Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 3-6] សេចក្តីជំនឿត្រឹមត្រូវសម្រាប់ជីវិតនៃ ភាពជាសិស្ស (វិវរណៈ ៣:១៤-២២)

សេចក្តីជំនឿត្រឹមត្រូវសម្រាប់ជីវិតនៃ ភាពជាសិស្ស
(វិវរណៈ ៣:១៤-២២)

សេចក្តីជំនឿរបស់ពួកជំនុំក្រុងឡៅឌីសេ គឺជាសេចក្តីជំនឿមួយ ដែលសមនឹងព្រះអម្ចាស់ខ្ជាក់ចេញពីមាត់របស់ទ្រង់។ ដូច្នេះ ព្រះអម្ចាស់បានទូន្មានពួកគេឲ្យទិញមាសដែលសម្រងក្នុងភ្លើងពីទ្រង់ ដើម្បីឲ្យពួកគេបានធ្វើជាអ្នកមានពិតប្រាកដ នៅក្នុងសេចក្តីជំនឿរបស់ពួកគេ។ ពួកបរិសុទ្ធនៅសម័យនេះ ក៏មានសេចក្តីជំនឿដែលមិនក្តៅមិនត្រជាក់នេះផងដែរ។ ដោយសារពួកគេបានទទួលសេចក្តីជំនឿរបស់ពួកគេ ដោយឥតគិតថ្លៃ ពួកគេមិនបានដឹងថា សេចក្តីជំនឿរបស់ពួកគេមានតម្លៃពិសេសយ៉ាងណានោះឡើយ។ ដូច្នេះ ព្រះបានមានបន្ទូលបន្ទោស និងទូន្មានដល់មនុស្សសុចរិត ឲ្យពួកគេមានសេចក្តីជំនឿដែលដូចជាមាសសម្រងនៅក្នុងភ្លើង។ ចេញពីបទគម្ពីរនេះ យើងក៏អាចមើលឃើញផងដែរថា ព្រះអម្ចាស់ចង់ឲ្យពួកជំនុំទាំង៧ នៅស្រុកអាស៊ី មានសេចក្តីជំនឿដូចគ្នាតែមួយ។ ព្រះអម្ចាស់បានបង្គាប់ឲ្យអស់អ្នកដែលមានត្រចៀក ស្តាប់អ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកជំនុំរបស់ទ្រង់។ 
ចាប់ពី ៣:១៧ តទៅ យើងមើលឃើញថា ពួកជំនុំក្រុងឡៅឌីសេបានជាប់យ៉ាងជ្រៅនៅក្នុងការបញ្ឆោតខ្លួនឯង ដែលគិតថា សេចក្តីបរិបូរខាងទ្រព្យសម្បត្តិរបស់ខ្លួនគឺជាព្រះពរខាងវិញ្ញាណរបស់ព្រះ និងថា ពួកគេមានទ្រព្យសម្បត្តិ ដោយសារតែសេចក្តីជំនឿរបស់ពួកគេ។ ប៉ុន្តែព្រះបានចង្អុលបង្ហាញពីសេចក្តីវេទនា និងភាពខ្សត់ខាងវិញ្ញាណរបស់ពួកជំនុំនេះដល់ពួកគេដែលយល់ខុស។ 
ពួកជំនុំក្រុងឡៅឌីសេហាក់ដូចជាអ្នកមានខាងសេចក្តីជំនឿ ប៉ុន្តែតាមការពិត ពួកគេគឺជាពួកជំនុំក្រីក្រ និងឥតមានសេចក្តីជំនឿទេ។ សេចក្តីជំនឿរបស់ពួកគេគឺមិនក្តៅមិនត្រជាក់ ពេញដោយភាពល្ងង់ខ្លៅខាងវិញ្ញាណ និងស្រឡាញ់លោកិយជាងព្រះយេស៊ូវ។
វិវរណៈ ៣:១៤-២២ និយាយអំពីជីវិតនៃភាពជាសិស្ស។ ពួកសិស្សពិតប្រាកដរបស់ព្រះយេស៊ូវគឺជាអ្នកដែលស្តាប់ និងដើរតាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ អស់អ្នកដែលបានកើតជាថ្មី ដោយការជឿដល់ព្រះយេស៊ូវគ្រីស្ទ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបានធ្វើជាសិស្សរបស់ទ្រង់។ ហើយព្រះអម្ចាស់ចង់ឲ្យយើងទាំងអស់គ្នារស់នៅក្នុងជីវិតនៃភាពជាសិស្ស។ ដូច្នេះ យើងត្រូវតែដឹងថា ទ្រង់ពិតជាបានប្រទានជីវិតនៃភាពជាសិស្សនេះដល់យើងហើយ។
នៅក្នុងបទគម្ពីរនេះ ព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងខ្ជាក់ពួកបរិសុទ្ធដែលមិនមានជីវិតនៃភាពជាសិស្សចេញពីមាត់របស់ទ្រង់។ ខ.១៥-១៦ សរសេរថា «អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ»។ បើសិនអ្នកដែលបានសង្រ្គោះហើយ មិនក្តៅមិនត្រជាក់ នៅចំពោះព្រះអម្ចាស់ នេះបង្ហាញពីភាពខ្សត់ខាងវិញ្ញាណរបស់ពួកគេហើយ។ ហើយពួកគេក៏មិនយល់ពីជីវិតនៃភាពជាសិស្សដែរ។ យើងបានប្រោសលោះចេញពីអំពើបាបរបស់យើង ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះហើយគឺជាសេចក្តីសង្រ្គោះរបស់យើង។
ដូច្នេះ បន្ទាប់ពីយើងបានសង្រ្គោះ និងបានកើតជាថ្មីហើយ តើព្រះ អម្ចាស់ប្រទានអ្វីដល់យើង? ទ្រង់ប្រទានជីវិតមួយ ដែលចង់បានដូចជាព្រះអម្ចាស់ ដើរតាម និងស្តាប់តាមព្រះបន្ទូល និងសេចក្តីបង្គាប់របស់ ទ្រង់។ នេះហើយគឺជាជីវិតនៃភាពជាសិស្ស។ ដូច្នេះ ព្រះបានបន្ទោសពួកជំនុំក្រុងឡៅឌីសេ ដោយមានបន្ទូលថា ពួកគេ «មិនក្តៅមិនត្រជាក់» ដើម្បីធ្វើឲ្យពួកគេមានជីវិតនៃភាពជាសិស្សនេះ។
សេចក្តីជំនឿដែលមិនក្តៅមិនត្រជាក់ គឺជាសេចក្តីជំនឿរបស់ពួកជំនុំក្រុងឡៅឌីសេ។ ដូច្នេះ តើសេចក្តីជំនឿបែបណាដែលជាមិនក្តៅមិនត្រជាក់ ដែលផ្តល់ភាពសុខស្រួលដល់មនុស្ស? វាគឺជាសេចក្តីជំនឿនៅទាំងសងខាង ដូចជាការមាននំខេក និងបរិភោគវាដែរ។ វាគឺជាសេចក្តីជំនឿដែលមិនមានជីវិតនៃភាពជាសិស្ស។ អ្នកដែលមានសេចក្តីជំនឿដែលមិនក្តៅមិនត្រជាក់ គឺជាអ្នកដែលមិនដើរតាមបំណងព្រះហឫទ័យព្រះយេស៊ូវ ទោះបើពួកគេបានសង្រ្គោះហើយក៏ដោយ។ ពួកគេហាក់ដូចជាកំពុងតែដើរតាមព្រះយេស៊ូវ ប៉ុន្តែតាមការពិត ពួកគេមិនធ្វើដូច្នេះទេ។ នៅក្នុងន័យផ្សេង សេចក្តីជំនឿរបស់អ្នកដែលឈរនៅរបងទាំងសងខាង គឺជាសេចក្តីជំនឿដែលមិនក្តៅមិនត្រជាក់។ 
លោកិយនេះអាចចាត់ទុកសេចក្តីជំនឿបែបនេះជាសេចក្តីជំនឿមានប្រាជ្ញា ប៉ុន្តែវាគឺជាសេចក្តីជំនឿ ដែលព្រះអម្ចាស់ខ្ជាក់ចេញពីមាត់របស់ ទ្រង់ទេ។ អ្វីដែលមិនក្តៅមិនត្រជាក់ ធ្វើឲ្យព្រះអម្ចាស់ខ្ជាក់ចេញពីមាត់របស់ទ្រង់។ អ្នកគួរតែយល់យ៉ាងច្បាស់លាស់ថា សេចក្តីជំនឿដែលមិនក្តៅមិនត្រជាក់នេះ មានលក្ខណៈយ៉ាងដូចម្តេច។ អ្នកដែលមានសេចក្តីជំនឿបែបនេះ មិនរួបរួមជាមួយ និងដាច់ចេញពីការងារពួកជំនុំនៃព្រះ។ សម្រាប់ជីវិតនៃសេចក្តីជំនឿរបស់ពួកគេ បើសិនកាត់ពិន្ទុ៦០ ពួកគេសម្របសម្រួលខ្លួនពួកគេមកត្រឹមពិន្ទុ៦០គត់ គឺមិនលើស និងមិនខ្វះ។ 
អ្នកដែលមានជីវិតនៃសេចក្តីជំនឿដូច្នេះ គឺខ្សត់ខាងវិញ្ញាណហើយ។ ខ.១៧-១៨ និយាយថា «ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ បានជាអញ ទូន្មានឲ្យឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ»។ 
អ្នកដែលសេចក្តីជំនឿដែលមិនក្តៅមិនត្រជាក់ ចាត់ទុកសេចក្តីចម្រុងចម្រើនខាងលោកិយនេះជាសេចក្តីបរិបូរខាងវិញ្ញាណរបស់ពួកគេវិញ។ ទោះបីជាពួកគេមានអារម្មណ៍ថា ពួកគេពិតជាវេទនា នឿយហត់ និងក្រខ្សត់ក៏ដោយ ក៏ពួកគេមិនបានដឹងពីសភាពរបស់ខ្លួនយ៉ាងច្បាស់លាស់ដែរ គឺពួកគេមិនស្គាល់ពីខ្លួនឯងឡើយ។ ពួកគេគិតថា «ខ្ញុំមិនអីទេ ដែលរស់នៅតាមរបៀបនេះ ពីព្រោះខ្ញុំបានសង្រ្គោះហើយ» និងរស់នៅតាមខ្នាតគំរូផ្ទាល់ខ្លួន។ ពួកគេស្មោះត្រង់ចំពោះលោកិយនេះ ប៉ុន្តែមិនស្មោះត្រង់ចំពោះពួកជំនុំនៃព្រះឡើយ។ ហើយសេចក្តីជំនឿរបស់ពួកគេគឺមិនក្តៅមិនត្រជាក់។ ដូច្នេះហើយបានជាព្រះមានបន្ទូលថា ទ្រង់ខ្ជាក់ពួកគេចេញពីមាត់របស់ទ្រង់។ 
ពួកគេមកពួកជំនុំ គ្រាន់តែឲ្យរួចតែខ្លួន។ ពួកគេអង្គុយនៅក្នុងកម្មវិធីថ្វាយបង្គំ ហើយចាកចេញទៅវិញ កាលណាកម្មវិធីបញ្ចប់ភ្លាម។ ហើយពួកគេមិនដែលចូលរួមក្នុងការងារស្ម័គ្រសម្រាប់ពួកជំនុំទេ ហើយបើសិនពួកគេចូលរួម ពួកគេចូលរួមនៅក្នុងចំណែកដ៏តូចបំផុត។ ពួកគេធ្វើ ប៉ុន្តែមិនធ្វើ ហើយពួកគេមិនធ្វើ ប៉ុន្តែពួកគេធ្វើ។ ពួកគេគឺជាអ្នកដែលខ្សត់ខាងវិញ្ញាណ។ 
សម្រាប់មនុស្សបែបនេះ ព្រះអម្ចាស់មានការទូន្មានថា «អញទូន្មានឲ្យឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ»។ ទ្រង់បានប្រាប់ពួកគេឲ្យទិញមាសសម្រងក្នុងភ្លើង ដើម្បីឲ្យពួកគេបានធ្វើជាអ្នកមានពិតប្រាកដ។ 
ប្រសិនបើអ្នកពិតជាចង់ដើរតាមព្រះអម្ចាស់មែន ហើយបើសិនអ្នកពិតជាចង់ឲ្យទ្រង់សរសើរសេចក្តីជំនឿរបស់អ្នកមែន អ្នកត្រូវតែរៀនពី សេចក្តីជំនឿរបស់អ្នក។ ដូច្នេះ តើអ្នកអាចរៀនពីសេចក្តីជំនឿរបស់អ្នកបានដោយរបៀបណា? អ្នកត្រូវតែរៀនពីវា ដោយការលះបង់ និងការជឿតាមព្រះបន្ទូល។ បទគម្ពីរប្រាប់យើងឲ្យទិញមាសម្រងក្នុងភ្លើង។ នេះមានន័យថា មានទុក្ខលំបាក និងសេចក្តីវេទនាជាច្រើនសម្រាប់យើង នៅពេលយើងដើរតាមព្រះបន្ទូលព្រះ។ ប៉ុន្តែយើងអាចយកឈ្នះលើទុក្ខលំបាក និងសេចក្តីវេទនាទាំងនោះបាន ដោយការជឿ និងដើរតាមព្រះបន្ទូលព្រះ។ ដោយធ្វើដូច្នោះ ចិត្តរបស់យើងត្រូវបានបន្សុទ្ធ ហើយនាំឲ្យយើងមាន សេចក្តីជំនឿដែលទទួលស្គាល់ព្រះបន្ទូលព្រះជាសេចក្តីពិត និងជឿតាមដោយអស់ពីចិត្ត។ នេះហើយគឺជាសេចក្តីជំនឿ ដែលដូចជាមាសសុទ្ធ។ 
ដូច្នេះ ដើម្បីទទួលបានសេចក្តីជំនឿត្រឹមត្រូវ យើងត្រូវតែធ្វើការលះបង់ ពីព្រោះបើសិនមិនមានការលះបង់ទេ យើងមិនអាចរៀនពីសេចក្តីជំនឿបានឡើយ។ នៅក្នុងន័យផ្សេង យើងមិនអាចរៀនពីសេចក្តីជំនឿ ដោយមិនឆ្លងកាត់ទុក្ខលំបាកបានឡើយ។ បើសិនយើងពិតជាចង់ធ្វើជា រាស្ត្រនៃសេចក្តីជំនឿ មានជីវិតនៃភាពជាសិស្ស និងទទួលព្រះពរសម្រាប់សេចក្តីជំនឿមែន យើងត្រូវតែមានការលះបង់។ បើសិនមិនមានការលះបង់ទេ យើងមិនអាចទទួលបានព្រះពរទាំងនេះបានឡើយ។ 
តើអ្នកណាមានសេចក្តីខ្លាំងពីដើមដំបូង? គ្មានអ្នកណាម្នាក់ឡើយ ពីព្រោះមនុស្សមិនស្គាល់ពីសេចក្តីជំនឿ ដែលពួកជំនុំបង្រៀនពួកគេអំពីព្រះបន្ទូល និងដឹកនាំពួកគេដោយព្រះបន្ទូល។ យើងត្រូវតែស្តាប់តាមអ្វីដែលពួកជំនុំដឹកនាំយើង និងដើរតាមការដឹកនាំ ដោយសេចក្តីជំនឿ។ ប៉ុន្តែការធ្វើដូច្នេះពិតជាមានការលំបាក គឺត្រូវមានសេចក្តីអត់ធ្មត់។ ដូច្នេះហើយបានជាដើម្បីធ្វើជាមនុស្សនៃសេចក្តីជំនឿ ដោយការទទួលបានការដឹកនាំពីព្រះបន្ទូល សេចក្តីប្រកប និងការបង្រៀន យើងត្រូវមានការលះ បង់។ ប៉ុន្តែដោយសារមនុស្សទាំងនេះមិនចង់លះបង់ ទោះបើពួកគេចង់រៀនពីជំនឿក៏ដោយ ពួកគេមិនអាចមានជំនឿត្រឹមត្រូវបានទេ។ ដូច្នេះហើយបានជាព្រះអម្ចាស់ប្រាប់យើង ឲ្យទិញមាសសម្រងនៅក្នុងភ្លើងពីទ្រង់ ដើម្បីឲ្យយើងបានធ្វើជាអ្នកមានខាងសេចក្តីជំនឿពិតប្រាកដ។
អ្នកអាចយល់ពីព្រះបន្ទូលនេះបាន លុះត្រាតែអ្នករៀនពីសេចក្តីជំនឿរបស់ពួកបរិសុទ្ធដែលបានដើរមុន និងដើរតាមជីវិតរបស់ពួកគេ។ បើសិនអ្នកគ្រាន់តែស្តាប់ឮព្រះបន្ទូលជាទ្រឹស្តី និងមិនដើរតាមសេចក្តីបង្គាប់នៃព្រះបន្ទូល ហើយបើសិនអ្នកចូលរួមប្រកាសដំណឹងល្អ ការអធិស្ឋាន ឬការជួបជុំ ប៉ុន្តែមិនអនុវត្តការទាំងនោះ អ្នកមិនអាចរៀនពីសេចក្តីជំនឿបាន ឡើយ។ អ្នកមានសេចក្តីជំនឿបន្តិចបន្តួច ហើយអ្នកចាត់ទុកសេចក្តីជំនឿរបស់អ្នកជាសេចក្តីជំនឿត្រឹមត្រូវ តាមរយៈខ្នាតគំរូខាងលោកិយ។ អ្នកគិតថា «ខ្ញុំបានសង្រ្គោះហើយ ខ្ញុំមានប្រាក់ ហើយខ្ញុំមិនមានបញ្ហាអ្វីទេ បើតាមខ្នាតគំរូខាងលោកិយនេះ។ ដូច្នេះ ខ្ញុំត្រូវតែល្អប្រសើរជាអ្នកដទៃ។ បាទ ខ្ញុំពិតជាល្អប្រសើរជាងមនុស្សទាំងនេះមែន»។ 
ប្រសិនបើអ្នកពិតជាចង់រៀនពីសេចក្តីជំនឿត្រឹមត្រូវ ដែលដូចជាមាសសុទ្ធមែន អ្នកត្រូវតែលះបង់។ តើការស្តាប់តាម និងការដើរតាមមានភាពងាយស្រួលឬ? វាតម្រូវឲ្យមានការលះបង់។ តើការលះបង់មានភាពងាយស្រួលឬ? ពិតជាមិនងាយស្រួលឡើយ។ ប៉ុន្តែបើសិនអ្នកមិនចង់ឲ្យព្រះអម្ចាស់ខ្ជាក់អ្នកចេញពីមាត់របស់ទ្រង់ អ្នកត្រូវតែស្តាប់បង្គាប់ ដោយការលះបង់។ 
ប៉ុន្តែអ្នកដែលខ្សត់ខាងវិញ្ញាណ និងមិនបានរៀនពីសេចក្តីជំនឿ មិនដែលចង់លះបង់ឡើយ។ ដើម្បីស្តាប់បង្គាប់បាន យើងត្រូវតែបោះបង់គំនិតរបស់យើងចោលជាមុនសិន។ ហើយបើសិនមិនអាចធ្វើដូច្នេះបានទេ ចិត្តរបស់ពួកគេនឹងបន្តស្ថិតនៅក្នុងសេចក្តីវេទនាខាងវិញ្ញាណជានិច្ច។ ហើយបើសិនមិនដឹងពីកង្វះសេចក្តីជំនឿរបស់ខ្លួនទេ ពួកគេនឹងបន្ទោសពួកបរិសុទ្ធដែលបានដើរនៅក្នុងសេចក្តីជំនឿមុនពួកគេ។ ដូច្នេះ អ្នកត្រូវតែរៀនពីសេចក្តីជំនឿ។ នៅពេលអ្នកចូលទៅក្នុងការតយុទ្ធខាងវិញ្ញាណ និងតយុទ្ធនៅខាងព្រះ សេចក្តីជំនឿរបស់អ្នកនឹងត្រូវបានសម្រង ហើយអ្នកដឹងថា អ្នកត្រូវតែលះបង់ ដើម្បីមានជីវិតនៃជ័យជំនះខាងវិញ្ញាណ។ អ្នកអាចស្គាល់សេចក្តីជំនឿនេះបាន លុះត្រាតែអ្នកពិតជាមានបទពិសោធន៍ជាមួយវា។
ព្រះបានបន្ទោសអ្នកបម្រើនៅពួកជំនុំក្រុងឡៅឌីសេថា «ឯងមិនដឹងថា អ្នកក្រខ្សត់ និងអាក្រាតឡើយ។ ឯងបានសង្រ្គោះហើយ ប៉ុន្តែសេចក្តីជំនឿរបស់ឯងមិនក្តៅមិនត្រជាក់ គឺមិនក្តៅ ហើយក៏មិនត្រជាក់ដែរ។ អ្វីដែលឯងមាន គឺជាសេចក្តីសង្រ្គោះរបស់ឯង ដែលឯងបានទាសចេញ ឆ្ងាយ។ ក្រៅពីនេះ ឯងគ្នាអ្វីទៀតឡើយ»។ 
តើអ្នកបម្រើរបស់ព្រះ ឬអ្នកដើរខាងវិញ្ញាណមុនជាង បានធ្វើជាអ្នកដើរក្នុងសេចក្តីជំនឿមុនយើង ដោយសារពួកគេបានរស់នៅក្នុងសម័យមុន ដោយមិនមានជីវិតនៃភាពជាសិស្សឬ? ពិតជាមិនដូច្នេះឡើយ! ពួកគេបានឆ្លងកាត់គ្រប់ទាំងទុក្ខលំបាកទាំងអស់ ទាំងនៅក្នុងអំណរ និងទុក្ខលំបាក សម្រាប់ព្រះអម្ចាស់។ ព្រះដឹកនាំអ្នក ដោយអនុញ្ញាតឲ្យអ្នកដើរមុនអ្នកឆ្លងកាត់ទុក្ខលំបាកទាំងអស់ ដែលអ្នកក៏នឹងត្រូវឆ្លងកាត់ផងដែរ។ ដូច្នេះ អ្នកត្រូវតែជឿលើការពិតថា ព្រះបង្រៀន និងដឹកនាំអ្នក តាមរយៈអស់អ្នកដែលបានដើរតាមផ្លូវនៃសេចក្តីជំនឿមុនអ្នក។