Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 3-3] សំបុត្រទៅកាន់ពួកជំនុំក្រុងភីឡាដិលភា (វិវរណៈ ៣:៧-១៣)

សំបុត្រទៅកាន់ពួកជំនុំក្រុងភីឡាដិលភា
(វិវរណៈ ៣:៧-១៣)
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដ ដែលទ្រង់កាន់កូនសោរបស់ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះអួតខ្លួនថាជាសាសន៍ យូដា តែមិនមែនទេ គឺគេកុហកវិញ មើលអញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ឯងផង ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្តីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ និងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនិងកត់ឈ្មោះថ្មីរបស់អញដែរ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។»
 

ការកាត់ស្រាយ

ខ.៧៖ «ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដ ដែលទ្រង់កាន់កូនសោរបស់ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា។» 
ព្រះអម្ចាស់សោយរាជ្យលើនគរស្ថានសួគ៌ ក្នុងនាមជាព្រះមហាក្សត្រនៃគ្រប់ទាំងអស់។ ទ្រង់គឺជាព្រះ ដែលមានអំណាចព្រះចេស្តាដាច់ខាត។ អ្វីដែលទ្រង់បើក គ្មានអ្នកណាអាចបិទបានឡើយ ហើយអ្វីដែលទ្រង់បិទ គ្មានអ្នកណាអាចបើកបានឡើយ។ ព្រះអម្ចាស់គឺជាព្រះដ៏គ្រប់លក្ខណ៍ ដែលបានយាងមកផែនដីនេះ និងបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់ពួកគេ ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មានតែកូនសោរនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យប៉ុណ្ណោះ ដែលអាចបើកទ្វារស្ថានសួគ៌បាន គឺគ្មានអ្វីផ្សេងអាចបើកទ្វារស្ថានសួគ៌បានឡើយ ពីព្រោះគ្រប់យ៉ាងនៅក្នុងនគរនេះ សុទ្ធតែពឹងផ្អែកលើព្រះអម្ចាស់ទាំងអស់។

ខ.៨៖ «អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ។» 
ព្រះអម្ចាស់បានបើកទ្វារនៃការផ្សាយដំណឹងល្អ តាមរយៈពួកជំនុំនៃព្រះ។ ដូច្នេះ គ្មានអ្នកណាម្នាក់អាចបិទទ្វារ ដោយមិនមានការអនុញ្ញាតពីទ្រង់បានឡើយ។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែប្រកាន់ខ្ជាប់តាមសេចក្តីជំនឿដើមរបស់ខ្លួន រហូតដល់ទីបញ្ចប់ នៅពេលព្រះអម្ចាស់យាងត្រឡប់មក វិញ។ នេះគឺជាសេចក្តីជំនឿ ដែលអ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ត្រូវតែមាន។ សេចក្តីជំនឿរបស់ពួកគេមិនត្រូវធំនៅពេលចាប់ផ្តើម ហើយស្លាប់នៅទីបញ្ចប់នោះឡើយ។ ពួកគេត្រូវតែប្រកាន់ខ្ជាប់តាម សេចក្តីជំនឿដើម និងមិនប្រែប្រួល ដែលព្រះអម្ចាស់ប្រទានឲ្យពួកគេ។ 
សេចក្តីជំនឿរបស់ពួកបរិសុទ្ធ គឺជាសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជឿលើការពិតថា នគរព្រះអម្ចាស់នឹងមកដល់ទាំងនៅលើផែនដីនេះ និងផ្ទៃមេឃថ្មី និងផែនដីថ្មីផង និងថា យើងទាំងអស់គ្នានឹងរស់នៅក្នុងនគរនេះ ជារៀងរហូតតទៅ។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែប្រកាន់ខ្ជាប់តាមសេចក្តីជំនឿនេះ រហូតដល់ថ្ងៃដែលពួកគេនឹងជួបជាមួយព្រះអម្ចាស់ដែលនឹងយាងមក។ 
អ្នកបម្រើ និងពួកជំនុំក្រុងភីឡាដិលភា មានកម្លាំងតែបន្តិចបន្តួចប៉ុណ្ណោះ ហើយក៏មានកំហុសជាច្រើនដែរ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ពួកគេបានរក្សាព្រះបន្ទូល និងមិនបដិសេធព្រះនាមព្រះអម្ចាស់ឡើយ។ 

ខ.៩៖ «មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេ គឺគេកុហកវិញ មើលអញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ឯងផង។» 
ព្រះបានមានបន្ទូលថា ទ្រង់នឹងធ្វើឲ្យអ្នកជឿក្លែងក្លាយលុតជង្គង់ ដើម្បីឲ្យពួកគេនឹងដឹងថា ព្រះពិតជាបានស្រឡាញ់ពួកជំនុំក្រុងភីឡាដិល ភា ដែលជាពួកជំនុំរបស់ទ្រង់ខ្លាំងយ៉ាងណា។
«ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេ» សំដៅទៅលើពួកយូដាដែលបានគិតថា ខ្លួនកំពុងតែថ្វាយសិរីល្អដល់ព្រះ ដោយសេចក្តីជំនឿ។ ប៉ុន្តែតាមការពិត ពួកគេជាច្រើនមិនបានធ្វើដូច្នេះឡើយ។ ផ្ទុយទៅវិញ ពួកគេបានធ្វើជាអ្នកបម្រើរបស់សាតាំង និងរារាំងដល់ពួកជំនុំនៃព្រះ និងពួកបរិសុទ្ធទៅវិញ។ 
នៅសព្វថ្ងៃនេះ ក៏ដូចជាពីមុនដែរ យើងត្រូវដឹងថា មនុស្សជាច្រើនដែលហៅព្រះនាមព្រះយេស៊ូវ និងថ្វាយបង្គំទ្រង់ ក៏បានក្លាយជាអ្នកបម្រើរបស់សាតាំងផងដែរ ដោយសាតាំងប្រើពួកគេជាឧបករណ៍របស់វា។ ព្រះបានបង្ហាញសេចក្តីស្រឡាញ់ជាពិសេស ដល់អ្នកបម្រើនៅក្នុងពួកជំនុំក្រុង ភីឡាដិលភា ដែលទ្រង់ស្រឡាញ់ និងប្រើជាភាជន៍នៃសិរីល្អរបស់ទ្រង់។ 

ខ.១០៖ «ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន។» 
ជាក់ស្តែង ព្រះអម្ចាស់បានសរសើរអ្នកបម្រើពួកជំនុំក្រុងភីឡាដិលភា សម្រាប់ការរក្សាតាមសេចក្តីបង្គាប់របស់ទ្រង់ពីសេចក្តីអត់ធ្មត់។ តាមការពិត បើសិនមិនមានសេចក្តីអត់ធ្មត់បែបនេះទេ យើងមិនអាចរង់ចាំការបំពេញសម្រេចនៃព្រះបន្ទូលសន្យាទាំងអស់របស់ព្រះបានឡើយ។ ដូច្នេះ ដើម្បីរក្សាតាមសេចក្តីបង្គាប់របស់ទ្រង់ពីសេចក្តីអត់ធ្មត់ យើងត្រូវតែមានសេចក្តីជំនឿដាច់ខាតតាមព្រះបន្ទូលព្រះ។ សម្រាប់សេចក្តីអត់ធ្មត់របស់ពួកជំនុំក្រុងភីឡាដិលភាព ព្រះអម្ចាស់បានប្រទានរង្វាន់ពិសេសមួយដល់ពួកគេ។ រង្វាន់ពិសេសនេះគឺជាការរក្សាពួកជំនុំក្រុងភីឡាដិលភាឲ្យរួចពីវេលាល្បងល។ វេលាល្បងលនៅទីនេះ សំដៅទៅលើសេចក្តីបៀតបៀនរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ។ 

ខ.១១៖ «មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្តីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ»។
ដោយសារការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ជិតមកដល់ហើយ ពួកបរិសុទ្ធត្រូវតែថែរក្សា និងការពារសេចក្តីជំនឿរបស់ខ្លួនតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយពួកគេក៏ត្រូវតែជឿ និងរង់ចាំដោយសេចក្តីសង្ឃឹម សម្រាប់ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះអម្ចាស់បានសន្យា។ អ្នកបម្រើរបស់ព្រះត្រូវតែនៅជាមួយពួកបរិសុទ្ធ ហើយថែរក្សា និងការពារពួកគេកុំឲ្យបាត់បង់សេចក្តីជំនឿរបស់ពួកគេ ដើម្បីកុំឲ្យរង្វាន់ពួកគេត្រូវបានគេលួច។

ខ.១២៖ «អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ និងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនិងកត់ឈ្មោះថ្មីរបស់អញដែរ។» 
អ្នកដែលយកឈ្នះសាតាំង នឹងបានធ្វើជាសសរទ្រូងនៃទុក្ករកម្ម។ ឈ្មោះរបស់ពួកគេក៏នឹងត្រូវបានកត់ទុកនៅក្នុងព្រះវិហារបរិសុទ្ធនៅក្នុងនគរព្រះផងដែរ។ សូម្បីតែឥឡូវនេះ ក៏ព្រះកំពុងតែប្រើពួកគេជាអ្នកធ្វើការដ៏អស្ចារ្យសម្រាប់ពួកជំនុំនៃព្រះដែរ ហើយពួកគេនឹងបន្តធ្វើជាប្រដាប់ប្រដារបស់ព្រះអម្ចាស់ជានិច្ច។ 

ខ.១៣៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។»
អ្នកដែលមានត្រចៀកស្តាប់ព្រះបន្ទូលព្រះ គឺជាអ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធរបស់ទ្រង់។ ពួកគេស្តាប់ពីអ្វីដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ពួកគេ តាមរយៈពួកជំនុំនៃព្រះ។ ដូច្នេះ អ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ ត្រូវតែរក្សាខ្លួននៅក្នុងពួកជំនុំ ដែលព្រះបានប្រទានឲ្យពួកគេ ហើយពួកគេត្រូវតែថែរក្សា និងការពារពួកជំនុំនេះ។