Search

សេចក្តីអធិប្បាយ

Subject 11 : រោងឧបោសថ

[11-18] តុតាំងនំប៉័ង (ក្ខមនំ ៣៧:១០-១៦)

តុតាំងនំប៉័ង
(ក្ខមនំ ៣៧:១០-១៦)
«គាត់ធ្វើតុពីឈើនាងនួន មានបណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយ កំពស់១ហត្ថកន្លះ ក៏ស្រោបដោយមាសសុទ្ធ ហើយធ្វើកែមមាសនៅជុំវិញ គាត់ក៏ធ្វើគែមកំពស់១ទះនៅជុំវិញតុនោះ ហើយនៅគែមនោះក៏ធ្វើកែមមាសនៅជុំវិញដែរ គាត់សិតកងមាស៤សំរាប់តុ រួចដាក់កងទាំងនោះ ភ្ជាប់នឹងជើងតុទាំង៤ នៅគ្រប់ជ្រុង កងទាំងនោះនៅជិតគែមតុ សំរាប់នឹងព្រហកឈើស្នែងសែងទៅ ក៏ធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាស សំរាប់នឹងសែងតុ ឯអស់ទាំងប្រដាប់ដែលត្រូវដាក់លើតុ គឺជាថាស ផ្តិល ប៉ាន់ ហើយនឹងពែងដែល សំរាប់នឹងថ្វាយដង្វាយច្រួច នោះគាត់ធ្វើពីមាសសុទ្ធទាំងអស់។»
 


យើងត្រូវតែធ្វើជាអ្នកបរិភោគនំប៉័ងជីវិត ដោយការដាក់គែមមួយនៅក្នុងចិត្តរបស់យើង

តុតាំងនំប៉័ង
តុតាំងនំប៉័ង ដែលជាប្រដាប់ប្រដាមួយនៅក្នុងរោងឧបោសថ ត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយមាសសុទ្ធ។ វាមានបណ្តោយប្រវែង២ហត្ថ (៩០ សង់ទីម៉ែត្រ) ទទឹងប្រវែង១ហត្ថ (៤៥ សង់ទីម៉ែត្រ) និងកម្ពស់១.៥ហត្ថ (៦៧.៥ សង់ទីម៉ែត្រ)។ គេតែងតែដាក់នំប៉័ងចំនួនដប់ពីរដុំនៅលើតុតាំងនំប៉័ង ជានិច្ច ហើយមានតែពួកសង្ឃប៉ុណ្ណោះ ដែលអាចបរិភោគនំប៉័ងនេះបាន (លេវីវិន័យ ២៤:៥-៩)។ 
លក្ខណៈពិសេសនៃតុតាំងនំប៉័ងមានដូចជា៖ វាមានគែមកម្ពស់មួយទះនៅជុំវិញ មានកែមមាសព័ទ្ធជុំវិញគែមនេះ និងកងមាសចំនួន៤ត្រូវបានដាក់នៅជ្រុងទាំងបួន ហើយកងមាសទាំងនោះសម្រាប់ស៊កឈើស្នែងដែលត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយមាស ដើម្បីសែងតុនេះ។ ហើយប្រដាប់ប្រដានៅលើតុនេះមានដូចជា ចាន ផ្តិល ប៉ាន់ និងពែងថ្វាយតង្វាយច្រូច ដែលត្រូវបានធ្វើពីមាសទាំងអស់។ 
និក្ខមនំ ៣៧:១១-១២ កត់ត្រាថា «ក៏ស្រោបដោយមាសសុទ្ធ ហើយធ្វើកែមមាសនៅជុំវិញ គាត់ក៏ធ្វើគែមកំពស់១ទះនៅជុំវិញតុនោះ ហើយនៅគែមនោះក៏ធ្វើកែមមាសនៅជុំវិញដែរ»។ តុតាំងនំប៉័ងនៅក្នុងទីបរិសុទ្ធនៃព្រះ មានគែមមួយកម្ពស់មួយទះ ហើយនៅជុំវិញគែមនេះត្រូវបានដាក់កែមមាសមួយ។ ហេតុអ្វីព្រះបានបង្គាប់ឲ្យលោកម៉ូសេដាក់គែមនេះ? គែមដែលមានកម្ពស់មួយទះនេះ គឺប្រហែល ១០ សង់ទីម៉ែត្រ សម្រាប់ការពារនំប៉័ងមិនឲ្យធ្លាក់ពីតុ។ 
ដោយសារមានតែពួកសង្ឃប៉ុណ្ណោះ ដែលអាចបរិភោគនំប៉័ងនៅលើតុតាំងនំប៉័ងនេះបាន យើងត្រូវតែធ្វើជាអ្នកដែលអាចបរិភោគនំប៉័ងនេះខាងវិញ្ញាណបានវិញ។ ហើយមានតែអ្នកដែលបានសង្រ្គោះចេញពីបាប និងទទួលបានជីវិតអស់កល្បជានិច្ច ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងប៉ុណ្ណោះ ដែលអាចបរិភោគនំប៉័ងនេះបាន។ នៅក្នុងន័យផ្សេង មានតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចបរិភោគនំប៉័ងនេះបាន។
ដោយសារគែមមួយដែលមានកម្ពស់មួយទះ ត្រូវបានដាក់ជាពិសេសនៅជុំវិញតុតាំងនំប៉័ងនៅក្នុងរោងឧបោសថ វាធានាថា នំប៉័ងនឹងមិនធ្លាក់ចុះពីតុឡើយ។ ហើយនៅរៀងរាល់ថ្ងៃសាប្ប័ទ គេដាក់នំប៉័ងទើបតែធ្វើហើយក្តៅៗនៅលើតុនោះ។ ដូច្នេះ យើងត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះការពិតថា គែមកម្ពស់មួយទះនៅជុំវិញតុតាំងនំប៉័ង ហើយថា គែមនោះត្រូវបានស្រោបដោយកែមមាសមួយ។
គែមនៃតុតាំងបំប៉័ងកំពុងតែបង្រៀនយើងថា យើងត្រូវតែប្រកាសខ្ជាប់នៅក្នុងចិត្តតាមព្រះបន្ទូលនៃសេចក្តីពិត ដែលផ្តល់សេចក្តីសង្រ្គោះដល់យើង និងជីវិតអស់កល្បជានិច្ច។ វាប្រាប់យើងថា យើងអាចមានសេចក្តីជំនឿខាងវិញ្ញាណលើសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានប្រើសម្រាប់ទ្វាររោងឧបោសថបាន លុះត្រាតែយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយការបើកសម្តែងនេះប្រាប់យើងថា មានតែអ្នកដែលជឿតាម សេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះប៉ុណ្ណោះ ទើបអាចធ្វើជាកូនរបស់ព្រះបាន។ 
ដោយសារបើសិនយើងមិនជឿតាមរបៀបនេះទេ យើងមិនអាចមានទំនាក់ទំនងជាមួយព្រះអម្ចាស់បានឡើយ ទើបយើងដែលចង់បរិភោគនំប៉័ងជីវិត ត្រូវតែមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយយើងត្រូវតែជឿថា មានតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះប៉ុណ្ណោះ ដែលជាសេចក្តីពិតនៃសេចក្តីសង្រ្គោះដ៏ពិតប្រាកដ។ សរុបមក ព្រះកំពុងតែបង្គាប់ឲ្យយើងដាក់គែមនៃសេចក្តីជំនឿនៅក្នុងចិត្តរបស់យើង ដើម្បីកុំឲ្យព្រះបន្ទូលនៃសេចក្តីសង្រ្គោះរសាត់ចេញពីយើង។ 
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះត្រូវបានផ្តល់ឲ្យយើង តាំងពីសម័យពួកជំនុំដំបូងមកម៉្លេះ។ ចាប់ពីសម័យពួកជំនុំដំបូងមកដល់បច្ចុប្បន្ននេះ ព្រះបានលាងសម្អាតអំពើបាបរបស់អ្នកដែលជឿតាមដំណឹងល្អនេះ។ ឥឡូវនេះ ដូចពីមុនដែរ យើងអាចមើលឃើញថា ព្រះសង្រ្គោះព្រលឹងរបស់អ្នកដែលជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ យើងបានសង្រ្គោះ ដោយការជឿតាមសេចក្តីពិត ដែលមាននៅក្នុងទ្វាររោងឧបោសថ ហើយព្រះបានជួយឲ្យយើងអាចរស់នៅខាងវិញ្ញាណ ដោយដាក់គែមមួយនៅក្នុងចិត្តរបស់យើង។
តាមរយៈសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ យើងបានទទួលជីវិតអស់កល្បជានិច្ច ដោយតាមរយៈដំណឹងល្អនៃសេចក្តីពិតនេះ យើងអាចបរិភោគនំប៉័ងជីវិតជាមួយអ្នកដទៃបាន ហើយយើងក៏អាចបម្រើព្រះរាជកិច្ចដ៏បរិសុទ្ធរបស់ព្រះបានផងដែរ។ ទោះបីជាយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ បើសិនយើងមិនប្រកាន់ខ្ជាប់តាមសេចក្តីពិតនៃដំណឹងល្អនេះ ហើយបាត់បង់វា នោះយើងក៏នឹងបាត់បង់ជីវិតរបស់យើងដែរ។ ដូច្នេះ យើងត្រូវតែដាក់គែមនៃសេចក្តីជំនឿនៅក្នុងចិត្តរបស់យើង ដោយការបន្តសញ្ជឹងគិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយសេចក្តីជំនឿជានិច្ច។ 
 


នៅក្នុងចិត្តរបស់យើង ត្រូវតែមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម


បើសិនមនុស្សមិនមានសេចក្តីជំនឿតាមសេចក្តីពិតនេះទេ នោះពួកគេមិនអាចបានសង្រ្គោះបានឡើយ។ ពួកគេអាចទទូចដោយខ្លួនឯងថា ពួកគេបានសង្រ្គោះហើយ ប៉ុន្តែឥឡូវនេះ ដោយសារចិត្តរបស់ពួកគេមិនប្រកាន់ខ្ជាប់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម សេចក្តីសង្រ្គោះដែលពួកគេមាន គឺគ្រាន់តែជាសេចក្តីសង្រ្គោះដែលមិនគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ 
ការមិនជឿ និងការមិនទទួលស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាសេចក្តីពីត គឺស្មើនឹងការបោះបង់ព្រះអម្ចាស់ចោលដូច្នេះដែរ។ នំប៉័ងជីវិតមិនគ្រាន់តែជាអ្វីដែលយើងចង់បានជាកម្មសិទ្ធិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអ្វីមួយដែលយើងត្រូវតែដាក់ចូលទៅក្នុងមាត់ ទំពារ និងបរិភោគផងដែរ ដើម្បីធ្វើឲ្យសេចក្តីពិតរបស់វាក្លាយជាកម្មសិទ្ធិរបស់យើង។ ប៉ុន្តែបើសិនយើងបន្តមិនជឿ និងប្រកាន់ខ្ជាប់តាមនៅក្នុងចិត្តរបស់យើង សេចក្តីពិតនៃសេចក្តីសង្រ្គោះនឹងរសាត់បាត់ពីចិត្តរបស់យើងភ្លាម។
អ្នកអាចឆ្ងល់ថា អ្នកអាចបាត់បង់សេចក្តីសង្រ្គោះដ៏មានតម្លៃនេះបានដោយរបៀបណា ខណៈដែលអ្នកបានសង្រ្គោះចេញពីបាបរួចទៅហើយ។ ប៉ុន្តែគួរឲ្យសោកស្តាយ មនុស្សជាច្រើនដែលមិនប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះទេ ទោះបើពួកគេបានទទួលសេចក្តីពិតដោយអំណរពីដើមដំបូងក្តី នឹងត្រូវស្លាប់ ពីព្រោះពួកគេមិនមានឫសនៃសេចក្តីជំនឿនៅក្នុងដំណឹងល្អពិតឡើយ។ 
ទាក់ទងនឹងបញ្ហានេះ ព្រះយេស៊ូវបានមានបន្ទូលអំពីដីនៃចិត្តទាំងបួនប្រភេទនៅក្នុង «រឿងប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជ» (ម៉ាថាយ ១៣:៣-៩, ១៨-២៣)។ នៅក្នុងរឿងប្រៀបប្រដូចនេះ គ្រាប់ពូជនៃសេចក្តីពិតរបស់ព្រះត្រូវបានព្រោះទៅលើដីនៃចិត្តបួនប្រភេទរបស់មនុស្សជាតិ។ ដីទីមួយគឺជាផ្លូវដើរ ដីទីពីរគឺជាកន្លែងមានថ្ម ដីទីបីគឺជាដីមានបន្លា ហើយដីទីបួនគឺជាដីល្អ។ គ្រាប់ពូជដែលបានធ្លាក់ទៅលើដីទាំងបីប្រភេទដំបូង មិនបានបង្កើតផលផ្លែទេ ហើយមានតែគ្រាប់ពូជដែលបានធ្លាក់ទៅលើដីទីបួនប៉ុណ្ណោះ ដែលជាដីល្អ ដែលបានបង្កើតផលផ្លែ។ នេះមានន័យថា មនុស្សជាច្រើនអាចបាត់បង់សេចក្តីសង្រ្គោះរបស់ខ្លួននៅពាក់កណ្តាលផ្លូវ ទោះបើពួកគេបានស្តាប់ឮ និងទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អនៃសេចក្តីសង្រ្គោះពិតប្រាកដក៏ដោយ។ ដូច្នេះ យើងត្រូវតែចងចាំថា បើសិនដីនៃចិត្តរបស់យើងមិនល្អទេ យើងអាចបាត់បង់សេចក្តីសង្គ្រោះដែលព្រះអម្ចាស់បានប្រទានឲ្យយើងបាន។ 
បើសិននៅក្នុងចិត្តរបស់យើង យើងជឿលើសេចក្តីសង្រ្គោះដែលបានមកតាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដីនៃចិត្តរបស់យើងអាចមានជីជាតិល្អ។ ប៉ុន្តែជាច្រើនដង យើងមើលឃើញថា មនុស្សមួយចំនួនបាត់បង់សេចក្តីសង្រ្គោះរបស់ពួកគេ ដោយសារតែពួកគេមិនមានសមត្ថភាពរីកចម្រើននៅក្នុងសេចក្តីជំនឿរបស់ពួកគេ ដោយព្រោះសេចក្តីជំនឿរបស់ពួកគេមិនបានចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រះបន្ទូលព្រះ។ ដូច្នេះហើយបានជាយើងត្រូវតែនៅក្នុងពួកជំនុំរបស់ព្រះ បរិភោគនំប៉័ងជីវិតជារៀងរាល់ថ្ងៃ ហើយរីកចម្រើននៅក្នុងសេចក្តីជំនឿ។ តាមរយៈសេចក្តីពិតដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះកំពុងតែចិញ្ចឹមយើងជារៀងរាល់ថ្ងៃ ដើម្បីឲ្យសេចក្តីជំនឿរបស់យើងរីកចម្រើនឡើង។ 
យើងត្រូវតែបញ្ជាក់នៅក្នុងចិត្តរបស់យើងជារៀងរាល់ថ្ងៃ អំពីការអត់ទោសបាបដែលយើងបានទទួល។ សេចក្តីពិតដែលត្រូវតែមាននៅក្នុងចិត្តរបស់យើង គឺជាសេចក្តីសង្រ្គោះតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ សេចក្តីពិតនៃសេចក្តីសង្រ្គោះនេះនៅក្នុងចិត្តរបស់អ្នកដែលបានទទួលការអត់ទោសបាប។ តាមរយៈការកែសេចក្តីជំនឿរបស់យើងជាថ្មីឡើងនៅក្នុងដំណឹងល្អដ៏ពិតអំពីទឹក និងព្រះវិញ្ញាណនេះ យើងអាចរស់នៅជារៀងរាល់ថ្ងៃ ក្នុងនាមជាកូនរបស់ព្រះបាន។ 
ដូច្នេះ សូម្បីតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏ត្រូវតែឆ្លុះបញ្ចាំងជារៀងរាល់ថ្ងៃផងដែរ លើដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ ដែលមាននៅក្នុងសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយបញ្ជាក់ពីសេចក្តីជំនឿរបស់ពួកគេជារៀងរាល់ថ្ងៃ។ ហេតុអ្វី? ពីព្រោះបើសិនយើងមិនតែងតែប្រកាន់ខ្ជាប់តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបញ្ជាក់ពីវាទេ យើងអាចនឹងបាត់បង់វានៅគ្រប់ពេលវេលាបាន។ ដូច្នេះ យើងត្រូវតែនឹកចាំពីអ្វីដែលអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបាននិយាយទៅកាន់សហគមន៍យូដា៖ «ដោយហេតុនោះ បានជាគួរឲ្យយើងរាល់គ្នាប្រុងប្រយ័ត្នលើសទៅទៀត ចំពោះសេចក្តីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្តីទាំងនោះ» (ហេព្រើរ ២:១)។ 
នៅសព្វថ្ងៃនេះ សូម្បីតែក្នុងចំណោមអ្នកដែលស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏យើងមើលឃើញថា មានមនុស្សជាច្រើន ដែលជឿតាមដំណឹងល្អហើយ ប៉ុន្តែសេចក្តីជំនឿរសាត់បាត់ទៅតាមពេលវេលាដែរ។ នេះដោយសារតែពួកគេមិនបានបន្តបរិភោគនំប៉័ងជីវិតនៅក្នុងទីបរិសុទ្ធ ហើយជាលទ្ធផល ចិត្តរបស់ពួកគេមិនត្រូវបានបន្សុទ្ធ ដោយសេចក្តីជំនឿពិតឡើយ ទោះបើពួកគេបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ។ 
ហើយក៏មានបាវបម្រើជាច្រើនរបស់សាតាំងនៅក្នុងលោកិយនេះផងដែរ ដែលកំពុងតែព្យាយាមសម្លាប់មនុស្សសុចរិត ដោយការបញ្ចុកនំប៉័ងមានដំបែរ ដែលជាសេចក្តីបង្រៀនខាងសាច់ឈាមរបស់ពួកគេផ្ទាល់។ បើសិនដំណឹងល្អខុសឆ្គងត្រូវបានណែនាំចូលទៅក្នុងពួកជំនុំរបស់ព្រះ នោះសេចក្តីពិតត្រូវលាយឡំជាមួយសេចក្តីកុហក ហើយធ្វើឲ្យអ្នកជឿក្លាយជាមនុស្សដែលព្រះអម្ចាស់មិនទទួលស្គាល់។ ពួកគេស្គាល់សេចក្តីពិត ប៉ុន្តែមិនជឿតាមទេ ពីព្រោះពួកគេមិនដាក់គែមនៃសេចក្តីជំនឿ ហើយដូច្នេះ ពួកគេក្លាយជាអ្នកដែលមិនបានសង្រ្គោះចេញពីបាបទាំំងស្រុងវិញ។ សុភាសិត ២២:២៨ និយាយថា «កុំឲ្យបន្ថយគោលចារឹក ដែលពួកឰយុកោឯងបោះទុកពីបុរាណឡើយ»។
ដូច្នេះ យើងពិតជាមិនត្រូវដោះគោលចារឹកនៃសេចក្តីជំនឿរបស់យើងចេញឡើយ។ យើងត្រូវតែមានព្រំដែននៃសេចក្តីជំនឿពិតឲ្យបានច្បាស់លាស់ ហើយការពារវា រហូតដល់ថ្ងៃដែលព្រះអម្ចាស់យាងត្រឡប់មកវិញ។ មានតែដូច្នេះទេ ទើបយើងតែងតែអាចបរិភោគនំប៉័ងជីវិតបាន ព្រះអម្ចាស់អាចគង់នៅក្នុងជម្រៅចិត្តរបស់យើងបាន ហើយយើងអាចមានជីវិតអស់កល្បជានិច្ចបាន។ មិនថាព្រះប្រទាននំប៉័ងដល់យើងច្រើនប៉ុណ្ណាទេ បើសិនយើងមិនផ្តល់តម្លៃដល់ភាពថ្លៃរបស់វា និងមិនប្រកាន់ខ្ជាប់តាមវានៅក្នុងចិត្តរបស់យើង ឬបើសិនយើងដោះគែមនៃចិត្តរបស់យើងចេញ ហើយធ្វើឲ្យនំប៉័ងជីវិតធ្លាក់ចុះពីតុ យើងនឹងក្លាយជាកូននៃសេចក្តីវិនាសហើយ។ 
ពួកយើងមួយចំនួនទើបតែបានទទួលការអត់ទោសបាប ខណៈដែលអ្នកដទៃទៀតបានស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាលើកដំបូង ហើយបានទទួលការអត់ទោសបាប បន្ទាប់ពីរាប់ទសវត្ស។ ដោយសារអ្វីដែលយើង ស្តាប់ឮជារៀងរាល់ថ្ងៃគឺអំពីព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពួកយើងមួយចំនួនពិតជាអាចធុញទ្រាន់បាន កាលណាស្តាប់ឮពាក្យថា «ទឹក» នៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែយើងនៅតែត្រូវបន្តបរិភោគនំប៉័ងនៃដំណឹងល្អពិតនេះជានិច្ច។ ដូច្នេះ តើយើងត្រូវតែធ្វើដូច្នេះរហូតដល់ពេលណា? រហូតដល់ថ្ងៃដែលព្រះអម្ចាស់យាងត្រឡប់មកវិញ។ 
អ្នកមួយចំនួនអាចត្អូញត្អែរថា ខ្ញុំតែងតែបន្តអធិប្បាយអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជានិច្ច ប៉ុន្តែអ្នកត្រូវដឹងពីមូលហេតុដែលខ្ញុំត្រូវតែអធិប្បាយតាមរបៀបនេះ។ សេចក្តីជំនឿរបស់យើងត្រូវតែរឹងមាំឡើង ដោយការសញ្ជឹងគិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យយើងអាចធ្វើជាអ្នកបម្រើរបស់ព្រះបាន។ យើងត្រូវតែបំពេញតួនាទីជាអ្នកចាំយាមដ៏ស្មោះត្រង់សម្រាប់ព្រលឹងមនុស្សនៅសម័យនេះ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ជានំប៉័ងជីវិត និងអាហារដ៏ពិតនៃសេចក្តីជំនឿសម្រាប់ព្រលឹងដែលបានកើតជាថ្មីផងដែរ។ ដូច្នេះ យើងត្រូវតែមាននំប៉័ងនេះជារៀងរាល់ថ្ងៃ មិនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកដទៃផងដែរ ដើម្បីឲ្យពួកគេអាចទទួលបានការអត់ទោសបាបរបស់ពួកគេបានដែរ។ 
នំប៉័ងរបស់មនុស្សសុចរិត គឺត្រូវប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីសង្រ្គោះមនុស្សចេញពីអំណាចនៃសេចក្តីងងឹត ហើយនាំពួកគេចូលទៅក្នុងនគរនៃព្រះរាជបុត្រាដែលប្រកបដោយសេចក្តីស្រឡាញ់ (យ៉ូហាន ៤:៣៤; កូល៉ូស ១:១៣)។ បើសិនយើងមិនមាននំប៉័ងនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នោះយើងប្រាកដជាធ្លាក់ខ្លួនឈឺ ឬស្លាប់។ ជាច្រើនដង ដោយសារតែភាពខ្សោយខាងសាច់ឈាម សេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណអាចខ្សោយដែរ។ ប៉ុន្តែបើសិនយើងប្រកាន់ខ្ជាប់តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងពេលមានបញ្ហា វាពិតជាអាចប្រែក្លាយទៅជា បង្អួចនៃឱកាសសម្រាប់ព្រលឹងរបស់យើងរីកចម្រើនកាន់តែខ្លាំងឡើងបាន។
កាលណាយើងស្តាប់ឮ និងសញ្ជឹងគិតអំពីដំណឹងល្អនៃសេចក្តីពិតនេះ ព្រលឹង និងសេចក្តីជំនឿរបស់យើងកាន់តែរីកចម្រើនឡើង ហើយយើងមើលឃើញកម្លាំងថ្មីកាន់តែមាននៅក្នុងចិត្តរបស់យើង។ ដូច្នេះ យើងត្រូវស្តាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជារៀងរាល់ថ្ងៃ ហើយបន្សុទ្ធ និងបញ្ជាក់ពីសេចក្តីជំនឿរបស់យើងនៅក្នុងដំណឹងល្អនេះ។ ដូចដែលព្រះមានបន្ទូលថា «ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ពមកសំរាប់ជាងខាត់» (សុភាសិត ២៥:៤) យើងត្រូវបន្សុទ្ធសេចក្តីជំនឿរបស់យើង គឺយើងត្រូវបន្ត ស្តាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទទួលស្គាល់វានៅក្នុងចិត្តរបស់យើង ហើយសញ្ជឹងគិតអំពីវាគ្រប់ពេលវេលា ពីព្រោះវាគឺជានំប៉័ងជីវិតដែលធ្វើឲ្យយើងរស់! ដូចដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ថា «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ» ព្រះអម្ចាស់របស់យើងពិតជាបានប្រទានឲ្យយើងនូវព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប្រាកដមែន។ ដូច្នេះហើយបានជាទ្រង់បានបង្គាប់ឲ្យយើងអធិស្ឋានតាមរបៀបនេះ។ 
មុនពេលខ្ញុំបានស្គាល់សេចក្តីពិតនេះ ខ្ញុំមិនបានសង្រ្គោះចេញពីបាបទេ។យើងត្រូវតែទទួលស្គាល់យ៉ាងច្បាស់លាស់ថា នៅពេលនោះ ទោះបីជាយើងបានជឿលើព្រះយេស៊ូវក៏ដោយ ក៏យើងមិនបានសង្រ្គោះចេញពីបាបដែរ។ «នៅពេលនោះ ខ្ញុំមិនបានសង្រ្គោះទាំងស្រុងចេញពីបាបទេ ប៉ុន្តែនៅពេលខ្ញុំបានបន្តស្តាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ ខ្ញុំបានជឿតាមវានៅក្នុងចិត្តរបស់ខ្ញុំ។ ទោះបីជាពីមុន ខ្ញុំបានជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្ញុំក៏ដោយ ក៏សេចក្តីសង្រ្គោះរបស់ខ្ញុំមិនបានគ្រប់លក្ខណ៍ដែរ ប៉ុន្តែឥឡូវនេះ ដោយការស្តាប់ឮដំណឹងល្អអំពីទឺក និងព្រះវិញ្ញាណ ខ្ញុំពិតជាបានសង្រ្គោះប្រាកដមែន។ ឥឡូវនេះ ខ្ញុំពិតជាអាចជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន ហើយខ្ញុំពិតជាជឿតាមដំណឹងល្អប្រាកដមែន»។ លុះត្រាតែអ្នកដឹង និងជឿថា ព្រះអម្ចាស់បានសង្រ្គោះអ្នកទាំងស្រុងចេញពីបាប តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ទើបអំណោយទាននៃសេចក្តីសង្រ្គោះដ៏ពិតពីស្ថានសួគ៌ចូលទៅក្នុងចិត្តរបស់អ្នក។ សេចក្តីជំនឿដែលជឿតាមសេចក្តីពិតនេះ គឺជាសេចក្តីជំនឿដ៏ពិតដែលសង្រ្គោះអ្នក។ 
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងព្រះគម្ពីរ មានភាពខុសគ្នាពីសេចក្តីជំនឿដែលយើងបានមានកាលពីមុន។ នៅពេលនោះ យើងបានជឿតាមដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ដែលខុសពីដំណឹងល្អដ៏គ្រប់លក្ខណ៍អំពីទឹក និងព្រះវិញ្ញាណ។ សេចក្តីជំនឿលើឈើឆ្កាង និងសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចមានភាពស្រដៀងគ្នា ប៉ុន្តែពិតជាខុសគ្នាដាច់ស្រឡះនៅពេលចុងក្រោយ។ មុនពេលអ្នកបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើអ្នកមិនបានជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខទេឬ? តើនៅពេលនោះ អំពើបាបទាំងអស់របស់អ្នកត្រូវបានអត់ទោសឲ្យដែរទេ? ពិតជាមិនបានឡើយ! កាលណាអ្នកជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខ អ្នកនៅតែមានអំពើបាបជាក់ស្តែងនៅក្នុងចិត្តរបស់អ្នកដដែល។ នេះហើយគឺជាភាពខុសគ្នារវាងសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងសេចក្តីជំនឿដែលជឿលើឈើឆ្កាងតែមុខ។ 
ភាពខុសគ្នាច្បាស់លាស់គឺថា អ្នកដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ មិនបានសង្រ្គោះទេ ប៉ុន្តែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេវិញ។ ដូច្នេះ វិញ្ញាណរបស់ពួកគេពិតជាមានភាពខុសគ្នា។ ប៉ុន្តែមនុស្សធម្មតាមិនយល់ពីការពិតនេះទេ។ ទោះបីជាដំណឹងល្អទាំងពីរមានភាពស្រដៀងគ្នាក៏ដោយ ក៏មានគម្លាតដ៏ធំមួយនៃសេចក្តីជំនឿរវវាងដំណឹងល្អទាំងពីរ ដែលមិនអាចតភ្ជាប់បាន ដែរ។ កាលណាភាពខុសគ្នាដ៏តូចមួយរវាងការជឿ ឬមិនជឿលើបុណ្យជ្រមុជរបស់ព្រះ គឺជាអ្វីដែលធ្វើឲ្យយើងទទួលបាន ឬបាត់បង់ជីវិតអស់កល្បជានិច្ច យើងគ្រាន់តែអាចទទួលស្គាល់ថា មានភាពខុសគ្នាមួយរវាងសេចក្តីជំនឿទាំងពីរនេះ ដែលយើងមិនត្រូវមើលរំលងឡើយ។ 
យើងត្រូវតែដឹងយ៉ាងច្បាស់លាស់ពីប្រភេទសេចក្តីជំនឿដែលបង្កើតព្រំដែននៃសេចក្តីសង្រ្គោះចេញពីបាបរបស់យើង។ ដើម្បីបានសង្រ្គោះចេញពីបាប យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដំណឹងល្អនេះគឺជា សេចក្តីពិតអំពីការអត់ទោសបាប។ ឋានៈនៃសេចក្តីសង្រ្គោះច្បាស់លាស់នឹងជារបស់អ្នក កាលណាអ្នកទទួសស្គាល់ថា អ្នកពិតជាមិនបានសង្រ្គោះឡើយ មុនពេលអ្នកបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយថា ឥឡូវនេះ អ្នកពិតជាជឿតាមដំណឹងល្អពិតនេះ ដោយអស់ពីចិត្តរបស់អ្នក។ 
បើសិនអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងជម្រៅចិត្តរបស់អ្នក អ្នកត្រូវតែទទួលស្គាល់យ៉ាងច្បាស់លាស់នៅចំពោះព្រះថា អ្នកបានទទួលការអត់ទោសបាបរបស់អ្នក ដោយការស្តាប់ឮ និងការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយឥឡូវនេះ បើសិនអ្នកបានជឿតាមសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណ អ្នកអាចរកឃើញភស្តុតាងយ៉ាងច្បាស់លាស់នៅក្នុងចិត្តរបស់យើងហើយ។ 
យើងត្រូវតែពិនិត្យមើលសេចក្តីជំនឿរបស់យើងយ៉ាងយកចិត្តទុកដាក់ នៅចំពោះព្រះ។ វាមិនមែនជារឿងអាម៉ាស់ទេ ដែលយើងពិនិត្យមើលសេចក្តីជំនឿរបស់យើង។ វាមិនមែនរឿងអាម៉ាស់ទេ បើសិនអ្នកបានចំណាយរយៈពេលប្រាំឆ្នាំ ចាប់តាំងពីអ្នកបានជឿលើព្រះយេស៊ូវពីដំបូង រហូតដល់ពេលអ្នកបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងជម្រៅចិត្តរបស់អ្នក។ ហើយបើសិនអ្នកត្រូវចំណាយរយៈពេលដប់ឆ្នាំ ដើម្បីបានសង្រ្គោះ ក៏វាមិនមែនជារឿងអាម៉ាស់ដែរ។ ផ្ទុយទៅវិញ វាគឺជាព្រះពរសម្រាប់អ្នកវិញទេតើ។
ទោះបីជាយ៉ាងណា ការពិតគឺថា មានមនុស្សជាច្រើន ដែលធ្វើពុតជាបានសង្រ្គោះចេញពីបាប។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធដែលទតមើលគ្រប់ទាំងអស់ មិនអាចទទួលស្គាល់សេចក្តីជំនឿរបស់ពួកគេបានឡើយ ពីព្រោះពួកគេមិនគូសបន្ទាត់ព្រំដែននៃសេចក្តីសង្រ្គោះរបស់ពួកគេដោយស្មោះត្រង់ឡើយ។ ឥឡូវនេះ វាគឺជាការប្រសើរបំផុត ដែលយើងកំណត់បន្ទាត់ព្រំដែននៃសេចក្តីជំនឿរបស់យើងឲ្យបានច្បាស់លាស់ ដោយមិនចាំបាច់ដឹងពីថ្ងៃជាក់លាក់ដែលយើងបានសង្រ្គោះទេ ប៉ុន្តែអ្វីដែលសំខាន់នៅទីនេះ គឺត្រូវបែងចែកយ៉ាងច្បាស់លាស់រវាងពេលមុន និងពេលក្រោយពីយើងបានសង្រ្គោះ ហើយប្រកាសសេចក្តីជំនឿដ៏គ្រប់លក្ខណ៍របស់យើងឲ្យបានច្បាស់លាស់។ 
 


ពួកព្ធយុកោនៃសេចក្តីជំនឿរបស់យើងក៏បានជឿតាមដំណឹងល្អដែលយើងជឿតាមនៅពេលនេះដែរ


បន្ទាប់ពីបានឆ្លងសមុទ្រក្រហមហើយ នៅពេលពួកអ៊ីស្រាអែលព្យាយាមឆ្លងទន្លេយ័រដាន់ ដើម្បីចូលទៅក្នុងទឹកដីកាណាន ពួកគេអាចឆ្លងដោយ សុវត្ថិភាពបាន លុះត្រាតែពួកគេបានដើរតាមពួកសង្ឃរបស់ពួកគេ ដែលបានសែងហិបសញ្ញារបស់ព្រះ។ បើសិនយើងគ្រាន់តែគិតចំពោះខ្លួនយើងថា «នេះគឺជារបៀបដែលខ្ញុំអាចឆ្លងទន្លេយ័រដាន់បាន» ហើយធ្វើការឆ្លង យើងមិនអាចចូលទៅក្នុងទឹកដីកាណានបានឡើយ ពីព្រោះនឹងនៅតែត្រើយម្ខាងនៃទន្លេយ័រដាន់ ជានិច្ច។ ដូច្នេះ ដើម្បីចូលទៅក្នុងទឹកដីកាណាន យើងត្រូវតែឆ្លងសមុទ្រក្រហម និងទន្លេយ័រដាន់ ដោយសេចក្តីជំនឿលើព្រះអម្ចាស់។ 
បើនិយាយបែបវិញ្ញាណ ទន្លេយ័រដាន់គឺជាទន្លេនៃសេចក្តីស្លាប់ និងការរស់ពីស្លាប់ឡើងវិញ។ សេចក្តីជំនឿដែលបានសង្រ្គោះយើងចេញពីបាប គឺជាសេចក្តីជំនឿដែលជឿថា «ខ្ញុំត្រូវធ្លាក់ទៅក្នុងស្ថាននរក ប៉ុន្តែព្រះអម្ចាស់បានយាងមកផែនដនេះ ហើយបានសង្រ្គោះខ្ញុំ ដោយបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតនៅលើឈើឆ្កាង»។ ដើម្បីសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ហើយបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ តាមរបៀបនេះ ទ្រង់បានទទួលយកអំពើបាបរបស់យើង ហើយបានសងថ្លៃឈ្នួលនៃបាប ដោយការលះបង់ព្រះជន្មទ្រង់ផ្ទាល់ជំនួសយើង។ ឥឡូវនេះ យើងត្រូវតែជឿតាមសេចក្តីពិតនេះ ហើយគូសបន្ទាត់នៃសេចក្តីជំនឿ និងបន្ទាត់នៃសេចក្តីសង្រ្គោះឲ្យបានច្បាស់លាស់នៅក្នុងចិត្តរបស់យើង។ 
នៅពេលខ្ញុំអធិប្បាយព្រះបន្ទូលព្រះ ខ្ញុំអាចមើលឃើញថា មានមនុស្សជាច្រើននៅក្នុងពួកជំនុំរបស់ទ្រង់ ដែលនៅតែមិនបានគូសបន្ទាត់នៃសេចក្តីសង្រ្គោះឲ្យបានច្បាស់លាស់នៅក្នុងជម្រៅចិត្តរបស់ពួកគេ ហើយមិនអាចដើរតាមព្រះអម្ចាស់បានទេ។ ពួកឆ្ងល់ពីរបៀបដែលពួកគេអាចគូសបន្ទាត់នេះ រវាងពេលមុន និងពេលបន្ទាប់ពីសេចក្តីសង្រ្គោះរបស់ពួកគេ។ ពួកគេមានលេសថា «តើមានអ្នកណាម្នាក់នៅលើផែនដីនេះ ដែលបានគូសបន្ទាត់នេះដែរទេ? តើសាវកប៉ុលបានគូសបន្ទាត់នេះដែរទេ? ហើយតើសាវកពេត្រុសបានគូសបន្ទាត់នេះដែរទេ? គ្មានអ្នកណាម្នាក់ ដែលបានគូសបន្ទាត់នេះឡើយ»។ ប៉ុន្តែសាវកនៃសេចក្តីជំនឿដូចជា សាវកប៉ុល និងសាវកពេត្រុសសុទ្ធតែបានគូសបន្ទាត់នៃ សេចក្តីសង្រ្គោះនេះទាំងអស់។ 
សម្រាប់សាវកប៉ុល គាត់បានគូសបន្ទាត់នេះ ខណៈដែលគាត់កំពុងតែធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស។ ដូច្នេះ គាត់និយាយជារឿងយៗពីពាក្យថា «កាលពីមុន ឬពេលមុន» ដែលផ្ទុយពីពាក្យ «ឥឡូវនេះ»។ ហើយសម្រាប់សាវកពេត្រុស គាត់បាននិយាយពាក្យដូចគ្នានេះដែរ (១ពេត្រុស ២:១០, ២៥)។ យើងអាចមើលឃើញថា គាត់បានគូសបន្ទាត់នេះ បើសិនយើងពិនិត្យមើលការសារភាពរបស់គាត់៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់» (ម៉ាថាយ ១៦:១៦) និង «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ» (១ពេត្រុស ៣:២១)។ ដូច្នេះ ទាំងសាវកប៉ុល និងទាំងសាវកពេត្រុស សុទ្ធតែបានគូសបន្ទាត់នៃសេចក្តីជំនឿរវាងពេលមុន និងបន្ទាប់ពីសេចក្តីសង្រ្គោះរបស់ពួកគាត់។ 
ដូច្នេះ សំណួរថា អ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនជឿ មិនមែនជាបញ្ហារបស់អ្នកដទៃទេ ប៉ុន្តែវាគឺជាបញ្ហានៃព្រលឹងរបស់អ្នកផ្ទាល់។ ពួកអ្នកបម្រើរបស់ព្រះនៅក្នុងព្រះគម្ពីរទាំងអស់ សុទ្ធតែដោះស្រាយបញ្ហាបាបទាំងអស់។ ដោយសារវាគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់យើងទាំងអស់គ្នា យើងទាំងអស់គ្នាត្រូវតែដោះស្រាយវា ដោយសេចក្តីជំនឿ។ កាលណាយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយដោះស្រាយបញ្ហាបាបចេញពីជម្រៅចិត្តរបស់យើង ព្រះពិតជាសព្វព្រះទ័យយ៉ាងខ្លាំង។ តើអ្នកចង់ផ្គាប់ព្រះទ័យព្រះដែរទេ? ដូច្នេះ អ្វីដែលអ្នកត្រូវតែធ្វើ គឺទទួលស្គាល់ភាពមានបាបរបស់អ្នក ហើយដោះស្រាយបញ្ហានេះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចុះ។ បើសិនកន្លងមកនេះ អ្នកមិនទាន់បានសង្រ្គោះទេ អ្នកត្រូវតែសារភាពថា «ព្រះជាម្ចាស់ ទូលបង្គំមិនទាន់បានសង្រ្គោះទេ»។ 
ព្រះយេស៊ូវបានមានបន្ទូលថា «បើអ្នកនឹងចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ» (ម៉ាថាយ ១៦:១៩)។ ចំណែកយើង ជាដំបូង យើងត្រូវតែទទួលស្គាល់ថា «ព្រះបានសង្រ្គោះខ្ញុំ ដោយទឹក និងព្រះវិញ្ញាណ។ នៅវេលានេះ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយខ្ញុំគ្មានការសង្ស័យអ្វីទាល់តែសោះថា ព្រះអម្ចាស់បានសង្រ្គោះខ្ញុំ តាម រយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ»។ 
យើងទាំងអស់គ្នាត្រូវតែទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទុកនៅក្នុងចិត្តរបស់យើង។ «ខ្ញុំទុកចិត្តលើដំណឹងល្អនេះ។ ដោយសារវាគឺជាសេចក្តីពិត ដែលព្រះអម្ចាស់បានដោះអំពើបាបរបស់ខ្ញុំចេញ ឥឡូវនេះ ខ្ញុំជឿតាមដំណឹងល្អនេះ។ រហូតមកដល់ពេលនេះ ខ្ញុំបានសង្រ្គោះ ដោយសារសេចក្តី ជំនឿ។» ដូច្នេះ កាលណាយើងទទួលស្គាល់ និងជឿតាមដំណឹងល្អដែលព្រះ អម្ចាស់បានប្រទានឲ្យ ព្រះប្រាប់យើងថា «ខ្ញុំទទួលស្គាល់សេចក្តីជំនឿរបស់អ្នកហើយ»។ 
នៅពេលព្រះបានសង្រ្គោះយើងទាំងស្រុង ដោយសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណរួចហើយ បើសិនយើងខ្លួនឯងមិនគូសបន្ទាត់នៃសេចក្តីសង្រ្គោះ និងទទួលយកសេចក្តីសង្រ្គោះនេះ ដោយការជឿតាមសេចក្តីពិតនេះទេ ព្រះទ្រង់ផ្ទាល់ក៏មិនទទួលស្គាល់យើងជាអ្នកដែលបានសង្រ្គោះដែរ។ នៅក្នុងន័យផ្សេង ដោយសារព្រះចង់ឲ្យយើងមានការស្ម័គ្រចិត្ត ដោយឥតបង្ខិតបង្ខំ បើសិនអ្នកមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់អ្នកទេ ព្រះវិញ្ញាណបរិសុទ្ធក៏មិនអាចគង់នៅក្នុងចិត្តរបស់អ្នកបានដែរ។ 
ក្រៅតែពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើយើងចាត់ទុកដំណឹងល្អ ផ្សេងៗទៀតជាដំណឹងល្អខុសឆ្គងដែរទេ? ឬយើងគិតថា សូម្បីតែដំណឹងល្អខុសឆ្គងទាំងនោះក៏មានប្រយោជន៍ដែរ ហើយថា អ្នកមិនចាំបាច់បោះបង់វាចោលទេ? ដូច្នេះ យើងត្រូវតែពិនិត្យខ្លួនយើង ហើយមើលឃើញពីរបៀបដែលយើងពិតជាជឿ។ ចូរយើងឧបមាថា មានប្រដាប់ប្រើប្រាស់ និងគ្រឿងអេឡិចត្រូនិកជាមួយច្រើន។ ហើយចូរយើងឧបមាថាទៀតថា យើងបានយកប្រដាប់ប្រដាខ្លះមកផ្ទះ ដោយគិតថា យើងអាចជួសជុលវា ដើម្បីប្រើប្រាស់បាន ប៉ុន្តែក្រោយមក ប្រដាប់ប្រដាទាំងនេះឥតប្រយោជន៍ និងប្រើការមិនបានអ្វីទាំងអស់។ តើយើងគួរតែរក្សាវាទុក ឬបោះបង់វាចោល? កាលណាយើងសម្រេចចិត្តថា វាសុទ្ធតែឥតប្រយោជន៍ យើងគួរតែបោះបង់វាចោលហើយ។ ហើយកាលណាអ្នកឈានទៅដល់ការសន្និដ្ឋានថា អ្វីមួយមិនមានប្រយោជន៍សម្រាប់អ្នក និងមិនពិតប្រាកដ នោះអ្នកក៏ត្រូវតែដឹងពីរបៀបបោះបង់វាចោលដែរ។ 
បើសិននេះគឺជារបៀបដែលយើងគួរតែប្រព្រឹត្តចំពោះកិច្ចការលោកិយ តើយើងគួរតែប្រព្រឹត្តចំពោះកិច្ចការខាងវិញ្ញាណយ៉ាងដូចម្តេច? នៅក្នុងកិច្ចការខាងវិញ្ញាណរបស់យើង យើងត្រូវតែមានការសម្រេចចិត្តក្នុងការបដិសេធសេចក្តី កុហក។ យើងត្រូវតែគូសបន្ទាស់ច្បាស់លាស់មួយ ដែលបែងចែកសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងសេចក្តីជំនឿខុសឆ្គងដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ។ យើងត្រូវតែទទួលស្គាល់ថា សេចក្តីជំនឿលើព្រះលោហិតតែមួយមុខមិនអាចផ្តល់សេចក្តីសង្រ្គោះដល់យើងបានឡើយ ហើយយើងត្រូវតែសម្រេចចិត្តបោះបង់គោលលទ្ធិខុសឆ្គងនេះចោល។ តើមួយណាគឺជាដំណឹងល្អត្រឹមត្រូវតាមព្រះគម្ពីរ? តើវាគឺជាដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខឬ? ឬវាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ? សេចក្តីជំនឿរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងដែលបានសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នក គឺជាអ្វីដែលផ្គាប់ព្រះទ័យព្រះហើយ។ 
សរុបមក មានគ្រីស្ទបរិស័ទពីរប្រភេទ៖ អ្នកដែលស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងអ្នកដែលមិនជឿ។ វាហាក់ដូចជាអ្នកទាំងពីរមានជីវិតនៃសេចក្តីជំនឿស្រដៀងគ្នា ប៉ុន្តែសេចក្តីពិតគឺថា អ្នកទាំងពីរពិតជាខុសគ្នាទាំងស្រុង។ តើអ្នកគិតថា ដំណឹងល្អដែលមិនគ្រប់លក្ខណ៍ដែលអ្នកបានជឿតាមពីមុន នៅតែមានប្រយោជន៍ឬ? ហើយតើអ្នកនៅតែបានរក្សាវាទុកគ្រប់ពេលវេលា ដោយគិតថា វានឹងមានប្រយោជន៍នៅពេលខាងមុខឬ?
សេចក្តីជំនឿបែបនេះគឺជាសេចក្តីជំនឿក្លែងក្លាយ ដែលកើតចេញពីគំនិតរបស់មនុស្ស ហើយដូច្នេះ អ្នកត្រូវបោះបង់វ៉ាលីចាស់ពីមុនរបស់អ្នកចោល។ ដោយសារអ្នកមិនទាន់បានបោះបង់សេចក្តីមិនពិត និងសេចក្តីកុហកនៅឡើយ ទើបអ្នកកំពុងតែមានបញ្ហានៅក្នុងជម្រៅចិត្តរបស់អ្នក។ ដូច្នេះ ខ្ញុំសូមទូន្មានអ្នកឲ្យនឹកចាំពីព្រះបន្ទូលទ្រង់ថា៖ «ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់របស់អញ មិនត្រូវឲ្យសត្វឯងជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជ២យ៉ាងនៅស្រែចំការឯងដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះ២យ៉ាងឡើយ» (លេវីវិន័យ ១៩:១៩)។ 
 

ដើម្បីចូលទៅក្នុងទីបរិសុទ្ធ យើងត្រូវតែចូលតាមទ្វារ តែមួយប៉ុណ្ណោះ

តើទ្វាររោងឧបោសថត្រូវបានធ្វើពីសម្ភារៈអ្វី? វាត្រូវបានត្បាញដោយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ អ្នកដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ ត្រូវតែបើកទ្វាររោងឧបោសថនេះ ហើយចូលទៅក្នុងទីបរិសុទ្ធ។ គេបានដាក់ជើងលង្ហិននៅខាងក្រោមសសរទ្វារនៃរោងឧបោសថ។ ហើយជើងលង្ហិនទាំងនេះជួយឲ្យយើងដឹងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតនៃសេចក្តីសង្រ្គោះ។ 
ពួកគេបង្រៀនយើងថា យើងត្រូវប្រឈមនឹងទោសនៃសេចក្តីស្លាប់ពីព្រះ ដោយសារអំពើបាបរបស់យើង ប៉ុន្តែដោយសារការទទួលបានព្រះពរនៃការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ យើងបានធ្វើជារាស្ត្ររបស់ព្រះផ្ទាល់។ យើងអាចចូលទៅក្នុងរោងឧបោសថ ដែលមានទ្វារធ្វើពីអំបោះពណ៌ទាំងបួនបាន លុះត្រាតែយើងបោះបង់គំនិតពីមុនរបស់យើងដែលជឿថា យើងអាចបានសង្រ្គោះ ដោយការជឿលើព័ន្ធកិច្ចរបស់ព្រះយេស៊ូវដែលមាននៅក្នុងអំបោះពណ៌ក្រហមតែមួយមុខ។ 
បើសិនយើងមិនបោះបង់សេចក្តីជំនឿ និងគំនិងអាត្មានិយមរបស់យើងចោលទេ យើងមិនអាចជឿលើសេចក្តីសង្រ្គោះ ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមបានឡើយ។ យើងត្រូវតែទទួលស្គាល់ថា សេចក្តីពិតដែលមាននៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយយើងត្រូវតែទទួលស្គាល់ភាពខុសនៃគំនិតអាត្មានិយមរបស់យើង ដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខកាលពីមុន។ 
បើសិនព្រះសព្វព្រះទ័យ ទ្រង់នឹងដឹកនាំអ្នកទៅឯសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណហើយ។ មានតែអ្នកដែលជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ដែលអាចទទួលបានការអត់ទោសបាប និងជីវិតអស់កល្បជានិច្ចបាន។ ហើយពួកគេអាចបើកទ្វារនៃសេចក្តីសង្រ្គោះ ដោយការជឿតាមសេចក្តីពិតនេះនៅក្នុងជម្រៅចិត្តរបស់ពួកគេ និងចូលទៅក្នុងទីបរិសុទ្ធបាន។ 
បើសិនអ្នកមិនដឹងពីភាពខុសនៃសេចក្តីជំនឿចាស់ មុនពេលអ្នកបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកនឹងប្រឈមនឹងទណ្ឌកម្មនៃបាបហើយ ពីព្រោះអ្នកមិនអាចបានសង្រ្គោះឡើយ។ បើសិនការនេះកើតឡើង អ្នកមិនអាចចូលទៅក្នុងទីបរិសុទ្ធ ហើយទទួលបាននំប៉័ងជីវិតបានឡើយ។ លុះត្រាតែអ្នកចូលទៅក្នុងទីបរិសុទ្ធ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបអ្នកអាចទទួលបាននំប៉័ងជីវិតក្តៅៗបាន។ 
អ្នកត្រូវតែដឹងថា ព្រះអម្ចាស់បានយកអ្នកធ្វើជាកូនរបស់ព្រះ ដោយការលាងសម្អាតអំពើបាបរបស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលជាអំបោះពណ៌ផ្ទៃមេឃ ហើយដោយការទទួលទណ្ឌកម្មនៃអំពើបាបរបស់អ្នក តាម រយៈការសម្រក់ព្រះលោហិតនៅលើឈើឆ្កាង ដែលជាអំបោះពណ៌ក្រហម។ ហើយអ្នកត្រូវតែដឹង និងជឿយ៉ាងច្បាស់លាស់ថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតដែលមានភាពចាំបាច់សម្រាប់អ្នក។ អ្នកអាចចូលទៅក្នុងពួកជំនុំរបស់ព្រះ ហើយបរិភោគនំប៉័ងជីវិតជាមួយមនុស្សសុចរិតបាន លុះត្រាតែអ្នកដឹងថា ព្រះគឺជាអ្នកដែលបានប្រទានឲ្យអ្នកនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយអ្នកជឿតាមដំណឹងល្អនេះ។ 
 


សាច់របស់ព្រះអម្ចាស់គឺជានំប៉័ងជីវិត និងនំប៉័ងនៃការអត់ទោសបាប


ចូរយើងត្រឡប់ទៅឯ យ៉ូហាន ៦:៤៩-៥៣៖ «ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណា ដែលបរិភោគ មិនត្រូវស្លាប់ឡើយ ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ»។ ព្រះយេស៊ូវបានមានបន្ទូលថា អ្នកដែលបរិភោគសាច់ និងផឹកឈាមរបស់ទ្រង់ មានជីវិតអស់កល្បជានិច្ច។ បទគម្ពីរនេះមានន័យថា យើងត្រូវតែបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកព្រះលោហិតរបស់ទ្រង់។ 
ដូច្នេះ តើយើងអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បានបានតាមរបៀបណា? ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន។ ហើយដោយការជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលយើងអាចបរិភោគសាច់របស់ទ្រង់បាន ហើយដោយការជឿថា ព្រះយេស៊ូវបានផ្ទុកអំពើបាបទាំងអស់របស់យើង និងបានទទួលទោសនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងអស់ ដែលយើងអាចផឹកឈាមរបស់ទ្រង់បាន។ 
យើងក៏ត្រូវតែជឿផងដែរថា តាមរយៈព្រះរាជកិច្ចសង្រ្គោះដែលមាននៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និពណ៌ក្រហម ព្រះយេស៊ូវបានដោះអំពើបាបរបស់យើងចេញ ហើយបានយកយើងធ្វើជាកូនរបស់ព្រះផ្ទាល់។ មិនថាអ្នកបានជឿយ៉ាងដូចម្តេច មុនពេលអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ អ្នកត្រូវតែទទួលស្គាល់ថា សេចក្តីជំនឿពីមុនរបស់អ្នកគឺខុស ហើយឥឡូវនេះ អ្នកត្រូវតែលើកគែមនៃសេចក្តីជំនឿឡើង ដោយការជឿលើសាច់ និងឈាមរបស់ព្រះ ហើយបរិភោគនំប៉័ងនៃព្រះបន្ទូល។ 
យ៉ូហាន ៦:៥៣ និយាយថា «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ»។ សូម្បីតែបច្ចុប្បន្ននេះ មនុស្សមួយចំនួនប្រើប្រាស់បទគម្ពីរនេះ ដើម្បីពិភាក្សាគាំទ្រចំពោះគោលលទ្ធិនៃការផ្លាស់ប្តូរធាតុ។ គោលលទ្ធិនេះជឿថា នំប៉័ង និងស្រាដែលត្រូវបានប្រើនៅក្នុងពិធីលៀងព្រះអម្ចាស់ ត្រូវបានប្រែក្លាយជាសាច់ និងឈាមពិតប្រាកដរបស់ព្រះយេស៊ូវ នៅពេលពួកគេកំពុងតែប្រារព្វពិធី ដោយសេចក្តីជំនឿ។ ប៉ុន្តែយើងត្រូវតែដឹង និងជឿថា បទគម្ពីរ យ៉ូហាន ៦:៥៣ នេះមិននិយាយអំពីការផ្លាស់ប្តូរធាតុឡើយ ប៉ុន្តែតាមការពិត វានិយាយអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ 
ក្នុងកំឡុងពិធីលៀងព្រះអម្ចាស់ បើសិនអ្នករង់ចាំជាជួរ ហើយគ្រូគង្វាលដាក់នំប៉័ងមួយចំណិតចូលទៅក្នុងមាត់របស់អ្នក តើនំប៉័ងនេះនឹងប្រែក្លាយជារូបកាយរបស់ព្រះដែរទេ? វាមិនអាចទៅរួចឡើយ! យើងអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន ដោយការជឿថា ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះ ហើយបានលាងសម្អាតអំពើបាបទាំងអស់ ដោយការទទួលបុណ្យជ្រមុជ បាននាំអំពើបាបទាំងអស់ទៅលើឈើឆ្កាង ហើយបានសង្រ្គោះយើងចេញពីសេចក្តីស្លាប់។ 
អ្នកដែលបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់ ដោយសេចក្តីជំនឿ គឺជាអ្នកដែលជឿតាមសេចក្តីពិតថា តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះយេស៊ូវបានសង្រ្គោះយើងចេញពីបាប ដោយការទទួលយកអំពើបាប និងទោសនៃបាបរបស់យើងដាក់លើអង្គទ្រង់។ ដូច្នេះ យើងត្រូវតែបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់ ដោយ ជំនឿរបស់យើងលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ 
ដើម្បីទទួលផ្ទុកអំពើបាបរបស់យើងទៅលើអង្គទ្រង់ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសនៅក្នុងទន្លេយ័រដាន់។ ចូរយើងបែរទៅឯ ម៉ាថាយ ៣:១៥-១៧៖ «ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ 
ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានសុគតនៅលើឈើឆ្កាង ទើបទ្រង់បានបំពេញសម្រេចសេចក្តីសុចរិតទាំំងអស់របស់ទ្រង់។ សេចក្តីជំនឿរបស់យើងដែលជឿតាមសេចក្តីពីតនៃដំណឹងល្អថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោក យ៉ូហាន គឺជាសេចក្តីជំនឿត្រឹមត្រូវ ដែលជួយឲ្យយើងអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន។ 
បើសិនអ្នកទទួលស្គាល់សេចក្តីពិតនេះ អ្នកបានបរិភោគសាច់របស់ព្រះយេស៊ូវ ដោយសេចក្តីជំនឿហើយ។ ការដែលអំពើបាបរបស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទតែម្តងជាសម្រេច គឺជាសេចក្តីពិតយ៉ាងសំខាន់ ដែលអ្នកត្រូវតែជឿតាមនៅក្នុងបណ្តូលចិត្តរបស់អ្នក។ សេចក្តីជំនឿនេះជួយឲ្យអ្នកអាចបរិភោគសាច់របស់ព្រះយេស៊ូវ។ តើអំពើបាបរបស់អ្នកត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ដែរទេ? លុះត្រាតែអ្នកជឿតាមសេចក្តីពិត ទើបអ្នកអាចបរិភោគសាច់របស់ព្រះយេស៊ូវបាន។ បន្ទាប់ពីធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវរួច លោកយ៉ូហាន-បាទ្ទីសបានពោលថា «នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ 
ហើយដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់បានដាក់អំពើបាបទាំងអស់នៅលើអង្គទ្រង់ បានជាប់ឈើឆ្កាង និងបានបង្ហូរព្រះលោហិតទ្រង់ ហើយសុគត។ ដូច្នេះ ដោយបានជាប់ឈើឆ្កាង ដោយត្រូវបានដំព្រះហស្ត និងព្រះបាតទាំងសង្ខាងរបស់ទ្រង់ភ្ជាប់នឹងឈើឆ្កាង និងការបង្ហូរព្រះលោហិតរបស់ទ្រង់ នៅពេលទ្រង់សុគត ព្រះយេស៊ូវបានស្រែកថា «ការស្រេចហើយ!»។ បន្ទាប់មក ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី បានធ្វើបន្ទាល់រយៈពេល៤០ថ្ងៃ និងបានយាងទៅស្ថានសួគ៌វិញ ហើយឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះហស្តនៃព្រះវរបិតា។ ហើយទ្រង់ក៏បានសន្យាផងដែរថា ទ្រង់នឹងយាងត្រឡប់មកវិញ ដូចដែលទ្រង់បានយាងទៅស្ថានសួគ៌វិញដែរ។ តើអ្នកជឿតាមសេចក្តីពិតនៅក្នុងជម្រៅចិត្តរបស់អ្នកដែរទេ? ដោយការជឿតាមសេចក្តីពិតនេះ ដែលអ្នកអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន។ លុះត្រាតែយើងពិតជាជឿនៅក្នុងជម្រៅចិត្តរបស់យើង ទើបយើងអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន។ ដូច្នេះ ដោយសារសេចក្តីជំនឿនេះហើយ ដែលយើងអាចបរិភោគនំប៉័ងនៅក្នុងទីបរិសុទ្ធបាន។ 
ព្រះអម្ចាស់បានបង្គាប់ឲ្យយើងតែងតែនឹកចាំពីសាច់ និងឈាមរបស់ទ្រង់ នៅពេលយើងជួបជុំគ្នា (១កូរិនថូស ១១:២៦)។ ដូច្នេះ គ្រប់ពេលដែលយើងជួបជុំគ្នា យើងត្រូវតែរំឮកពីសាច់ និងឈាមរបស់ព្រះយេស៊ូវ។ យើងត្រូវបរិភោគសាច់ និងឈាមរបស់ព្រះយេស៊ូវ ដោយសេចក្តីជំនឿ កាលណាយើងជួបជុំគ្នា ហើយដូច្នេះ យើងមិនគួរប្រារព្វពិធីលៀងព្រះអម្ចាស់តាមពិធីសាសនាទម្រង់និយមទេ។ 
ដោយសារយើងជឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួល ដើម្បីទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ និងព្រះលោហិតយញ្ញបូជាបស់ទ្រង់នៅលើឈើឆ្កាង យើងកំពុងតែនឹកចាំពីសាច់ និងឈាមរបស់ទ្រង់ជារៀងរាល់ថ្ងៃ ដោយសេចក្តីជំនឿ។ ដោយសារយើងជឿតាមសេចក្តីពីតអមពីទឹក និងព្រះវិញ្ញាណ ជារៀងរាល់ថ្ងៃ យើងបរិភោគសាច់ និងឈាមរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានមានបន្ទូលថា «អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ» (យ៉ូហាន ៦:៥៤)។ 
យើងត្រូវតែទទួលស្គាល់ថា បើសិនសេចក្តីជំនឿរបស់យើងមិនអាចជួយឲ្យបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បានទេ នោះវាគឺជាសេចក្តីជំនឿក្លែងក្លាយហើយ។ ព្រះអម្ចាស់បានមានបន្ទូលថា «អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅ ដោយសារទ្រង់ដែរ» (យ៉ូហាន ៦:៥៤-៥៧)។ 
អ្នកដែលបរិភោគសាច់របស់ព្រះអម្ចាស់ និងផឹកឈាមរបស់ទ្រង់ ដោយសេចក្តីជំនឿ នឹងរស់នៅ ដោយសារទ្រង់។ ម៉្យាងវិញទៀត អ្នកដែលមិនបរិភោគសាច់របស់ព្រះអម្ចាស់ និងមិនផឹកឈាមរបស់ទ្រង់ នឹងស្លាប់ ពីព្រោះពួកគេមិនបានជឿឡើយ។ ប៉ុន្តែវាមិនពិបាកសម្រាប់យើងបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់ ដោយសេចក្តីជំនឿទេ។ 
ចូរយើងសន្មត់នៅទីនេះមួយភ្លែតថា មានការប្រឡងនៃសេចក្តីសង្រ្គោះមួយ ដែលយើងត្រូវតែប្រឡង ដើម្បីចូលទៅក្នុងនគរព្រះ។ សំណួរមួយសួរថា «តើអ្វីគឺជាសេចក្តីជំនឿដែលជួយឲ្យអ្នកអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន?»។ ដូច្នេះ តើយើងគួរតែឆ្លើយសំណួរនេះយ៉ាងដូចម្តេច? នៅពេលទាំងសាច់ និងទាំងឈាមរបស់ព្រះយេស៊ូវបង្កើតជាសេចក្តីពិត តើយើងអាចនិយាយបានទេថា យើងបានបរិភោគសាច់របស់ទ្រង់ ខណៈដែលតាមការពិត យើងបានផឹកឈាមរបស់ទ្រង់តែប៉ុណ្ណោះ? យើងត្រូវតែសរសេរទាំងបុណ្យជ្រមុជ និងទាំងឈើឆ្កាងរបស់ព្រះយេស៊ូវជាចម្លើយរបស់យើង។ យើងអាចចូលនគរស្ថានសួគ៌បាន លុះត្រាតែយើងបរិភោគសាច់របស់ព្រះ យេស៊ូវ និងផឹកឈាមរបស់ទ្រង់។ ទោះបីជាយើងបានជឿខុស ឬបានយល់ខុសពីមុនក៏ដោយ បើសិនយើងបែរចិត្តរបស់យើងមកបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់វិញ នោះយើងអាចប្រឡងជាប់ហើយ។ បើសិនយើងជឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវនៅវេលានេះ យើងអាចប្រឡងជាប់ទាំងស្រុងហើយ។
មនុស្សសម្លឹងមើលរូបរាងខាងក្រៅ ប៉ុន្តែព្រះទតមើលជម្រៅចិត្តវិញ ហើយដូច្នេះ កាលណាយើងជឿលើបុណ្យជ្រមុជរបស់ព្រះ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង យើងកំពុងតែបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់ហើយ។ ព្រះទតមើលជម្រៅចិត្តរបស់យើង ដើម្បីឲ្យជ្រាបថា យើងពិតជាសេចក្តីជំនឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវនៅក្នុងចិត្តរបស់យើង ឬយ៉ាងណា។ ដូច្នេះ បើសិនយើងមិនជឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវនៅក្នុងជម្រៅចិត្តរបស់យើងទេ យើងមិនបានសង្រ្គោះចេញពីបាបទេ។ ទោះបីជាអ្នកបានជឿតាមរបៀបណាពីមុនក៏ដោយ បើសិនអ្នកមិនមានសេចក្តីជំនឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវទេ អ្នកមិនអាចចូលនគរស្ថានសួគ៌បានឡើយ។ 
អ្នកក្រិត្យវិន័យនិយមជាច្រើននៅក្នុងលោកិយនេះ កំពុងតែបន្តពិភាក្សាអំពីភាពត្រឹមត្រូវនៃគោលលទ្ធិអំពីការប្តូរធាតុនេះ។ អ្វីដែលយើងពិតជាត្រូវការ គឺជាសេចក្តីជំនឿដែលជួយឲ្យយើងអាចបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់បាន។ ប៉ុន្តែយើងអាចធ្វើដូច្នេះបាន លុះត្រាតែយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់យើង។ ដូច្នេះ ការជឿលើព្រះយេស៊ូវនៅក្នុងជម្រៅចិត្តរបស់យើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាការបរិភោគនំប៉័ងដ៏ពិត និងការផឹកគ្រឿងផឹកដ៏ពិត។ 
 

យើងត្រូវតែជឿ និងទទួលស្គាល់បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះជាការអត់ទោសបាបរបស់យើង

ព្រះអម្ចាស់របស់យើងបានមានបន្ទូលថា «ឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ» (យ៉ូហាន ៦:៥៥)។ ទ្រង់បានទទួលយកទណ្ឌកម្មនៃបាបនៅលើឈើឆ្កាង។ សេចក្តីជំនឿដែលជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ និងបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺជាសេចក្តីជំនឿដែលជួយឲ្យយើងអាចផឹកព្រះលោហិតរបស់ទ្រង់បាន។ តាម រយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់យើង រួមទាំងអំពើបាបរបស់ឪពុកម្តាយ និងកូនចៅរបស់អ្នក និងយើងម្នាក់ៗផង ហើយដោយការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ទ្រង់បានទទួលយកទណ្ឌកម្មនៃអំពើបាបទាំងនេះ។ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ព្រះយេស៊ូវបានដោះស្រាយបញ្ហាបាបទាំងអស់របស់យើងម្នាក់ៗនៅក្នុងលោកិយនេះ។ ការជឿថា ព្រះយេស៊ូវបានទទួលផ្ទុកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលទោសសម្រាប់អំពើបាបរបស់យើង តាមរយៈព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង គឺជាការផឹកព្រះលោហិតរបស់ព្រះយេស៊ូវ ដោយសេចក្តីជំនឿ។ 
នៅក្នុងពិភពលោកសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលនិយាយថា ពួកគេជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តែមាត់ប៉ុណ្ណោះ។ តាមការពិត ពួកគេមិនមានសេចក្តីជំនឿពេញលេញលើសាច់ និងឈាមរបស់ព្រះយេស៊ូវឡើយ។ អ្នកណាដែលមិនមានសេចក្តីជំនឿពេញលេញលើសាច់ និងឈាមរបស់ព្រះយេស៊ូវ មិនអាចទទួលបានការអត់ទោសបាបបានឡើយ។ កាលពីមុន អ្នកអាចជឿថា ព្រះលោហិតនៅលើឈើឆ្កាងគឺជាសេចក្តីពិតតែមួយគត់ ប៉ុន្តែឥឡូវនេះ ដោយសារអ្នកបានស្វែងរកឃើញសេចក្តីពិតហើយ អ្នកត្រូវតែមាន សេចក្តីជំនឿដែលពិតជាជឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវ ពីព្រោះបើសិនអ្នកមិនជឿដូច្នេះទេ ព្រះនឹងមិនទទួលស្គាល់អ្នកជាអ្នកដែលបានសង្រ្គោះទេ។ ម៉្យាងវិញទៀត បើសិនអ្នកមិនគូសបន្ទាត់នៃសេចក្តីសង្រ្គោះឲ្យបានច្បាស់លាស់នៅលើបញ្ហានេះទេ គឺនៅលើការអត់ទោសបាប ដែលអ្នកទទួលបាន ដោយសេចក្តីជំនឿលើសាច់ និងឈាមរបស់ព្រះ នោះអ្នកមិនអាចមាន សេចក្តីជំនឿ ដែលព្រះទទួលស្គាល់បានឡើយ។ 
ព្រះអម្ចាស់បានមានបន្ទូលថា «អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ» (យ៉ូហាន ៦:៥៤)។ ប៉ុន្តែបើសិនយើងមិនបរិភោគសាច់របស់ព្រះយេស៊ូវ និងផឹកឈាមរបស់ទ្រង់ ដោយសេចក្តីជំនឿទេ យើងមិនអាចចូលទៅក្នុងវត្តមានរបស់ព្រះបានឡើយ។ អ្នកណាដែលមិនមានសេចក្តីជំនឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវ មិនអាចនៅក្នុងព្រះអម្ចាស់បានឡើយ។ ខ្ញុំសង្ឃឹមយ៉ាងស្មោះត្រង់ថា គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកបរិសុទ្ធ អ្នកបម្រើការងារ និងអ្នកបម្រើរបស់ព្រះនៅក្នុងពួកជំនុំ នឹងរសាត់ចេញពីសេចក្តីជំនឿដែលជឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវឡើយ។
នៅពេលក្រុងសូដុំម និងក្រុងកូម៉ូរ៉ាត្រូវបានវិនាសដោយភ្លើង កូនប្រសារប្រុសរបស់ឡុតបានចាត់ទុកព្រះបន្ទូលនៃជីវិតរបស់ព្រះជាការលេងសើច។ សម្រាប់អ្នកដែលមិនមធ្យ័តចំពោះព្រះបន្ទូលព្រះ ការជំនុំជម្រះរបស់ព្រះនឹងធ្លាក់មកលើពួកគេ ដូចដែលព្រះគម្ពីរបានប្រាប់ហើយ។ ពួកអ្នកមិនជឿនឹងទទួលទោសសម្រាប់អំពើបាបនៃការមិនជឿរបស់ពួកគេ។ ហើយនេះមិនមែនជារឿងលេងសើចឡើយ។ 
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណសំដៅទៅលើសេចក្តីជំនឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវ។ ដោយការជឿតាមសេចក្តីពិតនេះ ដែលយើងបានទទួលការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច។ ដោយសារសេចក្តីជំនឿលើសាច់ និងឈាមរបស់ព្រះយេស៊ូវគឺជាដំណឹងល្អ និងសេចក្តីពិត យើងត្រូវតែថែរក្សាសេចក្តីជំនឿនេះនៅក្នុងចិត្តរបស់យើង ។ យើងត្រូវតែប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះទាំងអស់ ហើយមិនអនុញ្ញាតឲ្យវារសាត់ចេញពីយើងឡើយ ដោយជាដំបូង យើងត្រូវលើកគែមនៃសេចក្តីជំនឿឲ្យខ្ពស់ឡើងនៅក្នុងចិត្តរបស់យើង។ ដោយការជឿនៅក្នុងចិត្តរបស់យើង យើងត្រូវតែទទួលយកសេចក្តីពិតថា ព្រះបានដោះអំពើបាបទាំងអស់របស់មនុស្សមានបាបចេញ ដោយសាច់ និងឈាមរបស់ព្រះយេស៊ូវ។ 
ដូច្នេះ ខ្ញុំអធិស្ឋាន និងសង្ឃឹមថា អ្នករាល់គ្នានឹងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានបំពេញសម្រេច ហើយបរិភោគនំប៉័ងនៃសេចក្តីសង្រ្គោះ ដែលសង្រ្គោះអ្នករាល់គ្នាចេញពីអំពើបាប ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច។