម្រើរបស់ព្រះបានធ្វើបន្ទាល់ពីរបៀប ដែលព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ដោយការយាងមកផែនដីនេះ ដោះអំពើបាបទាំងអស់របស់យើងចេញ និងការសង្រ្គោះយើង ដោយសេចក្តីសុចរិតរបស់ព្រះ។
 
 
ពីព្រោះគ្រប់គ្នាបានធ្វើបាប
 
រ៉ូម ៣:២៣-២៤ សរសេរប្រាប់យើងថា «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ ដោយសារយើងបានកើតមកនៅក្នុងបាប ហើយគ្រប់គ្នាបានធ្វើបាបទាស់ប្រឆាំងនឹងព្រះ យើងខ្វះមិនដល់សិរីល្អនៃព្រះ និងនគររបស់ ទ្រង់។ ប៉ុន្តែយើងបានរាប់ជាសុចរិត ដោយសារព្រះគុណដែលមិនគិតថ្លៃ តាមរយៈសេចក្តីប្រោសលោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ការរាប់ជាសុចរិតរបស់យើងគឺឥតគិតថ្លៃ និងមិនចាំបាច់បង់ថ្លៃទេ។ យើងមិនចាំបាច់សងថ្លៃឈ្នួលសម្រាប់អំពើបាបរបស់យើងទេ ពីព្រោះព្រះយេស៊ូវបានទទួលយកអំពើបាបទាំងនោះ និងបានសងថ្លៃឈ្នួលទាំងអស់ ដោយព្រះជន្មទ្រង់ផ្ទាល់នៅលើឈើឆ្កាងរួចហើយ ដើម្បីសង្រ្គោះយើងដែលនឹងស្តាប់ឮ និងជឿដល់ទ្រង់។ 
តើដោយសារសេចក្តីជំនឿលើសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់ មានន័យយ៉ាងដូចម្តេច? យើងចង់មានន័យថា សេចក្តីជំនឿលើ សេចក្តីសុចរិតរបស់ព្រះ។ ការជឿលើសេចក្តីសុចរិតរបស់ព្រះមិនពាក់ព័ន្ធអ្វីនឹងការប្រព្រឹត្តឡើយ ប៉ុន្តែគ្រប់យ៉ាងយើងធ្វើដោយចិត្តរបស់យើងវិញ។ យើងបានរាប់ជាសុចរិត ដោយការស្តាប់ឮ និងការជឿតាមព្រះបន្ទូលព្រះអម្ចាស់ ដោយចិត្តរបស់យើង។ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីធ្វើជាកូនចៀមនៃព្រះ ដែលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសុគតនៅលើឈើឆ្កាង។ ប៉ុន្តែនៅថ្ងៃទីបី ទ្រង់មានព្រះជន្មពីសុគតឡើងវិញ ហើយឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះវរបិតា។
ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់អង្គទ្រង់ បានសងថ្លៃសម្រាប់ទណ្ឌកម្មនៃអំពើបាបរបស់យើង ដោយព្រះជន្មរបស់ទ្រង់ និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីសេចក្តីស្លាប់របស់យើង។ យើងបានសង្រ្គោះ ដោយការជឿលើសេចក្តីពិតនេះ។ សេចក្តីសង្រ្គោះរបស់យើងចេញពីសេចក្តីជំនឿ ហើយសេចក្តីជំនឿរបស់យើងចេញពីការស្តាប់ឮព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ ហើយការស្តាប់ឮរបស់យើងចេញពីព្រះបន្ទូលរបស់ព្រះគ្រីស្ទ។
«សេចក្តីជំនឿកើតឡើងដោយឮ។» យើងជឿដោយចិត្តរបស់យើង។ បញ្ញារបស់យើងសម្រាប់ចំណេះដឹង ប៉ុន្តែរូបកាយរបស់យើងសម្រាប់ការប្រព្រឹត្ត ហើយយើងជឿនៅក្នុងចិត្តរបស់យើង។ ដូច្នេះ តើយើងគួរតែជឿអ្វីនៅក្នុងចិត្តរបស់យើង? ហើយដោយរបៀបណា? ដោយការស្តាប់ឮព្រះបន្ទូលព្រះ យើងអាចស្តាប់ឮដំណឹងល្អរបស់ទ្រង់ ហើយដោយការស្តាប់ឮដំណឹងល្អរបស់ទ្រង់ យើងអាចមានសេចក្តីជំនឿ ហើយដោយមាន ការសេចក្តីជំនឿ យើងអាចបានសង្រ្គោះ។ នៅពេលយើងជឿ យើងជឿ ដោយសារព្រះបន្ទូលព្រះ គឺយើងជឿតាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ដែលប្រកាសថា ព្រះគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។
ដើម្បីមានសេចក្តីជំនឿតាមព្រះបន្ទូលព្រះ យើងត្រូវមានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ សេចក្តីជំនឿដែលគ្មានការ ស្តាប់ឮព្រះបន្ទូលព្រះ គឺជាសេចក្តីជំនឿខុស និងឥតប្រយោជន៍។ ការអះអាងថា ព្រះសម្តែងអង្គទ្រង់ តាមរយៈសុបិន្ត និងអ្វីផ្សេងទៀត សុទ្ធតែជាការកុហកទាំងអស់។
យើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿតែមួយគត់។ ចូរយើងអាន រ៉ូម ៣:២៤-២៦ ម្តងទៀត។ «តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ អាម៉ែន។ ព្រះអម្ចាស់របស់យើងត្រូវបានតាំងទី សន្តោសប្រោសសម្រាប់អំពើបាបរបស់យើង។ ដោយសារតែអំពើបាបរបស់យើង យើងគឺជាខ្មាំងសត្រូវនឹងព្រះ ប៉ុន្តែព្រះយេស៊ូវបានស្តាទំនាក់ទំនងរបស់យើងជាមួយព្រះឡើងវិញ ដោយការធ្វើជាទីសន្តោសប្រោសសម្រាប់អំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ ការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។
នៅពាក់កណ្តាល រ៉ូម ៣:២៥-២៦ មានបទគម្ពីរថា «ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ បទគម្ពីរនេះប្រាប់យើងថា ព្រះបានរង់ចាំ ដោយសេចក្តីអត់ធ្មត់ អស់រយៈពេលជាយូរ និងថា ទ្រង់នឹងរង់ចាំ រហូតដល់ថ្ងៃជំនុំជម្រះ។ ព្រះមិនប្រកាន់ទោសចំពោះអំពើបាបរបស់អ្នកដែលជឿដល់ព្រះយេស៊ូវគ្រីស្ទ ដែលជាអ្នកដែលជឿលើសេចក្តីសង្រ្គោះរបស់ព្រះរាជបុត្រា ដែលបានធ្វើជាទីសន្តោសប្រោសនៅចំពោះព្រះ វរបិតា។ «ការដែលទ្រង់មិនប្រកាន់អំពើបាប» មានន័យថា ព្រះមិនបានប្រកាន់ទោសចំពោះអំពើបាបរបស់អ្នកដែលស្តាប់ឮ និងជឿតាមព្រះបន្ទូលព្រះ និងដំណឹងល្អរបស់ទ្រង់ គឺជាអ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ពីពេលមួយទៅពេលមួយ យើងអាចឃ្លីងឃ្លោងនៅក្នុងជីវិតរបស់យើងបាន ដោយសារតែភាពខ្សោយខាងសាច់ឈាម និងគំនិតរបស់យើង ប៉ុន្តែដរាបណាយើងមិនបដិសេធសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ព្រះនឹងមិនចាត់ទុកអំពើបាបទាំងនេះជាអំពើបាបឡើយ។ នៅក្នុងន័យផ្សេង ព្រះមិនទតមើលអំពើបាបរបស់អ្នកដែលបានសង្រ្គោះ ដោយការជឿលើទឹក និងព្រះលោហិតរបស់ព្រះនៅក្នុងចិត្តទេ ហើយទ្រង់ក៏មិនប្រកាន់ទោសចំពោះអំពើបាបទាំងនោះដែរ។
ដូច្នេះ ហេតុអ្វីព្រះមិនប្រកាន់ទោសចំពោះអំពើបាបរបស់យើង? ហើយតើទ្រង់អាចព្រងើយកន្តើយចំពោះអំពើបាបរបស់យើងបានយ៉ាងដូចម្តេច ខណៈដែលទ្រង់គឺជាព្រះដ៏បរិសុទ្ធ និងយុត្តិធម៌? ដោយព្រោះព្រះគ្រីស្ទបានយាងមកផែនដីនេះ ហើយទទួលបុណ្យជ្រមុជ គឺទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ដើម្បីឲ្យព្រះមិនប្រកាន់ទោសយើង។ តើអំពើបាបដែលយើងប្រព្រឹត្តពីមុន សំដៅលើបាបតាំងពីកំណើតតែប៉ុណ្ណោះឬ? ទេ ពីព្រោះនៅចំពោះព្រះដ៏អស់កល្បជានិច្ចរបស់យើង អំពើបាបទាំងអស់គឺជាអំពើបាបពីអតីតកាលទាំងអស់។ 
នៅក្នុងន័យនៃភាពអស់កល្បជានិច្ច ពេលវេលានៅក្នុងលោកិយនេះតែងតែជាអតីតកាល។ លោកិយនេះមានដើមដំបូង និងចុងបញ្ចប់របស់វា ប៉ុន្តែព្រះគឺអស់កល្បជានិច្ច។ ដូច្នេះ នៅពេលយើងប្រៀបធៀបពេលវេលារបស់ទ្រង់ ជាមួយនឹងពេលវេលានៅលោកិយរបស់យើង អំពើបាបទាំងអស់គឺជាអំពើបាបពីអតីតកាលទាំងអស់ នៅចំពោះទ្រង់។ «សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម។» ដូច្នេះហើយបានជាព្រះមិនទតមើលអំពើបាបរបស់យើង។ ប៉ុន្តែមិនដោយសារទ្រង់មិនមានព្រះនេត្រមើលអំពើបាបរបស់យើងទេ ប៉ុន្តែទ្រង់មិនប្រកាន់ទោសសម្រាប់អំពើបាបទាំងនោះទេ ពីព្រោះព្រះរាជបុត្រានៃទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើងរួចហើយ។ ដោយសារបុណ្យជ្រមុជ និងការសុគតរបស់ព្រះគ្រីស្ទបានលាងសម្អាតអំពើបាបរបស់យើងហើយ យើងពិតជាអាចឈរនៅចំពោះព្រះក្នុងនាមជាមនុស្សឥតបាបបាន។
តើព្រះអាចទតមើលអំពើបាបរបស់យើងបានយ៉ាងដូចម្តេច នៅពេលព្រះយេស៊ូវគ្រីស្ទ ដែលជាការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ព្រះ បានដោះអំពើបាបទាំងអស់ចេញពីយើងរួចហើយ? នេះគឺជារបៀបដែលព្រះសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់ ដោយការមិនប្រកាន់ទោសចំពោះអំពើបាបដែលយើងបានប្រព្រឹត្តពីមុន ដែលជាអំពើបាបដែលព្រះយេស៊ូវគ្រីស្ទបានសងថ្លៃឈ្នួលរួចអស់ហើយ។
សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះចេញពីព្រះបន្ទូលរបស់ព្រះគ្រីស្ទ ពីព្រោះព្រះបន្ទូលរបស់ព្រះគ្រីស្ទមានសេចក្តីសុចរិតរបស់ព្រះ។ ដោយការសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់ ព្រះបានសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់ និងសេចក្តីសុចរិតរបស់អ្នកដែលជឿលើព្រះយេស៊ូវ គ្រីស្ទ។ ព្រះបានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយយើងក៏ជឿនៅក្នុងចិត្តផងដែរថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ។ ដូច្នេះហើយបានជាយើងបានត្រឡប់ជាឥតបាប និងសុចរិត ពីព្រោះយើងបានពាក់សេចក្តីសុចរិតរបស់ព្រះគ្រីស្ទតែមួយ (កាឡាទី ៣:២៧)។ ដោយសារតែទាំងព្រះ និងយើងសុចរិត យើងទាំងអស់គ្នាគឺជាគ្រួសារតែមួយ ហើយអ្នក និងខ្ញុំគឺជាកូនរបស់ព្រះ។ តើអ្នកជឿតាមដំណឹងល្អនេះដែរទេ? 
តើនេះមានន័យថា យើងមានអ្វីដែលយើងអាចអួតបានឬ? មិនពិតទេ! តើយើងមានអ្វីត្រូវអួត នៅពេលការពិតថា យើងបានសង្រ្គោះ ដោយសារការស្តាប់ឮ និងការជឿតាមព្រះបន្ទូលរបស់ព្រះគ្រីស្ទតែប៉ុណ្ណោះ? តើយើងបានសង្រ្គោះ ដោយសារការប្រព្រឹត្តរបស់យើងឬ? តើយើងមានអ្វីត្រូវអួតទេ? គ្មានទេ! តើអ្នកបានសង្រ្គោះ ដោយសារអ្នកបានចូលរួមកម្មវិធីថ្វាយបង្គំពេលព្រឹកព្រលឹមនៅព្រះវិហារឬ? តើអ្នកបានសង្រ្គោះ ដោយសារអ្នកបានថ្វាយតង្វាយមួយភាគដប់ទៀងទាត់ឬ? ទេ។
ទាំងនេះគឺជាការប្រព្រឹត្ត ហើយសេចក្តីជំនឿដែលផ្អែកលើការប្រព្រឹត្ត ឬសេចក្តីជំនឿដែលបូកជាមួយការប្រព្រឹត្ត គឺជាសេចក្តីជំនឿខុសឆ្គង។ យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយសារការជឿលើ សេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្តរបស់យើងតែប៉ុណ្ណោះ។ សេចក្តីជំនឿចេញពីការស្តាប់ឮ ហើយសេចក្តីសង្រ្គោះចេញពីសេចក្តីជំនឿតាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ។
ការព្យាយាមទទួលបានការអត់ទោសអំពើបាប តាមរយៈការអធិស្ឋានលន់តួ បន្ទាប់ពីបានជឿដល់ព្រះយេស៊ូវហើយ ក៏ជាសេចក្តីជំនឿខុសឆ្គងមួយផងដែរ ពីព្រោះសេចក្តីជំនឿពិតចេញមកពីការជឿលើសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ មិនតាមរយៈការប្រព្រឹត្តតាមក្រិត្យវិន័យ ឡើយ។ ព្រះបានមានបន្ទូលថា «ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ» (រ៉ូម ៣:២៧-២៩)។
សម្រាប់សាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ សេចក្តីសង្រ្គោះកើតចេញពីការស្តាប់ឮ និងការជឿនៅក្នុងចិត្តថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះពួកគេ ដោយទឹក និងព្រះលោហិតរបស់ទ្រង់។ យើងបានសង្រ្គោះចេញពីបាបរបស់យើង នៅពេលយើងជឿលើសេចក្តីសុចរិតរបស់ព្រះ។ នៅពេលយើងជឿលើសេចក្តីសុចរិតនេះ ដែលជាព្រះយេស៊ូវគ្រីស្ទ យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ព្រះធ្វើជាព្រះវរបិតារបស់យើង ហើយយើងបានធ្វើជាកូនរបស់ទ្រង់។ នេះហើយគឺជាសេចក្តីសង្រ្គោះ ដោយសារសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ ដោយការស្តាប់ឮ និងការជឿតាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ សេចក្តីជំនឿរបស់យើងកើតឡើងពីការជឿលើសេចក្តីសុចរិតរបស់ព្រះ។
សេចក្តីសង្រ្គោះរបស់យើងចេញពីសេចក្តីជំនឿរបស់យើងតាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ ដូច្នេះ តើអ្នកជឿថា ព្រះគ្រីស្ទបានយាងមកផែនដីនេះ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នក ហើយតាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ក្នុងនាមជាទីសន្តោសប្រោសនៅចំពោះព្រះ និងថា ទ្រង់បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយគង់នៅខាងស្តាំព្រះវរបិតាដែរទេ? ហើយតើអ្នកពិតជាជឿលើសេចក្តីសង្រ្គោះនេះ និងការធួននឹងបាបរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរទេ?
មានមនុស្សជាច្រើន ដែលទូលសុំឲ្យព្រះលេចមកឯពួកគេនៅក្នុង សុបិន្ត ហើយពួកគេនិយាយថា ពួកគេនឹងជឿ បើសិនពួកគេអាចមើលឃើញទ្រង់ ដោយផ្ទាល់ភ្នែកម្តង។ អ្នកខ្លះអះអាងថា ពួកគេបានមើលឃើញព្រះយេស៊ូវនៅក្នុងសុបិន្តរបស់ពួកគេ ហើយទ្រង់បានប្រាប់ពួកគេឲ្យធ្វើការងារផ្សេងៗដូចជា សាងសង់អាគារព្រះវិហារមួយនៅទីនេះ សាលអធិស្ឋានមួយនៅទីនោះ...។ល។ ប៉ុន្តែជាទូទៅ ការអះអាងខុសនេះបោកបញ្ឆោតប្រាក់ពីមនុស្ស និងដឹកនាំពួកគេឲ្យវង្វេង។ មានរឿងគួរឲ្យសោកស្តាយជាច្រើន ដែលបានកើតឡើងនៅក្នុងពិភពគ្រីស្ទបរិស័ទ។ ដូច្នេះ អ្នកត្រូវតែដឹងថា កិច្ចការទាំងនេះមិនមែនជាព្រះរាជកិច្ចរបស់ព្រះអម្ចាស់របស់យើងទេ ប៉ុន្តែជាកិច្ចការរបស់អារក្សវិញ។
ប្រសិនបើនៅថ្ងៃណាមួយ អ្នកឃើញព្រះយេស៊ូវនៅក្នុងសុបិន្តរបស់អ្នក សូមកុំយកចិត្តទុកដាក់ចំពោះវាខ្លាំងពេក។ សុបិន្តគ្រាន់តែជាសុបិន្តប៉ុណ្ណោះ។ ព្រះយេស៊ូវមិនមែនជាព្រះដែលនឹងលេចមកឯអ្នកតាមរបៀបនេះឡើយ។ បើមិនដូច្នេះទេ យើងមិនចាំបាច់ត្រូវការព្រះគម្ពីរទេ។ បើសិនទ្រង់លេចមកចំពោះយើងសូម្បីតែម្តង យើងត្រូវតែបិទព្រះគម្ពីរចោលហើយ ពីព្រោះយើងលែងត្រូវការវាទៀតហើយ ហើយវានឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ព្រះគ្រីស្ទ។
ប្រសិនបើយើងជឿព្រះយេស៊ូវ ដោយគ្មានព្រះគម្ពីរ ទ្រង់នឹងលេចមកនៅចំពោះមនុស្សគ្រប់គ្នា។ ប៉ុន្តែយើងមិនចាំបាច់ធ្វើដូច្នេះទេ ពីព្រោះព្រះអម្ចាស់បានបំពេញសម្រេចគ្រប់ទាំងសេចក្តីតម្រូវនៃសេចក្តីសង្រ្គោះរួចហើយ។ ដូច្នេះហើយបានជាសេចក្តីជំនឿកើតចេញពីការស្តាប់ឮ និងការជឿតាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ ដូច្នេះ តើមនុស្សទាំងអស់បាន ស្តាប់ឮពីព្រះគ្រីស្ទហើយឬនៅ? ពួកគេអាចបានស្តាប់ឮពីព្រះនាមព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែពួកគេមិនបានស្តាប់ឮដំណឹងល្អពិតទេ។ ដូច្នេះហើយបានជាសាវកប៉ុលបានសួរថា «ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ» (រ៉ូម ១០:១៤)។
ដូច្នេះ យើងត្រូវតែប្រកាសដំណឹងល្អនេះ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ ប៉ុន្តែប្រកាសដោយអ្វី និងដោយរបៀបណា? យើងប្រកាសដំណឹងល្អ ដោយអ្វី និងដោយរបៀបណា មិនសំខាន់ទេ។ យើងគួរតែប្រើប្រាស់គ្រប់ទាំងមធ្យោបាយទាំងអស់សម្រាប់ការប្រកាសដំណឹងល្អរបស់យើង ទោះបីជាការប្រកាសផ្ទាល់មាត់ ឬការបោះពុម្ពផ្សាយក៏ ដោយ។ សេចក្តីជំនឿកើតចេញពីការស្តាប់ឮ ហើយការស្តាប់ឮកើតចេញពីព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ ការប្រកាសដំណឹងល្អ តាមរយៈការបោះពុម្ពផ្សាយ ក៏អាចដឹកនាំអ្នកអានទៅកាន់សេចក្តីជំនឿត្រឹមត្រូវបានផងដែរ។ ក្រៅពីមធ្យោបាយ អ្នកត្រូវតែចងចាំថា សេចក្តីជំនឿកើតចេញពីការស្តាប់ឮ ហើយការស្តាប់ឮកើតចេញពីការប្រកាសដំណឹងល្អ។
ប្រសិនបើអ្នកពិតជាមានសេចក្តីជំនឿតាមព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់អ្នកមែន អ្នកនឹងដឹងថា អ្នកគឺជាគ្រីស្ទបរិស័ទពិតប្រាកដម្នាក់ហើយ។ ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកដឹងពីការពិតនេះថា អ្នកបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នកហើយ។ ហើយខ្ញុំក៏សង្ឃឹម និងអធិស្ឋានផងដែរថា អ្នកនឹងប្រកាន់ខ្ជាប់នឹងព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណនេះ។ ដូច្នេះ ចូរយើងធ្វើការសន្និដ្ឋានការពិភាក្សារបស់យើង ដោយការអាន រ៉ូម ១០:១៧ ជាមួយគ្នា។
«ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ។» អាម៉ែន។ អ្នកដែលជឿនៅក្នុងចិត្ត ដោយការស្តាប់ឮព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ គឺជាអ្នកដែលមានសេចក្តីជំនឿត្រឹមត្រូវ។ ដូច្នេះ តើអ្នកមានសេចក្តីជំនឿត្រឹមត្រូវនេះទេ? ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងហើយ។
យើងពិតជាមានអំណរ និងអរព្រះគុណ ដែលព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ! បើសិនគ្មានដំណឹងល្អទេ មនុស្សតែងតែបាក់ទឹកចិត្តជានិច្ច ប៉ុន្តែដោយសារការស្តាប់ឮថា ព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ចិត្តរបស់យើងអាចបានពេញដោយអំណរ ហើយសេចក្តីជំនឿរបស់យើងចាប់ផ្តើមរីកចម្រើន។
ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការសង្រ្គោះយើង។