Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី៤៖ សំណួរញឹកញាប់ពីអ្នកអានសៀវភៅរបស់យើង

4-1. ប្រធានបទទី៤៖ សំណួរញឹកញាប់ពីអ្នកអានសៀវភៅរបស់យើង ១. អ្នកបានសរសេរនៅក្នុងសៀវភៅរបស់អ្នកថា យើងអាចទទួលបានការអត់ទោសបាប តែម្តងជាសម្រេច ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ តើអ្នកកាត់ស្រាយបទគម្ពីរថា «សូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ» នៅក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់យ៉ាងដូចម្តេច?

ឃ្លាដែលអ្នកបានដកស្រង់ ហាក់ដូចជាប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែអ្នកអាចជឿថា ព្រះគម្ពីរត្រឹមត្រូវឥតខ្ចោះ ហើយមិនមានការប្រឆាំងគ្នានៅក្នុងព្រះគម្ពីរឡើយ។
ដូច្នេះ តើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណខុសឬ? ពិតជាមិនខុសឡើយ!
តាមរយៈព្រះបន្ទូលទាំងអស់ ព្រះបង្ហាញប្រាប់យើងថា ដំណឹងល្អនេះគឺជាដំណឹងល្អពិត និងគ្រប់លក្ខណ៍។
មានចំណុចស៊ីគ្នាជាច្រើននៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ ប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ស៊ីគ្នាយ៉ាងឥតខ្ចោះនឹងយញ្ញបូជាដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ។ ហើយនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជា យញ្ញបូជាស្របច្បាប់មួយត្រូវមានលក្ខខណ្ឌចាំបាច់បី៖ ១. សត្វយញ្ញបូជាឥតខ្ចោះ ២. ការដាក់ដៃលើ និង ៣. ឈាម (ការស្លាប់ជំនួស)។
ហើយដោយបានយាងមកផែនដីនេះ ដើម្បីប្រសូតតាមរយៈស្ត្រីក្រមុំព្រហ្មចារី នាងម៉ារា ក្នុងជាព្រះអង្គដ៏ឥតបាប ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិទាំងមូល។ បន្ទាប់មក ទ្រង់បានយាងទៅឈើឆ្កាង ជាមួយនឹងអំពើបាបទាំងអស់របស់យើង ហើយត្រូវបានគេឆ្កាង រហូតដល់សុគត។ ប៉ុន្តែទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅក្នុងថ្ងៃទីបី។ ឥឡូវនេះ យើងបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង (អតីតកាល បច្ចុប្បន្ន និងអនាគត) ដោយការជឿលើសេចក្តីពិតថា ទ្រង់បានបំពេញសម្រេចកិច្ចការទាំងនេះរួចរាល់ហើយ។ 
ដូច្នេះ តើបទគម្ពីរថា «សូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ» មានន័យយ៉ាងដូចម្តេច?
វាមានន័យថា ព្រះចង់ឲ្យយើងអត់ទោសចំពោះភាពមិនពេញលេញរបស់គ្នាទៅវិញទៅមក។ ទោះបីជាយើងបានកើតជាថ្មីហើយក៏ដោយ ក៏យើងនៅតែនៅក្នុងសាច់ឈាមដែលខ្សោយ ហើយធ្វើកំហុសជាច្រើនដែរ។ បើសិនយើងថ្កោលទោស និងបន្ទោសគ្នាទៅវិញទៅមកអំពីអំពើរំលងរបស់យើង នោះអំណាចនៃដំណឹងល្អពិតនឹងរសាត់ចេញឆ្ងាយ ហើយទំនាក់ទំនងរបស់អ្នកដែលបានកើតជាថ្មី នឹងត្រូវបានបំផ្លាញហើយ។
អ្នកគួរតែកត់សម្គាល់ថា ពាក្យថា «សេចក្តីកំហុស» ត្រូវបានបកប្រែទៅជា «បំណុល» (debts នៅក្នុងព្រះគម្ពីរភាសាអង់គ្លេស)៖ «សូមអត់ទោសសេចក្តីកំហុស (បំណុល) របស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុស (debtors) នឹងយើងខ្ញុំដែរ» (ម៉ាថាយ ៦:១២)។
សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់នៅក្នុងកណ្ឌគម្ពីរម៉ាថាយ មានសេចក្តីបង្រៀនថា «ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ»។ 
ព្រះអម្ចាស់យេស៊ូវ មិនបានប្រទានសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ ដើម្បីឲ្យយើងសូត្រជារៀងរាល់ថ្ងៃនោះទេ។ វាគឺជាការប្រមូលផ្តុំនៃប្រធានបទអធិស្ឋានសំខាន់ៗ ដែលយើងគួរតែចងចាំនៅក្នុងជីវិតនៃសេចក្តីជំនឿប្រចាំថ្ងៃរបស់យើង។ 
សូមពិនិត្យមើល ម៉ាថាយ ១៨:២១-៣៥ នោះអ្នកនឹងមានការយល់ដឹងអំពីអ្វីដែលបំណងព្រះហឫទ័យព្រះសម្រាប់អ្នកបម្រើដែលមិនអត់ទោស៖
«ខណៈនោះ ពេត្រុសក៏មកឯទ្រង់ទូលថា ព្រះអម្ចាស់អើយ បើបងឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង តើដល់៧ដងឬអី ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្តេច១អង្គ ដែលចង់គិតបញ្ជីនឹងពួកបាវព្រាវ កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ តែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសង បានជាចៅហ្វាយបង្គាប់ឲ្យលក់ខ្លួនវា ព្រមទាំងប្រពន្ធកូន និងរបស់ទាំងអស់ ដើម្បីនឹងសងបំណុលនោះ ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន ឯចៅហ្វាយរបស់បាវនោះ មានព្រះទ័យក្តួលអាណិត ក៏លែងវាឲ្យទៅ ព្រមទាំងលែងទារបំណុលផង តែកាលបាវនោះបានចេញទៅហើយ ក៏ជួបប្រទះនឹងគូកនម្នាក់ ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នកនោះ ដោយពាក្យថា ចូរសងបា្រក់ដែលជំពាក់អញនោះមក អ្នកនោះក៏ទំលាក់ខ្លួន ក្រាបចុះនៅទៀបជើង សូមអង្វរថា សូមមេត្តាបង្អង់ឲ្យខ្ញុំសិន ខ្ញុំនឹងសងជូនអ្នក តែវាមិនព្រមទេ ត្រឡប់ជាបានចាប់អ្នកនោះ នាំទៅដាក់គុកវិញ ទាល់តែបានសងបំណុលរួច កាលពួកគូកនគេបានឃើញការនោះ គេមានចិត្តឈឺឆ្អាលណាស់ ក៏នាំគ្នាទៅទូលដល់ចៅហ្វាយ ពីការទាំងប៉ុន្មានដែលកើតមក ចៅហ្វាយក៏ឲ្យគេហៅបាវនោះមក រួចមានព្រះបន្ទូលថា នែ អាបំរើអាក្រក់ អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី ចៅហ្វាយក៏មានសេចក្តីក្រោធ ហើយបញ្ជូនវាទៅឯមេភូឃុំ ទាល់តែបានសងបំណុលនោះគ្រប់ចំនួន យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូន ដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំ ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរ។»
នេះមានន័យថា យើងតែងតែត្រូវអត់ទោសបងប្អូនរបស់យើង នៅពេលពួកគេធ្វើបាបទាស់នឹងយើង ពីព្រោះព្រះអម្ចាស់បានអត់ទោសអំពើបាបពីអតីតកាល បច្ចុប្បន្ន និងអនាគតរបស់យើង តែម្តងជាសម្រេចរួចហើយ តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់។ ដូច្នេះ បើសិនយើងមិនអត់ទោសដល់បងប្អូនរបស់យើង ទោះបើព្រះអម្ចាស់បានអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេហើយក៏ដោយ ទ្រង់នឹងមានសេចក្តីក្រោធចំពោះយើង សម្រាប់ចិត្តមិនអត់ទោស ហើយទ្រង់ក៏នឹងមិនអត់ទោសដល់អំពើបាបរបស់យើងទាស់នឹងបងប្អូនរបស់យើងដែរ។ លុះត្រាតែយើងអត់ទោសដល់បងប្អូនរបស់យើង ដោយការជឿថា ព្រះបានអត់ទោសដល់យើងទាំងអស់គ្នា តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវរួចហើយ ទើបទ្រង់សព្វព្រះទ័យចំពោះយើង។ 
ដូច្នេះ យើងអាចកាត់ស្រាយបទគម្ពីរនេះដូច្នេះថា «ឱព្រះអម្ចាស់ យើងអត់ទោសដល់បងប្អូនរបស់យើង ពីព្រោះទ្រង់បានអត់ទោសដល់អំពើបាបទាំងអស់របស់យើងរួចរាល់ហើយ។ ដូច្នេះ សូមកុំមានសេចក្តីក្រោធចំពោះអំពើបាបរបស់យើងឡើយ»។ ព្រះយេស៊ូវបានមានបន្ទូលដូច្នេះ ដោយផ្អែកលើមូលដ្ឋានគ្រឹះថា ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះរួចរាល់ហើយ។ អ្នកដែលជឿដូច្នេះ អាចអត់ទោសដល់បងប្អូនរបស់ខ្លួនបាន នៅពេលពួកគេធ្វើបាបទាស់នឹងគាត់។