Search

សេចក្តីអធិប្បាយ

Subject 11 : រោងឧបោសថ

[11-17] តង្វាយនៃការអត់ទោសបាប ដែលត្រូវបានថ្វាយនៅលើទីសន្តោសប្រោស (និក្ខមនំ ២៥:១០-២២)

តង្វាយនៃការអត់ទោសបាប ដែលត្រូវបានថ្វាយនៅលើទីសន្តោសប្រោស
(និក្ខមនំ ២៥:១០-២២)
«ត្រូវឲ្យគេធ្វើហិប១ពីឈើនាងនួន បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ កំពស់១ហត្ថកន្លះ រួចត្រូវស្រោបដោយមាសសុទ្ធទាំងក្នុងទាំងក្រៅ ហើយធ្វើគែមមាសនៅលើហិបជុំវិញ ត្រូវឲ្យសិតកងមាស៤សំរាប់ហិប ដាក់ភ្ជាប់នៅគ្រប់ទាំង៤ជ្រុង គឺ២ម្ខាងៗ ហើយត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ដោយស្រោបមាសដូចគ្នាដែរ រួចព្រហកឈើស្នែងទៅក្នុងកងនៅជ្រុងហិបនោះសំរាប់សែងទៅ ឈើស្នែងនោះត្រូវនៅជាប់នឹងកងហិប មិនត្រូវឲ្យដកចេញឡើយ ត្រូវដាក់សេចក្តីបន្ទាល់ដែលអញនឹងឲ្យឯង ទៅក្នុងហិបនោះ រួចត្រូវធ្វើទីសន្តោសប្រោសពីមាសសុទ្ធ បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីន២ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ គឺធ្វើរូបចេរូប៊ីន១នៅចុងម្ខាង ហើយចេរូប៊ីន១នៅចុងម្ខាងទៀត ត្រូវធ្វើចេរូប៊ីនទាំង២ឲ្យនៅចុងទាំងសងខាង ភ្ជាប់ជាមួយនឹងទីសន្តោសប្រោស ត្រូវឲ្យចេរូប៊ីនទាំង២នោះ ត្រដាងស្លាបពីលើគ្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស ត្រូវឲ្យដាក់ទីសន្តោសប្រោសទៅលើហិប ហើយដាក់សេចក្តីបន្ទាល់ដែលអញនឹងឲ្យដល់ឯងទៅក្នុងហិបដែរ គឺនៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្តោសប្រោស នៅកណ្តាលចេរូប៊ីនទាំង២ដែលនៅលើហិបនៃទីបន្ទាល់ ដើម្បីប្រាប់ឯងពីអស់ទាំងសេចក្តីដែលអញនឹងបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល។»
 


ទីសន្តោសប្រោស

 
ទីសន្តោសប្រោស១ហត្ថគឺជាប្រវែងលាតពីចុងដៃទៅដល់កែងដៃ។ នៅក្នុងព្រះគម្ពីរ ១ហត្ថមានប្រវែងប្រហែល ៤៥ សង់ទីម៉ែត្រ នៅក្នុងរង្វាស់បច្ចុប្បន្ននេះ។ បណ្តោយរបស់ទីសន្តោសប្រោសគឺ២ហត្ថកន្លះ ដែលស្មើនឹង ១១៣ សង់ទីម៉ែត្រនៅក្នុងរង្វាស់បច្ចុប្បន្ន។ ហើយទទឹងរបស់វាគឺជា១ហត្ថកន្លះ ដែលស្មើនឹង ៦៧.៥ សង់ទីម៉ែត្រ។ នេះផ្តល់ឲ្យយើងនូវគំនិតទូទៅមួយអំពីទំហំនៃទីសន្តោសប្រោស។
ហិបសញ្ញាត្រូវបានធ្វើពីឈើនាងនួន ស្រោបដោយមាសទាំងខាងក្នុង និងខាងក្នុង។ ប៉ុន្តែទីសន្តោសប្រោស ដែលត្រូវបានដាក់ពីលើហិបសញ្ញា ត្រូវបានធ្វើពីមាសសុទ្ធ។ នៅចុងសងខាងរបស់វា គេបានដាក់ចេរូប៊ីនពីរ ដើម្បីស្រដាងស្លាបពីលើគ្របគម្របហិបសញ្ញា ដែលជាទីសន្តោសប្រោសនេះ ហើយចេរូប៊ីនត្រូវបានដាក់ប្រទល់មុខគ្នា។ ទីសន្តោសប្រោសនេះគឺជាកន្លែងដែលព្រះប្រទានព្រះគុណរបស់ទ្រង់ដល់អ្នកដែលចូលទៅចំពោះទ្រង់ ដោយសេចក្តីជំនឿ។ 
កងមាសចំនួនបួនត្រូវបានដាក់ភ្ជាប់នៅគ្រប់ជ្រុងនៃហិបសញ្ញា។ កងមាសចំនួនពីរត្រូវបានដាក់ភ្ជាប់នៅជ្រុងនីមួយៗ ហើយគេបានស៊កឈើស្នែងតាមកងមាសទាំងនោះ ដើម្បីសែងហិបសញ្ញា។ ឈើស្នែងទាំងនេះត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយមាស។ តាមរយៈការស៊កឈើស្នែងតាមកងមាសពីរនៅចុងម្ខាង ហើយកងមាសពីរទៀតនៅចុងម្ខាងទៀត ព្រះចង់ឲ្យប្រាកដថា មនុស្សពីរនាក់អាចលើក និងសែងហិបសញ្ញានេះបាន។ ហើយព្រះអម្ចាស់របស់យើងមានបន្ទូលថា «អញនឹងមកជួបឯងនៅលើទីសន្តោសប្រោសនេះ»។ 
ព្រះបានបង្គាប់ឲ្យពួកអ៊ីស្រាអែលសែងហិបសញ្ញា ជាមួយទីសន្តោសប្រោស ដោយការស៊កឈើស្នែងតាមហិបសញ្ញា។ នេះមានន័យថា ព្រះចង់ឲ្យយើងប្រកាសដំណឹងល្អទៅកាន់លោកិយទាំងមូល។ ហើយវាដូចគ្នានឹងអាសនាតង្វាយដុតដែរ កងមាសត្រូវបានដាក់នៅចុងទាំងសងខាងរបស់វា ឈើស្នែងត្រូវបានស៊កតាមកងមាសទាំងនេះ ហើយមនុស្សពីរនាក់ត្រូវសែងវា។ នេះក៏មានន័យផងដែរថា យើងគួរតែសុំជំនួយពីព្រះ កាលណាយើងប្រឈមនឹងទុក្ខលំបាក ហើយថា យើងគួរតែអធិស្ឋានសម្រាប់ការប្រកាសដំណឹងល្អទៅកាន់គ្រប់ទាំងកន្លែងដែលយើងទៅដល់នៅក្នុងលោកិយទាំងមូលនេះ។ 
នៅក្នុងហិបសញ្ញា គេបានដាក់ប្រដាប់ប្រដាចំនួនបី៖ ចានមាសដាក់នំ ម៉ាន៉ា ដំបងដែលប៉ិចឡើងរបស់អើរ៉ុន និងបន្ទះថ្មនៃសម្ព័ន្ធមេត្រី។ តើប្រដាប់ប្រដាទាំងនេះមានអត្ថន័យយ៉ាងដូចម្តេច? ទីមួយ ចានមាសដាក់នំម៉ាន៉ាមានន័យថា ព្រះយេស៊ូវគ្រីស្ទប្រទានជីវិតថ្មីដល់ពួកអ្នកជឿ។ ទ្រង់បានប្រកាសថា «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ» (យ៉ូហាន ៦:៣៥)។ 
ដំបងដែលប៉ិចឡើងរបស់អើរ៉ុនប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ អម្ចាស់នៃសេចក្តីរស់ឡើងវិញ ហើយថា ទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ ហើយបន្ទះថ្មនៃសម្ព័ន្ធមេត្រីប្រាប់យើងថា យើងត្រូវប្រឈមនឹងទោសស្លាប់នៅចំពោះក្រិត្យវិន័យ។ ប៉ុន្តែសេចក្តីមេត្តាករុណារបស់ព្រះមានទំហំយ៉ាងធំធេង ដែលគ្របដណ្តប់ទោសនៃអំពើបាបរបស់យើងពីការចោទប្រកាន់របស់ ក្រិត្យវិន័យ។ ទីសន្តោសប្រោសមានទំហំប៉ុនគ្នានឹងគម្របហិបសញ្ញា ដើម្បីកុំឲ្យបណ្តាសានៃក្រិត្យវិន័យអាចចេញមកក្រៅបាន។ ព្រះបានបំពេញសម្រេចទី សន្តោសប្រោស ដោយតង្វាយយញ្ញបូជាដ៏គ្រប់លក្ខណ៍នៃព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់។ ដូច្នេះ គ្រប់គ្នាដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចូលមកយ៉ាងក្លាហាននៅចំពោះបល្ល័ង្កនៃព្រះគុណ ដែលជាទីសន្តោសប្រោសនេះបាន។ 
 

ឈាមដ៏មានតម្លៃ ដែលត្រូវបានប្រោសលើទីសន្តោសប្រោស!

ជាដំបូង យើងត្រូវតែស្វែងយល់ពីសេចក្តីអាថ៌កំបាំង ដែលត្រូវបានលាក់ទុកនៅក្នុងទីសន្តោសប្រោស។ មួយឆ្នាំម្តង សម្តេចសង្ឃបានយកឈាមនៃតង្វាយយញ្ញបូជា ហើយបានចូលទៅក្នុងទីបរិសុទ្ធបំផុត។ បន្ទាប់មក គាត់បានប្រោសឈាមនៃតង្វាយយញ្ញបូជានេះ ទៅលើទីសន្តោសប្រោសចំនួនប្រាំពីរដងគត់។ ព្រះបានមានបន្ទូលថា ទ្រង់នឹងជួបជាមួយសាសន៍អ៊ីស្រាអែលនៅលើទីសន្តោសប្រោសនេះ ។ ព្រះជួបជាមួយអ្នកដែលមានសេចក្តីជំនឿដូចគ្នានឹង សេចក្តីជំនឿរបស់សម្តេចសង្ឃ ដែលជាសេចក្តីជំនឿលើការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជា។ 
ឈាមតង្វាយយញ្ញបូជា ដែលត្រូវបានប្រោសលើទីសន្តោសប្រោស បង្ហាញពីការជំនុំជម្រះបាបដ៏យុត្តិធម៌របស់ព្រះ និងសេចក្តីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សជាតិ។ នៅថ្ងៃធួននឹងបាប ដែលជាថ្ងៃទីដប់នៃខែប្រាំពីរ សម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់លើតង្វាយយញ្ញបូជាមួយ ដើម្បីផ្ទេរអំពើបាបពេញមួយឆ្នាំរបស់បណ្តាជនអ៊ីស្រាអែលទៅលើវា។ ហើយបន្ទាប់មក គាត់បានអារករបស់វា ដើម្បីយកឈាមរបស់វាចូលទៅខាងក្នុងវាំងនន ហើយបានប្រោសវាទៅលើទីសន្តោសប្រោស (លេវីវិន័យ ១៦:១១-១៦)។ 
តាមរយៈឈាមដែលត្រូវបានប្រោស ព្រះបានជួបជាមួយពួកអ៊ីស្រាអែល ហើយបានប្រទានព្រះពរនៃការអត់ទោសបាបដល់ពួកគេ។ វាគឺជាព្រះគុណរបស់ព្រះចំពោះពួកអ៊ីស្រាអែល ដែលទ្រង់បានបង្កើតប្រព័ន្ធថ្វាយយញ្ញបូជានេះ ឡើង។ តាមរយៈការដាក់ដៃលើសត្វយញ្ញបូជា និងឈាមរបស់វា ព្រះបានដោះអំពើបាបរបស់ពួកគេចេញយ៉ាងយុត្តិធម៌ ហើយបានប្រទានដល់ពួកគេនូវសេចក្តីមេត្តាករុណារបស់ទ្រង់ ដែលជាការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ដោយសារព្រះគុណ។ 
ដូច្នេះ តើយើងអាចទទួលបានព្រះគុណនេះដោយរបៀបណា? ហើយដោយព្រះបន្ទូលអ្វី ដែលព្រះបានដោះអំពើបាបទាំងអស់របស់យើងចេញតែម្តងជាសម្រេច? ព្រះបានជួយយើងឲ្យដឹងថា យើងត្រូវតែមានសេចក្តីជំនឿដែលយល់ និងជឿតាមសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជា ដើម្បីឲ្យយើងអាចទទួលបានអំណោយទានពីទ្រង់។ ព្រះបានធ្វើឲ្យសេចក្តីសុចរិតរបស់ទ្រង់អាចត្រូវបានបំពេញសម្រេច ដោយកត្តាទាំងពីរនេះគឺ ការដាក់ដៃលើក្បាលរបស់យញ្ញបូជា និងឈាមរបស់វា។ យញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់នេះសំដៅទៅលើបុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង។ 
សម្រាប់អំពើបាបរបស់យើង ព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលផ្ទុកអំពើបាបរបស់លោកិយនេះ បានធ្វើជាតង្វាយយញ្ញបូជានៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នូលនៃអំពើបាបទាំងនេះ បានសុគតជំនួសយើង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីប្រោសឲ្យយើងបានរស់។ បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង គឺដើម្បីប្រទានឲ្យយើងនូវការអត់ទោសបាប ហើយវាគឺជាព្រះគុណនៃព្រះពរដ៏ពិត ដែលជួយឲ្យអ្នកដែលមាន សេចក្តីជំនឿបែបនេះ អាចជួបជាមួយព្រះបាន។ សេចក្តីពិតនេះគឺជាស្រមោលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតដែលបានបង្កើតមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿដ៏ពិត ដែលជួយឲ្យពួកមនុស្សមានបាបទទួលបានការអត់ទោសបាបពីព្រះ។ ព្រះយេស៊ូវគ្រីស្ទបានធ្វើជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ ហើយទ្រង់បានធ្វើជាស្ពាននៃសេចក្តីពិត ដែលអនុញ្ញាតឲ្យយើងចូលទៅឯព្រះវរបិតា។ 
ម្តងទៀត យើងអាចស្វែងរកឃើញភស្តុតាងច្បាស់លាស់សម្រាប់សេចក្តីពិតនេះនៅក្នុងពណ៌នៃអំបោះទាំងបួន ដែលត្រូវបានប្រើសម្រាប់ទ្វាររោងឧបោសថបាន៖ សំពត់ខ្លូតទេសយ៉ាងម៉ដ្ត អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នៅក្នុងន័យផ្សេង អំបោះទាំងបួននៃទ្វាររោងឧបោសថនេះផ្តល់ឲ្យយើងនូវតម្រុយនៃដំណឹងល្អដ៏ពិត។ 
តម្រុយទីមួយគឺជាសេចក្តីអាថ៌កំបាំងនៃអំបោះពណ៌ផ្ទៃមេឃ ដែលមាននៅក្នុងទ្វាររោងឧបោសថ។ សេចក្តីអាថ៌កំបាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលផ្ទុកអំពើបាបរបស់យើងនៅក្នុងលោកិយដាក់អង្គទ្រង់។ នៅក្នុងន័យផ្សេង ព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាប ដែលលោកយ៉ូហានបានផ្ទេរទៅលើទ្រង់។ ដោយហេតុនោះ ទ្រង់បានទទូចឲ្យលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ដោយបន្ទូលថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ 
តម្រុយទីពីរគឺជាអំបោះពណ៌ស្វាយ ដែលមាននៅក្នុងរោងឧបោសថ។ ពណ៌ «ស្វាយ» គឺជាពណ៌របស់ស្តេច។ ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចលើអស់ទាំងស្តេច ដែលបានយាងមកផែនដីនេះ ក្នុងនាមជាព្រះអង្គសង្រ្គោះនៃមនុស្សជាតិ ដើម្បីសង្រ្គោះពួកគេចេញពីបាប។ ទ្រង់បានបោះបង់សិរីល្អនៃស្ថានសួគ៌ចោល ហើយបានយាងមកផែនដីនេះ ដើម្បីដោះអំពើបាបរបស់យើងចេញ។ ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះទ្រង់ផ្ទាល់ ប៉ុន្តែដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ទ្រង់បានយាងមកផែនដីនេះ ហើយបានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដែលស្របតាមបំណងព្រះហឫទ័យនៃព្រះវរបិតា។ នៅក្នុងន័យផ្សេង ដើម្បីដោះអំពើបាបទាំំងអស់របស់យើងចេញ ព្រះយេស៊ូវបានបោះបង់សិរីល្អនៃស្ថានសួគ៌ចោល បានហើយប្រសូតពីរូបកាយនៃនាងក្រមុំព្រហ្មចារីម៉ារីនៅលើផែនដីនេះ ដើម្បីសង្រ្គោះពួកមនុស្សមានបាប។ ដូច្នេះ យើងត្រូវតែជឿថា ព្រះទ្រង់ផ្ទាល់ត្រូវបានប្រសូតពីរូបកាយនៃនាងក្រមុំព្រហ្មចារីម្នាក់ ទទួលបុណ្យជ្រមុជ និងសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលស្របតាមសេចក្តីសន្យារបស់ទ្រង់តាមរយៈហោរាអេសាយ កាលពី៧០០ឆ្នាំមុន។ 
តម្រុយទីបីគឺជាអំបោះពណ៌ក្រហម ដែលសំដៅទៅលើព្រះលោហិតរបស់ព្រះយេស៊ូវ។ សេចក្តីពិតនេះបើកសម្តែងថា ព្រះយេស៊ូវបានបំពេញសម្រេចព្រះរាជកិច្ចសង្រ្គោះរបស់ព្រះ ដោយការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង គឺជាទណ្ឌកម្មសម្រាប់ឧក្រិដ្ឋជនដ៏អាក្រក់បំផុតទាំងអស់។ តាមរយៈទណ្ឌកម្មនៃអំពើបាប ដែលព្រះយេស៊ូវបានទទួលយក តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ អំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានជំនុំជម្រះ។ តាមរយៈការបង្ហូរព្រះលោហិត និងការសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលយកទោសនៃអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានសង្រ្គោះយើងចេញពីបាប។ ដោយការទទួលយកអំពើបាបរបស់យើងពីលោកយ៉ូហាន តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការស្តាប់បង្គាប់ព្រះវរបិតារហូតដល់សុគត ព្រះបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើរំលងរបស់ពួកគេ។ 
តើអ្នកដឹងថា ព្រះយេស៊ូវបានបញ្ចប់ទោសនៃអំពើបាបទាំងអស់ ហើយបានយកអ្នកជឿធ្វើជាកូនរបស់ព្រះ ដោយការទទួលយកជំនួសនូវទោសរបស់យើង តាមរយៈទណ្ឌកម្មនៃការជាប់ឆ្កាងដែរទេ? ព្រះបានធ្វើការទាំងអស់នេះ ដើម្បីឲ្យយើងនឹងជឿតាមសេចក្តីពិតនេះ ហើយទទួលបានជីវិតអស់កល្បជានិច្ច។ ការដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងទទួលទោសនៅលើឈើឆ្កាង មានន័យថា ទ្រង់បានសង្រ្គោះយើងចេញពីបាប។ ដូច្នេះហើយបានជាទ្រង់ស្រែកនៅដង្ហើមចុងក្រោយរបស់ទ្រង់ថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០)។ ព្រះយេស៊ូវបានប្រកាសដោយអំណរ និងសេចក្តីធូរស្បើយថា ទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះចេញពីបាបរបស់យើង ដែលស្របតាមបំណងព្រះហឫទ័យនៃព្រះវរបិតាហើយ។ 
ជាចុងក្រោយ សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់មានន័យថា ព្រះយេស៊ូវគឺជាព្រះនៃព្រះបន្ទូល។ ទ្រង់បើកសម្តែងបំណងព្រះហឫទ័យព្រះ តាមរយៈព្រះបន្ទូលដ៏សុចរិត និងល្អិតល្អន់របស់ទ្រង់។ ពេញនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទ្រង់បានមានបន្ទូលជាមុនថា ទ្រង់នឹងយាងមកផែនដីនេះ ហើយសង្រ្គោះមនុស្សទាំងអស់ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ បន្ទាប់មក ទ្រង់បានបំពេញសម្រេចតាមសេចក្តីសន្យាទាំងនេះទាំងស្រុងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ដូច្នេះហើយបានជាព្រះគម្ពីរនិយាយថា «កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ...ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា» (យ៉ូហាន ១:១, ១៤)។ 
សេចក្តីពិតនេះបានលាងសម្អាតយើងពីអំពើបាបទាំងអស់របស់យើង ឲ្យបានសដូចជាព្រិល។ បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងការសម្រក់ព្រះលោហិតរបស់ទ្រង់គឺជាការដាក់ដៃលើ និងការធួននឹងការជំនុំជម្រះនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជា។ ដោយសារព្រះយេស៊ូវបានផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះនៅលើអង្គទ្រង់ ទើបទ្រង់បានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីផ្ទុកអំពើបាបរបស់យើងជំនួសយើង ហើយបានយាងទៅសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង សេចក្តីពិតនេះគឺជាការធួននឹងបាប ដែលបានលាងសម្អាតអំពើបាបរបស់យើងចេញ។ 
បុណ្យជ្រមុជដែលព្រះអម្ចាស់របស់យើងបានទទួល នៅពេលទ្រង់បានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង គឺជាសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ព្រះយេស៊ូវបានប្រសូតនៅលើផែនដីនេះ កាលពីជាង២០០០ឆ្នាំមុន បានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតលើងវិញនៅថ្ងៃទីបី បានធ្វើបន្ទាល់អស់រយៈពេល៤០ថ្ងៃបន្ទាប់មកទៀត និងបានយាងទៅគង់នៅខាងស្តាំបល្ល័ង្កព្រះ។ នេះហើយគឺជាសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដូច្នេះ ព្រះកំពុងតែបង្គាប់ឲ្យយើងជឿតាមសេចក្តីពិតនេះ ដែលទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយការដោះអំពើបាបរបស់យើងចេញ។ 
កាលណាយើងជឿតាមសេចក្តីពិតនេះ ព្រះមានបន្ទូលមកកាន់យើងថា «ឥឡូវនេះ ឯងបានធ្វើជាកូនរបស់អញហើយ។ ឯងមិនមែនជាពួកមនុស្សមានបាបឡើយ។ ឯងគឺជារាស្ត្ររបស់អញ លែងជាពួកមនុស្សមានបាបទៀតហើយ។ អញបានសង្រ្គោះឯងចេញពីអំពើបាប ទោស និងបណ្តាសាទាំងអស់របស់ឯង ដោយសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់អញ។ ដោយសារអញស្រឡាញ់ឯងយ៉ាងខ្លាំង ទើបអញបានសង្រ្គោះឯង ដោយឥតលក្ខខណ្ឌដូច្នេះ។ ដោយសារអញស្រឡាញ់ឯង ទើបអញបានសង្រ្គោះឯង ដោយអង្គអញ។ អញមិនគ្រាន់តែបានស្រឡាញ់ឯងប៉ុណ្ណោះទេ ប៉ុន្តែអញក៏បានបង្ហាញសេចក្តីស្រឡាញ់របស់អញចំពោះឯង តាមរបៀបនេះផងដែរ។ ចូរមើលឈាមនៃយញ្ញបូជារបស់អញចុះ។ នេះគឺជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់អញចំពោះឯងហើយ។ ដូច្នេះ អញបានបង្ហាញភស្តុតាងនេះដល់ឯងហើយ»។ 
កាលណាយើងបានចូលទៅចំពោះទ្រង់ ដោយក្រខ្សត់ខាងវិញ្ញាណ ទ្រង់បានបង្ហាញយើងថា ទ្រង់បានសង្រ្គោះយើង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានទទួលការប្រមាថ និងទោសដល់សុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ព្រះជួបជាមួយអ្នកណាដែលជឿលើសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះរបស់ទ្រង់។ 
ព្រះប្រទានព្រះគុណនៃសេចក្តីសង្រ្គោះដល់អ្នកដែលជឿ។ សេចក្តីសង្រ្គោះរបស់ទ្រង់បានប្រែក្លាយស្នាព្រះហស្តទៅជាកូនរបស់ព្រះផ្ទាល់។ ព្រះកំពុងតែមានបន្ទូលមកកាន់យើងថា «ឥឡូវនេះ ឯងគឺជាកូនរបស់អញ។ ឯងគឺជាកូនប្រុសស្រីរបស់អញ។ ឯងលែងជាកូនរបស់សាតាំងទៀតហើយ ប៉ុន្តែជាកូនរបស់អញផ្ទាល់វិញ។ ឯងលែងជាស្នាព្រះហស្តទៀតហើយ ប៉ុន្តែជារាស្ត្ររបស់អញផ្ទាល់វិញ។ អញបានធួននឹងអំពើបាបទាំងអស់របស់ឯង តាមរយៈព្រះរាជបុត្រាយេស៊ូវរបស់អញ។ ហើយឥឡូវនេះ អញបានយកឯងធ្វើជារាស្ត្ររបស់អញ ហើយឯងបានធ្វើជារាស្ត្ររបស់អញ ដោយសារសេចក្តីជំនឿ»។ ព្រះមិនគ្រាន់តែបានសង្រ្គោះពួកមនុស្សមានបាបប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានប្រទានព្រះគុណ ដើម្បីឲ្យពួកគេបានធ្វើជាកូនរបស់ទ្រង់ផ្ទាល់ផងដែរ។
ព្រះបានហៅគម្របហិបសញ្ញានៅក្នុងរោងឧបោសថ ជាទីសន្តោស ប្រោស។ ហើយចេរូប៊ីនពីរត្រូវបានដាក់នៅលើទីនោះ។ ហេតុអ្វីព្រះបានមានបន្ទូលថា ទ្រង់នឹងជួបជាមួយពួកអ៊ីស្រាអែលនៅលើទីសន្តោសប្រោសនេះ? ពីព្រោះទ្រង់បានអត់ទោសដល់អំពើបាបរបស់ពួកគេ ដោយការទទួលយកឈាមសត្វយញ្ញបូជា ដែលអំពើបាបទាំងអស់របស់ពួកគេត្រូវផ្ទេរទៅលើ ដោយការដាក់ដៃលើ។
នៅក្នុងន័យផ្សេង ព្រះបានមានបន្ទូលដូច្នេះ ពីព្រោះទ្រង់ចង់ប្រទានឲ្យពួកអ៊ីស្រាអែលនូវការអត់ទោសអំពើបាបទុកជាអំណោយទានមួយ ដោយបង្គាប់ឲ្យពួកគេផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជា តាមរយៈការដាក់ដៃលើក្បាលរបស់វា និងតាមរយៈការអនុញ្ញាតឲ្យតង្វាយយញ្ញបូជានោះសងថ្លៃឈ្នួលអំនៃពើបាបទាំងអស់ជំនួសពួកគេ ដើម្បីដោះអំពើបាបរបស់ពួកគេចេញ។ ដោយសារព្រះមិនអាចជួបជាមួយមនុស្សមានបាប ដោយមិនមាតង្វាយធួននឹងបាប ទ្រង់បានដោះអំពើបាបរបស់ពួកគេ និងជួបជាមួយពួកគេ តាមរយៈតង្វាយយញ្ញបូជានេះ។ 
ក្នុងនាមជាពូជរបស់អ័ដាម គ្រប់គ្នាបានកើតមកនៅលើផែនដីនេះជាមួយបាប។ ដូច្នេះ គ្រប់គ្នាមានបាប ហើយគ្មានអ្នកណាម្នាក់អាចជួបជាមួយព្រះ ដោយមិនថ្វាយតង្វាយយញ្ញបូជាបានឡើយ។ ដូច្នេះហើយបានជាព្រះបានមានបន្ទូលថា ទ្រង់នឹងទទួលយកតង្វាយយញ្ញបូជាដែលបានធួននឹងអំពើបាបរបស់សាសន៍អ៊ីស្រាអែល ហើតជួបជាមួយពួកគេនៅពីលើទីសន្តោសប្រោស។ 
ព្រះបានបង្គាប់ឲ្យពួកអ៊ីស្រាអែលកំណត់ថ្ងៃទីដប់ក្នុងខែប្រាំពីរជាថ្ងៃធួននឹងបាប។ ទ្រង់ក៏បានបង្គាប់ឲ្យសម្តេចសង្ឃផ្ទេរអំពើបាបពេញមួយឆ្នាំរបស់សាសន៍អ៊ីស្រាអែលទៅលើតង្វាយយញ្ញបូជា ហើយថ្វាយឈាមយញ្ញបូជានេះទៅកាន់ទ្រង់។ នៅថ្ងៃនោះ អំពើបាបរបស់ពួកអ៊ីស្រាអែលត្រូវបានអត់ទោសឲ្យពេញមួយឆ្នាំ ហើយដោយសារនៅថ្ងៃនោះ សម្តេចសង្ឃបានថ្វាយតង្វាយលោះបាបជំនួសពួកគេ។ 
 


ប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់សម្រាប់ សង្រ្គោះពួកមនុស្សមានបាបចេញពីអំពើទុច្ចរិតរបស់ពួកគេ


ដូចដែល លេវីវិន័យ ១:៤ និយាយថា «នោះគេត្រូវដាក់ដៃនៅលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ» អំពើបាបទាំងអស់របស់មនុស្សមានបាបម្នាក់ពិតជាត្រូវបានផ្ទេរទៅលើពពែដែលត្រូវបំបរបង់ តាមរយៈការដាក់ដៃលើក្បាលរបស់វា។ ព្រះសព្វព្រះទ័យទទួលយកប្រភេទតង្វាយដែលត្រូវបានថ្វាយ ដោយសេចក្តីជំនឿដែលពិតជាជឿតាមព្រះបន្ទូលទ្រង់។ នេះគឺជាជំហានដំបូង និងសំខាន់បំផុតនៃប្រព័ន្ធថ្វាយយញ្ញបូជា ដែលព្រះបានបង្កើតឡើងសម្រាប់សាសន៍អ៊ីស្រាអែល ដែលជារាស្ត្ររបស់ទ្រង់។ 
បន្ទាប់មក បុគ្គលនោះអារកបង្ហូរឈាមរបស់វា ហើយផ្តល់ឈាមនោះឲ្យទៅពួកសង្ឃ។ បន្ទាប់មក ពួកសង្ឃប្រោសឈាមនេះទៅលើស្នែងអាសនាតង្វាយដុត ដាក់សាច់របស់វានៅលើអាសនា ហើយដុត ដើម្បីថ្វាយវាទៅកាន់ព្រះទុកជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់មនុស្សមានបាប។ នេះហើយគឺជាច្បាប់នៃសេចក្តីសង្រ្គោះ ដែលព្រះបានបង្កើតឡើង ដើម្បីអត់ទោសដល់អំពើបាបរបស់មនុស្សមានបាបម្នាក់ៗ។ 
ប៉ុន្តែនៅថ្ងៃធួននឹងបាប ដែលត្រូវនឹងថ្ងៃទីដប់ក្នុងខែប្រាំពីរ ព្រះបានអនុញ្ញាតឲ្យរាស្ត្ររបស់ទ្រង់ថ្វាយយញ្ញបូជា ដែលអាចអត់ទោសដល់អំពើបាបរបស់ពួកគេបានពេញមួយឆ្នាំ។ នៅថ្ងៃនោះ សម្តេចសង្ឃ ដែលជាតំណាងនៃសាសន៍អ៊ីស្រាអែលទាំងមូល ត្រូវតែរៀបចំពពែពីរក្បាល។ «ហើយចាប់ឆ្នោតពពែទាំងពីរនោះ ១សំរាប់ព្រះយេហូវ៉ា ១ទៀតសំរាប់បំបរបង់ទៅ អើរ៉ុនត្រូវយកពពែដែលចាប់ឆ្នោតត្រូវសំរាប់ព្រះយេហូវ៉ា មកថ្វាយទុកជាដង្វាយលោះបាប» (លេវីវិ័យ ១៦:៨-៩)។ គាត់ត្រូវតែដាក់ដៃរបស់គាត់នៅលើក្បាលរបស់ពពែទីមួយ ដើម្បីឲ្យអំពើបាបពេញមួយឆ្នាំរបស់សាសន៍អ៊ីស្រាអែលទាំងមូលអាចត្រូវបានផ្ទេរទៅលើវា។ បន្ទាប់មក គាត់សម្លាប់ពពែនោះ ដើម្បីយកឈាមរបស់វា ចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយយកម្រាមដៃប្រោសឈាមនោះទៅលើទី សន្តោសប្រោសនៅជ្រុងខាងកើត ហើយប្រោសឈាមនោះប្រាំពីរដងនៅមុខទីសន្តោសប្រោស។ តាមរយៈការទទួលយកឈាមតង្វាយយញ្ញបូជានេះ ព្រះបានលាងសម្អាតអំពើបាបរបស់ពួកគេចេញ ហើយបានទទួលយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់។ 
បន្ទាប់មក សម្តេចសង្ឃចេញពីរោងឧបោសថ ហើយថ្វាយពពែមួយក្បាលទៀតនៅចំពោះវត្តមាននៃបណ្តាជនអ៊ីស្រាអែល។ ដើម្បីផ្ទេរអំពើបាបរបស់បណ្តាជន គាត់ដាក់ដៃរបស់គាត់នៅលើក្បាលរបស់តង្វាយនេះម្តងទៀត។ បន្ទាប់មក គាត់សារភាពថា «ទូលបង្គំផ្ទេរអំពើបាបទាំងអស់ដែលបណ្តាជនបានប្រព្រឹត្តពេញមួយឆ្នាំមុនទៅលើតង្វាយនេះ»។ បន្ទាប់មក គាត់ក៏ប្រគល់តង្វាយនេះទៅមនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាចេញទៅវាលរហោរស្ថាន។ 
គេត្រូវតែបញ្ជូនពពែនេះឲ្យទៅស្លាប់ក្នុងវាលរហោស្ថានដ៏ស្ងួតហួតហែង (លេវីវិន័យ ១៦:២០-២២)។ នេះប្រាប់យើងថា អំពើបាបរបស់បណ្តាជន អ៊ីស្រាអែលត្រូវបានអត់ទោសឲ្យទាំងស្រុង និងតែម្តងជាសម្រេច តាមរយៈតង្វាយលោះបាបដែលពួកគេថ្វាយនៅថ្ងៃធួននឹងបាប។ 
ពពែទាំងនេះគឺជាស្រមោលនៃព្រះយេស៊ូវគ្រីស្ទ។ តង្វាយលោះបាបនេះបើកសម្តែងពីសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេច ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសុគតនៅលើឈើឆ្កាង ដើម្បីដោះអំពើបាបរបស់មនុស្សគ្រប់គ្នានៅក្នុងលោកិយនេះចេញ។ ហើយព្រះបានសន្យាជួបជាមួយបណ្តាជនអ៊ីស្រាអែល នៅពីលើទីសន្តោសប្រោស នៅពេលពួកគេថ្វាយតង្វាយស្របច្បាប់ តាមរយៈសម្តេចសង្ឃ។ ពួក អ៊ីស្រាអែលបានផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះសម្តេចសង្ឃ និងទីសន្តោសប្រោស ពីព្រោះសម្តេចសង្ឃគឺជាអ្នកថ្វាយតង្វាយលោះបាបជារៀងរាល់ឆ្នាំជំនួសពួកគេ ហើយនៅឯទីសន្តោសប្រោសនេះហើយ ដែលអំពើបាបរបស់ពួកគេត្រូវបានអត់ទោសឲ្យ។ 
ដូចគ្នាដែរ ព្រះយេស៊ូវបានផ្សះផ្សាយើងជាមួយព្រះ ដោយបានថ្វាយតង្វាយមួយរូបអង្គរបស់ទ្រង់ផ្ទាល់ សម្រាប់អំពើបាបរបស់យើងតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ ដូច្នេះហើយបានជាយើងមិនអាចអរព្រះគុណដល់ទ្រង់ឲ្យបានសមល្មមបានឡើយ ហើយយើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ទ្រង់ រួមជាមួយនឹងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ 
 
 
ទីសន្តោសប្រោសបានបោះត្រាបន្ទះថ្មទាំងពីរនៃក្រិត្យវិន័យទាំងដប់ប្រការ ដែលត្រូវបានដាក់នៅខាងក្នុងហិបសញ្ញា

នៅលើភ្នំស៊ីណាយ ព្រះបានបង្គាប់ឲ្យលោកម៉ូសេដាក់បន្ទះថ្មីពីរដែលឆ្លាក់ក្រិត្យវិន័យទាំំងដប់ប្រការនៅក្នុងហិបសញ្ញា ហើយបោះត្រាហិបសញ្ញា ដោយទីសន្តោសប្រោស។ ព្រះបានបង្គាប់ដូច្នេះ ពីព្រោះទ្រង់ចង់ប្រទានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ដល់សាសន៍អ៊ីស្រាអែល ពីព្រោះពួកគេមិនអាចគោរពតាមក្រិត្យវិន័យបានឡើយ។ នៅក្នុងន័យផ្សេង ដោយសារព្រះមិនអាចទ្រាំទ្រនឹងពួកអ៊ីស្រាអែលដែលបានធ្វើបាបជារៀងរាល់ថ្ងៃ ប្រឆាំងនឹងក្រិត្យវិន័យដែលប្រកាសពីឈ្នួលនៃបាបគឺជាសេចក្តីស្លាប់។ ដូច្នេះ ការធ្វើដូច្នេះ គឺដើម្បីប្រទានការអត់ទោសបាបដល់សាសន៍អ៊ីស្រាអែល។ 
នៅក្នុងន័យផ្សេង ពួកអ៊ីស្រាអែលក៏មិនបានពេញលេញនៅចំពោះព្រះ ក្នុងការគោរពតាមក្រិត្យវិន័យរបស់ទ្រង់ដែរ។ ដូច្នេះ ជាមួយនឹងក្រិត្យវិន័យ ព្រះបានប្រទានឲ្យពួកគេនូវប្រព័ន្ធថ្វាយយញ្ញបូជា ដើម្បីធ្វើឲ្យពួកគេបានស្អាតពីអំពើបាបទាំងអស់របស់ពួកគែ តាមរយៈតង្វាយយញ្ញបូជា។ ការនេះបង្ហាញប្រាប់យើងថា ដើម្បីដោះអំពើបាបរបស់ពួកអ៊ីស្រាអែលចេញ ព្រះបានបង្គាប់ឲ្យពួកគេផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃលើក្បាលវា ហើយអារកសម្លាប់វាជំនួសពួកគេ។ ព្រះបានប្រទានច្បាប់នៃសេចក្តីស្រឡាញ់ និង សេចក្តីសង្រ្គោះរបស់ទ្រង់ រួមជាមួយក្រិត្យវិន័យនៃសេចក្តីក្រោធរបស់ទ្រង់ដល់សាសន៍អ៊ីស្រាអែល។ ដូច្នេះ យើងក៏ត្រូវតែជឿលើសេចក្តីពិតសំខាន់ពីរនៃ សេចក្តីសង្រ្គោះរបស់ព្រះផងដែរ៖ បុណ្យជ្រមុជដែលព្រះមែស៊ីបានទទួលពីលោកយ៉ូហាននិងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង។ 
សត្វយញ្ញបូជាសម្រាប់ធ្វើជាតង្វាយលោះបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជារូបកាយរបស់ព្រះមែស៊ីនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ តង្វាយយញ្ញបូជាដែលយើងមាននៅក្នុងព្រះគម្ពីរ គឺជាសេចក្តីស្រឡាញ់នៃសេចក្តីមេត្តាករុណារបស់ព្រះ ដែលដោះអំពើបាបទាំងអស់របស់យើងចេញ។ តាំងពីមុនរហូតមកដល់ពេលនេះ ដើម្បីទទួលបានការអត់ទោសបាប យើងពិតជាត្រូវការតង្វាយយញ្ញបូជាធួននឹងបាប។ តាំងពីយូរមកហើយ ដើម្បីដោះអំពើបាបរបស់មនុស្សជាតិចេញ ត្រូវតែមានយុត្តិធម៌របស់ព្រះ និងសេចក្តីស្រឡាញ់នៃសេចក្តីមេត្តាករុណារបស់ទ្រង់។ 
ដោយសារយុត្តិធម៌របស់ព្រះត្រូវតែជំនុំជម្រះយើង បើសិនយើងធ្វើបាប នោះយើងត្រូវតែលាងសម្អាតអំពើបាបរបស់យើងចេញ ដោយការផ្ទេរអំពើបាបទាំងអស់ទៅលើតង្វាយលោះបាប។ ដូចដែលសុភាសិតមួយនៅប្រទេសកូរ៉េនិយាយថា «ស្អប់បាប ប៉ុន្តែមិនស្អប់ពួកមនុស្សមានបាប» ព្រះស្អប់អំពើបាបរបស់យើង ប៉ុន្តែទ្រង់មិនស្អប់ព្រលឹងរបស់យើងឡើយ។ ដើម្បីឲ្យព្រះដោះអំពើបាបនៃព្រលឹងរបស់យើងចេញ យើងត្រូវតែដាក់ដៃរបស់យើងលើតង្វាយយញ្ញបូជា បង្ហូរឈាមវា ហើយថ្វាយឈាមវាទៅដល់ទ្រង់។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ការដែលព្រះធួននឹងអំពើបាបរបស់បណ្តាជនអ៊ីស្រាអែល មានន័យថា ព្រះទទួលយកតង្វាយយញ្ញបូជារបស់ពួកគេ ហើយអត់ទោសដល់អំពើបាបរបស់ពួកគេ។ 
សម្រាប់ពួកអ៊ីស្រាអែល ព្រះគឺជាព្រះអង្គដែលបង្កើតច្បាប់តែមួយគត់។ ព្រះយេហូវ៉ាដែលបានបើកសម្តែងអង្គទ្រង់នៅចំពោះពួកអ៊ីស្រាអែល គឺជាព្រះដែលគង់នៅដោយអង្គឯង។ ដូចដែលយើងទទួលស្គាល់ព្រះជាអ្នកបង្កើតច្បាប់តែមួយគត់ យើងក៏ត្រូវតែទទួលស្គាល់ថា ទ្រង់គឺជាព្រះនៃយើងទាំងអស់គ្នា ហើយទទួលយកប្រព័ន្ធថ្វាយយញ្ញបូជា ដែលទ្រង់បានបង្កើតឡើង ដើម្បីដោះអំពើបាបរបស់យើងចេញផងដែរ។ តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជាដែលព្រះបានបង្កើតនេះ យើងអាចដឹងថា ព្រះបានស្រឡាញ់យើងយ៉ាងខ្លាំង ហើយទ្រង់បានសង្រ្គោះយើងយ៉ាងសុចរិតចេញពីបាប។ ហើយតាមរយៈច្បាប់របស់ព្រះ យើងក៏អាចដឹងថា យើងមិនអាចគោរពតាមច្បាប់របស់ទ្រង់បានឡើយ។ តាមនិស្ស័យរបស់យើង យើងគឺជាពួកថ្វាយបង្គំរូបព្រះនៅចំពោះព្រះ ហើយយើងប្រព្រឹត្តអំពើទុច្ចរិត និងអំពើរំលងគ្រប់ប្រភេទ។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ថា យើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់យើង។ ដោយហេតុនេះ ព្រះទ្រង់ផ្ទាល់ត្រូវតែយាងមកឯយើងក្នុងនាមជាព្រះអង្គ សង្រ្គោះ ដើម្បីសង្រ្គោះយើង។ 
ព្រះយេស៊ូវគ្រីស្ទបានថ្វាយរូបកាយរបស់ទ្រង់ជាយញ្ញបូជា សម្រាប់អំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេច។ ទ្រង់បានថ្វាយអង្គទ្រង់ តាមរបៀបដូចគ្នានឹងតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ ជាពិសេសតង្វាយយញ្ញបូជាដែលមាននៅក្នុងបទគម្ពីរអំពីថ្ងៃធួននឹងបាប៖ តាមរយៈការដាក់ដៃលើក្បាលយញ្ញបូជា និងការបង្ហូរឈាមវា។ បន្ទះថ្មទាំងពីរនៅក្នុងហិបសញ្ញា និងទីសន្តោសប្រោសមានភាពចាំបាច់សម្រាប់បណ្តាជនអ៊ីស្រាអែល ក្នុងការទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ពីព្រោះព្រះបានជួយឲ្យអ្នកដែលជឿលើក្រិត្យវិន័យរបស់ព្រះ និងសេចក្តីសន្យារបស់ទ្រង់អំពីជីវិត ទទួលបានជីវិតថ្មី។ ឥឡូវនេះ ក្រិត្យវិន័យដែលបង្ហាញពីយុត្តិធម៌របស់ព្រះ និងព្រះបន្ទូលនៃសេចក្តិពិត ដែលផ្តល់សេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចចេញពីបាប មិនគ្រាន់តែជួយពួកអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយយើងទាំងអស់គ្នាផងដែរ ឲ្យជួបជាមួយព្រះ ហើយទទួលបានជីវិតអស់កល្បជានិច្ច។ 
អ្នក និងខ្ញុំដែលកំពុងតែរស់នៅក្នុងសម័យនេះ ត្រូវតែដឹង និងជឿថា ព្រះគឺជាអ្នកណា អ្វីដែលទ្រង់កំពុងតែប្រាប់យើង និងតាមរយៈអ្វីដែលទ្រង់បានធ្វើឲ្យយើងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង។ តាមរយៈសេចក្តីពិតនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងទ្វាររោងឧបោសថនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានត្រាស់ហៅអ្នក និងខ្ញុំ បានទទួលយកយើង និងបានប្រទានឲ្យយើងនូវសេចក្តីជំនឿដែលជឿតាមសេចក្តីពិតនេះ។ 
 


អំបោះពណ៌ផ្ទៃមេឃពិតជាសំដៅទៅលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល


ចូរយើងបែរទៅឯ ម៉ាថាយ ៣:១៣-១៧៖ «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ 
តាមរយៈតង្វាយដែលគេថ្វាយតាមប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះវរបិតាពិតជាបានបង្ហាញប្រាប់ថា ទ្រង់នឹងផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ ទៅលើព្រះរាជបុត្រាយេស៊ូវគ្រីស្ទស្ងួនភ្ងាតែមួយរបស់ទ្រង់។ ហើយជាការពិត លោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ ដោយសារអំពើបាបរបស់លោកិយនេះពិតជាត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន អ្នកដែលជឿតាមសេចក្តីពិតនេះ អាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់នៅក្នុងចិត្តរបស់ពួកគេបាន។ 
បុណ្យជ្រមុជរបស់ព្រះមានអត្ថន័យខុសគ្នាទាំងស្រុង ពីបុណ្យជ្រមុជទឹក ដែលមនុស្សទទួលស្គាល់ជាពិធីក្លាយជាគ្រីស្ទបរិស័ទ។ នៅក្នុងន័យផ្សេង បុណ្យជ្រមុជដែលមនុស្សនៅសម័យនេះទទួល គឺគ្រាន់តែជាសញ្ញាខាងក្រៅនៃការប្រែចិត្តតាមសាសនាគ្រីស្ទបរិស័ទប៉ុណ្ណោះ។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាម រយៈការដាក់ដៃរបស់លោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិ។ បុណ្យជ្រមុជនេះបានបំពេញសម្រេចសេចក្តីសន្យារបស់ព្រះអំពីសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ច ដែលជាការអត់ទោសបាប ដែលព្រះបានបង្កើតឡើង តាម រយៈប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងកណ្ឌគម្ពីរលេវីវិន័យ។ ការដែលព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ ហើយបានសម្រក់ព្រះលោហិតរហូតដល់សុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំំងនេះ គឺជាសេចក្តីស្រឡាញ់របស់ព្រះចំពោះមនុស្ស និងការអត់ទោសបាបដ៏គ្រប់លក្ខណ៍។ 
ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ព្រះវរបិតាបានបង្គាប់ឲ្យព្រះរាជបុត្រាទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នោះ» (ម៉ាថាយ ៣:១៥)។ «ដ្បិត» នៅទីនេះ មានន័យថា ព្រះយេស៊ូវនឹងទទួលយកអំពើបាបរបស់មនុស្សជាតិទាំងមូល ដោយការទទួលបុណ្យជ្រមុជ។ ដោយសារលោកយ៉ូហានបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើទ្រង់។ ហើយដោយសារព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបទ្រង់បានសម្រក់ព្រះលោហិតទ្រង់ និងសុគតជំនួសយើង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាសេចក្តីស្រឡាញ់ ការលះបង់ និងការអត់ទោសបាបរបស់ព្រះ។ បន្ទាប់ពីទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង ដែលត្រូវបានផ្ទេរទៅលើទ្រង់ ទ្រង់មុជចុះទៅក្នុងទឹក។ ការមុជចុះទៅក្នុងទឹកសំដៅទៅលើការសុគតរបស់ទ្រង់។ ហើយការដែលទ្រង់បានងើបឡើងពីទឹកវិញ ធ្វើបន្ទាល់ជាមុនអំពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ 
 


ព្រះយេស៊ូវគឺជាព្រះអាទិករ និងព្រះអង្គសង្រ្កោះរបស់យើង


ពិតណាស់ថា ព្រះយេស៊ូវគ្រីស្ទដែលបានយាងមកឯយើង គឺជាព្រះទ្រង់ផ្ទាល់ ដែលបានបង្កើតសកលលោកនេះ និងអ្វីៗទាំងអស់នៅក្នុងវា។ នៅក្នុង លោកុប្បត្តិ ១:១ និយាយថា «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី» ហើយ នៅក្នុង លោកុប្បត្តិ ១:៣ និយាយថា «នោះព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះពន្លឺក៏មានឡើង»។ ហើយនៅក្នុង យ៉ូហាន ១:៣ ក៏និយាយផងដែរថា «គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ»។ ដូច្នេះ ព្រះយេស៊ូវគ្រីស្ទពិតជាបានបង្កើតសកលលោកទាំងមូលនេះ ជាមួយព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធប្រាកដមែន។ 
ភីលីព ២:៥-៨ ប្រាប់យើងថា «ត្រូវមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីដែលស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង»។ ដូច្នេះ ទ្រង់គឺជាព្រះអាទិករដ៏ពិត ដែលបានបង្កើតលោកិយនេះ និងយើងដែលជាមនុស្សជាតិ។ ដើម្បីសង្រ្គោះយើងចេញពីបាប ព្រះអម្ចាស់នេះបានយាងមកឯយើងក្នុងនាមជាមនុស្សម្នាក់ បានទទួលផ្ទុកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសម្រក់ព្រះលោហិតទ្រង់ ដោយសារបុណ្យជ្រមុជនេះ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ 
ព្រះមែស៊ីពិតជាបានបង្គាប់សាសន៍អ៊ីស្រាអែល ឲ្យធ្វើទ្វាររោងឧបោសថ ដោយការត្បាញអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមជាមួយសំពត់ខ្លូតទេសពណ៌សវេញយ៉ាងខ្មាញ់។ ការដែលទ្រង់បានបង្គាប់ឲ្យពួកគេប្រើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមសម្រាប់ទ្វាររោងឧបោសថនេះ បើកសម្តែងពីបំណងព្រះហឫទ័យទ្រង់ ក្នុងការសង្រ្គោះមនុស្សជាតិទាំងមូលចេញពីអំពើបាបរបស់ពួកគេ៖ ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជដែលព្រះយេស៊ូវនឹងទទួលពីលោកយ៉ូហាន ហើយដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់ តាមរយៈព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ 
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកមនុស្សមានបាបបាននាំតង្វាយយញ្ញបូជារបស់ពួកគេទៅឯរោងឧបោសថ ហើយបានផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជាទាំងនោះ ដោយការដាក់ដៃរបស់ពួកគេលើក្បាលវានៅចំពោះអាសនាតង្វាយដុត។ បន្ទាប់មក ពួកគេបង្ហូរឈាមវា ដោយអារកវា ហើយផ្តល់ឈាមវាទៅឲ្យពួកសង្ឃ។ បន្ទាប់មក ពួកសង្ឃបានថ្វាយតង្វាយនេះទៅកាន់ព្រះ ដោយការប្រោសឈាមនៅលើស្នែងទាំងបួននៃអាសនាតង្វាយដុត ហើយចាក់ឈាមដែលនៅសល់ទៅលើដី។ 
នៅថ្ងៃធួននឹងបាប កាលណាសម្តេចសង្ឃយកឈាមតង្វាយយញ្ញបូជាដែលគេបានដាក់ដៃលើក្បាល ចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយប្រោសឈាមនេះលើទីសន្តោសប្រោស ព្រះទទួលយកឈាមតង្វាយយញ្ញបូជានេះជាការជំនុំជម្រះជំនួសរាស្ត្ររបស់ទ្រង់។ ហេតុអ្វីគេត្រូវតែសម្លាប់សត្វយញ្ញបូជានោះ? ពីព្រោះវាបានទទួលយកអំពើបាបទាំងអស់របស់សាសន៍អ៊ីស្រាអែល តាមរយៈការដាក់ដៃរបស់សម្តេចសង្ឃលើក្បាលវា។ នៅក្នុងន័យផ្សេង ឈាមវាគឺជា លទ្ធផលនៃការដាក់ដៃលើនេះ។ ដូច្នេះ ព្រះបានទទួលយកឈាមតង្វាយយញ្ញបូជា និងក្លិននៃសាច់វានៅលើអាសនាត្វាយដុត ហើយទ្រង់បានអត់ទោសដល់អំពើបាបទាំងស់របស់បណ្តាជនអ៊ីស្រាអែល។ 
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវក៏បានយាងមកធ្វើដូច្នេះផងដែរ។ ដើម្បីទទួលយកអំពើបាបរបស់យើង ហើយទទួលយកទោសនៃបាបរបស់យើង ព្រះអម្ចាស់ត្រូវតែយាងមកផែនដីនេះ តាមរយៈរូបកាយនៃនាងក្រមុំព្រហ្មចារី ម៉ារា ហើយទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមគឺពិតជាដំណឹងល្អដែលបើកសម្តែងពីសេចក្តីពិតថា ព្រះយេស៊ូវដ៏ជាព្រះបានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង។ 
ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបទ្រង់ត្រូវតែជាប់ឆ្កាង សម្រក់ព្រះលោហិតទ្រង់ សុគត មានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ដើម្បីធ្វើជាព្រះអង្គសង្រ្គោះដល់យើងដែលជឿ គង់នៅខាងស្តាំបល្ល័ង្ករបស់ព្រះ។ ព្រះយេស៊ូវគ្រីស្ទបានជួយអ្នកដែលពិតជាជឿលើទ្រង់ឲ្យហៅព្រះថា អ័ប្បា ព្រះវរបិតាបាន ដោយការអត់ទោសអំពើបាបទាំងអស់របស់ពួកគេតែម្តងជាសម្រេច នៅចំពោះព្រះវរបិតា។ ទាំងនេះគឺជាសេចក្តីអាថ៌កំបាំងនៃសេចក្តីពិត ដែលត្រូវបានលាក់ទុកនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ព្រះមែស៊ីបានបំពេញសម្រេចការលាងសម្អាតអំពើបាបរបស់យើង ហើយបានទទួលយកទោសនៃអំពើបាបរបស់យើងជំនួសយើង។ ឥឡូវនេះ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះរបស់លោកិយនេះ។ ដូច្នេះ យើងត្រូវតេជឿថា ទ្វាររោងឧបោសថនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានត្បាញដោយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយយើងក៏ត្រូវតែជឿផងដែរថា នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះមែស៊ីដ៏ជាព្រះអង្គសង្រ្គោះរបស់យើងពិតជាបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងបានទទួលយកទោសនៃអំពើបាបទាំងអស់របស់យើងនៅលើឈើឆ្កាង ដើម្បីឲ្យយើងទទួលបានការអត់ទោសបាបរបស់យើង។ 
 

ក្នុងនាមជាគ្រីស្ទបរិស័ទ តើអ្នកកំពុងតែយកចិត្តទុកដាក់ចំពោះព្រះបន្ទូលនេះខ្លាំងប៉ុណ្ណា?

និក្ខមនំ ២៥:២២ ប្រាប់ថា «គឺនៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្តោសប្រោស នៅកណ្តាលចេរូប៊ីនទាំង២ដែលនៅលើហិបនៃទីបន្ទាល់ ដើម្បីប្រាប់ឯងពីអស់ទាំងសេចក្តីដែលអញនឹងបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល»។ តើអ្នកនៅជិតដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អអំពីការធួននឹងបាប ខ្លាំងប៉ុណ្ណា? តើពីកន្លែងណា ដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងមានបន្ទូលទៅកាន់អ្នកដែលជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ? នៅក្នុង និក្ខមនំ ២៥:២២ ទ្រង់បានមានបន្ទូលថា ទ្រង់នឹងប្រទានឲ្យអ្នកនូវសេចក្តីបង្គាប់ទាំងអស់របស់ទ្រង់ពីលើគម្របហិបសញ្ញា។ ព្រះបានមានបន្ទូលថា ទ្រង់នឹងមានបន្ទូលទៅកាន់ពួក អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរចាស់អំពីគ្រប់យ៉ាង ពីលើទីសន្តោសប្រោស។ 
អ្នកត្រូវតែយល់ថា នេះគឺជាសេចក្តីសន្យារបស់ព្រះថា ទ្រង់នឹងដឹកនាំជីវិតរបស់អ្នក បន្ទាប់ពីទ្រង់បានប្រទានឲ្យអ្នកនូវការអត់ទោសបាប តាមរយៈតង្វាយយញ្ញបូជាស្របច្បាប់ និងបានយកអ្នកធ្វើជារាស្ត្ររបស់ទ្រង់។ ព្រះកំពុងតែប្រាប់យើងថា ទោះបីជាអ្នកដែលជឿតាមជំនឿគ្រីស្ទបរិស័ទព្យាយាមទទួលបានការដឹកនាំពីព្រះអម្ចាស់យ៉ាងណាក៏ដោយ បើសិនអ្នកលើព្រះយេស៊ូវ តែនៅតែមិនស្គាល់សេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏ទ្រង់មិនអាចដឹកនាំអ្នកបានដែរ។ ដូច្នេះ បើសិនអ្នកពិតជាចង់ឲ្យព្រះអម្ចាស់ដឹកនាំអ្នក ជាដំបូង អ្នកត្រូវស្គាល់ និងទទួលយកសេចក្តីពិតនៃការអត់ទោសបាប ដែលបានអត់ទោសអំពើបាបទាំងអស់របស់អ្នកតែម្តងជាសម្រេចជាមុនសិន ហើយបន្ទាប់មក រង់ចាំការដឹកនាំពីទ្រង់។ 
មានរឿងមួយ ដែលខ្ញុំចង់ប្រាប់អ្នក ហើយរឿងនោះគឺថា បើសិនអ្នកចង់ធ្វើជាកូនរបស់ព្រះ ហើយបើសិនអ្នកចង់ធ្វើជាផ្នែកមួយនៃពួកជំនុំរបស់ទ្រង់ ជាដំបូង អ្នកត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នក ដោយការជឿតាមដំដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីអាថ៌កំបាំងនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមជាមុនសិន។ មានតែធ្វើដូច្នេះទេ ទើបអ្នកអាចទទួលបានសេចក្តីបង្គាប់របស់ព្រះអម្ចាស់ ដែលទ្រង់មានបន្ទូលទៅកាន់អ្នកពីលើហិបសញ្ញាបាន។ 
យើងត្រូវតែចងចាំ និងជឿថា ព្រះអម្ចាស់តែងតែបានបង្គាប់ និងដឹកនាំជីវិតរបស់យើងជានិច្ច នៅពេលយើងមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានជួយយើងឲ្យទទួលបានការអត់ទោសបាប។ តើឥឡូវនេះ អ្នកកំពុងតែទទួលបានសេចក្តីបង្គាប់របស់ព្រះអម្ចាស់ ដែលទ្រង់មានបន្ទូលទៅកាន់អ្នកពីលើទីសន្តោសប្រោសដែរទេ? ឬអ្នកកំពុងតែដើរតាមព្រះអម្ចាស់ ដោយផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក? 
អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកមិនអាចបង្កើតសេចក្តីជំនឿរបស់អ្នកបានឡើយ ប៉ុន្តែគ្រាន់តែដឹកនាំអ្នកឲ្យមានភាពច្របូកច្របល់ប៉ុណ្ណោះ។ បើសិនអ្នកចង់ដើរតាមសេចក្តីបង្គាប់របស់ព្រះ ដែលទ្រង់មានបន្ទូលពីហិបសញ្ញា អ្នកត្រូវតែដឹង និងជឿថា សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងរោងឧបោសថ គឺជាការអត់ទោសបាបដែលព្រះបានប្រទានឲ្យយើងហើយ។
ហាលេលូយ៉ា! ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់បុណ្យជ្រមុជរបស់ព្រះអម្ចាស់ ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង អំណាចរបស់ទ្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។