Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី១៖ ការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ

1-27. សំណួរ ៦៖ តើបទគម្ពីរណាដែលផ្តល់ភស្តុតាងថា «ពួកសាវកបានដាក់ការសង្កត់ធ្ងន់លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ»?

ជាដំបូង យើងគួរតែយល់ពីអត្ថន័យនៃបុណ្យជ្រមុជរបស់យើង និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវជាមុនសិន។ យើងមិនអាចបានកើតជាថ្មី ដោយគ្រាន់តែទទួលបុណ្យជ្រមុជទឹកបានទេ តែយើងអាចបានកើតជាថ្មី ដោយគ្រាន់តែជឿលើព្រះយេស៊ូវ គ្រីស្ទបាន។ ពិធី ដូចជា បុណ្យជ្រមុជ ឬការកាត់ស្បែកមិនមែនជាល័ក្ខខ័ណ្ឌដាច់ខាតសម្រាប់សេចក្តីសង្រ្គោះរបស់ព្រះឡើយ។ ព្រះគម្ពីរ មិនបានប្រាប់ថា បុណ្យុជ្រមុជទឹករបស់អ្នកជឿគឺជាសេចក្តីតម្រូវចាំបាច់សម្រាប់សេចក្តីសង្រ្គោះរបស់ពួកគេឡើយ តែព្រះគម្ពីរសង្កត់ធ្ងន់លើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោក យ៉ូហាន-បាទ្ទីសវិញ។
តាមការពិត បទគម្ពីរជាច្រើនគាំទ្រថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺមានភាពចាំបាច់ និងភាពដាច់ខាតសម្រាប់សេចក្តីសង្រ្គោះរបស់យើង។ ជាដំបូង បុណ្យជ្រមុជរបស់ទ្រង់ត្រូវបានប្រកាស ជាការចាប់ផ្តើមនៃព្រះរាជកិច្ចសុចរិតទាំងស្រុងរបស់ទ្រង់ នៅក្នុងកណ្ឌដំណឹងល្អទាំងបួន។ ជាឧទាហរណ៍ ដំណឹងល្អតាមលោកម៉ាកុស ចាប់ផ្តើមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយលោកយ៉ូហានបានសរសេរដំណឹងល្អតាមលំដាប់កាលបរិច្ឆេទ ដោយបានប្រើពាក្យដូចជា «នៅថ្ងៃបន្ទាប់» (១:២៩) និង «នៅថ្ងៃទីបី» (២:១) ដោយចាប់ផ្តើមពីថ្ងៃដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ។
លោកយ៉ូហាន-បាទ្ទីស បានប្រកាសព្រះបន្ទូលព្រះ នៅថ្ងៃបន្ទាប់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ បទគម្ពីរនេះ មានន័យថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើអង្គព្រះយេស៊ូវ នៅពេលលោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយទ្រង់។ ហើយបន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់ការធួននឹងអំពើបាបរបស់យើង ដោយមានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០) ហើយបានមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី។
សាវកប៉ុល ក៏បាននិយាយថា «ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (១កូរិនថូស ១៥:៣)។ បទគម្ពីរនេះ សំដៅលើព្រះគម្ពីរសញ្ញាចាស់។ តើមនុស្សមានបាបម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អាចថ្វាយយញ្ញបូជាបានយ៉ាងដូចម្តេច? គាត់ត្រូវតែដាក់ដៃរបស់គាត់នៅលើក្បាលរបស់តង្វាយលោះបាប មុនពេលសំឡាប់វា។ បើសិនគាត់បានលុបបំបាត់ដំណើរការនៃ «ការដាក់ដៃលើក្បាលរបស់តង្វាយលោះបាប» គាត់នឹងមិនទទួលបានការអត់ទោសអំពើបាបឡើយ ពីព្រោះគាត់បានថ្វាយយញ្ញបូជាដែលមិនស្របតាមច្បាប់របស់ព្រះ។ 
សាវកប៉ុល បាននិយាយថា «តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មាន ដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ» (រ៉ូម ៦:៣)។ បន្ទាប់មក តើយើងអាចទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវបានយ៉ាងដូចម្តេច? ទទួលបុណ្យជ្រមុជទៅក្នុងព្រះគ្រីស្ទយេស៊ូវ គឺត្រូវជឿលើបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ មិនមែនបុណ្យជ្រមុជទឹករបស់យើងទេ។ នៅពេលយើងជឿលើសេចក្តីពិតថា លោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើទ្រង់ ដោយការដាក់ដៃលើព្រះសិរសារបស់ទ្រង់ នោះយើងអាចបានទទួលបុណ្យជ្រមុជទៅក្នុងទ្រង់ហើយ។
«ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» (កាឡាទី ៣:២៧)។ អ្នកដែលបានផ្ទេរអំពើបាបទាំងអស់របស់ខ្លួនទៅលើព្រះយេស៊ូវ តាមរយៈលោកយ៉ូហាន-បាទ្ទីស ដោយសារជំនឿ បានក្លាយជាកូនឥតមានបាបរបស់ព្រះហើយ។
សាវកប៉ុល បាននិយាយថា «អ្នករាល់គ្នាបានទទួលកាត់ស្បែកម្យ៉ាងក្នុងទ្រង់ ដែលមិនបានធ្វើដោយដៃមនុស្សទេ គឺជាការដោះរូបកាយខាងសាច់ឈាមចេញ ដោយទទួលការកាត់ស្បែករបស់ព្រះគ្រីស្ទវិញ» (កូឡូស ២:១១)។ របៀបបានសង្រ្គោះចេញពីបាបដោយការដោះតួបាបនៃសាច់ឈាម គឺជាការកាត់ស្បែកខាងវិញ្ញាណមិនមែនដោយដៃ (រ៉ូម ២:២៩ និយាយថា «ការកាត់ស្បែក គឺជាការកាត់ស្បែកចិត្ត») ហើយជាការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលកាត់បាបនៅក្នុងចិត្តចេញ។ 
«ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយ សង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ» (១ពេត្រុស ៣:២១)។ បុណ្យជ្រមុជ គឺជាគំរូដែលសង្រ្គោះយើង។ ដូចដែលយើងបានដឹងហើយថា មនុស្សបានវិនាសនៅសម័យ ណូអេ ដោយព្រោះពួកគេមិនបានជឿលើទឹក ហើយនៅសព្វថ្ងៃនេះ ក៏នឹងមានមនុស្សមិនស្តាប់បង្គាប់ផងដែរ ដែលនឹងត្រូវវិនាស ទោះបីពួកគេជឿព្រះយេស៊ូវក៏ដោយ ពីព្រោះពួកគេមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាទឹក។ 
សាវកយ៉ូហាន បានបើកសម្តែងគ្រប់បែបយ៉ាងអំពីដំណឹងល្អនៅក្នុងសំបុត្រទីមួយរបស់គាត់ថា «គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង» (១យ៉ូហាន ៥:៦)។ ព្រះយេស៊ូវ បានយាងមកឯយើង ដោយបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ហើយគាត់ក៏បាននិយាយផងដែរថា «ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ» (១យ៉ូហាន ៥:៨)។ នេះប្រាប់យើងថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ឈើឆ្កាង និងព្រះវិញ្ញាណរួមគ្នាបង្កើតជាសេចក្តីសង្រ្គោះដ៏ឥតខ្ចោះមួយ។
ព្រះយេស៊ូវ បានមានបន្ទូលទៅកាន់លោកនីកូដេមថា «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ» (យ៉ូហាន ៣:៥)។ យើងបានកើតជាថ្មីដោយទឹក និងព្រះ វិញ្ញាណ។ អ្នកត្រូវការសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ទ្រង់ និងឈើឆ្កាង ដើម្បីបានសង្រ្គោះ ហើយទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។ នេះហើយគឺជាអ្វីដែលព្រះគម្ពីរប្រាប់យើងអំពី «ការកើតជាថ្មី»។
សាវកពេត្រុស បាននិយាយថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្» (កិច្ចការ ២:៣៨)។ ដើម្បីទទួលបានការអត់ទោសអំពើបាបទាំងអស់ និងអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ អ្នកគួរតែមានជំនឿរឹងមាំលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ តើយើងអាចនិយាយអំពីអ្វីផ្សេងទៀតបាន? ចូរកុំបដិសេធសេចក្តីពិត ដែលបទគម្ពីរជាច្រើនគាំទ្របុណ្យជ្រមុជរបស់ទ្រង់ជាកិច្ចការចាំបាច់សម្រាប់សេចក្តីសុចរិតរបស់ទ្រង់ ដើម្បីឲ្យយើងបានសង្រ្គោះ។ ជំនឿគ្រីស្ទបរិស័ទ ត្រូវតែបែរមកឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ 
«ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្តីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្តីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្តីប្រែចិត្តចេញពីការស្លាប់ និងសេចក្តីជំនឿជឿដល់ព្រះ ហើយនិង សេចក្តីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ និងសេចក្តីជំនុំជំរះកាត់ទោសដល់អស់កល្បជានិច្ចនោះឡើយ» (ហេព្រើរ ៦:១-២)។ នៅទីនេះ យើងអាចទទួលបានសញ្ញាប្រាប់ផ្លូវក្នុងការស្វែងរកដំណឹងល្អដើមរបស់ពួកជំនុំដំបូង។ ពួកគេបានបង្រៀនអំពីគោលលទ្ធិអំពីបុណ្យជ្រមុជ ការដាក់ដៃលើ ការមានព្រះជន្មរស់ពីសុគតឡើងវិញ និងការដាក់ទោសអស់កល្ប ជានិច្ចដល់អ្នកដែលគ្រាន់តែបានក្លាយជាគ្រីស្ទបរិស័ទប៉ុណ្ណោះ។ យើងទាំងអស់គ្នា គួរតែជឿនៅក្នុងចិត្ត និងគំនិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលការកាត់ទោសសម្រាប់អំពើបាបរបស់យើង ទៅតាមច្បាប់ដ៏សុចរិតរបស់ព្រះរួចរាល់ទៅហើយ។