Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី១៖ ការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ

1-26. សំណួរ ៥៖ តើអ្នកអាចពន្យល់ខ្ញុំអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានដែរឬទេ?

បើសិនយើងបានបាត់ម្ជុលមួយនៅកន្លែងណាមួយនៅខាងក្រៅ យើងប្រហែលនឹងកំពុងស្វែងរកវានៅកន្លែងដែលយើងបានបាត់វា។ ទោះបីជាយ៉ាងណា វាហាក់ដូចជាមិនសមហេតុផលនោះទេ ដែលយើងព្យាយាមស្វែងរកវានៅខាងក្នុងផ្ទះ ដោយព្រោះតែនៅខាងក្នុងផ្ទះមានពន្លឺភ្លឺជាង។ ខ្ញុំបានជួបនឹងមនុស្សមិនសមហេតុផលមួយចំនួននៅក្នុងពួកជំនុំនៅសព្វថ្ងៃនេះ។ ខណៈដែលពួកគេងាយនឹងពាក់ព័ន្ធជាមួយការមិនចុះសម្រុងគ្នាដែលមិនចេះចប់មិនចេះហើយ អំពីបុណ្យជ្រមុជទឹករបស់អ្នកជឿ ពួកគេមិនដែលសួរខ្លួនឯងនូវសំណួរសំខាន់មួយនេះសោះ «ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស?»។ ទំនោរបែបនេះ នាំឲ្យមាននិកាយ និងក្រុមជាច្រើននៅក្នុងសហគមន៍ គ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះ។
ដើម្បីបញ្ចប់ការមិនចុះសម្រុងគ្នាដែលមិនចេះចប់មិនចេះហើយទាំងនេះ យើងគួរតែយកខ្លួនរបស់យើងចេញពីភូមិដែលមានភាពច្របូកច្របល់មួយ ហើយត្រឡប់ទៅកន្លែងដែលយើងបានបាត់ ម្ជុលវិញ។ បើសិនយើងពិតជាចង់ស្វែងរកសេចក្តីពិត ដោយស្មោះត្រង់មែន យើងគួរតែបោះបង់ចោលភាពរាក់កំផែលរបស់យើង ពីព្រោះយើងមិនអាចស្វែងរកឃើញវា នៅក្នុងភូមិសាសនាបាន ឡើយ។ ហេតុអ្វីពួកសាវកបានដាក់ការសង្កត់ធ្ងន់ទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវព្រះគ្រីស្ទ? សេចក្តីពិតអាថ៌កំបាំងនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលពួកគេបានទទួលពីព្រះយេស៊ូវ ត្រូវបានអធិប្បាយនៅទូទាំងផែនដីនេះ។
ព្រះយេស៊ូវ បានមានបន្ទូលថា «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ» (យ៉ូហាន ៣:៥)។ ព្រះគម្ពីរ ប្រាប់យើងថា ព្រះយេស៊ូវបានយាងមកដោយទឹក និងឈាម ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង (១យ៉ូហាន ៥:៦)។ អត្ថន័យនៃឈាម គឺជាការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ តើអ្នកផ្តល់អត្ថន័យដល់ «ទឹក» យ៉ាងដូចម្តេច? ហេតុអ្វីលោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ? ហើយហេតុអ្វីបានជាទ្រង់បានប្រកាសថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥) នៅមុនពេលបុណ្យជ្រមុជរបស់ទ្រង់? 
ខ្ញុំ សង្ឃឹមដោយស្មោះត្រង់ថា អ្នកយល់ និងជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជាពិសេសលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ នេះគឺជាការពន្យល់សង្ខេបមួយចំនួនពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានដល់ពួកសិស្សរបស់ទ្រង់។ ពួកសាវក បានដាក់ការសង្កត់យ៉ាងធ្ងន់លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ នៅពេលពួកគេបានអធិប្បាយដំណឹងល្អ។ សាវកប៉ុល បាននិយាយថា «ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ» (១កូរិនថូស ១៥:៣-៤)។
តើ «ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» មានន័យយ៉ាងដូចម្តេច? វាមានន័យថា ការសុគតរបស់ទ្រង់បានធួននឹងអំពើបាបទាំងអស់របស់យើង ស្របទៅតាមរបៀបដែលព្រះបានប្រទានមកនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ទ្រង់បានសុគតសម្រាប់យើង ស្របតាមការបើកសម្តែង និងសម័្ពន្ធមេត្រីនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ហេព្រើរ ១០:១ ប្រាប់យើងថា «ដ្បិតឯក្រឹត្យវិន័យ ដែលមានតែស្រមោល ពីសេចក្តីល្អដែលត្រូវមក មិនមែនជាតួរូបរបស់សេចក្តីទាំងនោះទេ នោះពុំអាចនឹងធ្វើឲ្យពួកអ្នក ដែលចូលមកថ្វាយយញ្ញបូជាដដែលៗ រាល់តែឆ្នាំជានិច្ច បានគ្រប់លក្ខណ៍ឡើយ»។ ចូរយើងពិនិត្យមើលយញ្ញបូជានៅក្នុង លេវីវិន័យ ១:៣-៥។ មនុស្សមានបាបម្នាក់ អាចស្កប់ចិត្តជាមួយ ល័ក្ខខ័ណ្ឌចំនួនបីនៃតង្វាយដុតសម្រាប់ការធួននឹងអំពើបាបរបស់គាត់បាន។
១. គាត់បាននាំយកតង្វាយឥតខ្ចោះមួយ (លេវីវិន័យ ១:៣)។
២. គាត់ត្រូវតែដាក់ដៃរបស់ខ្លួននៅលើក្បាលរបស់តង្វាយនោះ (លេវីវិន័យ ១:៤)។ នៅទីនេះ យើងគួរតែបញ្ជាក់ឲ្យបានច្បាស់ លាស់អំពីច្បាប់របស់ព្រះ៖ ការដាក់ដៃលើក្បាលរបស់តង្វាយគឺជាច្បាប់របស់ព្រះ ក្នុងការផ្ទេរអំពើបាបរបស់គាត់ទៅលើវា។
៣. គាត់ត្រូវតែសំឡាប់តង្វាយនោះ ដើម្បីធួននឹងអំពើបាបរបស់ខ្លួន (លេវីវិន័យ ១:៥)។
នៅថ្ងៃធួននឹងបាប អើរ៉ុនបានដាក់ដៃទាំងពីររបស់គាត់នៅលើក្បាលពពែដែលនៅរស់ សារភាពអំពើបាប និងសេចក្តីរំលងទំាងអស់របស់ជនជាតិអ៊ីស្រាអែល ហើយផ្ទេរវាទៅលើក្បាលរបស់ពពែ (លេវីវិន័យ ១៦:២១)។ នៅពេលនោះ អើរ៉ុនគឺជាតំណាងនៃ អ៊ីស្រាអែល ហើយមានតែគាត់ប៉ុណ្ណោះ ដែលដាក់ដៃរបស់គាត់នៅលើក្បាលពពែ ប៉ុន្តែអំពើបាបទាំងអស់ពេញមួយឆ្នាំរបស់បណ្តាជនអ៊ីស្រាអែល (ប្រហែល២-៣លាននាក់) ត្រូវបានផ្ទេរទៅលើវា។ យញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាស្រមោលនៃការល្អដែលនឹងត្រូវមកដល់។ ព្រះយេស៊ូវ បានថ្វាយអង្គទ្រង់ តាមបំណងព្រះហឫទ័យព្រះ ដើម្បីញែកយើងជាបរិសុទ្ធ ស្របតាមបទគម្ពីរ។
ទីមួយ ព្រះយេស៊ូវបានយាងមកជាសាច់ឈាម ដើម្បីធ្វើជាកូនចៀមដ៏ឥតខ្ចោះនៃព្រះ។ ទ្រង់គឺជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះ ហើយ «គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់» (ហេព្រើរ ១:៣)។ ដូច្នេះហើយបានជាទ្រង់សមនឹងធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ។
ទីពីរ លោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវនៅទន្លេយ័រដាន់។ បុណ្យជ្រមុជតាមរបៀប «ដាក់ដៃលើ» ហើយលោកយ៉ូហាន-បាទ្ទីសគឺជាពូជពង្សរបស់អើរ៉ុន និងជាតំណាងនៃមនុស្សជាតិទាំងមូល។ នៅពេលគាត់បានដាក់ដៃរបស់គាត់នៅលើព្រះសិរសារបស់ព្រះយេស៊ូវគ្រីស្ទ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើអង្គទ្រង់ ដែលស្របតាមច្បាប់ដែលព្រះបានបង្កើតមក។ ព្រះយេស៊ូវ បានមានបន្ទូលទៅកាន់លោកយ៉ូហានថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» ហើយគាត់ក៏បានយល់ព្រមធ្វើបុណ្យជ្រមុជថ្វាយទ្រង់។ ទីបំផុត អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើអង្គទ្រង់ហើយ។ នៅថ្ងៃបន្ទាប់ លោក យ៉ូហានស្រែកប្រកាសថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។
ទីបី ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់ការអត់ទោសអំពើបាបទំាងអស់របស់យើង ដោយមានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០)។ ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីរាប់យើងជាសុចរិតនៅចំពោះព្រះ។ សូមចងចាំថា តង្វាយលោះបាបត្រូវបានថ្វាយសម្រាប់សេចក្តីអត់ទោសអំពើបាប។ ហើយមនុស្សមានបាបម្នាក់ ត្រូវតែដាក់ដៃរបស់ខ្លូននៅលើក្បាលរបស់វា មុនពេលសំឡាប់វា។ បើសិនគាត់ភ្លេចមួយជំហ៊ាន ឬបើសិនគាត់មិនដាក់ដៃរបស់ខ្លួនលើក្បាលរបស់តង្វាយនោះ គាត់មិនអាចបានសង្រ្គោះបានឡើយ ពីព្រោះគាត់បានអនុវត្តសេចក្តីទទឹងច្បាប់ហើយ។ ហើយបើសិនគ្រីស្ទបរិស័ទម្នាក់មិនដឹងពីអត្ថន័យនៃបុណ្យជ្រមុជរបស់ទ្រង់ គាត់នៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន ហើយមិនអាចបានសង្រ្គោះ ដោយសារសេចក្តីជំនឿរបស់ខ្លួនបានឡើយ។ 
គ្រីស្ទបរិស័ទភាគច្រើន ស្គាល់តែពាក់កណ្តាលនៃសេចក្តីសុចរិតរបស់ទ្រង់ប៉ុណ្ណោះ។ សាវកយ៉ូហាន បានបញ្ជាក់អំពីដំណឹងល្អយ៉ាងច្បាស់លាស់នៅក្នុងសំបុត្រទីមួយរបស់គាត់ថា «គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិង ឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង» (១យ៉ូហាន ៥:៦)។ ហើយក៏មានបទគម្ពីរជាច្រើននៅក្នុងព្រះគម្ពីរ ដែលគំាទ្រភាពចាំបាច់នៃបុណ្យជ្រមុជរបស់ទ្រង់ ក្នុងការបំពេញសម្រេចសេចក្តីសុចរិតរបស់ទ្រង់ សម្រាប់ជាសេចក្តីសង្រ្គោះរបស់យើង។ ដូច្នេះ គ្រីស្ទបិរស័ទទាំងអស់ គួរតែបែរមកឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។